នំម៉ាណាប្រចាំថ្ងៃ

ព្រឹក

មើលព្រះយេស៊ូវមិនស្គាល់

មើលព្រះយេស៊ូវមិនស្គាល់

ដោយMatt Lucas

August 13, 2025

លូកា ២៤:១៣-១៦,២៥-៣៥
នោះភ្នែកគេបានបើកភ្លឺឡើង ហើយគេបានស្គាល់ទ្រង់ តែទ្រង់បាត់ពីមុខគេទៅភ្លាម។ លូកា ២៤:៣១
កាលអ្នកស្រីខាឡូតា(Carlotta) នៅក្មេង គាត់គិតថា ម្តាយរបស់គាត់មានអំណោយទានគួរឲ្យកត់សំគាល់ ក្នុងការស្គាល់អ្នកដទៃ។ ប៉ុន្តែ គឺអ្នកស្រីខាឡូតា ទេ ដែលមានលក្ខណៈគួរឲ្យកត់សំគាល់នោះ។ គាត់មានបញ្ហាខុសភាពដ៏កម្រម្យ៉ាង ហៅថា prosopagnosia ដែលធ្វើឲ្យគាត់មិនអាចស្គាល់ ឬចាំមុខមនុស្សដែលគាត់ធ្លាប់ជួបទេ។ 
បន្ទាប់ពីព្រះយេស៊ូវទើបតែមានព្រះជន្មរស់ឡើងវិញ ពួកសិស្សពីរនាក់ដែលកំពុងតែដើរពីទីក្រុងយេរូសាឡិម ហាក់ដូចជាមានបញ្ហានៃការចងចាំស្រដៀង អ្នកស្រីខាឡូតាផងដែរ។ អ្នកទាំងពីរដើរបណ្តើរ ជជែកគ្នាបណ្តើរ អំពីដំណឹងដ៏រំភើបរីករាយ ដែលពួកគេបានទទួលក្នុងពេលថ្មីៗនេះ(លូកា ២៤:‌១៤) ប៉ុន្តែ ពួកគេក៏បានជួបព្រះយេស៊ូវ តែពួកគេមើលព្រះអង្គមិនស្គាល់។ ពួកគេក៏បាននិយាយជាសង្ខេបអំពីព្រះគម្ពីរសញ្ញាចាស់ទូលថ្វាយព្រះអង្គ ហើយពួកគេក៏មានការភ្ញាក់ផ្អើល នៅពេលព្រះអង្គដែលពួកគេមើលមិនស្គាល់នោះ “ស្រាយន័យសេចក្ដី ដែលតំរូវដល់ទ្រង់ ពីក្នុងគម្ពីរទាំងឡាយ ឲ្យគេស្ដាប់ ចាប់តាំងពីគម្ពីរលោកម៉ូសេ នឹងគម្ពីរពួកហោរារៀងមក”(ខ.២៧)។ បន្ទាប់មក ព្រះគ្រីស្ទក៏បានកាច់នំប៉័ងសោយជាមួយពួកគេ(ខ.៣០) ដូចដែលទ្រង់បានធ្វើជាច្រើនដងមកហើយ។ នៅពេលនោះ “ភ្នែកគេបានបើកភ្លឺឡើង ហើយគេបានស្គាល់ទ្រង់ តែទ្រង់បាត់ពីមុខគេទៅភ្លាម”(ខ.៣១)។ ពួកគេក៏បានប្រញាប់វិលត្រឡប់ទៅទីក្រុងយេរូសាឡិមវិញ ដើម្បីប្រាប់អ្នកផ្សេងទៀតឲ្យបានដឹង(ខ.៣៣-៣៥)។ 
សិស្សទាំងពីរនាក់នោះ មើលព្រះយេស៊ូវមិនស្គាល់ ខណៈដែលពួកគេចំណាយពេលជាមួយព្រះអង្គ ហើយក៏មិនបានយល់អំពីបទគម្ពីរសញ្ញាចាស់ ដែលបានចែងអំពីព្រះអង្គ គឺបទគម្ពីរដែលពួកគេបានអានជាញឹកញាប់ និងគិតស្មានថា ពួកគេយល់ច្បាស់។ ពួកគេត្រូវការឲ្យព្រះអង្គបង្ហាញអង្គទ្រង់ដល់ពួកគេ ព្រោះពួកគេមិនអាចមើលព្រះអង្គស្គាល់ ដោយខ្លួនឯងបានទេ។ 
យើងក៏ត្រូវការព្រះអង្គជួយយើងផងដែរ។ ចូរយើងទូលសូមព្រះអង្គ បើកភ្នែកយើង ឲ្យមើលឃើញព្រះយេស៊ូវ នៅលើទំព័រព្រះគម្ពីរប៊ីប និងក្នុងជីវិតយើង។—Matt Lucas

