ព្រឹក

ព្រះអង្គចម្រើនកម្លាំងយើង
ដោយKaren Huang
July 29, 2025
ទំនុកដំកើង ៥៥:២-៥,១៦-២៣
ទ្រង់មិនព្រមឲ្យមនុស្សសុចរិតត្រូវរង្គើឡើយ។ ទំនុកដំកើង ៥៥:២២
ខ្ញុំ និងក្រុមគ្រួសារខ្ញុំបាននាំឪពុករបស់ខ្ញុំត្រឡប់មកពីមន្ទីរពេទ្យវិញ។ គាត់មានជំងឺដែលធ្វើឲ្យរូបកាយចុះខ្សោយជាប់ជានិច្ច ហើយយើងត្រូវសម្របខ្លួននឹងការថែទាំសុខភាពរបស់គាត់២៤ម៉ោង ដោយសារគាត់ស្រាប់តែឈឺធ្ងន់មិនអាចក្រោកចេញពីគ្រែបាន ហើយយើងត្រូវបញ្ច្រកអាហារឲ្យគាត់តាមបំពង់ទុយោ។ ទន្ទឹមនឹងនោះ ខ្ញុំក៏មានគម្រោងនាំម្តាយខ្ញុំទៅទទួលការព្យាបាលជំងឺក្រពះ ហើយក៏ត្រូវដោះស្រាយបញ្ហាជាមួយភ្ញៀវជាច្រើននាក់ នៅកន្លែងធ្វើការទៀត។ ខ្ញុំមានអារម្មណ៍ថា ខ្ញុំមានបន្ទុកធ្ងន់ពេក ដូចនេះ ថ្ងៃមួយ ខ្ញុំក៏បានស្វែងរកកន្លែងស្ងាត់ស្ងៀមក្នុងបន្ទប់ទឹកតែម្នាក់ឯង ហើយក៏បានស្រែករកព្រះថា ឱព្រះវរបិតាអើយ សូមព្រះអង្គជួយទូលបង្គំផង។ សូមព្រះអង្គប្រទានកម្លាំង ដើម្បីឲ្យទូលបង្គំអាចឆ្លងកាត់ទុក្ខលំបាក នៅថ្ងៃបន្ទាប់។
ស្តេចដាវីឌក៏ធ្លាប់មានអារម្មណ៍ពិបាកខ្លាំងពេកផងដែរ (ទំនុកដំកើង ៥៥:២-៥)។ ទ្រង់បានទទួលរងការវាយប្រហារពីអាប់សាឡំម ជាបុត្រាទ្រង់ និងត្រូវមិត្តសំឡាញ់ទ្រង់ក្បត់ ហើយមិនអាចបញ្ឈប់អំពើហិង្សាដែលកំពុងផ្ទុះឡើងនៅទីក្រុងយេរូសាឡិម បានជាទ្រង់មានបន្ទូលថា “ទូលបង្គំបានកើតមានសេចក្ដីភ័យខ្លាច ហើយញាប់ញ័រ សេចក្ដីតក់ស្លុតបានបង្គ្របទូលបង្គំហើយ” (ខ.៥)។
ប៉ុន្តែ ស្តេចដាវីឌបានសម្រេចព្រះទ័យទុកចិត្តព្រះ (ខ.២៣)។ ទ្រង់ជឿថា “ទ្រង់មិនព្រមឲ្យមនុស្សសុចរិតត្រូវរង្គើឡើយ” (ខ.២២)។ នៅក្នុងការទុកចិត្តព្រះដ៏មានចេស្តាអស់ជាច្រើនឆ្នាំកន្លងមក ស្តេចដាវីឌរៀនសូត្របានថា ទោះបញ្ហាអាចអង្រួនយើងឲ្យបាត់បង់លំនឹងក៏ដោយ ក៏អ្នកដែលទុកចិត្តលើព្រះ នឹងមិនបាត់បង់ ហើយអស់សង្ឃឹមជារៀងរហូតឡើយ។ “ទោះបីគេភ្លាត់ដួល គង់តែមិនត្រូវដួលទាំងស្រុងទេ ដ្បិតព្រះយេហូវ៉ាទ្រង់ទ្រអ្នកនោះដោយព្រះហស្ត” (៣៧:២៤)។ ស្តេចដាវីឌជ្រាបថា ព្រះអម្ចាស់នឹងជួយទ្រង់ ដោយប្រទានកម្លាំង និងប្រាជ្ញា បានជាទ្រង់អាចពោលថា “ចំណែកខ្ញុំនឹងអំពាវនាវដល់ព្រះ ហើយព្រះយេហូវ៉ាទ្រង់នឹងជួយសង្គ្រោះខ្ញុំ” (៥៥:១៦)។
