ព្រឹក

ការល្បងលសេចក្តីជំនឿ
ដោយMatt Lucas
July 27, 2025
១កូរិនថូស ៤:៩-១៣
យើងខ្ញុំបានត្រឡប់ជាទីដែលសំរាប់ឲ្យលោកីយបានមើលលេង គឺដល់ទាំងពួកទេវតា នឹងពួកមនុស្សផង។ ១កូរិនថូស ៤:៩
កាលពីឆ្នាំ៣០៤ នៃគ្រីស្ទសករាជ អធិរាជនៃចក្រភពរ៉ូម៉ាំង ព្រះនាម ម៉ាក់ស៊ីមៀន (MAXIMIAN) បានចូលទីក្រុងនីកូមេឌា ដោយភាពជោគជ័យក្នុងសឹកសង្រ្គាម។ ទ្រង់បានបង្គាប់ឲ្យមានការដង្ហែក្បួនទ័ព ខណៈពេលដែលប្រជាជនក្នុងទីក្រុងជួបជុំគ្នា ដើម្បីអរគុណព្រះរបស់សាសន៍ដទៃ សម្រាប់ជ័យជម្នះរបស់ពួកគេ លើកលែងតែព្រះវិហារគ្រីស្ទបរិស័ទមួយកន្លែង ដែលមានពេញដោយមនុស្សដែលថ្វាយបង្គំព្រះពិតតែមួយ។ អធិរាជ ម៉ាក់ស៊ីមៀនក៏បានចូលក្នុងព្រះវិហារនោះ ដោយចេញឱសានវាទ ឲ្យពួកគេប្រកាសឈប់ជឿព្រះគ្រីស្ទ ពុំនោះទេ ពួកគេនឹងត្រូវទទួលទោសប្រហារជីវិត។ ពួកគេក៏បានបដិសេធមិនព្រមបោះបង់ចោលសេចក្តីជំនឿឡើយ។ គេក៏បានប្រហារជីវិតពួកគេទាំងអស់គ្នា នៅពេលដែលអធិរាជអង្គនេះបានបង្គាប់ឲ្យគេដុតព្រះវិហារនេះ ដោយមានអ្នកជឿទាំងអស់នៅខាងក្នុង។
សាវ័កប៉ុលបានយល់អំពីការលះបង់ ក្នុងការដើរតាមព្រះគ្រីស្ទ។ ក្នុងបទគម្ពីរ ១កូរិនថូស ជំពូក៤ គាត់បានប្រឈមមុខដាក់អ្នកជឿព្រះ ក្នុងទីក្រុងកូរិនថូស ជាទឹកដីរបស់សាសន៍ក្រិក ដោយទីបន្ទាល់របស់គាត់។ គាត់បានលើកឡើងថា ពួកសាវ័កបានរងទុក្ខថ្វាយព្រះយេស៊ូវ និងដើម្បីពួកគេរាល់គ្នា។ ពួកគេបាន “ត្រឡប់ជាទីដែលសំរាប់ឲ្យលោកីយបានមើលលេង គឺដល់ទាំងពួកទេវតា នឹងពួកមនុស្សផង” (ខ.៩) ដោយសារពួកគេធ្វើការបម្រើព្រះគ្រីស្ទ។
ស្រដៀងគ្នានេះដែរ សាវ័ក ពេត្រុសក៏បានក្រើនរំឭកយើង អំពីការរងទុក្ខរបស់ព្រះយេស៊ូវ ជំនួសយើង។ គឺដូចដែលគាត់បានបង្រៀនយើងថា “កាលគេបានជេរប្រមាថដល់ទ្រង់ នោះទ្រង់មិនបានជេរតបវិញទេ ខណៈដែលទ្រង់រងទុក្ខ នោះក៏មិនបានគំហកកំហែងដល់គេដែរ គឺបានប្រគល់ព្រះអង្គទ្រង់ទៅព្រះ ដែលជំនុំជំរះដោយសុចរិតវិញ” (១ពេត្រុស ២:២៣)។
សព្វថ្ងៃនេះ អ្នកជឿព្រះយេស៊ូវជាច្រើនកំពុងរងទុក្ខ ដោយសារជំនឿរបស់ពួកគេ។ សូមឲ្យការទាស់ប្រឆាំងដែលយើងជួបប្រទះ បានក្លាយជាឱកាស សម្រាប់ឲ្យយើងបង្ហាញឲ្យគេស្គាល់ចំណុចខ្លាំងរបស់ជំនឿ ដែលយើងមានចំពោះព្រះគ្រីស្ទ ដូចពួកជំនុំនៅទីក្រុងនីកូមេឌានផងដែរ។ យើងអាចថ្វាយជីវិតរបស់យើង ដល់ព្រះដែលជំនុំជម្រះដោយយុត្តិធម៌។—MATT LUCAS
តើនៅពេលណាអ្នកមានអារម្មណ៍ថា ចង់សងសឹក ដោយសារគេប្រព្រឹត្តដោយអយុត្តិធម៌
មកលើជំនឿរបស់អ្នក? តើអ្នកនឹងទុកចិត្តលើការការពាររបស់ព្រះដូចម្តេចខ្លះ?
