
គ្មានកន្លែងល្អឥតខ្ចោះ (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)
ដោយAlistair Begg
August 4, 2025
«ដ្បិតខ្ញុំត្រូវដើរកាត់ស្រុកម៉ាសេដូនសិន ប្រហែលជាខ្ញុំនឹងស្នាក់នៅជា១នឹងអ្នករាល់គ្នាបន្តិច ឬអស់១រដូវរងាផងទេដឹង ដើម្បីឲ្យអ្នករាល់គ្នាបានជូនដំណើរខ្ញុំទៅឯទីកន្លែងណា ដែលខ្ញុំនឹងទៅតទៅទៀត... ខ្ញុំនឹងនៅក្រុងអេភេសូរទាល់តែដល់បុណ្យថ្ងៃទី៥០ ដ្បិតមានទ្វារយ៉ាងធំ ហើយស្រួលបានបើកចំហឲ្យខ្ញុំ ហើយក៏មានពួកឃាត់ឃាំងជាច្រើនដែរ»(១កូរិនថូស ១៦:៥-៦,៨-៩)។
យើងមានហេតុផលជាច្រើន ដែលត្រូវកោតសរសើរសាវ័ក ប៉ុល។ គាត់តែងតែរៀបផែនការទុកជាមុន។ ប៉ុន្តែ គេកម្រលើកយកចំណុចនេះមកនិយាយ។ គាត់មិនដែលមានភាពអសកម្មនៅត្រង់ចំណុចណាមួយនៃការងារបម្រើព្រះឡើយ។ គាត់ប្រៀបដូចជាមេទ័ពដែលបើកមើលផែនទីក្នុងទីបញ្ជាការសង្គ្រាម ហើយនិយាយថា «ឥឡូវនេះ តើយើងនឹងបញ្ជូនទ័ពទៅកន្លែងណាទៀត? តើអាចបញ្ជូនកងពលបន្ទាប់ទៅកន្លែងណា? តើសត្រូវរបស់យើងកំពុងតែមានទីតាំងនៅកន្លែងណា?» ដោយសារគាត់មានគោលដៅធំ គាត់មិនអាចនៅត្រឹងមួយកន្លែងបានយូរឡើយ។
ត្រង់ចំណុចនេះ អ្វីដែលយើងអាចរៀនបានពីសាវ័ក ប៉ុល នេះគឺ ដើម្បីធ្វើការបម្រើព្រះ យើងមិនចាំបាច់ត្រូវស្វែងរកទីកន្លែង ដែលមានលក្ខខណ្ឌសមប្រកបល្អបំផុតនោះឡើយ តែយើងតែងតែអាចបម្រើព្រះនៅកន្លែងណាដែលយើងកំពុងនៅ។ គាត់បានសរសេរក្នុងកណ្ឌគម្ពីរ សំបុត្ររបស់គាត់អំពីការបម្រើព្រះក្នុងតំបន់ជាច្រើន ដែលស្ថិតនៅឆ្ងាយពីគ្នាដូចជា ទីក្រុងអេភេសូរ ស្រុកម៉ាសេដូនី និងទីក្រុងកូរិនថូសជាដើម។ ប៉ុន្តែទោះគាត់ស្ថិតនៅកន្លែងណាក៏ដោយ គាត់ដឹងថា អ្វីដែលគាត់ត្រូវធ្វើនោះគឺត្រូវផ្សាយដំណឹងល្អដល់អ្នកមិនជឿ និងលើកទឹកចិត្តគ្រីស្ទាន។ ពេលណាកិច្ចការគាត់បានបញ្ចប់នៅក្នុងទីតាំងមួយ គាត់ដឹងថា ព្រះបានត្រាស់ហៅគាត់ឲ្យបន្តទៅកន្លែងផ្សេងទៀត។