១៤ឆ្នាំក្រោយមក យើងបានបន្តថែទាំសុខភាពរបស់ឪពុកខ្ញុំនៅផ្ទះ។ បញ្ហាដែលយើងបានឆ្លងកាត់កន្លងមក បានបង្រៀនខ្ញុំថា ពេលណាយើងថ្វាយការព្រួយបារម្ភរបស់យើងដល់ព្រះអង្គ ព្រះអង្គនឹងទ្រទ្រង់យើង (ខ.២២)។ ព្រះអង្គទទួលបន្ទុករបស់យើង ហើយព្រះអង្គក៏ចម្រើនកម្លាំង ឲ្យយើងអាចបន្តដំណើរទៅមុខទៀត។—KAREN HUANG
តើព្រះអង្គបានក្រើនរំឭកអ្នកដូចម្តេចខ្លះ ដើម្បីឲ្យអ្នកចាំថា ព្រះអង្គនឹងមិនបណ្តោយ
ឲ្យអ្នកត្រូវរង្គើឡើយ? តើអ្នកអាចថ្វាយបញ្ហារបស់អ្នកដល់ព្រះអង្គ ដូចម្តេចខ្លះ?
ឱព្រះអម្ចាស់ ទូលបង្គំសូមអរព្រះគុណព្រះអង្គ សម្រាប់ការជួយទូលបង្គំឆ្លងកាត់ទុក្ខលំបាក នៅថ្ងៃខាងមុខ។
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : ទំនុកដំកើង ៤៩-៥០ និង រ៉ូម ១
ប្រភេទ
ល្ងាច

ចូរឲ្យព្រះអង្គលូកដៃក្នុងរឿងយើង (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)
ដោយAlistair Begg
July 29, 2025
«រួចកាលទ្រង់កំពុងតែយាងក្នុងព្រះវិហារ នោះពួកសង្គ្រាជ ពួកអាចារ្យ និងពួកចាស់ទុំ គេមកឯទ្រង់ ហើយទូលសួរថា អ្នកធ្វើការទាំងនេះដោយអាងអំណាចអ្វី តើអ្នកណាបានបើកអំណាចនេះឲ្យអ្នកធ្វើ?» (ម៉ាកុស ១១:២៧-២៨)។
គ្មាននរណាម្នាក់ ចង់ឲ្យអ្នកដទៃចេះដឹងរឿងរបស់ខ្លួនឡើយ។
នៅពេលដែលនរណាម្នាក់ទទូចឲ្យយើងមានការចាប់អារម្មណ៍ ឬទាមទារឲ្យយើងស្តាប់បង្គាប់តាមគាត់ នោះសភាវគតិរបស់យើង យើងច្រើនតែឆ្លើយតបដោយអវិជ្ជមាន។ ជាទូទៅ យើងមិនចង់ឲ្យអ្នកដទៃប្រាប់យើងថា មានការអ្វីខ្លះដែលយើងត្រូវធ្វើយ៉ាងហោចណាស់ នៅក្នុងរឿងខាងវិញ្ញាណ។ ជានិច្ចជាកាល យើងតែងតែជួបការល្បួងឲ្យចង់ជឿតាមលោកីយ៍ថា អ្នកដទៃមិនត្រូវចេះដឹងរឿងខាងវិញ្ញាណរបស់យើងទេ គឺរឿងផ្ទាល់ខ្លួនដែលសម្រាប់ឲ្យយើងដឹងតែម្នាក់ឯងប៉ុណ្ណោះ។
