ព្រឹក

មើលឃើញ ហើយបម្រើ
ដោយTim Gustafson
July 28, 2025
បរិទេវ ៣:៣១-៤២,៥៨-៥៩
ឱព្រះអម្ចាស់អើយ ទ្រង់បានកាន់ក្ដីនៃព្រលឹងទូលបង្គំហើយ ទ្រង់បានលោះជីវិតរបស់ទូលបង្គំផង។ បរិទេវ ៣:៥៨
ក្នុងការសម្ភាសន៍រយៈពេល៦០នាទី លោក អាឡិកហ្សានឌ័រ មែកលីន (ALEXANDER MCLEAN) បានលើកឡើងថា “ជួនកាល ក្នុងការរស់នៅ មានរឿងខ្លះយើងមើលឃើញហើយ យើងមិនអាចធ្វើជាមើលមិនឃើញបានទេ”។ គាត់គឺជាអ្នករស់នៅក្នុងភាគខាងត្បូងនៃទីក្រុងឡុង ដែលបានធ្វើដំណើរទៅប្រទេសយូហ្កាន់ដា កាលគាត់មានអាយុ១៨ឆ្នាំ ដើម្បីធ្វើការងារមនុស្សធម៌ក្នុងពន្ធធនាគា និងមន្ទីរពេទ្យ។ នៅទីនោះ គាត់ក៏បានឃើញតាចាស់ម្នាក់កំពុងដេកដួលនៅក្នុងបង្គន់ ដោយគ្មាននរណាជួយយកអសារ។ លោក មែកលីនមិនអាចធ្វើជាមើលមិនឃើញបានទេ ដូចនេះ គាត់ក៏បានថែទាំសុខភាពតាចាស់នោះអស់រយៈពេល៥ថ្ងៃ មុនពេលគាត់លាចាកលោក។
បទពិសោធន៍លើកនោះបានបញ្ឆេះចិត្តរបស់លោក មែកលីន ឲ្យកាន់តែចង់ធ្វើការមនុស្សធម៌។ គាត់ក៏បានរៀនចប់សាលាច្បាប់ ហើយវិលត្រឡប់ទៅទ្វីបអាហ្វ្រិកវិញ ដើម្បីជួយជនទុរគត។ ទីបំផុត គាត់ក៏បានបង្កើតអង្គការអ្នកការពារយុត្តិធម៌ ជាអង្គការដែលការពារសិទ្ធិរបស់អ្នកទោសក្នុងពន្ធធនាគា។
មនុស្សជាច្រើនកំពុងរស់នៅក្នុងស្ថានភាព ដែលយើងមិនអាចធ្វើជា “មើលមិនឃើញ” ពួកគេបានទេ បើសិនជាយើងបានប្រទះឃើញពួកគេហើយនោះ។ តែយើងមិនបានរកមើលពួកគេ។ ក្នុងទំនួញរបស់ហោរា យេរេមា អំពីស្រុកកំណើតរបស់គាត់ដែលបានទទួលរងការបំផ្លិចបំផ្លាញ គាត់ក៏បានរៀបរាប់អស់ពីចិត្ត អំពីអារម្មណ៍ដែលហាក់ដូចជាគ្មាននរណាមើលឃើញគាត់។ គឺដូចដែលគាត់បានពោលទំនួញយ៉ាងដូចនេះថា “ឱអ្នករាល់គ្នា ដែលដើរបង្ហួសអើយ តើមិនអំពល់ដល់អ្នករាល់គ្នាទេឬ សូមពិចារណាមើល បើមានសេចក្ដីទុក្ខព្រួយណា ដូចយ៉ាងសេចក្ដីទុក្ខព្រួយរបស់ខ្ញុំនេះ?” (បរិទេវ ១:១២)។
ហោរា យេរេមាឈឺចិត្ត មិនគ្រាន់តែសម្រាប់ខ្លួនឯង តែក៏សម្រាប់អស់អ្នកដែលត្រូវគេគាបសង្កត់ផងដែរ។ គាត់ក៏បានពោលថា “ឯការដែលជាន់ឈ្លីពួកឈ្លើយនៅផែនដី ឬបង្វែរសេចក្ដីយុត្តិធម៌ពីមនុស្ស នៅចំពោះព្រះដ៏ខ្ពស់បំផុត ឬបង្កាច់បំភាន់មនុស្សណា ក្នុងរឿងក្ដី នោះជាការដែលព្រះអម្ចាស់ទ្រង់មិនសព្វព្រះហឫទ័យឡើយ” (៣:៣៤-៣៦)។ តែគាត់មើលឃើញក្តីសង្ឃឹម។ គឺដូចដែលគាត់មានប្រសាសន៍ថា “ដ្បិតព្រះអម្ចាស់ ទ្រង់មិនបោះបង់ចោលនៅជាដរាបទេ។ ឱព្រះអម្ចាស់អើយ ទ្រង់បានកាន់ក្ដីនៃព្រលឹងទូលបង្គំហើយ ទ្រង់បានលោះជីវិតរបស់ទូលបង្គំផង” (ខ.៣១,៥៨)។
នៅជុំវិញខ្លួនយើង មានមនុស្សជាច្រើនដែលគេមើលមិនឃើញ។ ព្រះដែលបានប្រោសលោះយើង បានត្រាស់ហៅយើងឲ្យមើលឃើញ និងបម្រើពួកគេ តាមលទ្ធភាពនិងឱកាសដែលព្រះអង្គប្រទានយើង។—TIM GUSTAFSON
តើនៅក្បែរអ្នកមាននរណាខ្លះ ដែលគេមើលមិនឃើញ?
