
ស្រឡាញ់អ្នកជិតខាងរបស់យើង
ដោយDave Branon
August 6, 2025
យ៉ាកុប ១:១៩-២៧
បើអ្នករាល់គ្នាកាន់តាមក្រិត្យវិន័យដ៏ប្រសើរ ដូចមានបទគម្ពីរថា «ចូរឲ្យឯងស្រឡាញ់អ្នកជិតខាង ដូចជាខ្លួនឯង» នោះឈ្មោះថាប្រព្រឹត្តល្អហើយ។ យ៉ាកុប ២:៨
បន្ទាប់ពីព្យុះភ្លៀង នៅចុងរដូវក្តៅបានបក់បោកកាត់ទីក្រុងដែលខ្ញុំរស់នៅ យើងត្រូវជួសជុលផ្ទះដែលខូចខាត ដោយសារដើមឈើនៅជុំវិញផ្ទះរបស់យើង បន្ថែមពីលើការបោសសម្អាតស្លឹកឈើ និងមែកឈើ ដែលរាយប៉ាយ ក្នុងទីធ្លាផ្ទះ។ ខណៈពេលដែលខ្ញុំចំណាយពេល នៅថ្ងៃបន្ទាប់ ក្នុងការជួសជុល និងបោសសម្អាត ខ្ញុំក៏បានព្យាយាមនិយាយកំប្លែងតែម្នាក់ឯង ដោយនិយាយដដែលៗថា “យើងអត់មានដើមឈើទេ! យើងអត់មានដើមឈើទេ!” នេះជាការពិតមែន។ ក្រៅពីកូនដើមស្រល់៣ដើម ដែលជាកូនឈើកម្ពស់ជិត១ម៉ែត្រ គឺយើងគ្មានដើមឈើទេ។ ប៉ុន្តែ បន្ទាប់ពីព្យុះបានស្ងប់ ខ្ញុំបានចំណាយពេលជាច្រើនម៉ោង ក្នុងការបោសសម្អាតមែកឈើ និងស្លឹកឈើ ដែលបាក់ឬជ្រុះពីដើមឈើរបស់អ្នកជិតខាង។
សម្រាប់អ្នកជិតខាងរបស់យើង តើយើងមានការប្រាស្រ័យទាក់ទងពួកគេដូចម្តេចខ្លះ នៅពេលដែលយើងជួបការរំខានពីអ្វីដែលពួកគេបានធ្វើ ឬបានដាំដុះ? ទាក់ទងនឹងរឿងនេះ ព្រះគម្ពីរបានចែងច្បាស់យ៉ាងច្បាស់ថា “ត្រូវឲ្យស្រឡាញ់អ្នកជិតខាងដូចខ្លួនឯងវិញ” គឺបានចែងដូចនេះ៩ដង ក្នុងព្រះគម្ពីរប៊ីបទាំងមូល ដែលរាប់បញ្ចូលទាំងបទគម្ពីរ លេវីវិន័យ ១៩:១៨ ម៉ាថាយ ១៩:១៩ ម៉ាកុស ១២:៣១ កាឡាទី ៥:១៤ និង យ៉ាកុប ២:៨។ តាមពិត នេះជាព្រះរាជបញ្ជាធំជាងគេទីពីរ ដែលព្រះអង្គបានប្រទានយើង។ ក្រឹត្យវិន័យធំជាងគេទីមួយគឺ “ឯងត្រូវស្រឡាញ់ព្រះអម្ចាស់ ជាព្រះនៃឯង ឲ្យអស់អំពីចិត្ត អស់អំពីព្រលឹង អស់អំពីកំឡាំង ហើយអស់អំពីគំនិតឯង”(លូកា ១០:២៧)។ គន្លឹះមួយ ដែលយើងអាចបង្ហាញក្តីស្រឡាញ់ដល់អ្នកជិតខាង គឺតាមរយៈរបៀបដែលយើងទំនាក់ទំនងជាមួយពួកគេ។ កណ្ឌគម្ពីរយ៉ាកុបក៏បានបង្រៀនអំពីរបៀបដែលយើងត្រូវទំនាក់ទំនងជាមួយពួកគេ ដោយ “ឆាប់នឹងស្ដាប់ ក្រនឹងនិយាយ ហើយយឺតនឹងខឹងដែរ”(១:១៩)។
ការអនុវត្តន៍ដូចនេះ មិនតែងតែងាយស្រួលជានិច្ចឡើយ ព្រោះវាទាស់ប្រឆាំងនឹងនិស្ស័យសាច់ឈាមរបស់យើង។ ប៉ុន្តែ ការឆ្លើយតបទីមួយដែលយើងត្រូវមាន ចំពោះទង្វើរបស់ពួកគេ គឺត្រូវស្រឡាញ់ពួកគេឲ្យដូចខ្លួនឯង។ ដោយជំនួយមកពីព្រះអង្គ ចូរយើងបញ្ចេញពន្លឺនៃសេចក្តីស្រឡាញ់របស់ព្រះយេស៊ូវ មកលើអ្នកជិតខាងរបស់យើង ដែលមិនគ្រាន់តែជាអ្នករស់នៅក្បែរយើងប៉ុណ្ណោះទេ តែក៏ជាអ្នកដែលយើងរស់នៅជាមួយ ធ្វើការជាមួយ និងចូលរួមសកម្មភាពផ្សេងៗជាមួយពួកគេផងដែរ។—Dave Branon
តើអ្នកជិតខាងមានអ្វីដែលរំខានដល់អ្នក? តើអ្នកអាចដោះស្រាយបញ្ហានេះ ដោយក្តីស្រឡាញ់ដូចម្តេចខ្លះ?
ឱព្រះវរបិតា ទូលបង្គំសូមអរព្រះគុណព្រះអង្គ ដែលទូលបង្គំមានអ្នកជិតខាង ទោះនៅផ្ទះជាប់ទូលបង្គំ ឬជាមនុស្សដែលទូលបង្គំប្រាស្រ័យទាក់ទងជារៀងរាល់ថ្ងៃក៏ដោយ។ សូមព្រះអង្គជួយទូលបង្គំឲ្យស្រឡាញ់ពួកគេ តាមគំរូនៃសេចក្តីស្រឡាញ់របស់ព្រះគ្រីស្ទ។
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : ទំនុកដំកើង ៧០-៧១ និង រ៉ូម ៨:២២-៣៩