សាវ័ក ប៉ុល មិនបានខ្វល់ខ្វាយអំពីភាពស្រណុកស្រួល ឬកាលៈទេសៈដែលអំណោយផលនោះទេ។ គាត់មិនមានបំណងចិត្ត ដែលចង់បានកូនខ្ទមតូចមួយនៅមាត់សមុទ្រអេឌ្រាត ដើម្បីចូលនិវត្តន៍យ៉ាងសុខស្រួលនោះទេ។ សូម្បីតែនៅពេលដែលគាត់អាចនិយាយថា «មានទ្វារយ៉ាងធំ ហើយស្រួលបានបើកចំហឲ្យខ្ញុំ» ក៏គាត់នៅតែជួបការទាស់ប្រឆាំងជាច្រើន។ គាត់បានជួបបញ្ហាប្រឈម ដែលកើតមាន ហើយក៏បានចាត់ទុកការប្រឆាំង គឺជាឯកសិទ្ធិដ៏ប្រសើរ ជាជាងចាត់ទុកវាជាឧបសគ្គ។
មនុស្សជាច្រើនជឿថា បើយើងបានរួបរួមជាមួយព្រះ ហើយបើយើងពិតជាស្ថិតនៅកន្លែងដែលយើងគួរតែនៅ ជីវិតរបស់យើងនឹងមានដំណើរការល្អ។ ការយល់ឃើញដូចនេះប្រហែលជាកំពុងមានភាពពេញនិយម តែមិនបានសមស្របនឹងព្រះគម្ពីរឡើយ។ តើយើងពិតជាគិតថា យើងអាចឈរតតាំងអារក្ស ដោយមិនប្រឈមមុខដាក់គ្រាប់ព្រួញភ្លើងរបស់វាឬ? តើយើងគិតថា យើងអាចវាយលុកទីតាំងរបស់សត្រូវ ដោយមិនមានការប្រឆាំងឬ?
ព្រះមិនបានត្រាស់ហៅយើងឲ្យរស់នៅក្នុងសហគមន៍គ្រីស្ទបរិស័ទដ៏សុខស្រួល ដែលគ្មានការទាស់ប្រឆាំងនោះទេ។ យើងងាយនឹងធ្វើឲ្យទីបន្ទាល់យើងមានភាពអសកម្មយ៉ាងខ្លាំងបានជាយើងមិនមានប្រសិទ្ធភាពក្នុងការរស់នៅថ្វាយព្រះគ្រីស្ទ ប៉ុន្តែយើងមិនចាំបាច់ ហើយក៏មិនគួររស់នៅដូចនេះទេ។ ស្ថានភាពដែលសាវ័ក ប៉ុល ជួបប្រទះ ក៏បានឡោមព័ទ្ធយើងក្នុងពេលបច្ចុប្បន្នផងដែរ ដែលមានដូចជា ការថ្វាយបង្គំរូបព្រះ អំពើអសីលធម៌ផ្លូវភេទ ការរើសអើងជាតិសាសន៍ និងសាសនា ព្រមទាំងការអាក្រក់ជាច្រើនទៀត។ ក្នុងពេលដែលមានការទាស់ប្រឆាំង យើងមានឱកាសបម្រើនគរព្រះអង្គ ទោះព្រះអង្គបានដាក់អ្នកនៅកន្លែងណាក៏ដោយ។ គឺដូចដែលមិត្តភក្តិរបស់ខ្ញុំឈ្មោះ អេរិក អ័ឡេក្សានឌ័រ (Eric Alexander) ធ្លាប់បានប្រាប់ខ្ញុំថា «គ្មានកន្លែងណាដែលមានលក្ខណៈល្អឥតខ្ចោះសម្រាប់ធ្វើការបម្រើព្រះឡើយ លើកលែងតែកន្លែងដែលព្រះអង្គបានដាក់យើងឲ្យបម្រើព្រះអង្គប៉ុណ្ណោះ»។
ព្រះគម្ពីរសញ្ជឹងគិត៖ រ៉ូម ១៥:១៧-៣៣
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ៖ ទំនុកតម្កើង ៦៦-៦៧ និងកិច្ចការ ២៣:១៦-៣៥