
ចំកន្លែង និងចំពេល
ដោយBren thackett
July 24, 2025
នាងអេសធើរ ៤:១០-១៦
ប្រហែលជាព្រះនាង បានតាំងឡើងក្នុងរាជ្យ សំរាប់ពេលនេះឯងទេដឹង? នាងអេសធើរ ៤:១៤
នៅពេលដែលសន្និសិតសម្រាប់គិលានុបដ្ឋាយិកា កំពុងប្រព្រឹត្តទៅនៅក្នុងសណ្ឋាគារមួយ ស្រាប់តែមានភ្ញៀវរបស់សណ្ឋាគារម្នាក់បានគាំងបេះដូង នៅកន្លែងទទួលភ្ញៀវ។ ភ្លាមៗនោះ មានគ្រូពេទ្យប្រហែល២០នាក់ បានប្រញាប់មកជួយសង្គ្រោះគាត់ ធ្វើឲ្យគាត់មានជីវិតរស់នៅបន្តទៀត។ ភ្ញៀវម្នាក់នោះមានការដឹងគុណយ៉ាងខ្លាំង ចំពោះគិលានុបដ្ឋាយិកាទាំងអស់ដែលបានមកសង្គ្រោះជីវិតគាត់ទាន់ពេលវេលា។
ព្រះអម្ចាស់ក៏បានដាក់ព្រះនាងអេសធើ ចំពេល និងចំទីកន្លែងផងដែរ។ ព្រះនាងត្រូវបានស្តេចជ្រើសរើសធ្វើជាមហេសីរបស់ស្តេច បន្ទាប់ពីស្តេចបានសព្វព្រះទ័យនឹងព្រះនាង (នាងអេសធើរ ២:១៧)។ តែគេបានឲ្យស្តេចចេញព្រះរាជក្រឹត្យមួយ ដែលគំរាមកំហែងជីវិតប្រជាជនយូដា ជាសាសន៍របស់ព្រះនាង ដូចនេះ លោក ម៉ាដេកាយ ជាបងជីដូនមួយរបស់នាង ក៏បានលើកទឹកចិត្តនាងឲ្យប្រើមុខតំណែងជាមហេសី ដើម្បីឡើងតវ៉ាចំពោះស្តេច ដើម្បីសង្គ្រោះពួកគេឲ្យរួចផុតពីសេចក្តីស្លាប់។ គាត់ក៏បានទូលព្រះនាងថា “ប្រហែលជាព្រះនាង បានតាំងឡើងក្នុងរាជ្យ សំរាប់ពេលនេះឯងទេដឹង?” (៤:១៤)។ ការសម្រេចចិត្តរបស់ព្រះនាង ក្នុងការប្រថុយជីវិត ទៅចូលគាត់ស្តេច (ខ.១៦) ក៏បានបើកបង្ហាញឲ្យស្តេចជ្រាបអំពីផែនការអាក្រក់របស់សត្រូវនៃជនជាតិព្រះនាង ហើយក៏បានជួយសង្គ្រោះជនជាតិយូដាឲ្យរួចពីសេចក្តីស្លាប់ (ជំពូក៨)។ គេជឿថា ព្រះនាងអេសធើរបានឈ្វេងយល់ថា ព្រះទ្រង់បានដាក់ព្រះនាង ក្នុងមុខតំណែងនេះ ចំពេលដែលត្រូវសង្គ្រោះរាស្រ្តរបស់ទ្រង់។
ជួនកាល យើងប្រហែលជាឆ្ងល់ថា ហេតុអ្វីយើងជួបបញ្ហា ឬកាលៈទេសៈរបស់យើងមានការប្រែប្រួល។ យើងប្រហែលជាមានអារម្មណ៍នឿយណាយ ហើយព្យាយាមធ្វើឲ្យអ្វីៗត្រឡប់មកធម្មតាវិញ។ ព្រះទ្រង់អាចដាក់យើងក្នុងស្ថានភាពបច្ចុប្បន្ន ដើម្បីសម្រេចគោលបំណងជាក់លាក់ណាមួយ។ នៅថ្ងៃនេះ ខណៈពេលដែលយើងជួបការរាំងស្ទះ ឬការផ្លាស់ប្តូរអ្វីមួយ ចូរយើងទូលសូមព្រះអង្គបង្ហាញឲ្យយើងដឹងថា យើងត្រូវធ្វើអ្វីខ្លះ តាមផែនការដ៏ឥតខ្ចោះរបស់ព្រះអង្គ។—BRENT HACKETT
តើអ្នកបានជួបការរាំងស្ទះអ្វីខ្លះ ក្នុងពេលថ្មីៗនេះ?
តើព្រះអង្គប្រហែលជាកំពុងប្រទានឱកាស ឲ្យអ្នកធ្វើអ្វី តាមរយៈបញ្ហានោះ?
ឱព្រះវរបិតា ពេលណាទូលបង្គំមានអារម្មណ៍នឿយណាយ ដោយសារកាលៈទេសៈមានការប្រែប្រួល
សូមព្រះអង្គជួយទូលបង្គំឲ្យយល់ផែនការធំរបស់ព្រះអង្គ និងយល់ថា ព្រះអង្គកំពុងធ្វើអ្វីមួយនៅក្នុង និងតាមរយៈទូលបង្គំ។
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : ទំនុកដំកើង ៣៥-៣៦ និង កិច្ចការ ២៥