ព្រឹក

លក្ខណៈសម្បត្តិរបស់ព្រះអម្ចាស់
ដោយJohn Blase
August 15, 2025
នេហេមា ៩:១-២,១៣-២១
ដ្បិតទ្រង់ជាព្រះដ៏មានព្រះហឫទ័យសន្ដោស ហើយមេត្តាករុណា ។ នេហេមា ៩:៣១
តើអ្នកនឹកឃើញអ្វីមុនគេ នៅពេលដែលអ្នកបានឮពាក្យ លក្ខណៈសម្បត្តិ? គំនិតរបស់អ្នក ប្រហែលជាគិតដល់រូបរាង្គ ឬរូបសម្បត្តិ ដែលអ្នកអាចមើលឃើញ។ ប៉ុន្តែ អ្នកក៏អាចគិតអំពី “លក្ខណៈសម្បត្តិ ឬចរិតលក្ខណៈ ដែលបុគ្គលម្នាក់ ឬរបស់អ្វីមួយមាន។ ឧទាហរណ៍ លក្ខណៈសម្បត្តិរបស់ឈើប្រភេទខ្លះ ជួយឲ្យយើងយល់អំពីវាកាន់តែច្បាស់។ តើឈើនោះមានសាច់ឈើដូចម្តេចខ្លះ? តើវាងាយនឹងស្រក ឬរួញទេ? តើវាធន់នឹងទឹកទេ? អាចនិយាយម្យ៉ាងទៀតថា តើឈើនោះមានគុណភាពអ្វីខ្លះ ដែលអ្នកពឹងផ្អែកបាន?
ខ្ញុំ និងភរិយារបស់ខ្ញុំបានចូលរួមកម្មវិធីថ្វាយបង្គំ នៅព្រះវិហារមួយកន្លែង ដែលមានប្រពៃណីកម្មវិធីថ្វាយបង្គំ ដែលមានការអធិស្ឋានរួមគ្នា ការលត់ជង្គង់ ការអានព្រះគម្ពីរប៊ីប និងការធ្វើពិធីលៀងព្រះអម្ចាស់។ ក្នុងចំណោមការអធិស្ឋាន ដែលយើងមាននៅរៀងរាល់ថ្ងៃអាទិត្យ យើងអធិស្ឋានថា “ព្រះអម្ចាស់គឺជាព្រះដែលលក្ខណៈសម្បត្តិរបស់ព្រះអង្គ គឺតែងតែមានសេចក្តីមេត្តាជានិច្ច”។ សេចក្តីមេត្តា គឺស្ថិតក្នុងចំណោមលក្ខណៈសម្បត្តិជាច្រើន ដែលព្រះអង្គមាន មិនមែនយូរៗម្តង តែគ្រប់ពេលវេលា។
កណ្ឌគម្ពីរនេហេមា ជំពូក៩ បានពិពណ៌នា អំពីពេលដែលពួកអ៊ីស្រាអែល ជួបជុំគ្នា អធិស្ឋានតម ស្លៀកសំពត់ធ្មៃសម្រាប់កាន់ទុក្ខ ហើយក៏យកផេះមករោយពីលើក្បាល(ខ.១) ដោយសារភាពអំពីបាបរបស់ពួកគេ និងបុព្វបុរសរបស់ពួកគេ(ខ.២,១៦)។ ពួកគេបានសរសើរដំកើងព្រះ ដែលមានព្រះទ័យអត់ធ្មត់ ក្នុងប្រវត្តិសាស្រ្តអ៊ីស្រាអែល “គង់តែទ្រង់មិនបានបោះបង់ចោលគេ នៅទីរហោស្ថានដែរ គឺដោយទ្រង់មានសេចក្ដីមេត្ដាករុណាដ៏ក្រៃលែង”(ខ.១៩)។ ព្រះអម្ចាស់អាចបញ្ចប់ជីវិតពួកគេ ឬបោះបង់ពួកគេចោល ប៉ុន្តែ ព្រះអង្គមិនដែលធ្វើដូចនេះឡើយ។ តើហេតុអ្វី? ព្រោះនេះមិនមែនជាលក្ខណៈសម្បត្តិរបស់ព្រះអង្គឡើយ ព្រោះព្រះអង្គ “ជាព្រះដ៏មានព្រះហឫទ័យសន្ដោស ហើយមេត្តាករុណា”(ខ.៣១)។
នៅក្នុងការអធិស្ឋានលន់តួបាប ចូរយើងរាប់បញ្ចូលការសរសើរតម្កើងសេចក្តីមេត្តារបស់ព្រះអង្គ ជាលក្ខណៈសម្បត្តិដែលយើងអាចពឹងផ្អែកបាន។—John Blasé
តើអ្នកបានស្គាល់លក្ខណៈសម្បត្តិអ្វីខ្លះ របស់ព្រះអម្ចាស់? តើអ្នកនឹងសរសើរតម្កើងលក្ខណៈសម្បត្តិទាំងនោះដូចម្តេចខ្លះ?
