ព្រឹក

បុព្វបុរសខាងវិញ្ញាណ
ដោយNancy Gavilanes
August 23, 2025
ម៉ាថាយ ១:១-៦,១២-១៧
នេះបញ្ជីពង្សាវតារពីព្រះយេស៊ូវគ្រីស្ទ ជាវង្សាហ្លួងដាវីឌ នឹងជាជំនួរវង្សនៃលោកអ័ប្រាហាំដែរ។ ម៉ាថាយ ១:១
បន្ទាប់ពីខ្ញុំ បានធ្វើតេស្តDNA ដើម្បីរកមើលខ្សែលោហិតរបស់គ្រួសារខ្ញុំ កាលពីរបីឆ្នាំមុន ខ្ញុំមានចម្ងល់ជាច្រើន អំពីបុព្វបុរសរបស់ខ្ញុំ។ ខ្ញុំអរព្រះគុណព្រះ ដែលខ្ញុំបានឮរឿងខ្លះៗ អំពីសាច់ញាតិពីរបីនាក់របស់ឪពុកខ្ញុំដែលបានលាចាកលោក និងអំពីសាច់ញាតិរបស់ម្តាយខ្ញុំ។ ពេលខ្ញុំបានឮគេនិយាយអំពីបុព្វបុរសរបស់ខ្ញុំ ខ្ញុំមានអារម្មណ៍ថា ខ្ញុំមានការជាប់ទាក់ទងនឹងឫសគល់នៃគ្រួសាររបស់ខ្ញុំ ហើយខ្ញុំមានចិត្តចង់ស្វែងយល់អំពីបទពិសោធន៍របស់ពួកគេ។
នៅពេលដែលយើងនិយាយអំពីឫសគល់ខាងវិញ្ញាណរបស់យើង យើងអាចនឹកចាំ អំពីពង្សាវតាររបស់ព្រះយេស៊ូវ ដែលមានចែងក្នុងបទគម្ពីរ ម៉ាថាយ ១:១-១៧ និង លូកា ៣:២៣-៣៨។ ពង្សាវតាររបស់ព្រះយេស៊ូវ បានបង្ហាញឲ្យយើងដឹងថា ព្រះអង្គគឺជាព្រះមែស៊ី និងជាកូនចៅជំនាន់ក្រោយរបស់លោកអ័ប្រាហាំ។
ពេលដែលយើងអានពង្សាវតាររបស់ព្រះអង្គ យើងឃើញសេចក្តីស្មោះត្រង់របស់ព្រះអង្គ ក្នុងការសម្រេចព្រះបន្ទូលសន្យា ដែលត្រូវប្រទានពរលោកអ័ប្រាហាំ ឲ្យក្លាយជាឪពុកនៃសាសន៍ជាច្រើន(លោកុប្បត្តិ ១៧:១-៨)។ រយៈពេលជាង២ពាន់ឆ្នាំ បន្ទាប់ពីព្រះបន្ទូលសន្យានេះបានសម្រេច សាវ័កម៉ាថាយបានសរសេរថា “នេះបញ្ជីពង្សាវតារពីព្រះយេស៊ូវគ្រីស្ទ ជាវង្សាហ្លួងដាវីឌ នឹងជាជំនួរវង្សនៃលោកអ័ប្រាហាំដែរ”(ម៉ាថាយ ១:១)។
ជំនួរវង្សក្នុងព្រះគម្ពីរប៊ីប បានបង្ហាញឲ្យយើងស្គាល់បុព្វបុរសរបស់ព្រះយេស៊ូវ។ យើងឃើញឈ្មោះរបស់ស្តេច ដូចជាស្តេចដាវីឌជាដើម និងឈ្មោះមនុស្សសាមញ្ញ ដូចជាលោកយ៉ូសែប ជាជាងឈើ។ ហើយកណ្ឌគម្ពីរម៉ាថាយ បានរាប់បញ្ចូលស្រ្តី៥នាក់ ដែលមានដូចជា នាងតាម៉ារ នាងបាសេបា នាងរ៉ាហាប និងនាងរស់(ទាំងពីរនាក់នេះគឺជាសាសន៍ដទៃ) និងនាងម៉ារា។
ទោះយើងបានស្គាល់បុព្វបុរសខាងសាច់ឈាមរបស់យើង ឬអត់ យើងអាចស្គាល់បុព្វបុរសខាងវិញ្ញាណរបស់យើង ក្នុងព្រះគម្ពីរប៊ីប ព្រោះយើងជាសមាជិកនៃគ្រួសាររបស់ព្រះ។ យើងមានចិត្តក្លាហានឡើង នៅពេលដែលយើងបានដឹងថា ព្រះទ្រង់មានព្រះទ័យស្មោះត្រង់ប៉ុណ្ណា ចំពោះពួកគេ។—Nancy Gavilanes
ហេតុអ្វីការស្គាល់ប្រវត្តិខាងវិញ្ញាណរបស់អ្នក មានសារៈសំខាន់?
