ព្រឹក

មានឯកសណ្ឋានខាងវិញ្ញាណតែមួយ
ដោយArthur Jackson
July 31, 2025
ម៉ាថាយ ៥:១-១១
គឺត្រូវប្រដាប់ខ្លួន ដោយព្រះអម្ចាស់យេស៊ូវគ្រីស្ទវិញ ហើយកុំឲ្យផ្គត់ផ្គង់ ដើម្បីនឹងបំពេញសេចក្ដីប៉ងប្រាថ្នា ខាងឯសាច់ឈាមឡើយ ។ រ៉ូម ១៣:១៥
កាលខ្ញុំស្ថិតក្នុងវ័យកុមារ នៅទសវត្សរ៍ឆ្នាំ១៩៥០ និង៦០ ខ្ញុំបានចម្រើនវ័យធំឡើង ក្នុងសម័យដែលកីឡាវាយកូនបាល់ បេសប៊ល គឺជាកីឡាពេញនិយមបំផុត របស់ប្រជាជនអាមេរិក។ ខ្ញុំមានចិត្តអន្ទះសាចង់ទៅសួនច្បារ ដើម្បីលេងកីឡាបេសប៊ល ហើយខ្ញុំមានចិត្តរំភើបបំផុត នៅពេលដែលខ្ញុំបានទទួលអាវយឺតបេសប៊ល មានបោះពុម្ពពាក្យ GIANTS ពីលើ ដែលជាឈ្មោះរបស់ក្រុមខ្ញុំ។ លេខ៩នៅលើអាវយឺតរបស់ខ្ញុំ គឺជាលេខសំគាល់ខ្លួនខ្ញុំមិនឲ្យច្រឡំជាមួយសមាជិកដទៃទៀត ក្នុងក្រុម ប៉ុន្តែ អាវយឺតរបស់យើងគឺជាឯកសណ្ឋាន ដែលបញ្ជាក់ថា យើងស្ថិតក្នុងក្រុមតែមួយ។
ក្នុងបទគម្ពីរម៉ាថាយ ៥:៣-១០ ដែលជាបទគម្ពីរនៃព្រះពរ ព្រះយេស៊ូវបានបង្ហាញអត្តសញ្ញាណនៃរាស្រ្តនៃនគរស្ថានសួគ៌ ដែលម្នាក់ៗសុទ្ធតែមានចារិតលក្ខណៈដែលល្អដូចព្រះគ្រីស្ទ ប្រៀបដូចជាការពាក់ឯកសណ្ឋានតែមួយ។ រាស្រ្តនៃនគរស្ថានសួគ៌ គឺជាអស់អ្នកដែលមានឥរិយាបថ និងចារិតលក្ខណៈដូចក្សត្រនៃនគរស្ថានសួគ៌។ តាមព្រះបន្ទូលរបស់ព្រះយេស៊ូវ មនុស្ស “ដែលមានពរ” មិនមែនដោយសារពួកគេមានរូបសម្បត្តិ និងសុខភាពល្អ ឬមានទ្រព្យសម្បត្តិច្រើននោះទេ។ ផ្ទុយទៅវិញ ព្រះអង្គមានបន្ទូលសំដៅទៅលើសណ្ឋាននៃចិត្តរបស់ពួកគេ។ “មានពរហើយ អស់អ្នកដែលមានសេចក្ដីកំសត់ខាងឯវិញ្ញាណ” (ខ.៣) គឺអស់អ្នកដែលបន្ទាបខ្លួន ដោយដឹងថា ខ្លួនមានតម្រូវការខាងវិញ្ញាណ។ “មានពរហើយ អស់អ្នកដែលស្រេកឃ្លាននូវសេចក្ដីសុចរិត” (ខ.៦) គឺអ្នកដែលមានវិញ្ញាណស្រេកឃ្លានចង់ផ្គាប់ព្រះទ័យព្រះ និងថ្វាយព្រះកិត្តិនាមដល់ព្រះអង្គ។ “មានពរហើយ អស់អ្នកដែលផ្សះផ្សាគេ” (ខ.៩) គឺអស់អ្នកដែលចូលរួមជាមួយព្រះយេស៊ូវ ក្នុងការដេញតាមភាពសុខដុម។
ដោយជំនួយពីព្រះវិញ្ញាណ យើងអាចពាក់ឯកសណ្ឋានខាងវិញ្ញាណ ដែលមានចារិតលក្ខណៈដូចព្រះគ្រីស្ទ ជាអត្តសញ្ញាណបញ្ជាក់ថា យើងជាអ្នកជឿព្រះអង្គ និងជាសមាជិកនៃក្រុមរបស់ព្រះអង្គ។ គឺបានបង្ហាញថា យើងពិតជាមានពរមែន!—ARTHUR JACKSON
តាមខគម្ពីរនៃព្រះពរ តើអ្នកមានចារិតលក្ខណៈណាខ្លះដូចព្រះយេស៊ូវ?
