ព្រឹក

ភ្នែករំពឹងមើលទៅព្រះយេស៊ូវជានិច្ច
ដោយLeslie Koh
August 20, 2025
ហេព្រើរ ១២:១-៣
ត្រូវរត់ក្នុងទីប្រណាំង ដែលនៅមុខយើង ដោយអំណត់ ទាំងរំពឹងមើលដល់ព្រះយេស៊ូវដ៏ជាមេផ្ដើម ហើយជាមេសំរេចសេចក្ដីជំនឿរបស់យើង។ ហេព្រើរ ១២:១-២
លោកអេនឌ្រូ(Andrew) មានអារម្មណ៍នឿយណាយ ក្នុងការបង្រៀនកូនប្រុសរបស់គាត់ ឲ្យចេះជិះកង់។ កូនប្រុសរបស់គាត់ ដែលមានអាយុ៥ឆ្នាំ បានរេចង្កូតដួលម្តងហើយម្តងទៀត។ គាត់ដឹងថា រឿងនេះបានកើតឡើង ដោយសារកូនប្រុសគាត់ចេះតែមើលទៅទិសតែម្ខាង ដូចនេះ គាត់មានគំនិតមួយ។ គាត់សួរកូនប្រុសគាត់ថា “កូនឃើញបង្គោលនោះទេ។ ឥឡូវនេះ ភ្នែករបស់កូនត្រូវមើលបង្គោលនោះ ហើយធាក់កង់ទៅមុខកុំឈប់”។ កូនប្រុសរបស់គាត់ ក៏បានធ្វើតាមបង្គាប់របស់គាត់ ហើយលើកនេះ កង់ក៏បានបន្តផ្លាស់ទីទៅមុខ មិនដួលដូចមុនទេ។
ហេតុការណ៍នេះ បានធ្វើជាមេរៀនដ៏មានតម្លៃ សម្រាប់លោកអេនឌ្រូ។ ក្រោយមក គាត់ក៏បាននឹកចាំអំពីរឿងដែលបានកើតឡើង ចំពោះក្រុមតូចរបស់គាត់ ហើយក៏បានសន្និដ្ឋានថា ពេលណាភ្នែករបស់យើងផ្ដោតទៅលើអ្វីមួយហើយ យើងក៏កំពុងតែធ្វើដំណើរឆ្ពោះទៅរកវាផងដែរ។ ហេតុនេះហើយ បទគម្ពីរហេព្រើរ ១២:២ បានបង្គាប់យើងឲ្យ “រំពឹងមើលដល់ព្រះយេស៊ូវដ៏ជាមេផ្ដើម ហើយជាមេសំរេចសេចក្ដីជំនឿរបស់យើង”។
ការទទួលខុសត្រូវ និងភាពមមាញឹកក្នុងជីវិត អាចទាញអារម្មណ៍យើងឲ្យបែរចេញពីការដើរខាងវិញ្ញាណ គឺដូចដែលទម្លាប់ និងភាពងប់ងុលខាងឯបាប បានចងរឹតយើងជាប់(ខ.១)។ ប៉ុន្តែ បើយើងរំពឹងមើលទៅព្រះយេស៊ូវ ហើយទូលសូមព្រះអង្គជួយយើង ឲ្យយកព្រះអង្គជាទីមួយ ក្នុងគំនិត ការសម្រេចចិត្ត និងសកម្មភាពរបស់យើង ព្រះអង្គនឹងដឹកនាំយើង ក្នុងកិច្ចការនីមួយៗដែលយើងធ្វើ និងនិយាយ ដោយជួយយើងឲ្យមានភាពជិតស្និទ្ធនឹងព្រះអង្គ ក្នុងការរត់ប្រណាំងនៅលើផែនដីនេះ។ ការនេះអាចជាបញ្ហាប្រឈម តែព្រះទ្រង់សព្វព្រះទ័យនឹងជួយយើង ឲ្យបំពេញកិច្ចការ ដែលព្រះអង្គបានប្រទានមកយើង។ ព្រះអង្គនឹងប្រទានមកយើង នូវកម្លាំងសម្រាប់ស៊ូទ្រាំ និងយកឈ្នះអ្វីៗក៏ដោយ ដែលរារាំងដំណើររបស់យើង ដើម្បីឲ្យយើងមិនរសាយចិត្ត និងអស់សង្ឃឹមឡើយ(ខ.៣)។—Leslie Koh
តើអ្នកគិត ឬធ្វើអ្វីមុនគេ នៅពេលដែលអ្នកត្រូវធ្វើការសម្រេចចិត្ត ឬឆ្លើយតប ចំពោះស្ថានភាពអ្វីមួយ?
