
ព្រះអង្គផ្គត់ផ្គង់យើង
ដោយKatara Patton
August 14, 2025
១ពង្សាវតាក្សត្រ ១៧:៧-១៦
រួចទាំងនាង នឹងលោក ព្រមទាំងកូននាង គ្រប់គ្នាបានបរិភោគ តមកជាយូរថ្ងៃ។ ១ពង្សាវតាក្សត្រ ១៧:១៥
មិត្តសំឡាញ់របស់ខ្ញុំ ឈ្មោះ សលី(Sally) ចង់ធ្វើកម្មវិធីខួបកំណើត ឲ្យមិត្តភក្តិរបស់គាត់ម្នាក់។ គាត់ដឹងថា មិត្តភក្តិគាត់កំពុងតែឆ្លងកាត់ពេលដ៏ពិបាក ហើយសលីចង់ជួយលើកទឹកចិត្តគាត់។ ទោះជាយ៉ាងណាក៏ដោយ សលីមិនមានការងារធ្វើ ហើយមិនមានប្រាក់នៅសល់ សម្រាប់ទិញអាហារ សម្រាប់ពិធីខួបកំណើតដ៏រីករាយនេះទេ។ ដូចនេះ នាងក៏បានបើកមើលទូទឹកកក ដើម្បីស្វែងរកអ្វីដែលនាងអាចប្រើដើម្បីធ្វើម្ហូប។ នាងក៏បានធ្វើម្ហូបជាច្រើនមុខ ដោយប្រើគ្រឿងដែលនាងបានទិញ នៅពេលកន្លងមក និងមានស្រាប់នៅក្នុងផ្ទះរបស់នាង។
នៅពេលដែលអ្នកស្រីសលី បានចែកចាយដល់ខ្ញុំ អំពីមុខម្ហូប ដែលគាត់បានធ្វើនៅថ្ងៃនេះ ខ្ញុំក៏បានគិតអំពីរឿងលោកអេលីយ៉ា និងស្រ្តីមេម៉ាយ(១ពង្សាវតាក្សត្រ ១៧:៧-១៦)។ ស្រ្តីមេម៉ាយមិនមានស្បៀងអាហារច្រើនទេ។ តាមពិត នាងបានប្រាប់លោកអេលីយ៉ាថា នាងនឹងរៀបចំអាហារចុងក្រោយសម្រាប់ខ្លួនឯង និងកូនប្រុសរបស់នាង ហើយរង់ចាំសេចក្តីស្លាប់ ដោយសារការអត់អាហារ(ខ.១២)។ ហើយនាងនៅសល់ម្សៅ និងប្រេងអូលីវតែបន្តិចប៉ុណ្ណោះ គឺល្មមសម្រាប់រៀបចំអាហារចុងក្រោយនោះ។
ប៉ុន្តែ លោកអេលីយ៉ាបានធានាដល់ស្រ្តីនោះថា “ដ្បិតព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែល ទ្រង់មានបន្ទូលដូច្នេះថា ម្សៅក្នុងខាប់នោះនឹងមិនដែលផុតទៅ ហើយប្រេងក្នុងដបក៏មិនដែលរលោះឡើយ ដរាបដល់ថ្ងៃដែលព្រះយេហូវ៉ានឹងបង្អុរភ្លៀងមកលើផែនដី”(ខ.១៤)។ ទោះនាងមិនបានគិតថា នាងមានអាហារគ្រប់គ្រាន់ក៏ដោយ ក៏នឹងបានទុកចិត្តលើការបើកសម្ដែងរបស់ព្រះ តាមរយៈលោកអេលីយ៉ា ហើយនាងក៏បានឃើញព្រះអង្គបំពេញតម្រូវការរបស់នាង។
ស្រ្តីមេម៉ាយនោះ បានរកឃើញអ្វីដែលនាងត្រូវការ ដូចមិត្តភក្តិរបស់ខ្ញុំផងដែរ។ ចូរយើងយកគំរូតាមពួកគេ ដោយរស់នៅ ដោយចិត្តសប្បុរស ហើយទុកចិត្តលើការផ្គត់ផ្គង់របស់ព្រះ។—Katara Patton
តើមានអ្វីធ្វើឲ្យអ្នកមិនចង់ចែករំលែកអ្វីដែលអ្នកមាន ជាមួយអ្នកដទៃ នៅថ្ងៃនេះ?
តើអ្នកអាចចែកដល់អ្នកដទៃ ដោយចិត្តសប្បុរស ដូចម្តេចខ្លះ សូម្បីតែនៅពេលដែលអ្នកហាក់ដូចជាខ្វះធនធាន?
ឱព្រះវរបិតាដែលគង់នៅស្ថានសួគ៌ សូមព្រះអង្គជួយទូលបង្គំ ឲ្យជួយទំនុកបម្រុងអ្នកដទៃ
ខណៈពេលដែលទូលបង្គំទុកចិត្តថា ព្រះអង្គនឹងផ្គត់ផ្គង់អ្វីដែលទូលបង្គំត្រូវការ។
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : ទំនុកដំកើង ៨៩-៩០ និង រ៉ូម ១៤