ពេលយើងអានកណ្ឌគម្ពីរដំណឹងល្អ យើងប្រហែលជាមានអារម្មណ៍មិនស្រួល ខណៈពេលដែលយើងបានដឹងច្បាស់ថា ព្រះយេស៊ូវបានលូកដៃក្នុងរឿងជីវិតរបស់យើង។ ជាការពិតណាស់ ព្រះអង្គលូកដៃក្នុងរឿងរបស់យើង គឺដើម្បីប្រយោជន៍យើងទេ។ ក្នុងសៀវភៅជីវប្រវត្តិរបស់លោក ស៊ី អេស លូអ៊ីស (C.S. Lewis) គាត់បានហៅព្រះយេស៊ូវថា «អ្នកចេះដឹងរឿងគេ ដែលលើសពីលទ្ធភាពយើងអាចយល់បាន»។ នៅដើមដំបូងនៃព្រះរាជកិច្ចរបស់ព្រះយេស៊ូវ គេបានទទួលស្គាល់ថា ព្រះអង្គមានបន្ទូលបង្រៀនដោយអំណាច (ម៉ាកុស ១:២២, ២៧)។ ព្រះអង្គមានបន្ទូល តាមរបៀបដែលពួកគេមិនអាចព្រងើយកន្តើយ និងធ្វើមិនដឹងមិនឮ ដោយងាយៗបានឡើយ។ តែពួកគេអាចបដិសេធន៍ មិនព្រមទទួលព្រះបន្ទូលព្រះអង្គ។ ការបង្រៀនដែលមានអំណាចរបស់ព្រះអង្គ បានក្លាយជាបន្លានៅក្នុងភ្នែករបស់ពួកអ្នកដឹកនាំសាសនា ហើយពួកគេក៏បានចាប់ផ្ដើមប្រឆាំងព្រះអង្គ ហើយមិនយូរប៉ុន្មាន ពួកគេក៏បានរៀបគម្រោងធ្វើគុតព្រះអង្គ ដើម្បីកុំឲ្យព្រះអង្គចេះដឹងរឿងខាងវិញ្ញាណរបស់ពួកគេទៀត (៣:៦)។
យើងមិនខុសពីអ្នកដឹកនាំសាសនាទាំងនោះទេ ជាញឹកញាប់ យើងចង់មានរឿងខាងវិញ្ញាណផ្ទាល់ខ្លួន ស្របតាមបំណងចិត្ត និងរបៀបនៃការរស់នៅរបស់យើង គឺមិនខុសពីការនិយាយថា «នេះជាអ្វីដែលខ្ញុំជឿ។ នេះជាអ្វីដែលខ្ញុំប្រកាន់ខ្ជាប់តាម។ យើងតែងតែធ្វើអញ្ចឹងតាំងពីដើមមកហើយ។ នេះជាប្រពៃណីរបស់យើង»។ ព្រះយេស៊ូវបានយាងមកដោយប្រឆាំងនឹងផ្នត់គំនិតនេះ ដោយកែប្រែអ្វីៗក្នុងលក្ខណៈបញ្ច្រាស ហើយលុបបំបាត់គោលតម្លៃដែលមនុស្សបានបង្កើត។ តាមពិត នៅចុងបញ្ចប់នៃព្រះរាជកិច្ចរបស់ព្រះយេស៊ូវនៅលើផែនដី ព្រះអង្គបានប្រកាសថា គ្រប់ទាំងអំណាចត្រូវបានប្រគល់មកព្រះអង្គហើយ (ម៉ាថាយ ២៨:១៨-១៩)។ ព្រះអង្គមិនបានចែកអំណាចនោះជាមួយនរណាឡើយ។ តាមពិត ជីវិតខាងវិញ្ញាណរបស់យើង គឺជារឿងរបស់ព្រះអង្គ។ យើងក្រាបនៅចំពោះអំណាចរបស់ព្រះអង្គ ហើយឱបក្រសោបព្រះអង្គធ្វើជាព្រះអម្ចាស់ និងព្រះអង្គសង្គ្រោះក្នុងពេលបច្ចុប្បន្ន ឬថ្ងៃមួយ យើងនឹងក្រាបនៅចំពោះព្រះអង្គ ហើយជួបព្រះអង្គនៅថ្ងៃជំនុំជម្រះ។