តើអ្នកបានខកខានមិនបានស្គាល់ព្រះវត្តមានរបស់ព្រះយេស៊ូវ ក្នុងជីវិតអ្នក 
នៅពេលណា? តើអ្នកមានបញ្ហានេះ ដោយរបៀបណា? 
ឱព្រះវរបិតា ទូលបង្គំសូមអរព្រះគុណព្រះអង្គ ដែលបានបើកបង្ហាញ
ព្រះយេស៊ូវដល់ទូលបង្គំ ដើម្បីឲ្យទូលបង្គំបានដើរតាមព្រះអង្គ។
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : ទំនុកដំកើង ៨៧-៨៨ និង រ៉ូម ១៣

 

ល្ងាច

ការ​ប្រាប់​ឲ្យ​ប្រែ​ចិត្ត (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

ការ​ប្រាប់​ឲ្យ​ប្រែ​ចិត្ត (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

ដោយAlistair Begg

August 13, 2025

«ពួក​បណ្តាជន​នៅ​ក្រុង​នីនីវេ គេ​ក៏​ជឿ​ព្រះ​អង្គ។ ដូច្នេះ គេ​ប្រកាស​ឲ្យ​មាន​ពេល​តម​អត់ ហើយ​ស្លៀក​សំពត់​ធ្មៃ ចាប់​តាំងពី​អ្នក​ធំ​បំផុត រហូត​ដល់​អ្នក​តូច​ជាងគេ។ ដំណឹង​នោះ​ក៏​ឮ​ទៅដល់​ស្តេច​នៃ​ក្រុង​នីនីវេ រួច​ទ្រង់​ក្រោក​ចាក​ពី​បល្ល័ង្ក ដោះ​ព្រះ​ពស្ត្រ​ចេញ ហើយ​គ្រលុំ​អង្គ​ដោយ​សំពត់​ធ្មៃ ទៅ​គង់នៅ​ក្នុង​ផេះ​វិញ»(យ៉ូណាស ៣:៥-៦)។

សូម​អ្នក​ស្រមៃ​ថា ប្រធានាធិបតី ឬ​នាយក​រដ្ឋ​មន្ត្រី​របស់​អ្នក​ធ្វើ​ការ​អំពាវនាវ​ដល់​ប្រជាជន​ទូទាំង​ប្រទេស ឲ្យ​លះបង់​ចោល​អំពើ​ហិង្សា ងាក​បែរ​ចេញពី​សេចក្តី​អាក្រក់ ហើយ​ស្វែងរក​សេចក្តី​មេត្តា​របស់​ព្រះ ដើម្បី​ឲ្យ​ព្រះ​អង្គ​អាច​សង្គ្រោះ​ពួកគេ​ឲ្យ​រួច​ផុត​ពី​ការ​ជំនុំជម្រះ​របស់​ព្រះ​អង្គ? នេះ​ជា​រឿង​ដែល​បាន​កើត​ឡើង នៅ​ទីក្រុង​នីនីវេ នៅ​ចំពោះ​មុខ​លោក​យ៉ូណាស។