តើអ្នកនឹងអធិស្ឋានសូមឲ្យមានចារិតលក្ខណៈដូចព្រះយេស៊ូវ នៅត្រង់ចំណុចណាខ្លះ?
ឱព្រះវរបិតា ដែលគង់នៅស្ថានសួគ៌ ទូលបង្គំសូមអរព្រះគុណព្រះអង្គ ដែលបានឲ្យទូលបង្គំធ្វើជាពលរដ្ឋនៃនគរស្ថានសួគ៌។
សូមព្រះវិញ្ញាណព្រះអង្គជួយទូលបង្គំឲ្យមានចារិតលក្ខណៈកាន់តែដូចព្រះអង្គ ជារៀងរាល់ថ្ងៃ ដោយព្រះគុណព្រះអង្គ។
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : ទំនុកដំកើង ៥៤-៥៦ និង រ៉ូម ៣
ប្រភេទ
ល្ងាច

បោះជំហានចេញទៅដោយជំនឿ (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)
ដោយAlistair Begg
July 31, 2025
«ដោយសារសេចក្តីជំនឿ កាលព្រះបានហៅលោក អ័ប្រាហាំ នោះលោក ក៏បានស្តាប់បង្គាប់ លោក ចេញទៅឯកន្លែងដែលត្រូវទទួលជាមរដក គឺចេញទៅឥតមានដឹងជាទៅឯណាទេ» (ហេព្រើរ ១១:៨)។
បើយើងព្យាយាមយល់ឲ្យកាន់តែច្បាស់អំពីអត្ថន័យនៃជំនឿដែលមានការប្រព្រឹត្ត និងការជឿតាមព្រះបន្ទូលរបស់ព្រះ យើងចាំបាច់ត្រូវមើលទៅជីវិតរបស់លោក អ័ប្រាហាំ។ កណ្ឌគម្ពីររ៉ូមបានពិពណ៌នាថា គាត់គឺជាឪពុកនៃអ្នកដែលមានសេចក្តីជំនឿ (រ៉ូម ៤:១៦)។ គាត់ «ក៏ជឿជាក់អស់ពីចិត្តថា សេចក្តីអ្វីដែលទ្រង់សន្យា នោះអាចនឹងធ្វើឲ្យសម្រេចបាន» (ខ.២១) ហើយការជឿដូចនេះ បានបណ្ដាលចិត្តគាត់ឲ្យស្តាប់បង្គាប់ ហើយប្រព្រឹត្តតាម។
ការត្រាស់ហៅលោក អ័ប្រាហាំ តម្រូវឲ្យមានការលះបង់យ៉ាងខ្លាំង និងពិបាកក្រៃលែង។ «ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលនឹងអាប់រ៉ាមថា ចូរឯងចេញពីស្រុក ពីញាតិសន្តាន និងពីផ្ទះឪពុកឯង ទៅនៅឯស្រុកដែលអញនឹងបង្ហាញឯងចុះ» (លោកុប្បត្ដិ ១២:១)។ ព្រះអម្ចាស់បានបង្គាប់គាត់ឲ្យចាកចេញពីស្រុកកំណើត មិត្តភក្តិ និងក្រុមគ្រួសាររបស់គាត់ ជាពិសេស មនុស្សទាំងអស់ដែលគាត់បានស្គាល់ និងស្រឡាញ់។ ប៉ុន្តែ ព្រះអម្ចាស់មិនគ្រាន់តែបានបង្គាប់ទេ។ ព្រះអង្គក៏បានសន្យាថា នឹងប្រទានពរគាត់ ក្នុងទឹកដីថ្មី ដោយធ្វើឲ្យគាត់ក្លាយជា «សាសន៍ដ៏ធំមួយ» និងលើកឈ្មោះគាត់ជាធំ (ខ.២)។
ហើយលោក អ័ប្រាហាំក៏បានស្តាប់បង្គាប់ ហើយចេញទៅ។
តើមានហេតុផលអ្វីដែលមនុស្សម្នាក់អាចធ្វើដូចនេះបាន? គឺដោយសារលោក អ័ប្រាហាំមិនអាចពឹងផ្អែកលើអ្វីបានក្រៅពីព្រះរាជបញ្ជា និងព្រះបន្ទូលសន្យារបស់ព្រះអម្ចាស់។ ប៉ុន្តែ ហេតុផលនេះមានភាពគ្រប់គ្រាន់សម្រាប់គាត់។ នេះជាសេចក្តីជំនឿដែលមានការប្រព្រឹត្តតាម។ នេះជាសេចក្តីជំនឿ ក្នុងការរស់នៅជារៀងរាល់ថ្ងៃ និងគ្រប់ជំនាន់ ដែលជាការជឿព្រះបន្ទូលព្រះ ហើយបោះជំហានទៅមុខដោយការស្តាប់បង្គាប់។