ឱព្រះវរបិតា ទូលបង្គំសូមអរព្រះគុណព្រះអង្គ ដែលតែងតែមានសេចក្តីមេត្តាចំពោះទូលបង្គំជានិច្ច។
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : ទំនុកដំកើង ៩១-៩៣ និង រ៉ូម ១៥:១-១៣
ប្រភេទ
ល្ងាច

ព្រះនៃយើងមិនប្រែប្រួល (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)
ដោយAlistair Begg
August 15, 2025
«ព្រះទ្រង់ទតឃើញការទាំងប៉ុន្មានដែលគេប្រព្រឹត្តនោះ គឺដែលគេបានលាកចេញពីផ្លូវអាក្រក់របស់គេ រួចព្រះក៏ប្រែគំនិតពីការអាក្រក់ ដែលទ្រង់បានគំរាមថា នឹងធ្វើដល់គេ ហើយទ្រង់លែងធ្វើទៅ»(យ៉ូណាស ៣:១០)។
ព្រះគម្ពីរប៊ីបបានចែងយ៉ាងច្បាស់ថា ព្រះទ្រង់មិនដែលប្រែប្រួលឡើយ។ ទន្ទឹមនឹងនោះ កណ្ឌគម្ពីរយ៉ូណាស ក៏បានបញ្ជាក់ផងដែរថា ព្រះអង្គអាច និងពិតជាបានផ្លាស់ប្ដូរឥរិយាបថរបស់ព្រះអង្គ ចំពោះប្រជាជនទាំងនោះ និងផ្លាស់ប្តូររបៀបដែលព្រះអង្គប្រព្រឹត្តចំពោះពួកគេ។ តើធ្វើដូចម្តេចឲ្យយើងអាចយល់អំពីការបកស្រាយទាំងពីរនេះ ដែលហាក់ដូចជាផ្ទុយគ្នា?
យើងក៏អាចមើលឃើញភាពតានតឹងដូចនេះនៅក្នុងកណ្ឌគម្ពីរផ្សេងទៀតផងដែរ។ កាលព្រះអង្គដោះស្រាយបញ្ហាជាមួយស្តេច សូល ព្រះអង្គមានបន្ទូលថា «អញស្តាយណាស់ដែលបានតាំងសូលឡើងឲ្យធ្វើជាស្តេច ដ្បិតបានងាកបែរចេញលែងតាមអញហើយ ក៏មិនបានធ្វើតាមបង្គាប់របស់អញសោះ»(១សាំយ៉ូអែល ១៥:១១)។ ប៉ុន្តែ ក្នុងបទគម្ពីរបន្តបន្ទាប់ទៀត យើងឃើញថា «ទ្រង់មិនចេះកុហក ឬប្រែប្រួលឡើយ ដ្បិតទ្រង់មិនមែនជាមនុស្សដែលចេះប្រែប្រួលទេ»(ខ.២៩)។ ព្រះអង្គហាក់ដូចជាមានការស្តាយក្រោយ ចំពោះការសម្រេចព្រះទ័យរបស់ព្រះអង្គ ប៉ុន្តែក្រោយមក ព្រះគម្ពីរបានចែងថា ព្រះអង្គមិនមានការស្តាយក្រោយទេ។
ប៉ុន្តែ របៀបនៃការពិពណ៌នាទាំងពីរនេះ មិនមានភាពផ្ទុយគ្នាទេ។ ពេលណាព្រះគម្ពីរប៊ីបចែងថា ព្រះអង្គស្តាយក្រោយ ឬបានកែប្រែព្រះទ័យ គឺព្រះគម្ពីរកំពុងប្រើភាសា ដើម្បីឲ្យយើងជាមនុស្សអាចយល់អំពីព្រះទ័យរបស់ព្រះអង្គបាន។ ការពិពណ៌នានេះ ហាក់ដូចជាបង្ហាញថា ព្រះអង្គមានការផ្លាស់ប្តូរ ប៉ុន្តែអ្វីដែលពិតជាបានផ្លាស់ប្តូរ គឺការប្រព្រឹត្តរបស់យើងជាមនុស្សទៅវិញទេ។ និយាយឲ្យងាយស្តាប់ ស្តេច សូល មិនមែនជាមនុស្សដូចកាលពីមុនទេ។ ទ្រង់បានបន្តមិនស្តាប់បង្គាប់ព្រះអម្ចាស់ ហើយព្រះអង្គក៏បានឆ្លើយតបចំពោះកាលៈទេសៈដែលបានផ្លាស់ប្តូរនោះ តាមរបៀបដែលសមស្របទាំងស្រុងនឹងចរិតលក្ខណៈរបស់ព្រះអង្គ។ ស្រដៀងគ្នានេះដែរ នៅក្នុងការឆ្លើយតបចំពោះការប្រកាសរបស់លោក យ៉ូណាស អ្នកក្រុងនីនីវេក៏បានផ្លាស់ប្តូរការប្រព្រឹត្តរបស់ខ្លួន ដោយងាកចេញពីការអាក្រក់។ ព្រះអម្ចាស់តែងតែប្រឆាំងអំពើបាបជាប់ជានិច្ច ហើយសព្វព្រះទ័យឲ្យយើងប្រែចិត្ត និងមានជំនឿ ដូចនេះចរិតលក្ខណៈរបស់ព្រះអង្គមិនបានផ្លាស់ប្តូរទេ។ ការព្រមានរបស់ព្រះអង្គ គឺបានធ្វើឡើងក្នុងគោលបំណង ដើម្បីដាស់តឿនមនុស្សដែលបានដើរផ្លូវខុស ឲ្យងាកមករកការប្រែចិត្តវិញ ហើយបើការប្រែចិត្តកើតមាន នោះព្រះអង្គក៏ឆ្លើយតប ដោយការអត់ទោសបាបផងដែរ។
ទាល់តែព្រះទ្រង់ឆ្លើយយ៉ាងដូចនេះ ទើបមនុស្សមានបាបដែលជឿព្រះយេស៊ូវអាចដឹងថា ព្រះអង្គសព្វព្រះទ័យនឹងអត់ទោសឲ្យយើង។ ដោយសារ «ព្រះយេស៊ូវគ្រីស្ទទ្រង់នៅតែដដែល គឺពីថ្ងៃម្សិល ថ្ងៃនេះ ហើយទៅដល់អស់កល្បជានិច្ចតទៅ»(ហេព្រើរ ១៣:៨)។ នោះយើងអាចដឹងថា ពេលណាយើងចូលមករកព្រះអង្គ ដោយការសោកស្តាយចំពោះកំហុសរបស់យើង និងដោយជំនឿដូចកូនក្មេង ព្រះអង្គនឹងទទួលយើងដោយសេចក្តីអាណិត និងសេចក្តីមេត្តា។ នេះជាចារិតលក្ខណៈរបស់ព្រះអង្គ ហើយព្រះអង្គមិនប្រែប្រួលឡើយ។
តាមទស្សនៈរបស់យើង ព្រះអង្គហាក់ដូចជាផ្លាស់ប្តូរព្រះទ័យ ប៉ុន្តែព្រះអង្គនៅតែធ្វើតាមពាក្យគ្រប់ម៉ាត់ ដែលព្រះអង្គបានមានបន្ទូលហើយ។ យើងអាចមានទំនុកចិត្ត និងក្តីអំណរនៅថ្ងៃនេះ ផ្អែកទៅលើសេចក្តីពិតនេះ ខណៈពេលដែលលោកីយ៍នៅតែមានការផ្លាស់ប្តូរជានិច្ច ហើយសូម្បីតែមនុស្សល្អបំផុត ក៏មិនអាចគោរពពាក្យសម្ដីរបស់ខ្លួនឯងបានគ្រប់ពេលដែរ។
ព្រះគម្ពីរសញ្ជឹងគិត៖ យ៉ូណាស ៣
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ៖ ទំនុកតម្កើង ៨៩-៩០ និង១ពេត្រុស ៤
ប្រភេទ
ល្ងាច

ស្របតាមផែនការរបស់ព្រះ (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)
ដោយAlistair Begg
August 15, 2025
