
មិនដែលឯកោ
ដោយNancy Gavilanes
August 5, 2025
ចោទិយកថា ៣១:១-៨
ដ្បិតគឺព្រះយេហូវ៉ា ជាព្រះនៃឯង ដែលយាងទៅជាមួយនឹងឯង ទ្រង់មិនដែលខាននឹងប្រោសឯងទេ ក៏មិនដែលលះចោលឯងដែរ ។ ចោទិយកថា ៣១:៦
ប៉ុន្មានឆ្នាំកន្លងមកនេះ ខ្ញុំបានលើកទឹកចិត្ត និងអធិស្ឋានឲ្យមនុស្សជាច្រើន ដែលកំពុងតយុទ្ធនឹងភាពឯកោ ដោយសារមូលហេតុផ្សេងៗ ដូចជា មនុស្សចាស់ ក្នុងមណ្ឌលចាស់ជរា ដែលមិនមានគ្រួសារមកសួរសុខទុក្ខ ស្ត្រីមេម៉ាយដែលមានទម្លាប់ដើរលេងក្រៅផ្ទះ ដើម្បីកុំឲ្យមានអារម្មណ៍ឯកោ ក្នុងផ្ទះដែលនៅទទេ អ្នកដឹកនាំការងារបម្រើព្រះ ដែលមិនមានមនុស្សដែលពួកគេអាចទុកចិត្ត និងមនុស្សអនាថា ដែលមានអារម្មណ៍ឯកោ និងមិនមានគេអើពើ។
ភាពឯកោអាចវាយប្រហារមកលើនរណាម្នាក់ នៅពេលណាក៏បាន។ អ្នកនាំពាក្យក្រសួងសុខាភិបាលអាមេរិក បានឲ្យយោបល់ដល់សាធារណជន កាលពីខែឧសភា ឆ្នាំ២០២៣ ដើម្បីដាស់តឿនពួកគេ ឲ្យមានការប្រុងប្រយ័ត្ន ចំពោះភាពឯកោ ដែលកំពុងរីករាលដាល ដូចជំងឺរាតត្បាត។ ជនជាតិអាមេរិកប្រហែលពាក់កណ្តាល បាននិយាយថា ពួកគេបានឆ្លងកាត់ភាពឯកោ ដែលអាចបណ្តាលឲ្យគ្រោះថ្នាក់ដល់អាយុជីវិត ដូចការជក់បារី១២ដើម ក្នុងថ្ងៃ នេះបើតាមអ្នកនាំពាក្យរូបនោះ។
កាលលោកម៉ូសេបានត្រៀមខ្លួនជាស្រេច ដើម្បីផ្ទេរតំណែង ឲ្យលោកយ៉ូស្វេ គាត់ចង់ឲ្យពួកអ៊ីស្រាអែលដឹងច្បាស់ថា ពួកគេមិនប្រឈមមុខដាក់សង្គ្រាមណាមួយតែម្នាក់ឯងឡើយ ខណៈពេលដែលពួកគេចូលទឹកដីសន្យា។ គឺដូចដែលគាត់មានប្រសាសន៍ថា “ចូរមានកំឡាំងហើយចិត្តក្លាហានឡើង កុំឲ្យខ្លាច ឬមានសេចក្ដីភ័យញ័រចំពោះគេឡើយ ដ្បិតគឺព្រះយេហូវ៉ា ជាព្រះនៃឯងដែលយាងទៅជាមួយនឹងឯង ទ្រង់មិនដែលខាននឹងប្រោសឯងទេ ក៏មិនដែលលះចោលឯងដែរ”(ចោទិយកថា ៣១:៦)។ គាត់ក៏បានក្រើនរំឭកលោកយ៉ូស្វេ ជាអ្នកដឹកនាំថ្មីផងដែរថា “គឺព្រះយេហូវ៉ាដែលនឹងយាងនាំមុខឯងទៅ ព្រមទាំងគង់ជាមួយនឹងឯង ទ្រង់មិនដែលខាននឹងប្រោសឯងឡើយ ក៏មិនដែលលះចោលឯងដែរ”(ខ.៨)។
ហើយជាចុងក្រោយ គាត់ក៏បាននិយាយចេញនូវពាក្យ ដែលបានលើកទឹកចិត្តយើងក្នុងពេលសព្វថ្ងៃផងដែរថា “ដូច្នេះកុំឲ្យខ្លាច ឬស្រយុតចិត្តឲ្យសោះ”(ខ.៨)។
ពេលណាយើងប្រឈមមុខដាក់ភាពឯកោ ចូរយើងមានការកម្សាន្តចិត្ត ដោយដឹងថា ព្រះអង្គនឹងមិនចាកចេញ ឬបោះបង់យើងចោលឡើយ។—Nancy Gavilanes
ហេតុអ្វីអ្នកចាំបាច់ត្រូវដឹងថា អ្នកមិនដែលឯកោឡើយ? តើអ្នកមានការកម្សាន្តចិត្តប៉ុណ្ណា
ពេលដែលបានដឹងថា ព្រះអង្គតែងតែគង់នៅជាមួយអ្នកជានិច្ច?
ឱព្រះអម្ចាស់ ទូលបង្គំសូមអរព្រះគុណព្រះអង្គ ដែលមិនបានចាកចោលទូលបង្គំឲ្យនៅឯកោ។
For further study, read Mending a Broken Relationship at DiscoverODB.org.
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : ទំនុកដំកើង ៦៨-៦៩ និង រ៉ូម ៨:១-២១