
មើលទៅអ្នកដទៃ តាមដួងព្រះទ័យរបស់ព្រះ
ដោយMonica Larose
August 22, 2025
ទំនុកដំកើង ១៤៦
ព្រះយេហូវ៉ាទ្រង់លើកអស់អ្នកដែលត្រូវឱន ឲ្យត្រង់ឡើងវិញ។ ទំនុកដំកើង ១៤៦:៨
ក្នុងពិធីខួបកំណើតរបស់ ចាន់ថេល(Chantale) គំរប់អាយុ១៣ឆ្នាំ បន្ទាប់ពីការអបអរដ៏រីករាយ បានប៉ុន្មានម៉ោង ក្នុងភូមិកំណើតដ៏ស្ងប់ស្ងាត់របស់គាត់ សម្លេងបាញ់កាំភ្លើងក៏បានលាន់ឮ ដោយបំផ្លាញបរិយាកាសដ៏សុខសាន្តនៅពេលល្ងាចនោះ។ ចាន់ថេល និងបងប្អូនបង្កើតរបស់គាត់ បានរត់ចូលក្នុងព្រៃ តាមបញ្ជារបស់ម្តាយរបស់ពួកគេ ឲ្យប្រញាប់លាក់ខ្លួន។ ពួកគេបានផ្តុំគ្នា នៅក្រោមជម្រកនៃដើមឈើមួយដើម ពេញមួយយប់។ ចាន់ថេលបាននឹកចាំថា “ថ្ងៃបានរះនៅពេលព្រឹកបន្ទាប់ ប៉ុន្តែ យើងមិនឃើញឪពុកម្តាយរបស់យើងទេ”។ ចាន់ថេល និងបងប្អូនបង្កើតរបស់គាត់ បានក្លាយជាក្មេងកំព្រា និងជនភៀសខ្លួន ដោយចូលរួមជាមួយមនុស្សរាប់ពាន់នាក់ទៀត ក្នុងជំរុំជនភៀសខ្លួន។
ពេលដែលណាយើងបានឮរឿងដ៏កំសត់ ដូចរឿងរបស់ចាន់ថេល យើងអាចជួបការល្បួងឲ្យងាកបែរចេញពីការបាត់បង់ដ៏លើសលប់នេះ។ ប៉ុន្តែ អស់អ្នកដែលជឿព្រះនៃព្រះគម្ពីរប៊ីប គឺជាអ្នកជឿព្រះមួយអង្គ ទ្រង់មិនដែលបែព្រះភក្ត្រចេញពីទុក្ខវេទនារបស់មនុស្សទេ តែព្រះអង្គ “ការពារពួកអ្នកប្រទេសដទៃ ទ្រង់ទប់ទល់ពួកកូនកំព្រា នឹងស្រីមេម៉ាយ”(ទំនុកដំកើង ១៤៦:៩)។
ព្រះដែលបានបង្កើតផ្ទៃមេឃ និងផែនដី ទ្រង់មានព្រះទ័យស្មោះត្រង់ជារៀងរហូត(ខ.៦) ហើយព្រះអង្គតែងតែ “សំរេចសេចក្ដីសុចរិតដល់ពួកអ្នកដែលត្រូវគេសង្កត់សង្កិន ក៏ប្រទានអាហារដល់អស់អ្នកដែលឃ្លានដែរ”(ខ.៧)។
ចាន់ថេល ហ្ស៊ូហ្ស៊ី(Chantale Zuzi) បានក្លាយជាអ្នកដឹកនាំម្នាក់ ដែលបានបង្កើតអង្គការមួយ ដើម្បីអប់រំក្មេងស្រីជាជនភៀសខ្លួន។ គាត់បានចែកចាយថា បទពិសោធន៍របស់គាត់ បានបង្រៀនគាត់ថា “នរណាក៏អាចក្លាយជាជនភៀសខ្លួន ជាអ្នកដែលបានបាត់បង់ទីកន្លែងដ៏សុខសាន្ត ដែលពួកគេធ្លាប់មាន”។
សូមឲ្យការឆ្លើយតបរបស់យើង ចំពោះអ្នកដែលបានបាត់បង់កន្លែងដ៏សុខសាន្ត បានឆ្លុះបញ្ចាំងអំពីដួងព្រះទ័យរបស់ព្រះ ដែលតែងតែធ្វើជា “ទីពឹងជ្រក ដល់អស់អ្នកណាដែលត្រូវគេសង្កត់សង្កិន គឺជាទីពឹងនៅគ្រាលំបាក”(៩:៩) និង “លើកអស់អ្នកដែលត្រូវឱន ឲ្យត្រង់ឡើងវិញ”(១៤៦:៨)។—Monica La Rose
តើអ្នក ឬនរណាម្នាក់ដែលអ្នកស្គាល់ បានបាត់បង់កន្លែងដ៏សុខសាន្ត ដោយរបៀបណា?
តើព្រះទ្រង់អាចធ្វើការ តាមរយៈបទពិសោធន៍ដ៏ជូរចត់នេះ ដូចម្តេចខ្លះ?
ឱព្រះដ៏ស្មោះត្រង់ ទូលបង្គំសូមអរព្រះគុណព្រះអង្គ ដែលបានធ្វើជាទីជ្រកកោន
សម្រាប់មនុស្សទាំងអស់ដែលឈឺចាប់។ សូមព្រះអង្គជួយទូលបង្គំឲ្យបង្ហាញគេឲ្យស្គាល់ព្រះទ័យរបស់ព្រះអង្គ។
For further study, read Broken Down Cars: Grieving with those Who Grieve at DiscoverODB.org.
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : ទំនុកដំកើង ១១០-១១២ និង ១កូរិនថូស ៥