
ពេលដែលត្រូវសម្រាក
ដោយadamholz
August 12, 2025
និក្ខមនំ ២០:១,៨-១៧
តែឯថ្ងៃទី៧ នោះគឺជាថ្ងៃឈប់សំរាកថ្វាយព្រះយេហូវ៉ាជាព្រះនៃឯងវិញ។ និក្ខមនំ ២០:១០
ឡានវែនខ្នាតតូចរបស់ខ្ញុំ មានកុងទ័រវាស់ចម្ងាយនៅលើតាបឡូ ដែលអាចបង្ហាញចម្ងាយផ្លូវដែលខ្ញុំអាចទៅដល់ មុនពេលវាអស់សាំង។ វាបានបង្ហាញចម្ងាយផ្លូវច្បាស់លាស់ សម្រាប់រាប់ថយក្រោយ។ សព្វថ្ងៃនេះ ឡានថ្មីៗភាគច្រើនមានលក្ខណៈពិសេសដូចនេះផងដែរ។ វាមានប្រយោជន៍ ដោយសារវាដឹងច្បាស់ថា ខ្ញុំអាចបើកបរដល់ចម្ងាយប៉ុន្មាន មុនពេលខ្ញុំត្រូវចាក់សាំង ដើម្បីឲ្យខ្ញុំជៀសវាងការអស់សាំងកណ្តាលផ្លូវ។
តើអ្នកដឹងទេថា ក្រឹត្យវិន័យដប់ប្រការក៏មានលក្ខណៈពិសេសស្រដៀងនេះផងដែរ? លក្ខណៈពិសេសនោះ គឺជាថ្ងៃឈប់សម្រាក ឬថ្ងៃសប្បាត។ ក្នុងកណ្ឌគម្ពីរនិក្ខមនំ ជំពូក២០ ព្រះទ្រង់បានប្រាប់យើងថា បន្ទាប់ពីយើងធ្វើការបាន៦ថ្ងៃ ក្នុងមួយសប្តាហ៍ ហើយត្រូវសម្រាក ដើម្បីឲ្យមានកម្លាំងឡើងវិញ។ គឺដូចមានសេចក្តីចែងថា “ចូរឲ្យនឹកចាំពីថ្ងៃឈប់សំរាក ដើម្បីញែកថ្ងៃនោះចេញជាបរិសុទ្ធ។ ក្នុងរវាង៦ថ្ងៃ នោះត្រូវឲ្យឯងធ្វើអស់ទាំងការរបស់ឯងចុះ តែឯថ្ងៃទី៧ នោះគឺជាថ្ងៃឈប់សំរាកថ្វាយព្រះយេហូវ៉ាជាព្រះនៃឯងវិញ នៅថ្ងៃនោះមិនត្រូវធ្វើអ្វីឲ្យសោះ(ខ.៨-១០)។
យើងងាយនឹងជួបការល្បួងឲ្យព្រងើយកន្តើយចំពោះក្រឹត្យវិន័យមួយនេះ។ យើងហាក់ដូចជាងាយចាំក្រឹត្យវិន័យផ្សេងទៀត ដែលហាមមិនឲ្យសម្លាប់មនុស្ស មិនឲ្យផិតក្បត់ លោភចង់បានទ្រព្យរបស់អ្នកដទៃ និងថ្វាយបង្គំរូបព្រះជាដើម(ខ.១-១៧)។ ប៉ុន្តែ តើការសម្រាកមួយថ្ងៃ ក្នុងមួយសប្តាហ៍ ពិតជាសំខាន់មែនឬ? ថ្ងៃសប្បាតជាអំណោយមកពីព្រះអង្គ ដែលបានអញ្ជើញយើងឲ្យសម្រាក ឲ្យឈប់ពីការងារ ហើយចំណាយពេលជួបជុំគ្នាថ្វាយបង្គំព្រះអង្គវិញ ដោយចាំថា ព្រះទ្រង់ផ្គត់ផ្គង់ឲ្យយើង បានជាយើងមិនចាំបាច់ត្រូវធ្វើការងារឥតឈប់ឈរនោះឡើយ។
តែក្នុងនាមយើងជាអ្នកដើរតាមព្រះយេស៊ូវ យើងត្រូវចាំថា ក្រឹត្យវិន័យអំពីថ្ងៃសប្បាត បានចង្អុលបង្ហាញយើងឲ្យងាកទៅរកព្រះយេស៊ូវ ដែលទ្រង់បានយាងមក ដើម្បីប្រទានយើងនូវការសម្រាកខាងវិញ្ញាណពិតប្រាកដ ដែលមិនមែនសម្រាប់តែមួយថ្ងៃក្នុងមួយសប្តាហ៍ តែគ្រប់ពេលដែលយើងទុកចិត្តព្រះអង្គ ដោយថ្វាយគ្រប់ទាំងបន្ទុកធ្ងន់ទាំងអស់របស់យើង ដាច់ដល់ព្រះអង្គ។—Adam R. Holz
តើអ្នកមានការពិបាក ឬងាយស្រួលសម្រាកពីការងារ នៅពេលណាខ្លះ?
តើធ្វើដូចម្តេចឲ្យអ្នកមានការសម្រាកខាងវិញ្ញាណពិតប្រាកដ ក្នុងព្រះយេស៊ូវ មិនមែនតែថ្ងៃអាទិត្យ តែជារៀងរាល់ថ្ងៃ?
ឱព្រះវរបិតា ទូលបង្គំសូមអរព្រះគុណព្រះអង្គដែលបានប្រទានថ្ងៃ សម្រាប់ឲ្យទូលបង្គំសម្រាក
ទាំងខាងរូបកាយ និងវិញ្ញាណរបស់ទូលបង្គំ ដោយទុកចិត្តថា ព្រះអង្គនឹងទទួលបន្ទុករបស់ទូលបង្គំ ហើយផ្គត់ផ្គង់ទូលបង្គំ។
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : ទំនុកដំកើង ៨៤-៨៦ និង រ៉ូម ១២