តើអ្នកអាចរៀនសូត្របានអ្វីខ្លះ ពីបុព្វបុរសខាងវិញ្ញាណរបស់អ្នក?
ឱព្រះវរបិតាដែលគង់នៅស្ថានសួគ៌ ទូលបង្គំសូមអរព្រះគុណព្រះអង្គ
ដែលបានឲ្យទូលបង្គំធ្វើជាសមាជិកនៃគ្រួសាររបស់ព្រះអង្គ។
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : ទំនុកដំកើង ១១៣-១១៥ និង ១កូរិនថូស ៦
ប្រភេទ
ល្ងាច

ព្រះទ្រង់ធំគ្រប់គ្រាន់សម្រាប់យើង (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)
ដោយAlistair Begg
August 23, 2025
«ឯប៉ុល គាត់ឈរនៅកណ្តាលទីអើរីយ៉ូស សម្ដែងថា ឱពួកអ្នកនៅក្រុងអាថែនអើយ... ខ្ញុំនឹងប្រាប់ដល់អ្នករាល់គ្នាពីព្រះ ដែលអ្នករាល់គ្នាគោរពបូជា ដោយឥតស្គាល់នោះឯង»(កិច្ចការ ១៧:២២-២៣)។
យើងមិនអាចប្រកាសដំណឹងល្អរបស់ព្រះយេស៊ូវ ដោយមិនបានយល់គោលលទ្ធិអំពីព្រះបានទេ។ ក្នុងសៀវភៅដែលលោក ចេ.ប៊ី. ភីលីព (J.B. Phillips) បាននិពន្ធមានចំណងជើងថា ព្រះរបស់អ្នកតូចពេកហើយ គាត់បានសរសេរថា «សព្វថ្ងៃនេះ មនុស្សទាំងប្រុសស្រីច្រើនតែរស់នៅ ដោយគ្មានភាពស្កប់ស្កល់នៅក្នុងចិត្ត ដោយពួកគេមិនមានជំនឿលើព្រះទាល់តែសោះ... ក្នុងគំនិតរបស់ពួកគេជាមនុស្សពេញវ័យ ពួកគេមិនទាន់បានរកឃើញព្រះ ដែលធំល្មមនឹងអាចបកស្រាយឲ្យពួកគេយល់អត្ថន័យ និងគោលបំណងរបស់ជីវិតបានទេ»។1 ដូចនេះ ពេលណាយើងនិយាយអំពីចារិតលក្ខណៈ វិសាលភាព និងសិរីល្អរបស់ព្រះឲ្យគេបានស្គាល់ យើងត្រូវតែប្រើពាក្យដែលស័ក្ដិសមបំផុត។
កាល សាវ័ក ប៉ុល ចែកចាយដំណឹងល្អ គាត់បានទៅជួបពួកអ្នកដឹកនាំសាសនា ជនសាមញ្ញ ក៏ដូចជាពួកអ្នកប្រាជ្ញ ព្រោះគាត់ទទួលស្គាល់ថា ដំណឹងល្អរបស់ព្រះ មានអត្ថន័យពេញលេញ និងគ្រប់គ្រាន់ សម្រាប់ឆ្លើយតបសំណួររបស់មនុស្សគ្រប់គ្នា (កិច្ចការ ១៧:២៤-៣១)។ យើងអាចរៀនសូត្រពីការបកស្រាយរបស់គាត់ អំពីលក្ខណសម្បត្តិជាគន្លឹះ៥យ៉ាងរបស់ព្រះអង្គ ដែលអាចនាំឲ្យគេស្គាល់ព្រះអង្គបាន ដូចតទៅ៖
ព្រះអង្គជាព្រះអាទិករ។ ព្រះអង្គបានបង្កើតពិភពលោក ដោយមិនមានអ្វីបង្កើតព្រះអង្គទេ ព្រះអង្គមានលក្ខណៈពិសេសខុសពីស្នាព្រះហស្តព្រះអង្គ និងមិនស្ថិតនៅក្រោមពេលវេលា។ ព្រះអង្គមិនមែនជាអំណាច ឬអំណាចខ្លាំងជាងគេ ដែលយើងអាចគ្រប់គ្រង ឬកែច្នៃតាមការរចនារបស់យើងនោះឡើយ។
ព្រះអង្គជាអ្នកទ្រទ្រង់។ ព្រះអង្គជាអ្នកប្រទានជីវិត និងខ្យល់ដង្ហើម។ ព្រះដែលជាអ្នកទ្រទ្រង់ជីវិត មិនត្រូវការឲ្យដៃមនុស្សបម្រើព្រះអង្គទេ ហើយក៏មិនត្រូវការឲ្យគេទ្រទ្រង់ព្រះអង្គដែរ។
