ព្រឹក

នៅពេលដែលជីវិតជួបរឿងអយុត្តិធម៌
ដោយTim Gustafson
August 1, 2025
ទំនុកដំកើង ៣៧:៥-១៧
មានពរហើយ អស់អ្នកដែលស្លូតត្រង់ ដ្បិតអ្នកទាំងនោះនឹងគ្រងផែនដីជាមរដក។ ម៉ាថាយ ៥:៥
នៅក្នុងរឿងប្រលោមលោក ដែលលោកឆាល ឌីកឃិន(Charles Dickens) បាននិពន្ធ មានចំណងជើងថា អូលីវើ ធ្វីស តួអង្គឈ្មោះអូលីវើ ជាទារកដ៏ទន់ខ្សោយដែលបានចាប់កំណើត ក្នុងបន្ទប់ស្នាក់នៅរបស់កម្មករក្រីក្រ ជាស្ថាប័នដែលល្បីខាងកេងប្រវ័ញ្ចអ្នកក្រ។ គាត់គឺជាក្មេងកំព្រាពីកំណើត ហើយទីបំផុត គាត់ក៏បានរត់ចេញពីផ្ទះ ដោយសារគេធ្វើបាបគាត់ខ្លាំងពេក។ ជីវិតរបស់គាត់មាន “ការផ្លាស់ប្តូរ” ដ៏អស្ចារ្យ នៅពេលដែលគាត់បានដឹងថា គាត់គឺជាកូនស្នងមរតកទ្រព្យសម្បត្តិមហាសាល។ លោកឌីកឃិន ចូលចិត្តនិពន្ធរឿង ដែលមានការបញ្ចប់ដ៏រីករាយ ដូចនេះ គាត់ក៏បានសរសេរបញ្ចប់សាច់រឿង ដោយឲ្យអ្នកដែលធ្វើបាបអូលីវើរ ជាច្រើនឆ្នាំកន្លងមក ទទួលទោសដោយយុត្តិធម៌ ឬកែប្រែចិត្ត។ ពួកអ្នកសង្កត់សង្កិនទាំងនោះបានទទួលទោស ដែលខ្លួនសមនឹងទទួល ខណៈពេលដែលអូលីវើរ ទទួលបានដីជាមរតក។ យើងមិនដឹងជាសប្បាយចិត្តយ៉ាងណាទេ បើសិនជាជីវិតយើងមានការបញ្ចប់ដ៏ល្អ ដូចរឿងប្រលោមលោករបស់លោកឌីកខិន។
ក្នុងព្រះគម្ពីរប៊ីប មានបទចម្រៀងត្រូវបាននិពន្ធដោយបុរសម្នាក់ ដែលបានរំពឹងថា នឹងមានថ្ងៃមួយ ដែលយុត្តិធម៌នឹងកើតមាន ចំពោះមនុស្សដែលគេសង្កត់សង្កិន ដោយពួកគេនឹងទទួលបានផែនដីជាមរតក(ទំនុកដំកើង ៣៧:៩)។ ទោះស្តេចដាវីឌដែលជាអ្នកនិពន្ធទំនុកដំកើងនេះ ធ្លាប់ទទួលរងអំពើអយុត្តិធម៌ក៏ដោយ ក៏ទ្រង់បានជំរុញគេឲ្យមានចិត្តអត់ធ្មត់។ គឺដូចដែលទ្រង់បានសរសេរថា “ចូរស្ងៀមនៅចំពោះព្រះយេហូវ៉ា ហើយរង់ចាំទ្រង់ចុះ កុំឲ្យក្ដៅចិត្ត ដោយព្រោះអ្នកដែលចំរើនក្នុងផ្លូវគេ ឬមនុស្សដែលបង្កើតការអាក្រក់សំរេចបាននោះឡើយ”(ខ.៧)។ ទ្រង់មានបន្ទូលទៀតថា “ពួកអ្នកដែលធ្វើអាក្រក់ នឹងត្រូវកាត់ចេញ តែអស់អ្នកដែលរង់ចាំព្រះយេហូវ៉ា នោះនឹងបានផែនដីជាមរដក”(ខ.៩)។ ស្តេចដាវីឌក៏បានសង្កេតឃើញពួកមនុស្សអាក្រក់បានដកដាវ ដើម្បីធ្វើទុក្ខមនុស្សទាល់ក្រ និងមនុស្សទុរគត(ខ.១៤) តែទ្រង់បានទុកចិត្តថា ព្រះអម្ចាស់នឹងប្រទានយុត្តិធម៌ដល់ពួកគេ(ខ.១៥)។
ជីវិតមានការលំបាក ហើយច្រើនតែជួបរឿងអយុត្តិធម៌។ ប៉ុន្តែ ចូរយើងមើលទៅព្រះបន្ទូលព្រះយេស៊ូវ ដែលបានដកស្រង់បទគម្ពីរទំនុកដំកើង ជំពូក៣៧ ដែលបានចែងថា “មានពរហើយ អស់អ្នកដែលស្លូតត្រង់ ដ្បិតអ្នកទាំងនោះនឹងគ្រងផែនដីជាមរដក”(ម៉ាថាយ ៥:៥)។—Tim Gustafson
តើគេបានធ្វើបាបអ្នក នៅពេលណាខ្លះ? តើអ្នកនឹងទុកចិត្តព្រះអង្គ ដូចម្តេចខ្លះ ក្នុងស្ថានភាពដ៏អយុត្តិធម៌?