តើអ្នកនឹងយកចិត្តទុកដាក់ចំពោះពួកគេ ដូចម្តេចខ្លះ?
ឱព្រះវរបិតា សូមព្រះអង្គប្រទានទូលបង្គំនូវភ្នែក ដែលមើលឃើញមនុស្ស
ដែលកំពុងមានតម្រូវការ ហើយសូមព្រះអង្គជួយទូលបង្គំ ឲ្យបង្ហាញសេចក្តីស្រឡាញ់របស់ព្រះអង្គដល់ពួកគេ។
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : ទំនុកដំកើង ៤៦-៤៨ និង កិច្ចការ ២៨
ប្រភេទ
ល្ងាច

ធ្វើជាអ្នកប្រព្រឹត្តតាមព្រះបន្ទូល (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)
ដោយAlistair Begg
July 28, 2025
«ចូរឲ្យអ្នករាល់គ្នាប្រព្រឹត្តតាមព្រះបន្ទូលទៅ កុំឲ្យគ្រាន់តែស្តាប់ប៉ុណ្ណោះ ហើយបញ្ឆោតខ្លួនវិញនោះឡើយ» (យ៉ាកុប ១:២២)។
ក្នុងនាមយើងជាអ្នកជឿ ជីវិតយើងអាច និងគួរតែមានចំណុចសម្គាល់នៅត្រង់គំនិតដែលបានហ្វឹកហាត់ និងចុះចូលចំពោះសេចក្តីពិតនៃព្រះបន្ទូលព្រះ ហើយយើងគួរតែហ៊ុមព័ទ្ធកាលៈទេសៈរបស់យើង ដោយការអធិស្ឋាន (ភីលីព ៤:៦-៨)។ ប៉ុន្តែ បើយើងត្រូវស្គាល់ និងអរសប្បាយនឹងព្រះចេស្ដារបស់ព្រះ ដែលធ្វើការក្នុងយើង យើងត្រូវតែទទួលយកអ្វីដែលយើងបានឮក្នុងព្រះគម្ពីរ ហើយអនុវត្តតាម។ យើងគួរតែមានចិត្តឧស្សាហ៍ នៅក្នុងការផ្ដោតចិត្តទៅលើព្រះគម្ពីរជារៀងរាល់ថ្ងៃ និងក្នុងការចូលរួមស្តាប់ការអធិប្បាយព្រះបន្ទូលព្រះ តែយើងមិនត្រូវធ្លាក់ចូលក្នុងអន្ទាក់នៃការគិតថា យើងបានចូលរួម ការផ្ដោតអារម្មណ៍ និងការស្តាប់ដោយប្រុងប្រយ័ត្នគ្រប់គ្រាន់ហើយទេ។ យើងត្រូវតែធ្វើជាអ្នកប្រព្រឹត្តតាម គឺមិនគ្រាន់តែអ្នកស្តាប់ប៉ុណ្ណោះឡើយ។
ក្នុងបទគម្ពីរយ៉ូហានជំពូក១៣ នៅពេលយប់ មុនពេលព្រះយេស៊ូវសុគត និងបន្ទាប់ពីព្រះអង្គបានបង្រៀនពួកសាវ័កមួយរយៈពេល ព្រះអង្គបានមានបន្ទូលអំពីមេរៀនទាំងនោះថា «ការដែលខ្ញុំធ្វើ នោះអ្នកមិនយល់ក្នុងពេលឥឡូវនេះទេ តែទៅមុខទើបនឹងបានយល់វិញ» (យ៉ូហាន ១៣:១៧)។ បើអ្នកឆ្ងល់ថា ហេតុអ្វីអ្នកមិនបានដកពិសោធន៍នឹងព្រះពរព្រះ គឺប្រហែលមកពីអ្នកមិនបានអនុវត្តតាមព្រះបន្ទូលព្រះអង្គ។ ព្រះអម្ចាស់បានប្រទានសេចក្តីបង្រៀនជាបរិបូរ ហើយព្រះអង្គបានប្រទានព្រះវិញ្ញាណ ធ្វើជាព្រះដ៏ជាជំនួយរបស់យើង។ សព្វថ្ងៃនេះ យើងមានការទទួលខុសត្រូវក្នុងការរៀបចំគំនិតយើង ឲ្យត្រូវនឹងព្រះបន្ទូលព្រះ ហើយអនុវត្តតាមអ្វីដែលយើងបានរៀន ទទួល និងឮពីព្រះអង្គ។