នេះ​ជា​រឿង​គួរ​ឲ្យ​កត់​សំ​គាល់​ណាស់ នៅពេល​ដែល​អ្នក​ក្រុង​នីនីវេ​បាន​ទទួល​ជឿ​ព្រះ​ភ្លាមៗ ដោយ​ការ​ស្រុះ​ស្រួល​គ្នា​ទាំងស្រុង។ ពេល​ដែល​ពួកគេ​បានឮ​ការ​ព្រមាន​របស់​លោក យ៉ូណាស អំពី​ការ​ជំនុំជម្រះ​ដែល​ត្រូវ​មកដល់ ពួកគេ​ក៏​បាន​ឆ្លើយតប​ទាំង​អស់​គ្នា អស់ពី​ចិត្ត ដោយ​ការ​ស្លៀក​សំពត់​ធ្មៃ​គឺជា​ភស្តុតាង​នៃ​ការ​ទទួល​ស្គាល់​កំហុស។ ការ​ឆ្លើយតប​ជា​សាធារណៈ​នេះ ក៏​ស្រប​នឹង​ការ​ឆ្លើយតប​របស់​ស្តេច​ផង​ដែរ។ ស្តេច​ក៏បាន​ផ្លាស់​សម្លៀកបំពាក់ ដោយ​ជំនួស​អាវ​វែង​របស់​ក្សត្រ ដោយ​សំពត់​ធ្មៃ​វិញ ហើយក៏​បាន​ផ្លាស់​ប្តូរ​ទី​កន្លែង ដោយ​ចុះពី​បល្ល័ង្ក​ទៅជា​អង្គុយ​នៅ​ក្នុង​ផេះ​វិញ រួច​ទ្រង់​ក៏បាន​ផ្លាស់​ប្តូរ​ពាក្យ​សម្ដី ដោយ​ចេញ​ប្រកាស​អំពី​ការ​ប្រែ​ចិត្ត។
ការ​នេះ​ខុសពី​មនុស្ស​ជា​ច្រើន​នៅ​សម័យ​ព្រះយេស៊ូវ ហើយ​ក៏​ប្រហែល​នៅ​សម័យ​យើង​ផង​ដែរ។ គឺ​ដូច​ដែល​ព្រះ​យេស៊ូវ​បាន​បង្រៀន​ដោយ​ផ្ទាល់​ថា ប្រជាជន​នៅ​ទីក្រុង​នីនីវេ​បាន​ប្រែ​ចិត្ត នៅពេល​បានឮ​លោក យ៉ូណាស ប្រកា​ស​ព្រះបន្ទូល ប៉ុន្តែ​មនុស្ស​ជា​ច្រើន​រាប់​មិន​អស់​ដែល​ព្រះ​អង្គ​បាន​បង្រៀន​មិន​បាន​ជឿ​ទេ​ថា «នៅ​ទីនេះ មាន១អង្គ​ដ៏​វិសេស​លើស​ជាង​លោក យ៉ូណាស ទៅទៀត»(លូកា ១១:៣២)។ ពួកគេ​បាន​បដិសេធន៍​មិន​ព្រម​ទទួល​ជឿ​ដូច​ស្តេច​នីនីវេ ដែល​បាន​មាន​បន្ទូល​ថា «ត្រូវ​ឲ្យ​គេ​លាក​ចេញពី​ផ្លូវ​អាក្រក់​របស់​គេ​រៀង​ខ្លួន ហើយពី​ការ​ច្រឡោត​ដែល​នៅ​ដៃ​ខ្លួន​ផង ប្រហែល​ជា​ព្រះ​ទ្រង់​នឹង​ប្រែ​ព្រះហឫទ័យ ហើយ​ផ្លាស់​គំនិត ព្រម​លាក​ចេញពី​សេចក្តី​ក្រោធ​ដ៏​សហ័ស​របស់​ទ្រង់ ដើម្បី​មិន​ឲ្យ​យើង​ត្រូវ​វិនាស​ទៅ​ទេ​ដឹង»(យ៉ូណាស ៣:៨-៩)។ ស្តេច​មិន​បាន​ជ្រាប​ច្បាស់​ថា ការ​ប្រែ​ចិត្ត​របស់​អ្នក​ក្រុង​នីនីវេ ប្រាកដ​ជា​នាំ​ឲ្យ​ព្រះ​អម្ចាស់​លើក​លែង​ទោស​ឲ្យ​ពួកគេ​នោះ​ឡើយ។