ឱព្រះអម្ចាស់ សូមព្រះអង្គជួយទូលបង្គំ ឲ្យមានចិត្តអត់ធ្មត់ ក្នុងការរង់ចាំព្រះអង្គសម្រេចយុត្តិធម៌ សម្រាប់ទូលបង្គំ។
For further study, read When Pain Won’t Go Away at DiscoverODB.org.
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : ទំនុកដំកើង ៥៧-៥៩ និង រ៉ូម ៤
ប្រភេទ
ល្ងាច

ទ្រព្យសម្បត្តិពិតប្រាកដ (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)
ដោយAlistair Begg
August 1, 2025
«បើសត្វអូដ្ឋនឹងចូលតាមប្រហោងម្ជុល នោះងាយជាជាងមនុស្សអ្នកមានចូលទៅក្នុងនគរព្រះវិញ»(ម៉ាកុស ១០:២៥)។
ក្នុងការរស់នៅ អ្នកមានទ្រព្យសម្បត្តិច្រើន មានភាពងាយស្រួលជាងអ្នកក្រ។ ជាទូទៅ នេះជាការពិតមែន លុយអាចធ្វើឲ្យទ្វារបើកចំហ។ យើងអាចសង្កេតឃើញថា ក្នុងផ្នែកភាគច្រើននៃជីវិតយើង ដែលមានដូចជា ការសិក្សា ការព្យាបាលជំងឺ ការធ្វើដំណើរ និងការសម្រាកលំហែអាចមានភាពរលូនទៅបាន ដោយសារការមានលុយច្រើន។ ហេតុនេះហើយ គេច្រើនតែចាត់ទុកលុយជាកូនសោសម្រាប់បើកច្រកទ្វារជាច្រើនបាន។
ប៉ុន្តែ មានទ្វារដ៏សំខាន់មួយ ដែលទ្រព្យសម្បត្តិមិនអាចបើកបាន។ បុរសអ្នកមានវ័យក្មេងម្នាក់បានរកឃើញថា នៅក្នុងការស្វែងរកជីវិតអស់កល្ប ទ្រព្យសម្បត្តិរបស់គាត់មិនគ្រាន់តែមិនអាចជួយឲ្យគាត់មានជីវិតអស់កល្បប៉ុណ្ណោះទេ តែថែមទាំងបានរារាំងគាត់មិនឲ្យមានជីវិតអស់កល្បទៀតផង។ ផ្លូវសម្រាប់ឲ្យគាត់ចូលទៅរកសេចក្តីសង្គ្រោះត្រូវបានរាំងខ្ទប់ដោយសារការបដិសេធន៍មិនព្រមលះបង់ចោលទ្រព្យសម្បត្តិ ដើម្បីដើរតាមព្រះយេស៊ូវ។ ហេតុនេះហើយ គាត់ក៏បានដើរចេញពីការសន្ទនាជាមួយព្រះមែស៊ី ដោយទឹកមុខក្រៀមក្រំ។ គាត់នៅតែឱបក្រសោបទ្រព្យសម្បត្តិ ប៉ុន្តែវិញ្ញាណគាត់ស្ថិតនៅក្នុងគ្រោះថ្នាក់នៅឡើយ (ម៉ាកុស ១០:២២)។
ព្រះយេស៊ូវបានយល់ច្បាស់ អំពីទឹកមុខក្រៀមក្រំរបស់គាត់។ ព្រះអង្គបានទទួលស្គាល់ថា មនុស្សពិតជាងាយពឹងផ្អែកលើទ្រព្យសម្បត្តិ ហើយមើលរំលងរឿងដែលពិតជាសំខាន់។ ហើយរបៀបដែលព្រះអង្គគិតអំពីបុរសអ្នកមាននោះ គឺសមស្របនឹងការបង្រៀនរបស់ព្រះអង្គនៅក្នុងកណ្ឌគម្ពីរដំណឹងល្អ។ ឧទាហរណ៍ មានពេលមួយនោះ ព្រះអង្គមានបន្ទូលអំពីកសិករម្នាក់ ដែលបានរុះជង្រុករបស់ខ្លួន ដើម្បីសង់ជង្រុកធំជាងមុន (លូកា ១២:១៣-២១)។ នេះជាការសម្រេចចិត្តដ៏ត្រឹមត្រូវ ប៉ុន្តែបុរសនោះបានពឹងផ្អែកលើទ្រព្យសម្បត្តិ ដោយភាពល្ងង់ខ្លៅ ដើម្បីកំណត់ស្ថានភាពនៃវិញ្ញាណរបស់គាត់ ដោយនិយាយថា «ចិត្តអើយ ឯងមានទ្រព្យសម្បត្តិជាច្រើន ល្មមទុកសម្រាប់ជាយូរឆ្នាំទៅមុខទៀតបានហើយ ចូរឯងឈប់សម្រាកទៅ ហើយស៊ីផឹកសប្បាយចុះ»(ខ.