
បានចាក់ស្រែះមិនអាចស្រាយបាន (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)
ដោយAlistair Begg
July 19, 2025
«ដូច្នេះ បើសិនជាមានសេចក្តីដាស់តឿនណាក្នុងព្រះគ្រីស្ទ ឬសេចក្តីកម្សាន្តណារបស់ផងសេចក្តីស្រឡាញ់ ឬសេចក្តីប្រកបណាផងព្រះវិញ្ញាណ ឬសេចក្តីថ្និតថ្នម និងសេចក្តីអាណិតអាសូរណា នោះចូរបំពេញសេចក្តីអំណររបស់ខ្ញុំ ដោយអ្នករាល់គ្នាមានគំនិត មានសេចក្តីស្រឡាញ់តែ១ ទាំងរួបរួមចិត្តគ្នា ហើយគិតតែផ្លូវ១ដូចគ្នាចុះ» (ភីលីព ២:១-២)។
ការក្លាយជាគ្រីស្ទបរិស័ទមានលក្ខណៈដូចគ្នាបន្តិចបន្តួច ទៅនឹងការរៀបការ។ នៅក្នុងការរៀបការ មនុស្សនៅលីវពីរនាក់រួមរស់ជាមួយគ្នា ដោយមានការចាក់ស្រែះចូលគ្នាដែលមិនអាចស្រាយវិញបាន។ ដូចគ្នានេះដែរ ពេលណាយើងឱបក្រសោបព្រះគ្រីស្ទ នៅក្នុងគ្រប់ទាំងសេចក្តីស្រឡាញ់របស់ព្រះអង្គ ហើយទទួលយកសេចក្តីសង្គ្រោះដែលព្រះអង្គប្រទានឲ្យយើងនៅលើឈើឆ្កាងគឺមានន័យថា យើងបានរួបរួមជាមួយព្រះអង្គ ជីវិតយើងមិនដូចមុនទៀតទេ។
ដែលពួកជំនុំនៅទីក្រុងភីលីពបានទទួលការក្រើនរំឭកពីសាវ័ក ប៉ុល ជាយ៉ាងណា នោះយើងក៏អាចទទួលការលើកទឹកចិត្តជាមួយពួកគាត់ ដោយសារយើងបានរួបរួមជាមួយព្រះអម្ចាស់យេស៊ូវគ្រីស្ទហើយជាយ៉ាងនោះដែរ។ ទំនាក់ទំនងដែលយើងមានជាមួយព្រះអង្គ គឺជាអំណោយនៃព្រះគុណរបស់ព្រះអង្គ ហើយយើងអាចរកឃើញទំនុកចិត្ត ដោយដឹងថា ព្រះអង្គគង់នៅជាមួយយើងគ្រប់ទីកន្លែង តាមរយៈអំណាចនៃព្រះវិញ្ញាណព្រះអង្គ។ បើអ្នកបានរួបរួមជាមួយព្រះគ្រីស្ទដោយជំនឿ នោះមានន័យថា ព្រះអង្គកំពុងគង់នៅជិតអ្នកខ្លាំងជាងអ្វីៗទាំងអស់ដែលអ្នកស្រឡាញ់។ ជីវិតអ្នកបានចាក់ស្រែះជាមួយព្រះអម្ចាស់ជារៀងរហូត។
មនុស្សជាច្រើនមានអារម្មណ៍ថា ខ្វះអ្នកនៅក្បែរ និងឯកោ ខណៈពេលដែលពួកគេកំពុងស្ថិតក្នុងចំណោមហ្វូងមនុស្ស។ បញ្ហានេះស្ថិតក្នុងចំណោមការលំបាកដែលយើងពិបាកជម្នះ ក្នុងសតវត្សរ៍ទី២១។ យើងប្រហែលជាព្យាយាមលាក់បាំងអារម្មណ៍ឯកោរបស់យើង ដោយការសន្ទនាដែលល្អតែសម្បកក្រៅ ឬដោយការប្រឹងញញឹម ប៉ុន្តែនៅពេលដែលយើងដើរចេញពីមនុស្សដែលបានចំណាយពេលជាមួយយើង យើងមានអារម្មណ៍ថា ឯកោដោយភាពអស់សង្ឃឹម។