ការបញ្ចូលព្រះយេស៊ូវ នៅក្នុងជ្រុងតូចមួយនៃជីវិតយើងជាការងាយស្រួល ហើយមិនរំខានអារម្មណ៍យើងទេ តែការអនុញ្ញាតឲ្យព្រះចេះដឹងរឿងយើង គ្រប់គ្រងមកលើផ្នែកនីមួយៗនៃជីវិតយើង ហើយបង្គាប់ឲ្យយើងស្តាប់តាមព្រះអង្គទាំងស្រុងមិនមែនជាការងាយទេ។ អំណាចដ៏ឥតខ្ចោះរបស់ព្រះអង្គ គឺជាបញ្ហាដែលយើងត្រូវយកមកពិចារណាក្នុងការសម្រេចចិត្តនីមួយៗ។ ហេតុនេះហើយ យើងត្រូវសួរខ្លួនឯងជានិច្ចថា តើខ្ញុំកំពុងរស់នៅតាមសេចក្តីប៉ងប្រាថ្នាខាងសាច់ឈាម និងច្បាប់ដែលខ្ញុំបានបង្កើត ឬខ្ញុំកំពុងព្យាយាមចុះចូលព្រះអង្គសង្គ្រោះរបស់ខ្ញុំដោយអំណរ ជារៀងរាល់ថ្ងៃ និងក្នុងការគ្រប់យ៉ាង? ទាល់តែយើងក្រាបនៅចំពោះអំណាចរបស់ព្រះយេស៊ូវដោយទទួលស្គាល់ព្រះអង្គធ្វើជាម្ចាស់មកលើពេលវេលា អំណោយទាន និងប្រាក់កាសរបស់យើង និយាយរួមគឺអ្វីៗគ្រប់យ៉ាងដែលយើងមាន ទើបយើងពិតជាអាចចាប់ផ្តើមទទួលព្រះអង្គជាព្រះអម្ចាស់ និងព្រះអង្គសង្គ្រោះ ហើយអរសប្បាយនឹងការស្គាល់ព្រះអង្គ ជាមិត្តសម្លាញ់ និងជាអ្នកនាំផ្លូវយើង។ តើអ្នកកំពុងតែរារាំងមិនឲ្យព្រះអង្គមកក្បែរអ្នក តាមរបៀបណាមួយឬទេ? នេះជាកន្លែងដែលព្រះអង្គបានត្រាស់ហៅអ្នកឲ្យអនុញ្ញាតឲ្យព្រះអង្គលូកព្រះហស្តចូលក្នុងរឿងរបស់អ្នក ហើយក៏ជាកន្លែងដែលអ្នកមានឱកាសចាត់ទុកព្រះអង្គ ជាព្រះដែលមានអំណាចទាំងស្រុងមកលើជីវិតអ្នក។ ព្រះអង្គនឹងលូកដៃចូលក្នុងរឿងជីវិតអ្នក ប៉ុន្តែមានតែព្រះអង្គទេដែលមានសិទ្ធិលូកដៃ ហើយមានតែព្រះអង្គទេដែលអាចរំដោះអ្នកឲ្យមានសេរីភាព។
ព្រះគម្ពីរសញ្ជឹងគិត៖ ដានីយ៉ែល ៧:៩-១៤
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ៖ ទំនុកតម្កើង ៤៩-៥០ និង កិច្ចការ ២០:១-១៦