១៩) ហើយព្រះយេស៊ូវមានបន្ទូលថា គាត់ជាមនុស្សល្ងង់ ព្រោះគាត់មិនបានត្រៀមខ្លួនសម្រាប់សេចក្តីស្លាប់ទេ ហើយក៏មិនអាចប្រើទ្រព្យសម្បត្តិដើម្បីបង់ថ្លៃឲ្យមានផ្លូវរួចពីសេចក្តីស្លាប់បានដែរ (ខ.២០)។ និយាយឲ្យខ្លី «តើមានប្រយោជន៍អ្វីដល់អ្នកនោះ ឬតើមនុស្សនឹងយកអ្វីទៅដូរឲ្យបានព្រលឹងខ្លួនវិញ»(ម៉ាថាយ ១៦:២៦)។
មានពេលច្រើនដងពេកហើយ ដែលយើងក៏មានកំហុសនៅក្នុងការស្វែងរកសន្តិសុខរបស់យើង ក្នុងទ្រព្យសម្បត្តិផងដែរ។ យើងប្រហែលជាស្វែងរកសេចក្តីសុខ តាមរយៈការប្រមូលទ្រព្យទុកសម្រាប់ខ្លួនឯង ឬតាមរយៈការធ្វើការងារមនុស្សធម៌ ដើម្បីតែមុខមាត់របស់យើង។ នៅក្នុងការធ្វើដូចនេះ យើងពិតជាងាយនឹងឲ្យតម្លៃមកលើអ្វីដែលគ្មានតម្លៃ ហើយបដិសេធន៍អ្វីដែលពិតជាមានតម្លៃ។1 យើងមិនអាចធ្វើអ្វីមួយដែលគ្រប់គ្រាន់ ល្មមនឹងឲ្យយើងបង់ថ្លៃឲ្យរួចពីសេចក្តីស្លាប់ ហើយចូលក្នុងជីវិតអស់កល្បឡើយ។ បន្ទាប់ពីអ្នកមាននោះ ដើរចេញទៅ ព្រះអម្ចាស់យេស៊ូវបានមានបន្ទូលទៅពួកសិស្សថា «ការនោះមនុស្សលោកធ្វើពុំកើតទេ តែព្រះទ្រង់ធ្វើកើត ដ្បិតព្រះទ្រង់អាចនឹងធ្វើកើតទាំងអស់បាន»(ម៉ាកុស ១០:២៧)។ ទ្រព្យសម្បត្តិនាំឲ្យមានគ្រោះថ្នាក់ ព្រោះវាធ្វើឲ្យយើងមានអំនួត និងពឹងផ្អែកលើខ្លួនឯង ហើយយើងភ្លេចថា មានតែព្រះទេដែលអាចជួយសង្គ្រោះយើងបាន។
តើអ្នកស្ម័គ្រចិត្តលះបង់ទ្រព្យសម្បត្តិរបស់អ្នកឬទេ (ទោះតិចឬច្រើនប៉ុណ្ណាក៏ដោយ) បើសិនជាព្រះយេស៊ូវប្រាប់អ្នកឲ្យលះបង់ ដើម្បីព្រះអង្គ? ឬអ្នកបដិសេធដោយសារអ្នកគិតថា ការទាមទារនេះធំពេក ហើយមានការលះបង់ច្រើនពេក? ចូរប្រែចិត្តចេញពីការពឹងផ្អែកលើទ្រព្យសម្បត្តិ ហើយងាកមកអរសប្បាយក្នុងសេចក្តីសង្គ្រោះ ដែលយើងអាចទទួលបាន ដោយសារសេចក្តីមេត្តារបស់ព្រះ។ គ្មានការអ្វីដែលព្រះអង្គមិនអាចធ្វើបាននោះទេ។ ព្រះអង្គមិនដែលបដិសេធន៍អ្នកណា ដែលចូលមករកព្រះអង្គឡើយ។
ព្រះគម្ពីរសញ្ជឹងគិត៖ លូកា ១២:១៣-២១
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ៖ ទំនុកតម្កើង ៥៧-៥៩ និងកិច្ចការ ២១:១៨-៤០