ឱព្រះវរបិតា ទោះទូលបង្គំប្រឈមមុខដាក់បញ្ហាអ្វីក៏ដោយ នៅថ្ងៃនេះ
សូមព្រះអង្គជួយទូលបង្គំឲ្យថ្វាយជីវិតទូលបង្គំដល់ព្រះអង្គ តាមគំរូព្រះយេស៊ូវផងដែរ។
VISIT ODBU.ORG/CA101 TO LEARN HOW THE BIBLE CAN HELP YOU DEFEND YOUR FAITH.
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : ទំនុកដំកើង ៤៣-៤៥ និង កិច្ចការ ២៧:២៧-៤៤
ប្រភេទ
ល្ងាច

ចូរពិចារណាអំពីព្រះអង្គ (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)
ដោយAlistair Begg
July 27, 2025
«ដូច្នេះ ចូរពិចារណាមើលទ្រង់ ដែលទ្រង់បានទ្រាំទ្រនឹងពួកមនុស្សមានបាប ដែលធ្វើទទឹងទទែងនឹងទ្រង់ជាខ្លាំងម៉្លេះ ក្រែងលោអ្នករាល់គ្នាត្រូវនឿយហត់ ហើយរសាយចិត្តចេញ» (ហេព្រើរ ១២:៣)។
តើអ្នកធ្លាប់ជួបការល្បួងដែលធ្វើឲ្យអ្នកចង់បោះបង់ចោលសេចក្តីជំនឿដែរឬទេ? ប្រហែលក្នុងអំឡុងសប្ដាហ៍ដ៏ពិបាក អ្នកបានពិចារណាអំពីកាលៈទេសៈរបស់អ្នក ហើយគិតថា «គ្រប់យ៉ាងដែលបានកើតឡើងគ្មានប្រយោជន៍អ្វីទាល់តែសោះចំពោះខ្ញុំ។ ពេលនេះជាពេលដែលខ្ញុំត្រូវឈប់គិតអំពីជំនឿលើព្រះគ្រីស្ទទៀតហើយ ខ្ញុំនឹងរស់នៅដូចគេដូចឯងវិញ»។ ក្នុងពេលនោះ យើងងាយនឹងមើលជុំវិញខ្លួនយើង ឃើញមិត្តភក្តិ ក្រុមគ្រួសារ និងមិត្តរួមការងារដែលមិនជឿព្រះ កំពុងរស់នៅខុសពីយើង ហើយហាក់ដូចជាកំពុងតែរស់នៅក្នុងជីវិតដ៏រីករាយយ៉ាងងាយស្រួល។ ការមើលទៅគេដោយចិត្តច្រណែន បណ្ដាលឲ្យមានការសង្ស័យ និងការខកចិត្តជ្រាបចូលក្នុងចិត្តយើង ហើយលួចយកការប្ដេជ្ញាចិត្ត ដែលយើងមាន នៅក្នុងការបន្តដំណើរតាមផ្លូវដែលត្រង់ ហើយចង្អៀត។
នេះជាបញ្ហាដែលលោក អេសាភ ជាអ្នកនិពន្ធបទគម្ពីរទំនុកតម្កើងបានជួបប្រទះ។ គាត់ «ស្ទើរតែជំពប់ដួល» ព្រោះគាត់ «មានសេចក្តីច្រណែនចំពោះមនុស្សអំនួត ដោយឃើញសេចក្តីចម្រើនរបស់មនុស្សអាក្រក់នោះ» ដែល «ចេះតែនៅដោយសុខស្រួល» (ទំនុកតម្កើង ៧៣:២-៣,១២)។ នេះក៏ជាបញ្ហាដែលគ្រីស្ទបរិស័ទជួបប្រទះ ដូចដែលកណ្ឌគម្ពីរហេព្រើរបានចែងថា «ដ្បិតអ្នករាល់គ្នាមិនទាន់តយុទ្ធនឹងអំពើបាប ដល់ទៅហូរឈាមនៅឡើយទេ» (ហេព្រើរ ១២:៤) ប៉ុន្តែ យើងអាចដឹងច្បាស់ថា ការតយុទ្ធនឹងបាប នៅខាងក្នុងចិត្ត និងការស៊ូទ្រាំនឹងការបៀតបៀនពីខាងក្រៅ បានធ្វើឲ្យពួកគេមានការហត់នឿយយ៉ាងខ្លាំង។
តើពួកគេត្រូវធ្វើដូចម្ដេច? គឺត្រូវសញ្ជឹងគិតអំពីព្រះយេស៊ូវ។ ព្រះគម្ពីរបានផ្តល់ឲ្យនូវដំណោះស្រាយ សម្រាប់អ្នកដែលបាក់ទឹកចិត្ត និងហត់នឿយ នោះគឺត្រូវឲ្យពួកគេផ្ចង់ចិត្តមើលទៅព្រះអង្គ ដែលបានរងទ្រាំការទាស់ប្រឆាំង ដោយបានរងទុក្ខនៅលើឈើឆ្កាង ដើម្បីទទួលបានក្តីអំណរដែលនៅចំពោះព្រះអង្គ (ហេព្រើរ ១២:២)។
ពេលខ្លះក្នុងជីវិតរបស់យើង យើងរាល់គ្នាសុទ្ធតែប្រឈមមុខដាក់ទុក្ខលំបាកដ៏អយុត្តិធម៌ ដោយសារពាក្យសម្ដី ទង្វើ ឬកាលៈទេសៈផ្សេងៗ ហើយយើងអាចទទួលស្គាល់ថា យើងមិនចង់ទទួលរងការឈឺចាប់ ដ៏អយុត្តិធម៌នោះឡើយ។ យើងរាល់គ្នានឹងប្រឈមមុខដាក់ការពិតដែលថា យើងមិនទាន់បានឈ្នះបាប ដែលយើងបានតយុទ្ធអស់ជាច្រើនឆ្នាំមកហើយនោះទេ។ ថ្ងៃមួយ យើងនឹងជួបការល្បួង ដែលធ្វើឲ្យយើងចង់បោះបង់ និងដកខ្លួនចេញ បានជាយើងមិនចង់ចូលរួមការរត់ប្រណាំងទៀតទេ។ តើអ្នកនឹងធ្វើដូចម្ដេចនៅថ្ងៃនោះ? ចូរគិតអំពីព្រះអង្គ។ ចូរគិតអំពីរបៀបដែលព្រះគ្រីស្ទមានព្រះជន្មរស់នៅ យ៉ាងដូចម្ដេចខ្លះ ហើយមានគោលដៅអ្វី។ ព្រះអង្គបានបើកទ្វារឲ្យយើងចូលទៅរកសិរីល្អ ហើយសព្វថ្ងៃនេះ យើងដើរតាមដានរបស់ព្រះអង្គ។ ចូរមើលទៅព្រះយេស៊ូវដែលបានរត់ប្រណាំង ហើយសព្វថ្ងៃ កំពុងគង់នៅខាងស្តាំបល្ល័ង្ករបស់ព្រះវរបិតា (ហេព្រើរ ១២:២)។ ពីមួយថ្ងៃទៅមួយថ្ងៃ ទោះយើងរត់ឡើងទួល ឬបញ្ច្រាសខ្យល់ក៏ដោយ ចូរយើងគិតអំពីព្រះអង្គ ហើយ «ត្រូវរត់ក្នុងទីប្រណាំង ដែលនៅមុខយើងដោយអំណត់» (ខ.១)។
ព្រះគម្ពីរសញ្ជឹងគិត៖ ភីលីព ៣:៣ខ-១៦
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ៖ ទំនុកតម្កើង ៤៣-៤៥ និង កិច្ចការ ១៩:១-២០