«ព្រះទ្រង់ទតឃើញការទាំងប៉ុន្មានដែលគេប្រព្រឹត្តនោះ គឺដែលគេបានលាកចេញពីផ្លូវអាក្រក់របស់គេ រួចព្រះក៏ប្រែគំនិតពីការអាក្រក់ ដែលទ្រង់បានគំរាមថា នឹងធ្វើដល់គេ ហើយទ្រង់លែងធ្វើទៅ។ តែការនោះជាទីទំនាស់ចិត្តដល់យ៉ូណាសយ៉ាងក្រៃលែង ហើយលោកក៏ខឹង»(យ៉ូណាស ៣:១០-៤:១)។
ពេលខ្លះ សូម្បីតែពួកហោរាក៏នៅមានមេរៀនជាច្រើន ដែលត្រូវរៀនសូត្រ។
បន្ទាប់ពីលោក យ៉ូណាស បានចូលទៅក្នុងពោះត្រីធំអស់បីថ្ងៃ គាត់បានឈប់ប្រឆាំងព្រះរាជបញ្ជារបស់ព្រះអង្គទៀត ប៉ុន្តែគាត់នៅតែមានអារម្មណ៍មិនសប្បាយចិត្តនៅក្នុងការស្តាប់បង្គាប់ ដោយគាត់នៅតែប្រឆាំងព្រះគុណរបស់ព្រះ។ គាត់បានព្យាយាមរត់គេចពីបំណងព្រះទ័យដែលព្រះអង្គមានសម្រាប់គាត់ តែគាត់នៅតែបានទៅដល់កន្លែងដែលព្រះអង្គឲ្យគាត់ទៅ ហើយក៏បានប្រកាសអំពីអ្វីដែលព្រះអង្គបានបង្គាប់ឲ្យប្រកាសហើយដែរ។ ប៉ុន្តែ ទោះជាយ៉ាងណាក៏ដោយ ក៏គាត់នៅតែមានការពេញចិត្តចំពោះផែនការប្រកបដោយព្រះគុណ ដែលព្រះអង្គមានសម្រាប់ទីក្រុងនីនីវេ។ ភាពផុសផុលបានផ្ទុះឡើងក្នុងទីក្រុង ដែលធ្លាប់តែមានភាពរឹងទទឹងទាំងស្រុងចំពោះព្រះនៃសាសន៍អ៊ីស្រាអែល ហើយហោរារូបនេះក៏បានឆ្លើយតប ដោយកំហឹងចំពោះព្រះរបស់ខ្លួន!
ប៉ុន្តែ ទោះលោក យ៉ូណាស ជាមនុស្សឆេវឆាវ និងមានចិត្តចង្អៀតចង្អល់ ហើយឆ្លើយតបដោយមិនត្រឹមត្រូវ ចំពោះសេចក្តីសប្បុរសរបស់ព្រះក៏ដោយ ក៏ព្រះអង្គមិនបានបោះបង់ចោលគាត់ឡើយ។ ព្រះអង្គបានប្រទានសត្វត្រីធំមួយឲ្យសង្គ្រោះគាត់ឲ្យរួចផុតពីការមិនស្តាប់បង្គាប់ ហើយព្រះអង្គក៏អាចប្រទានសត្វតោធំមួយក្បាលមកឲ្យស៊ីគាត់ ដោយគ្មាននរណាអាចកាត់ទោសព្រះអង្គឡើយ។ ប៉ុន្តែ ព្រះអង្គមិនបានធ្វើដូចនេះទេ ព្រោះព្រះអង្គមានព្រះគុណ និងសេចក្តីអាណិត។ ព្រះអង្គបានប្រព្រឹត្តចំពោះលោក យ៉ូណាស ដោយព្រះទ័យអត់ធ្មត់ និងសេចក្តីសប្បុរស ដើម្បីឲ្យគាត់ភ្ញាក់ខ្លួនទទួលស្គាល់កំហុស ពោលគឺដើម្បីឲ្យគាត់ផ្លាស់ប្តូរគំនិត។
ការឆ្លើយតបរបស់លោក យ៉ូណាស ចំពោះការប្រែចិត្តរបស់អ្នកក្រុងនីនីវេ មានលក្ខណៈចម្លែកក្នុងនាមគាត់ជាអ្នកប្រកាសព្រះបន្ទូល។ យើងប្រហែលជារំពឹងថា គាត់មានការដឹងគុណ ដែលព្រះបានសម្រេចព្រះទ័យមិនបោះបង់គាត់ចោល តែព្រះអង្គបានប្រទានគាត់នូវឯកសិទ្ធិនៅក្នុងការបម្រើព្រះអង្គ។ តែផ្ទុយទៅវិញ ការប្រែចិត្តរបស់ប្រជាជននៅទីក្រុង «ជាទីទំនាស់ចិត្តដល់យ៉ូណាសយ៉ាងក្រៃលែង»។ គេអាចបកប្រែឃ្លានេះ ដោយត្រង់ៗថា «ការនេះគឺជាការអាក្រក់ ចំពោះលោក យ៉ូណាស គឺអាក្រក់ក្រៃលែង»។ គ្រោះមហន្តរាយដែលគាត់រំពឹងថានឹងកើតឡើង ឬការជំនុំជម្រះ ដែលគាត់គិត និងសង្ឃឹមថានឹងធ្លាក់មកលើទីក្រុងនីនីវេ មិនបានកើតឡើងទេ ជាហេតុនាំឲ្យគាត់មានចិត្តក្តៅក្រហាយយ៉ាងខ្លាំង។