ព្រះអង្គជាអ្នកគ្រប់គ្រង។ ព្រះអង្គបង្គាប់បញ្ជាប្រជាជាតិទាំងឡាយ។ ប្រវត្តិសាស្ត្រ ភូមិសាស្ត្រ រដ្ឋាភិបាល និងចក្រវាលទាំងមូល ស្ថិតនៅក្រោមការគ្រប់គ្រងរបស់ព្រះអង្គ។ គ្មានហេតុការណ៍ណាមួយ ដែលកើតឡើង ដោយព្រះអង្គមិនបានជ្រាបជាមុននោះទេ។ សូម្បីតែអំពើបាបរបស់មនុស្ស ក៏ព្រះអង្គប្រើ ដើម្បីសម្រេចគោលបំណងរបស់ព្រះអង្គដែរ។ ជាងនេះទៅទៀត ក្នុងនាមព្រះអង្គជាអ្នកគ្រប់គ្រង ព្រះអង្គបានដាក់មនុស្សម្នាក់ៗនៅកន្លែងណាមួយ ក្នុងពេលណាមួយក្នុងប្រវត្តិសាស្ត្រ ដើម្បីឲ្យយើងអាចស្វែងរកព្រះអង្គ រកឃើញព្រះអង្គ ហើយសរសើរតម្កើងព្រះនាមដ៏បរិសុទ្ធរបស់ព្រះអង្គ។
ព្រះទ្រង់ជាព្រះវរបិតា។ បុរសនិងស្ត្រីគឺជា «ពូជ» របស់ព្រះអង្គ (កិច្ចការ ១៧:២៨) ក្នុងន័យថា ព្រះអង្គបានប្រទានជីវិតដល់មនុស្សម្នាក់ៗ រាប់ចាប់តាំងពីលោកអ័ដាម ហើយលោកអ័ដាមជាកូនព្រះអង្គ (លូកា ៣:៣៨)។ ព្រះអង្គបានបង្កើតយើងម្នាក់ៗមក ឲ្យចំនឹងរូបអង្គទ្រង់។ យើងជាជីវិតដែលមានក្រមសីលធម៌ ដែលព្រះអង្គបានបង្កើតមក ឲ្យដឹងខុសដឹងត្រូវ ហើយយើងមានការរីកចម្រើនពិតប្រាកដ តែនៅក្នុងទំនាក់ទំនងជាមួយព្រះអង្គប៉ុណ្ណោះ។
ព្រះទ្រង់គឺជាចៅក្រម។ ព្រះអង្គមានអំណាចមកលើផែនដីទាំងមូល។ ថ្ងៃជំនុំជម្រះនឹងមកដល់នៅគ្រាចុងក្រោយ និងមានយុត្តិធម៌។ នៅពេលនោះ ព្រះអង្គនឹងជំនុំជម្រះអំពើអយុត្តធម៌ ហើយកែតម្រង់កំហុសទាំងអស់។ ជាការពិតណាស់ ព្រះទ្រង់បានធ្វើអន្តរាគមន៍តាមរយៈព្រះយេស៊ូវជាព្រះរាជបុត្រាព្រះអង្គ ហើយតាមរយៈការមានព្រះជន្មឡើងវិញរបស់ព្រះយេស៊ូវ ព្រះអង្គបានប្រកាស អំពីភាពជាចៅក្រមរបស់ព្រះយេស៊ូវ។ គឺដោយសារសេចក្តីសប្បុរស និងការអត់ធ្មត់របស់ព្រះអង្គ ទើបព្រះអង្គប្រកាសអំពីការជំនុំជម្រះ ដើម្បីឲ្យយើងមានឱកាសប្រែចិត្ត និងស្វែងរកការអត់ទោសបាបពីព្រះអង្គ។
ជាការពិតណាស់ ព្រះអង្គធំល្មម គឺធំជាងការយល់ឃើញរបស់មនុស្សនៅក្នុងការប្រតិបត្តិតាមបែបសាសនា។ ព្រះអង្គធំល្មមសម្រាប់អ្នក និងខ្ញុំ និងសម្រាប់ការព្រួយបារម្ភ និងទុក្ខសោកគ្រប់យ៉ាង។ ព្រះអង្គធំល្មមនឹងបំពេញចំណេះដឹងដែលយើងស្វែងរក ហើយធំល្មមនឹងបំពេញត្រូវការផ្លូវចិត្ត ហើយជាពិសេស គឺធំល្មមនឹងឲ្យយើងរស់នៅថ្វាយព្រះអង្គ។ ដែលអ្នកបានស្គាល់ព្រះច្បាស់ប៉ុណ្ណា នោះអ្នកនឹងក៏មានការស្តាប់បង្គាប់ព្រះអង្គ ដោយអំណរប៉ុណ្ណោះដែរ ហើយក៏និយាយអំពីព្រះអង្គ ដោយទំនុកចិត្ត ដោយអំណរ។
ព្រះគម្ពីរសញ្ជឹងគិត៖ អេសាយ ៤៤:៦-៨
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ៖ ទំនុកតម្កើង ១១៣-១១៥ និង២កូរិនថូស ២