គួរឲ្យសោកស្តាយណាស់ ដែលព្រះវិហារបានក្លាយជាបណ្ណាល័យចាស់ៗ ប្រឡាក់ធូលីដី មានពេញទៅដោយជីវិតមនុស្សជាច្រើន ដែលប្រៀបដូចជាសៀវភៅផ្ទុកទៅដោយសេចក្តីពិត មិនដែលបានប្រើប្រាស់។ ពេលដែលយើងបានស្គាល់សេចក្តីពិតកាន់តែច្រើន យើងជួបការល្បួង ដែលនាំឲ្យយើងគ្រាន់តែចង់អង្គុយ និងគិតអំពីសេចក្តីពិតដោយមិនដែលអនុវត្តតាម។ កណ្ឌគម្ពីរយ៉ាកុបបានបកស្រាយថា ការរស់នៅដូចនេះ គឺជាការបោកបញ្ឆោតខ្លួនឯងទេ។ ទេ! ព្រះវិហារគួរតែធ្វើជាកន្លែង ដែលមានការអនុវត្តតាមសេចក្តីពិតយ៉ាងសកម្ម។ អ្នកជឿព្រះត្រូវមានភាពរស់រវើក ដើម្បីកាលណាយើងប្រឈមមុខដាក់បញ្ហាជាច្រើនក្នុងលោកីយ៍ ដែលយើងមិនមានភាពស៊ាំជាមួយ យើងអាចដឹងច្បាស់ថា បញ្ហានោះគឺជាអ្វី ហើយឆ្លើយតបដោយសេចក្តីជំនឿលើព្រះបន្ទូលព្រះដែលយើងកំពុងអនុវត្តតាមក្នុងការរស់នៅ។
ចូរយើងប្ដេជ្ញាចិត្តនៅថ្ងៃនេះថា យើងនឹងមិនគ្រាន់តែធ្វើជាអ្នកស្តាប់ឮព្រះបន្ទូល ហើយបញ្ឆោតខ្លួនឯង ដោយគិតថា យើងជាគ្រីស្ទបរិស័ទដែលកំពុងលូតលាស់ តែតាមពិត យើងកំពុងតែក្រៀមក្រោះនោះឡើយ។ ចូរប្ដេជ្ញាចិត្តថា យើងនឹងធ្វើជាអ្នកអនុវត្តតាមព្រះបន្ទូលព្រះផងដែរ។ ចូរក្រឡេកមើលជីវិតខ្លួនឯង ដោយចិត្តស្មោះត្រង់ ហើយសម្គាល់មើលផ្នែកណាដែលអ្នកបានឮអំពីរបៀបរស់នៅថ្វាយព្រះគ្រីស្ទ ដោយមិនស្តាប់បង្គាប់តាមព្រះអង្គ។ បើព្រះវិញ្ញាណបរិសុទ្ធ កំពុងមានបន្ទូលមកកាន់អ្នកអំពីផ្នែកនោះ នៅថ្ងៃនេះ ចូរកុំគ្រាន់តែស្តាប់ឮប៉ុណ្ណោះឡើយ។ ចូរធ្វើជាអ្នកអនុវត្តតាម ដ្បិតដែលធ្វើដូចនេះនឹងនាំឲ្យយើងទទួលព្រះពរ។
ព្រះគម្ពីរសញ្ជឹងគិត៖ យ៉ាកុប ១:១៩-២៧
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ៖ ទំនុកតម្កើង ៤៦-៤៨ និង កិច្ចការ ១៩:២១-៤១