
ជម្រកនៃការថែរក្សារបស់ព្រះ
ដោយLisa Samra
July 21, 2025
អេសាយ ៣២:១-៤
ហើយមនុស្សម្នាក់នឹងបានដូចជាទីបាំងឲ្យរួចពីខ្យល់ នឹងជាទីជ្រកឲ្យរួចពីព្យុះសង្ឃរា។ អេសាយ ៣២:២
ក្នុងការធ្វើដំណើរចម្ងាយឆ្ងាយ ជាលក្ខណៈគ្រួសារ កាលពីពេលកន្លងទៅ ខ្ញុំបានចំណាយពេលបើកបរជាច្រើនម៉ោង កាត់តាមរដ្ឋមុនតាណា និងរដ្ឋដាកូតាខាងត្បូង ដែលមានប្រជាជនរស់នៅរប៉េះរប៉ោះ។ ខណៈពេលដែលខ្ញុំកំពុងបើកបរ ខ្ញុំក៏បានចាប់ផ្តើមកត់សំគាល់ឃើញផ្ទះមួយខ្នងមានដើមឈើជាច្រើនព័ទ្ធជុំវិញ ក្នុងកសិដ្ឋានមួយដែលមានទីធ្លាលាតសន្ធឹង។ ខណៈពេលដែលខ្ញុំព្យាយាមទប់ឡានរបស់ខ្ញុំ មិនឲ្យចេញពីគន្លងផ្លូវដែលខ្ញុំកំពុងធ្វើដំណើរ នៅពេលដែលមានខ្យល់បក់ខ្លាំង ខ្ញុំក៏បាននឹកឃើញថា តាមពិតគេសង់ផ្ទះឲ្យមានដើមឈើព័ទ្ធជុំវិញច្រើនដូចនេះ មិនគ្រាន់តែដើម្បីសោភ័ណភាពប៉ុណ្ណោះទេ តែក៏ដើម្បីការពារផ្ទះ និងមនុស្សនៅក្នុងផ្ទះឲ្យរួចពីខ្យល់កន្ត្រាក់ ដែលកំពុងបក់បោកខ្លាំង នៅក្នុងវាលទំនាប។
ហោរា អេសាយធ្លាប់បានពិពណ៌នា អំពីពេលអនាគត ដែលមនុស្សនឹងបានជ្រកនៅក្នុងការថែរក្សារបស់ព្រះ ដែលជាជម្រកនៅពេលមានព្យុះភ្លៀង។ នៅក្នុងការអំពាវនាវរាស្រ្តរបស់ព្រះ ឲ្យប្រែចិត្តចេញពីអំពើបាប (អេសាយ ៣១:៦-៧) ហោរា អេសាយក៏បាននិយាយអំពីពេលអនាគត ដែល “នឹងមានស្ដេច១អង្គសោយរាជ្យដោយសុចរិត” (៣២:១) ហើយអស់អ្នកដែលគ្រប់គ្រងជាមួយព្រះអង្គ នឹងប្រៀបដូចជា “ទីបាំងឲ្យរួចពីខ្យល់ នឹងជាទីជ្រកឲ្យរួចពីព្យុះសង្ឃរា” (ខ.២)។ ព្រះពរដែលពួកគេនឹងទទួលបាននោះគឺ ពួកគេនឹងអាចមើលឃើញ ស្តាប់ឮ យល់ និងថ្លែងពីសេចក្តីពិត (ខ.៣-៤) នៅក្នុងសុខសន្តិភាព។
ខណៈពេលដែលយើងនៅរង់ចាំអត្ថប្រយោជន៍ពេញលេញ ដែលយើងនឹងទទួលបានពីព្រះបន្ទូលសន្យានេះ យើងបានឃើញព្រះទ្រង់កំពុងធ្វើការ តាមរយៈមនុស្សដែលគិតប្រយោជន៍អ្នកដទៃយ៉ាងសកម្ម (ភីលីព ២:៣-៤)។ ព្រះវិញ្ញាណព្រះគ្រីស្ទជួយយើងបង្កើតកន្លែងសុវត្ថិភាព ដែលមនុស្សអាចចម្រើនឡើង ក្នុងពេលដ៏ពិបាក។ នេះជារបៀបដែលយើងអាចយកគំរូតាមព្រះដែលយកព្រះទ័យទុកដាក់ ដោយសេចក្តីស្រឡាញ់។—LISA M. SAMRA
តើអ្នកបានដកពិសោធន៍ជាមួយនឹងការជ្រកកោន ក្នុងសហគមន៍ដែលមានក្តីស្រឡាញ់ និងការការពារនៅពេលណា?
តើការនេះបានលើកទឹកចិត្តអ្នក ឲ្យជួយយកអសារអ្នកដទៃដូចម្តេចខ្លះ?
ឱព្រះវរបិតា ដែលគង់នៅស្ថានសួគ៌ សូមព្រះអង្គជួយទូលបង្គំឲ្យធ្វើជាជម្រក សម្រាប់មនុស្សនៅជុំវិញទូលបង្គំ។
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : ទំនុកដំកើង ២៩-៣០ និង កិច្ចការ ២៣:១-១៥