
ការពារចិត្តអ្នក មិនឲ្យខ្វះជំនឿ (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)
ដោយAlistair Begg
July 17, 2025
ដូចជាព្រះវិញ្ញាណបរិសុទ្ធបានមានព្រះបន្ទូលថា «នៅថ្ងៃនេះ បើឯងរាល់គ្នាឮសំឡេងទ្រង់ នោះកុំឲ្យតាំងចិត្តរឹងរូសឡើយ ដូចកាលគ្រាបះបោរ នៅថ្ងៃដែលមានសេចក្តីល្បួង នៅក្នុងទីរហោស្ថាន» (ហេព្រើរ ៣:៧-៩)។
មុនពេលពួកអ៊ីស្រាអែលចូលទឹកដីសន្យា ព្រះទ្រង់បានឲ្យពួកគេចាត់ពួកអ្នកអង្កេតមើល១២នាក់ ចូលទៅក្នុងទឹកដីកាណាន។ ពួកអ្នកអង្កេតមើលពីរនាក់ គឺលោក យ៉ូស្វេ និងលោក កាលែប មានឈ្មោះល្បីដោយសារពួកគេបានរាយការណ៍ ខុសពីពួកអ្នកអង្កេតមើល១០អ្នកទៀត។ អ្នកទាំងពីរបានរាយការណ៍ថា ទឹកដីនោះមានភាពសម្បូរសប្បាយល្មមនឹងចូលចាប់យក។
ប៉ុន្តែ ពួកបណ្តាជនមិនព្រមស្តាប់ពួកគេ ដោយបង្ហាញការមិនទុកចិត្តព្រះ។ ពួកគេមានភស្តុតាងគ្រប់យ៉ាងដែលបញ្ជាក់ថា ពួកគេអាចទុកចិត្តព្រះអង្គបាន ប៉ុន្តែពួកគេនៅតែងាយនឹងទុកចិត្តលើការវិនិច្ឆ័យរបស់ខ្លួនឯង។
ក្នុងពេលដែលពួកគេគ្មានសេចក្តីជំនឿ ពួកគេខ្លាចសេចក្តីស្លាប់ បើសិនជាលោក កាលែប និងលោក យ៉ូស្វេ នៅតែបន្តជំរុញពួកគេឲ្យសម្រេចចិត្តពឹងផ្អែកលើព្រះចេស្ដារបស់ព្រះ ដើម្បីប្រយុទ្ធឲ្យឈ្នះខ្មាំងសត្រូវដ៏ខ្លាំងពូកែ (ជនគណនា ១៣:២៥-១៤:៤)។ ព្រះអម្ចាស់ក៏បានឆ្លើយតប ដោយការជំនុំជម្រះ ឲ្យមនុស្សមួយជំនាន់រស់នៅវិលវល់ក្នុងវាលរហោស្ថាន ដោយមិនបានស្គាល់ក្តីអំណរដែលព្រះនឹងប្រទានឲ្យពួកគេក្នុងទឹកដីសន្យា (១៤:២១-២៣)។
យើងក៏ងាយនឹងធ្លាក់ចូលក្នុងការខ្វះសេចក្តីជំនឿ ដូចពួកអ៊ីស្រាអែលផងដែរ។ អ្នកនិពន្ធកណ្ឌគម្ពីរហេព្រើរ បានដាស់តឿនយើងថា «ចូរកំឡាចិត្តគ្នាទៅវិញទៅមកជារាល់ថ្ងៃវិញ ក្នុងកាលដែលនៅតែហៅថា «ថ្ងៃនេះ» នៅឡើយ ក្រែងអ្នករាល់គ្នាណាមួយមានចិត្តរឹងរូសដោយសេចក្តីបញ្ឆោតរបស់អំពើបាប» (ហេព្រើរ ៣:១២)។ ការលើកទឹកចិត្តដូចនេះមិនមានភាពចាំបាច់ឡើយ បើសិនជាយើងមានចិត្តដែលមិនអាចមានបាប ហើយតែងតែជឿ! យើងពិតជាចង់ប្រព្រឹត្តអំពើបាប។ យើងពិតជាចង់ទៅតាមផ្លូវរបស់យើង។ យើងមិនចង់ទុកចិត្តព្រះទេ។
ការមិនជឿធ្វើឲ្យចិត្តយើងរឹងទទឹង បានជាពេលណាយើងឮព្រះបន្ទូល នោះយើងមិនឲ្យព្រះបន្ទូលព្រះចូលក្នុងចិត្ត និងគំនិតយើង ដូចគ្រាប់ពូជធ្លាក់នៅលើដីដែលមានជីជាតិនោះទេ ផ្ទុយទៅវិញ ព្រះបន្ទូលបានចូលទៅក្នុងចិត្តគំនិតយើង ប្រៀបដូចជាទឹកដែលស្រក់លើស្លឹកឈូក។ យើងបានទទួលការបង្រៀនពីព្រះគម្ពីរកាន់តែច្រើន នោះគឺប្រៀបដូចជាស្លឹកឈូកដែលត្រូវទឹកភ្លៀងធ្លាក់ពីលើកាន់តែច្រើន នៅតែមិនជ្រាបទឹកបាន។
ដូចនេះ ចូរការពារចិត្តគំនិតរបស់អ្នកកុំឲ្យប្រឆាំងនឹងសេចក្តីពិតនៃព្រះបន្ទូលព្រះឡើយ។ ចូរប្រុងប្រយ័ត្នកុំឲ្យខ្លួនអ្នកក្លាយជាមនុស្សដែលការពារព្រះគម្ពីរ ចែកចាយ និងដកស្រង់ខគម្ពីរដល់អ្នកដទៃ តែទន្ទឹមនឹងនោះ មានចិត្តរឹងទទឹងចំពោះការអ្វីដែលព្រះមានបន្ទូលក្នុងខគម្ពីរនោះឡើយ។
តើអ្នកអាចការពារខ្លួនមិនឲ្យខ្វះជំនឿយ៉ាងដូចនេះដោយរបៀបណា? ចូរកម្សាន្តចិត្តអ្នកដទៃ ឲ្យចាំ អំពីការអ្វីដែលព្រះបានធ្វើនៅក្នុង និងតាមរយៈព្រះគ្រីស្ទ ហើយសូមពួកគេឲ្យកម្សាន្តចិត្តអ្នកដូចនេះផងដែរ (កូឡូស ៣:១៦)។ ហើយសូមព្រះវិញ្ញាណដែលបាននិពន្ធព្រះគម្ពីរឲ្យធ្វើការក្នុងចិត្តអ្នក ពេលដែលអ្នកឮព្រះសូរសៀងព្រះអង្គក្នុងព្រះគម្ពីរ។ នៅពេលដែលអ្នកនឹកចាំព្រះចេស្ដា និងការថែរក្សារបស់ព្រះអង្គ ហើយព្រះវិញ្ញាណធ្វើការក្នុងចិត្តអ្នក ចិត្តអ្នកនឹងបន្ទាបចុះ ដើម្បីទទួលគ្រាប់ពូជនៃព្រះបន្ទូលរបស់ព្រះអង្គ។
ព្រះគម្ពីរសញ្ជឹងគិត៖ លូកា ១៣:១៨-៣៥
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ៖ ទំនុកតម្កើង ១៨-១៩ និង កិច្ចការ ១៣:១-២៥