តើអ្នកអាចអនុញ្ញាតឲ្យព្រះយេស៊ូវដឹកនាំពាក្យសម្តី សកម្មភាព និងការគិតរបស់អ្នក ដូចម្តេចខ្លះ?
ឱព្រះយេស៊ូវ សូមព្រះអង្គជួយទូលបង្គំឲ្យរំពឹងមើលទៅព្រះអង្គជាប់ជានិច្ច ខណៈពេលដែលទូលបង្គំបន្តរស់នៅក្នុងជីវិតនេះ។
សូមព្រះអង្គបង្រៀនទូលបង្គំឲ្យងាកបែរទៅរកព្រះអង្គជាទីមួយ ដ្បិតព្រះអង្គជាអ្វីៗគ្រប់យ៉ាងដែលទូលបង្គំត្រូវការ។
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : ទំនុកដំកើង ១០៥-១០៦ និង ១កូរិនថូស ៣
ប្រភេទ
ល្ងាច

ពេលដែលត្រូវសម្រេចចិត្ត (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)
ដោយAlistair Begg
August 20, 2025
«ដោយសារសេចក្តីជំនឿ លុះលោកធំហើយ នោះលោកមិនព្រមឲ្យគេហៅខ្លួន ជាកូនរបស់បុត្រីផារ៉ោនទេ។ លោកស៊ូរងទុក្ខលំបាកជាមួយនឹងរាស្ត្ររបស់ព្រះ ជាជាងមានសេចក្តីអំណរខាងអំពើបាប ដែលនៅតែ១ភ្លែតនោះវិញ»(ហេព្រើរ ១១:២៥-២៦)។
យើងមិនអាចធ្វើជាមិត្តសំឡាញ់របស់លោកីយ៍ផង និងព្រះផង ក្នុងពេលតែមួយបានទេ (យ៉ាកុប ៤:៤)។ សម្រាប់អ្នកដែលព្យាយាមចាក់ខ្សែ មិនយូរមិនឆាប់ពួកគេនឹងបានដឹងថា ការចាក់ខ្សែនាំឲ្យពួកគេមានការខាតបង់ច្រើនប៉ុណ្ណា ព្រោះវាធ្វើឲ្យយើងដើរក្នុងភាពផ្ទុយគ្នា។1
ក្នុងនាមលោក ម៉ូសេ ជាកូនចិញ្ចឹមរបស់បុត្រីស្តេចផារ៉ោន គាត់អរសប្បាយនឹងឋានៈក្នុងសង្គម ភាពសុខស្រួលផ្លូវកាយ និងទ្រព្យសម្បត្តិ។ តែក្នុងនាមគាត់ជាសាសន៍អ៊ីស្រាអែល បើគាត់មិនបានស្ថិតនៅក្នុងភាពចម្រុងចម្រើននៃរាជវាំងរបស់ស្តេច ផារ៉ោន ទេ។ លោក ម៉ូសេ មុខជាមិនសូវមានគេស្គាល់ គាត់ក្រីក្រ ហើយរស់នៅជាទាសករមិនខាន។ លោក ម៉ូសេ ដឹងថា ការបន្តរស់នៅក្នុងរាជវាំងរបស់ស្តេច ផារ៉ោន ធ្វើឲ្យជីវិតគាត់មានភាពសុខស្រួលជាងការរស់នៅតាមផ្លូវផ្សេងទៀតរបស់លោកីយ៍។ គាត់អាចលើកហេតុផលថា គាត់អាចប្រើឥទ្ធិពលរបស់គាត់ ដើម្បីធ្វើជាតំណាងឲ្យរាស្ត្ររបស់ព្រះ ជាអ្វីដែលគាត់មិនអាចធ្វើបានឡើយ បើសិនជាគាត់ទៅចូលរួមជាមួយពួកគេ។
ប៉ុន្តែ លោក ម៉ូសេ មិនបន្តរស់នៅក្នុងគ្រួសាររបស់ស្តេច ផារ៉ោន ទេ។ ផ្ទុយទៅវិញ គាត់លះបង់ចោលឯកសិទ្ធិជាពលរដ្ឋអេស៊ីព្ទ ហើយបានចូលក្នុងចំណោមមនុស្សតូចទាបដែលគេស្អប់ខ្ពើម និងកៀបសង្កត់ ហើយគ្មានសិទ្ធិនយោបាយ។ តើហេតុអ្វី? ហេតុអ្វីគាត់លះបង់ច្រើនយ៉ាងនេះ ដើម្បីឱបក្រសោបយកភាពតូចតាចយ៉ាងនេះ? ចម្លើយនោះគឺ លោក ម៉ូសេ ដឹងថា គាត់មិនអាចចាត់ទុកខ្លួនគាត់ជារាស្រ្តរបស់ព្រះផង និងជាជនជាតិអេស៊ីព្ទផងបានទេ។ គាត់ត្រូវជ្រើសរើសរវាងការរស់នៅជាទាសករជាមួយជនជាតិគាត់ ឬធ្វើជាអ្នកបន្ថែមបន្ថយសេចក្តីពិតនៅក្នុងរាជវាំងរបស់ស្តេច ផារ៉ោន។ គាត់មិនអាចនិយាយថា គាត់ជាជនជាតិអ៊ីស្រាអែលដែលជឿលើព្រះរាប់បុព្វបុរសគាត់ តែរស់នៅជាជនជាតិអេស៊ីព្ទនោះទេ។
ព្រះគម្ពីរប៊ីបបានចែងថា លោក ម៉ូសេ បានជ្រើសរើសយកការរងទុក្ខលំបាក និងការតិះដៀល «ដើម្បីព្រះគ្រីស្ទ»(ហេព្រើរ ១១:២៦)។ គឺដោយយល់ដល់អង្គបុគ្គលម្នាក់ជាកូនចៅជំនាន់ក្រោយរបស់នាង អេវ៉ា និងខ្សែលោហិតរបស់លោកអ័ប្រាហាំ ដែលនឹងសម្រេចព្រះបន្ទូលសន្យាទាំងអស់របស់ព្រះ (លោកុប្បត្ដិ ៣:១៦ ១២:១-៣)។ ការសម្រេចចិត្តរបស់គាត់ គឺមិនខុសពីការសម្រេចចិត្តរបស់សាវ័ក ប៉ុល ដែលធ្លាប់មានឋានៈខ្ពង់ខ្ពស់ក្នុងសង្គម មានការអប់រំខ្ពស់ តែមានប្រសាសន៍ថា «ខ្ញុំក៏រាប់គ្រប់ទាំងអស់ទុកដូចជាខាតដែរ ដោយព្រោះសេចក្តីដែលប្រសើរជាង គឺដោយស្គាល់ព្រះគ្រីស្ទយេស៊ូវ ជាព្រះអម្ចាស់នៃខ្ញុំ»(ភីលីព ៣:៨)។ លោក ម៉ូសេ បានធ្វើការសម្រេចចិត្តដ៏ពិបាក ដែលពេលខ្លះ យើងក៏ត្រូវសម្រេចចិត្តដូចគាត់ផងដែរ។ អ្នកប្រហែលមានប្រវត្តិស្រដៀងលោក ម៉ូសេ ដោយអ្នកបានចម្រើនវ័យធំឡើងក្នុងគ្រួសារអ្នកមាន ហើយរំពឹងថា នឹងភាពចម្រុងចម្រើនក្នុងពិភពលោក។ ទោះយើងជានរណា ហើយមានប្រវត្តិដូចម្តេចក៏ដោយ យើងរាល់គ្នាសុទ្ធតែប្រឈមមុខដាក់ការសម្រេចចិត្តដូចលោក ម៉ូសេ ផងដែរ។ តើយើងនឹងរស់នៅជាមិត្តសំឡាញ់របស់លោកីយ៍ ឬមិត្តសំឡាញ់របស់ព្រះ? យើងមិនអាចចាក់ខ្សែបានទេ។ នៅថ្ងៃនេះ តើអ្នកនឹងរស់នៅតាមស្តង់ដាររបស់លោកីយ៍ ដោយសើចនឹងរឿងកំប្លែងរបស់លោកីយ៍ ប្រើវិធីសាស្ត្ររបស់លោកីយ៍ ហើយដាក់អាទិភាពតាមលោកីយ៍ឬទេ? ឬមួយ អ្នកនឹងរក្សាគោលជំហរជាមួយព្រះយេស៊ូវគ្រីស្ទ បើកនាវាបញ្ច្រាសចរន្តទឹករបស់លោកីយ៍ ដាក់ទង់ជាតិរបស់អ្នកនៅលើដងក្តោង ហើយសារភាពដោយពាក្យសម្ដី និងការប្រព្រឹត្តថា ព្រះអង្គជាព្រះអម្ចាស់? ថ្ងៃនេះ អាចជាថ្ងៃដំបូងដែលអ្នកត្រូវធ្វើការសម្រេចចិត្ត ឬធ្វើការប្ដេជ្ញាចិត្តសារជាថ្មីថា អ្នកនឹងរស់នៅ «ដោយជំនឿ» តាមការសម្រេចចិត្តដ៏ពិបាកនេះ។
ព្រះគម្ពីរសញ្ជឹងគិត៖ លូកា ១៨:១៨-៣០
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ៖ ទំនុកតម្កើង ១០៥-១០៦ និងកាឡាទី ៥