រឿង​នេះ​បាន​រំឭក​យើង​ថា សូម្បីតែ​ការ​ប្រែ​ចិត្ត​ក៏​មិន​អាច​ជា​ការ​ទាមទារ​ឲ្យ​ព្រះ​ទ្រង់​ទទួលយក​យើង​ឡើយ។ បាន​សេចក្តី​ថា ពួក​គេ​ត្រូវ​តែ​ពឹង​ផ្អែក​ទៅលើ​ព្រះគុណ​របស់​ព្រះ​តែមួយ​មុខ​ប៉ុណ្ណោះ។ ការ​ប្រែ​ចិត្ត​មាន​ភាព​ចាំបាច់ ចំពោះ​ការ​អត់​ទោស​បាប តែ​មិន​បាន​ធ្វើ​ឲ្យ​យើង​ស័ក្តិ​សមនឹង​ទទួល​ការ​អត់​ទោស​បាប​នោះ​ទេ។ គឺ​ដូច​ដែល​កូនពៅ​វង្វេង​បាន​និយាយ ដោយ​ការ​ប្រែ​ចិត្ត​ពិត​ប្រាកដ​ថា «អញ​នឹង​ក្រោក​ឡើង ទៅ​និយាយ​នឹង​គាត់​ថា លោក​ឪពុក ខ្ញុំ​បាន​ធ្វើបាប​នឹង​ព្រះ ហើយ​នឹង​លោក​ឪពុក​មែន។ ខ្ញុំ​នេះ​មិន​គួរ​ឲ្យ​គេ​ហៅ​ជា​កូនលោក​ឪពុក​ទៀត​ទេ សូម​ទទួល​ខ្ញុំ​ទុក​ដូចជា​ជើង​ឈ្នួល​លោក​ឪពុក​វិញ​ចុះ»(លូកា ១៥:១៨-១៩)។ ការ​ប្រែ​ចិត្ត​ចាប់​ផ្តើម ដោយ​ការ​ទទួល​ស្គាល់​ថា យើង​ពិតជា​ស័ក្តិ​សម​នឹង​ទទួល​ការ​ជំនុំជម្រះ​របស់​ព្រះ និង​ទទួល​ស្គាល់​ដោយ​បើក​ចំហ និង​អស់ពី​ចិត្ត​ថា យើង​ពិតជា​ត្រូវ​ការ​សេចក្តី​មេត្តា​របស់​ព្រះ​អង្គ។

ដោយសារ​ព្រះ​អង្គ​ដែល​វិសេស​លើស​លោក យ៉ូណាស គង់នៅ​ជាមួយ​យើង​ជា​ស្រេច យើង​អាច​ដឹង និង​ប្រកាស​ថា ការ​ប្រែ​ចិត្ត​តែងតែ​ទទួល​បាន​ការ​អត់​ទោស​បាប ព្រោះ «គ្រប់​គ្នា គឺ​អស់​អ្នកណា​ដែល​អំពាវនាវ​ដល់​ព្រះ​នាម​ព្រះ​អម្ចាស់ នោះ​នឹង​បាន​សង្គ្រោះ»(រ៉ូម ១០:១៣)។ ប៉ុន្តែ អ្វី​ដែល​យើង​គួរតែ​រៀន​សូត្រ​ពី​ស្តេច​អង្គ​នោះ​គឺ យើង​មិន​អាច​បញ្ជា​ព្រះ​ហស្ត​របស់​ព្រះ ដោយ​ការ​ប្រែ​ចិត្ត ឬ​ការ​ស្តាប់​បង្គាប់​របស់​យើង​ទេ ហើយ​ការ​ប្រែ​ចិត្ត​ពិត​ប្រាកដ​មិនមែន​មានតែ​សម្បក​ក្រៅ តែ​ត្រូវ​ចេញពី​ក្នុង​ចិត្ត ដោយ​យើង​ត្រូវ​កែ​ប្រែ​អាកប្ប​កិរិយា​របស់​យើង។ នេះ​ជា​មេរៀន ដែល​យើង​ត្រូវ​អនុវត្ត​តាម​ក្នុង​ជីវិត​ជា​គ្រីស្ទ​បរិស័ទ គឺ​ដូច​ដែល​លោក ម៉ាទីន លូស័រ (Martin Luther) បាន​មាន​ប្រសាសន៍​ថា «ពេលណា​ព្រះ​អម្ចាស់​យេស៊ូវ​គ្រីស្ទ ដែល​ជា​គ្រូ​របស់​យើង​ប្រាប់​យើង​ថា «ចូរ​ប្រែ​ចិត្ត» នោះ​គឺ​ព្រះ​អង្គ​មាន​គោលបំណង​ឲ្យ​ជីវិត​អ្នក​ជឿ​ទាំងមូល​មាន​ការ​កែ​ប្រែ»។1 

ព្រះ​គម្ពីរ​សញ្ជឹង​គិត៖ លូកា ១១:២៩-៣២
គម្រោង​អាន​ព្រះ​គម្ពីរ​រយៈ​ពេល​១ឆ្នាំ៖ ទំនុក​តម្កើង ៨៧-៨៨ និង​១ពេត្រុស ៤

ប្រភេទ