ខ្ញុំនៅចាំថា មានពេលមួយខ្ញុំបានឮលោក ក្រាហាំ ស្ក្រុកគី (Graham Scroggie) ជាគ្រូអធិប្បាយជនជាតិស្កុតឡង់មានប្រសាសន៍ថា «ការត្រាស់ហៅរបស់ព្រះ កម្របណ្តោយឲ្យយើងបន្តឈរនៅកន្លែងដដែលណាស់។ តាមពិត បើយើងមិនបានបោះជំហានទៅមុខ នៅពេលដែលព្រះប្រាប់ឲ្យយើង «ទៅ» យើងមិនអាចបន្តឈរនៅកន្លែងដដែលឡើយ»។ ការបដិសេធន៍មិនព្រមបោះជំហានទៅមុខ ហើយប្រព្រឹត្តដោយជំនឿនាំឲ្យយើងមានដំណើរថយក្រោយ ទោះយើងមិនបានបោះជំហានទាល់តែសោះក៏ដោយ។
ទោះជាយ៉ាងណាក៏ដោយ លោក អ័ប្រាហាំបានដើរទៅមុខ។ គាត់បានចាកចេញ ដោយការស្តាប់បង្គាប់ «ដោយមិនស្គាល់កន្លែងដែលគាត់កំពុងតែទៅនោះទេ»។ ការស្តាប់ឮព្រះអង្គប្រាប់ឲ្យចេញទៅ គឺគ្រប់គ្រាន់ល្មមនឹងឲ្យគាត់ចេញទៅ ហើយគាត់មិនត្រូវការឲ្យព្រះអង្គប្រាប់អំពីកន្លែងដែលគាត់ត្រូវទៅឡើយ។ ហើយតាមរយៈការបោះជំហានចេញដោយជំនឿ គាត់បានបោះជំហានចូលទៅក្នុងចំណុចស្នូលនៃផែនការរបស់ព្រះក្នុងការជួយសង្គ្រោះរាស្ត្រព្រះអង្គ ហើយនាំព្រះពរដល់ពិភពលោក ។ ក្រោយមក លោក អ័ប្រាហាំក៏បានដឹងថា កន្លែងដែលអ្នកត្រូវទៅ គឺជាកន្លែងដែលព្រះអង្គសព្វព្រះទ័យឲ្យអ្នកទៅ ហើយគោលបំណងដែលអ្នកត្រូវខិតខំសម្រេច គឺជាគោលបំណងដែលព្រះអង្គបានបង្ហាញឲ្យអ្នកដឹង។
តើព្រះអម្ចាស់បានប្រាប់អ្នកតាមរយៈព្រះគម្ពីរឲ្យបោះជំហានចេញទៅដោយជំនឿ និងការស្តាប់បង្គាប់ តាមការដឹកនាំរបស់ព្រះអង្គឬទេ? ដូចនេះ នៅថ្ងៃនេះ បើអ្នកបានឮព្រះបន្ទូលព្រះអង្គ ចូរកុំមានចិត្តរឹងទទឹងឡើយ (ហេព្រើរ ៣:១៥)។ ព្រះរាជបញ្ជារបស់ព្រះអង្គអាចផ្ទុយនឹងអ្វីៗដែលអ្នកបានរៀបផែនការ និងបានគិត ហើយអាចតម្រូវឲ្យអ្នកលះបង់អ្វីៗដែលអ្នកពឹងផ្អែក ប៉ុន្តែបើព្រះអង្គកំពុងត្រាស់ហៅអ្នកហើយ អ្នកត្រូវតែចេញទៅ។
ព្រះគម្ពីរសញ្ជឹងគិត៖ រ៉ូម ៤
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ៖ ទំនុកតម្កើង ៥៤-៥៦ និង កិច្ចការ ២១:១-១៧
1លោក Robert Robinson, “Come, Thou Fount of Every Blessing” (ឆ្នាំ ១៧៥៨)។
2Holiness (Reformed Church Publications, ឆ្នាំ ២០០៩), ទំព័រ ៨។
3The Letter to the Hebrews, The New Daily Study Bible (Westminster John Knox, 2002), ទំព័រ ២០៨។
4លោក Fanny Crosby, “To God Be the Glory” (ឆ្នាំ ១៨៧៥)។
5លោក George Whitefield’s Journals (ឆ្នាំ ១៧៣៧-១៧៤១), លោក William V. Davis (Scholars’ Facsimiles and Reprints, ឆ្នាំ ១៩៦៩), ទំព័រ ៥៧។