
នាំឲ្យមានការបែកបាក់ដ៏ធំ (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)
ដោយAlistair Begg
August 6, 2025
«តើអ្នករាល់គ្នាស្មានថា ខ្ញុំមកដើម្បីឲ្យមានសេចក្តីសុខសាន្តនៅផែនដីឬអី? ខ្ញុំប្រាប់អ្នករាល់គ្នាថា មិនមែនទេ គឺមកដើម្បីឲ្យកើតប្រតិបក្សវិញទេតើ»(លូកា ១២:៥១)។
តើព្រះយេស៊ូវបានយាងមក ដើម្បីនាំសន្តិភាព ឬសេចក្តីសុខសាន្តដល់ផែនដីដូចដែលទេវតាបានច្រៀងសរសើរព្រះអង្គនៅយប់ណូអែលដំបូង(លូកា ២:១៤)? ឬព្រះអង្គបានយាងមក ដើម្បីនាំមកនូវការបែកបាក់ ដូចដែលព្រះអង្គបានប្រកាសដោយផ្ទាល់ក្នុងបទគម្ពីរខាងលើនេះ?
ជាការពិតណាស់ ព្រះអង្គបានយាងមកដើម្បីប្រទានសន្តិភាព។ ជាដំបូង យើងចាំបាច់ត្រូវស្វែងយល់ថា តើព្រះអង្គពិតជាបានមានបន្ទូលផ្ទុយនឹងការប្រកាសរបស់ទេវតាមែនឬ (ម៉ាថាយ ៥:៩)។ នៅពេលដែលព្រះអង្គបានឆ្លើយសំណួរខ្លួនឯងថា «តើអ្នករាល់គ្នាស្មានថា ខ្ញុំមកដើម្បីឲ្យមានសេចក្តីសុខសាន្តនៅផែនដីឬអី? ខ្ញុំប្រាប់អ្នករាល់គ្នាថា មិនមែនទេ»។ ជាការពិតណាស់ ត្រង់ចំណុចនេះ ព្រះយេស៊ូវហាក់ដូចជាកំពុងតែមានបន្ទូលផ្ទុយនឹងគោលបំណងនៃព្រះរាជកិច្ចទាំងមូលនៅលើផែនដី ដោយភ្ជាប់អង្គទ្រង់ជាមួយនឹងការបែកបាក់ និងជម្លោះ។ បើដូច្នោះមែន តើធ្វើដូចម្តេចឲ្យយើងអាចយល់អំពីការអះអាងរបស់ព្រះអង្គអំពីការប្រទានសន្តិភាពផង និងការបាក់បែកផង? អត្ថន័យរបស់ព្រះបន្ទូលព្រះយេស៊ូវអំពីការនាំមកនូវការបែកបាក់មានទំនាក់ទំនងដោយផ្ទាល់ជាមួយនឹងកិច្ចការ ដែលព្រះអង្គបានសម្រេចនៅក្នុងការប្រទានសន្តិភាព។ ព្រះគម្ពីរបានចែងថា «ដ្បិតឯព្រះអង្គ ដែលមិនបានស្គាល់បាបសោះ នោះទ្រង់បានធ្វើឲ្យត្រឡប់ជាតួបាប ជំនួសយើងរាល់គ្នាវិញ ដើម្បីឲ្យយើងរាល់គ្នាបានត្រឡប់ទៅជាសេចក្តីសុចរិតរបស់ព្រះ ដោយនូវព្រះអង្គនោះឯង»(២កូរិនថូស ៥:២១)។ ពេលណាយើងបានយល់អំពីដំណឹងល្អនេះហើយ យើងត្រូវតែមានការផ្លាស់ប្តូរ ព្រោះព្រះរាជកិច្ចដែលព្រះអង្គបានធ្វើមានភាពអស្ចារ្យពេកបានជាយើងមិនអាចព្រងើយកន្តើយបានទេ។