ជាការពិតណាស់ គ្រីស្ទបរិស័ទមិនចាំបាច់ត្រូវមានអារម្មណ៍អស់សង្ឃឹមដូចនេះទេ ព្រោះយើងបានដឹង និងដកពិសោធន៍ជាមួយនឹងការធានា អំពីការរួបរួមរបស់យើងជាមួយព្រះគ្រីស្ទហើយ។ ព្រះអង្គស្គាល់យើងគ្មានកន្លែងចន្លោះ ហើយក៏ស្រឡាញ់យើងគ្មានទីបញ្ចប់។ ការដឹងដូចនេះ ពិតជាកម្សាន្តចិត្តយើងខ្លាំងណាស់! ពាក្យ «សេចក្តីកម្សាន្ត» ដែលសាវ័ក ប៉ុល បានប្រើក្នុងខគម្ពីរខាងលើ មិនមែនជាអារម្មណ៍សុខស្រួល ជាធម្មតានោះទេ តែពាក្យនេះបានពិពណ៌នាអំពីការអ្វីមួយដែលមានអំណាច និងភាពទាក់ទាញ។ ពាក្យនេះមានសកម្មភាពក្នុងន័យថា សេចក្តីកម្សាន្តបង្ហូរចូលទៅក្នុងទំនាក់ទំនងដែលយើងមានជាមួយគ្នា ដ្បិតព្រះវិញ្ញាណមិនគ្រាន់តែបង្រួបបង្រួមព្រះគ្រីស្ទជាមួយយើង តែក៏បង្រួបបង្រួមយើងទាំងអស់គ្នាតែមួយក្នុងជីវិតនៅលើផែនដីផងដែរ។ កាលណាយើងបានអរសប្បាយនឹងអត្ថប្រយោជន៍នៃការបង្រួបបង្រួមជាមួយព្រះគ្រីស្ទកាន់តែច្រើនប៉ុណ្ណា ដែលអង្គទ្រង់ផ្ទាល់មានតម្លៃបំផុតចំពោះយើង នោះយើងក៏នឹងកាន់តែជិតស្និទ្ធ ហើយកាន់តែស្រឡាញ់បងប្អូនក្នុងជំនឿរបស់យើងផងដែរ។
សេចក្តីកម្សាន្តនោះជាព្រះពរសម្រាប់យើង តែក៏ផ្តល់ឲ្យយើងនូវកាតព្វកិច្ចផងដែរ។ ការយល់ដឹងរបស់យើងអំពីសេចក្តីមេត្តា និងសេចក្តីអាណិតរបស់ព្រះគ្រីស្ទ គួរតែជំរុញយើងឲ្យបង្ហាញសេចក្តីស្រឡាញ់ និងការអាណិតដល់គ្នាទៅវិញទៅមក ខណៈពេលដែលយើងចម្រើនឡើងក្នុងការរួបរួមជាមួយព្រះអង្គ។ ដំណើរជីវិតដែលរលាក់ និងមានការប៉ះទង្គិចអាចធ្វើឲ្យចិត្តយើងរឹងរូស និងខ្វះការអធ្យាស្រ័យ ដែលមានក្នុងភាពស្លូតបូត ហើយក៏អាចធ្វើឲ្យយើងផ្ដោតទៅលើខ្លួនឯងខ្លាំងពេក បានជាយើងមិនបានស្រឡាញ់អ្នកដទៃ។ តើអ្នកត្រូវការការលើកទឹកចិត្ត និងការកម្សាន្តចិត្តដូចម្តេចខ្លះនៅថ្ងៃនេះ? ចូរពិចារណាអំពីការរួបរួមរបស់អ្នកជាមួយព្រះគ្រីស្ទ ហើយស្វែងរកការកម្សាន្តចិត្ត និងការលើកទឹកចិត្តក្នុងព្រះអង្គចុះ។ បន្ទាប់មក ចូរទូលសូមព្រះវិញ្ញាណបង្ហាញឲ្យអ្នកដឹងថា មាននរណាខ្លះត្រូវការកម្សាន្តចិត្ត និងការលើកទឹកចិត្តនៅថ្ងៃនេះ ហើយចូរធ្វើខ្លួនជាឧបករណ៍សម្រាប់ឲ្យព្រះគ្រីស្ទប្រើ ដើម្បីកម្សាន្តចិត្តពួកគេ។
ព្រះគម្ពីរសញ្ជឹងគិត៖ កូឡូស ៣:១-១១
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ៖ ទំនុកតម្កើង ២៣-២៥ និង កិច្ចការ ១៤