ស្តាប់មើលទៅ ទង្វើរបស់គាត់ហាក់ដូចជាមិនអាចទទួលយកបានទាល់តែសោះ ប៉ុន្តែបើយើងពិនិត្យមើលចិត្តគំនិត និងការឆ្លើយតបរបស់យើងចំពោះបញ្ហា យើងអាចដឹងថា យើងមិនខុសពីលោក យ៉ូណាស ទេ។ យើងប្រហែលជាទៅកន្លែងដែលព្រះអង្គប្រាប់ឲ្យយើងទៅ និយាយអ្វីដែលព្រះអង្គប្រាប់ឲ្យយើងនិយាយ ហើយយើងប្រហែលមានភាពសមស្របនឹងការបង្គាប់ទាំងអស់របស់ព្រះអង្គតែសម្បកក្រៅទេ ប៉ុន្តែនៅក្នុងស្នូលនៃជីវិតយើង។ យើងប្រហែលមានចិត្តដែលមិនសមស្របនឹងផែនការរបស់ព្រះអង្គ ដែលកំពុងបង្ហាញចេញមក។ យើងប្រហែលចង់ឲ្យការជំនុំជម្រះធ្លាក់មកលើនរណាម្នាក់ ជាជាងឲ្យគាត់ទទួលសេចក្តីមេត្តាពីព្រះ។ យើងប្រហែលមិនពេញចិត្ត ពេលអ្នកដទៃទទួលព្រះពរ តាមរបៀបដែលព្រះអង្គមិនបានប្រទានពរយើង ឬពួកគេទទួលព្រះពរ ដោយមិនបានបង្ហាញការប្ដេជ្ញាចិត្តចំពោះបេសកកម្មរបស់ព្រះអង្គ ដូចដែលយើងបានបង្ហាញនោះទេ។ យើងប្រហែលជាចង់ប្រាប់ព្រះ អំពីរបៀបដែលព្រះអង្គត្រូវរៀបចំអ្វីគ្រប់យ៉ាងក្នុងពិភពលោករបស់ព្រះអង្គ។
តើធ្វើដូចម្តេចឲ្យយើងអាចមានសេចក្តីអាណិតដូចព្រះអង្គ ហើយចេញទៅធ្វើបេសកកម្មថ្វាយព្រះអង្គ ដោយក្តីអំណរ? ចូរយើងគ្រាន់តែចាំថា យើងមិនល្អជាងអ្នកដទៃទេ ឬមានភាពសក្តិសមនឹងទទួលសេចក្តីក្រោធតិចជាងគេ ហើយក៏មិនសក្តិសមនឹងទទួលសេចក្តីសប្បុរសរបស់ព្រះអង្គ ច្រើនជាងគេដែរ។ ឈើឆ្កាងបានបង្ហាញសេចក្តីមេត្តារបស់ព្រះ ហើយក៏បានធ្វើឲ្យយើងបន្ទាបខ្លួន និងមានសេចក្តីអាណិត និងព្រះគុណ ដែលបាននាំព្រះរាជបុត្រាព្រះអង្គទៅកាលវ៉ារី។ តើអ្នកកំពុងពិបាករស់នៅ ដោយសេចក្តីអាណិតដូចនេះ ចំពោះអ្នកដទៃឬទេ? ចូរមើលទៅឈើឆ្កាង ហើយសូមព្រះអម្ចាស់បង្រៀនអ្នក អំពីសេចក្តីអ្វីដែលព្រះអង្គបានបង្រៀនលោក យ៉ូណាស។
ព្រះគម្ពីរសញ្ជឹងគិត៖ កូឡូស ១:២១-២៩
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ៖ ទំនុកតម្កើង ៩១-៩៣ និង១ពេត្រុស ៥