ពេលណាយើងបានផ្លាសប្រែស៊ីជម្រៅនៅខាងក្នុងស្នូលនៃវិញ្ញាណយើងហើយ យើងក៏ផ្លាស់ប្រែគ្រប់ផ្នែកទាំងអស់ ដែលមានដូចជា គោលតម្លៃ ការផ្ដោតគំនិត គោលបំណង និងក្តីស្រមៃរបស់យើង។ សព្វថ្ងៃនេះ យើងមានសន្តិភាពជាមួយព្រះអាទិកររបស់យើងហើយ ហើយយើងអាចរស់នៅដោយសន្តិភាពជាមួយខ្លួនឯងដែរ។ ប៉ុន្តែ មិនយូរមិនឆាប់ ការផ្លាស់ប្រែនេះនឹងនាំមកនូវការបែកបាក់។ បានសេចក្តីថា នៅក្នុងការចែកចាយ ការនិយាយ និងរស់នៅស្របតាមការអស្ចារ្យនៃការផ្សះផ្សាជាមួយព្រះ យើងនឹងជួបការស្អប់ខ្ពើម ការប្រឆាំង និងការកាត់ទោសពីអ្នកដទៃ ហើយថែមទាំងពីមនុស្សក្នុងគ្រួសារយើង នៅពេលខ្លះ គឺដូចដែលព្រះយេស៊ូវបានដាស់តឿនយើង (លូកា ១២:៥២-៥៣)។
ការដែលព្រះយេស៊ូវបានយាងមកដើម្បីនាំមកនូវសន្តិភាពបានបង្ហាញឲ្យមនុស្សដឹងអំពីការបែកបាក់ និងការប៉ះទង្គិចរវាងព្រះអាទិករ និងស្នាព្រះហស្តដែលមានរូបដូចអង្គទ្រង់ ដែលបានកើតមានតាំងពីពេលដែលលោក អ័ដាម និងនាង អេវ៉ា បានបះបោរពីដំបូង។ ពាក្យសម្ដី និងការប្រព្រឹត្តរបស់អ្នកតាមការបង្គាប់របស់ព្រះ មិនមែនតាមផ្លូវរបស់លោកីយ៍ ក៏បានបង្ហាញអំពីការបែកបាក់នេះផងដែរ។ សម្រាប់មនុស្សភាគច្រើន ការបែកបាក់បណ្តាលមកពីការជឿព្រះគ្រីស្ទ គឺជាការដកពិសោធន៍នឹងការលំបាក និងការឈឺចាប់ក្នុងជីវិត។
ប៉ុន្តែ យើងរាល់គ្នាអាចមានក្តីសង្ឃឹមដ៏អស្ចារ្យ ព្រោះគោលបំណងធំបំផុតរបស់ព្រះយេស៊ូវ គឺមិនមែនដើម្បីបំបែកបំបាក់ តែដើម្បីបង្កើតឲ្យមានភាពសុខដុម។ ព្រះគម្ពីរប៊ីបបានចែងច្បាស់ថា ព្រះអម្ចាស់នៃសន្តិភាពនឹងបានសោយរាជ្យអស់កល្បជានិច្ច។ ទន្ទឹមនឹងនោះ ចូរយើងកុំមានការយល់ច្រឡំឡើយ ព្រោះការដើរតាមព្រះយេស៊ូវត្រូវមានការលះបង់ ដែលយើងអាចធ្វើបានដោយអំណាចនៃព្រះវិញ្ញាណព្រះអង្គ ដោយអំណរ ខណៈពេលដែលយើងហ៊ានប្រឈមមុខដាក់ការបែកបាក់ ដើម្បីនាំអ្នកដទៃឲ្យស្គាល់សន្តិភាពដែលព្រះបានប្រទាន។
ព្រះគម្ពីរសញ្ជឹងគិត៖ កិច្ចការ ១៧:១-១៥
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ៖ ទំនុកតម្កើង ៧០-៧១ និងកិច្ចការ ២៥