
ព្រះទ្រង់គង់នៅគ្រប់ទីកន្លែង
ដោយWinn Collier
August 24, 2025
លោកុប្បត្តិ ២៨:១០-១៧
ពិតប្រាកដជាព្រះយេហូវ៉ាទ្រង់គង់នៅទីនេះហើយ តែអញមិនបានដឹងទេ។ លោកុប្បត្តិ ២៨:១៦
អ្នកលេងវីយូឡុងម្នាក់ ដែលគេមិនស្គាល់មុខ បានពាក់មួក និងអាវយឺតកីឡាបេសប៊ល ឈរនៅក្បែរស្ថានីយរថភ្លើងក្រោមដី អែល អង់ហ្វង់ ផ្លាសហ្សា នៅទីក្រុងវ៉ាស៊ីនតោន។ គាត់បានលេងវីយ៉ូឡុង ដោយទំនុកភ្លេងដ៏ពីរោះ។ ប៉ុន្តែ អ្នកដំណើរបានដើរកាត់មុខគាត់ ដោយការប្រញាប់ប្រញាល់។ គាត់បានលេងបទនោះរហូតដល់ចប់ ដោយមានមនុស្សមិនច្រើនទេ ដែលបានឈប់ ដើម្បីស្តាប់តន្ត្រីរបស់គាត់។ ហ្វូងមនុស្សទាំងនោះមិនបានដឹងទេថា ពួកគេបានដើរកាត់ពីមុខលោកយ៉ូស្វេ ប៊ែល(Joshua Bell) ជាតន្ត្រីករ ដែលស្ថិតក្នុងចំណោមអ្នកលេងវីយ៉ូឡុងល្បីល្បាញបំផុត ក្នុងជំនាន់របស់យើង ដែលពីយប់មុន គាត់បានទៅលេងភ្លេង នៅបណ្ណាល័យជាតិរបស់អាមេរិក។ លោកប៊ែលបានលេងភ្លេង ដែលពិបាកលេងបំផុត ក្នុងពិភពលោក ដោយប្រើវីយូឡុងបុរាណដែលលោកស្រ្តាឌីវ៉ារីស(Stradivarius) បានផលិតនៅឆ្នាំ១៧១៣ មានតម្លៃ៣,៥លានដុល្លា។
យើងពិតជាងាយនឹងមើលរំលង ឬមើលមិនឃើញភាពអស្ចារ្យនៅចំពោះមុខយើង។ នេះជាបទពិសោធន៍ដែលលោកយ៉ាកុបបានជួប នៅពេលដែលគាត់ធ្វើដំណើរទៅតំបន់ខារ៉ាន(លោកុប្បត្តិ ២៨:១០)។ គាត់បានឈប់ ហើយបោះជំរុំ ក្នុងកន្លែងធម្មតា ដូចកន្លែងផ្សេងទៀត ដើម្បីសម្រាកនៅពេលយប់។ ទោះជាយ៉ាងណាក៏ដោយ ព្រះទ្រង់បានលេចមក ក្នុងសុបិន្ដរបស់គាត់ នៅពេលពាក់កណ្តាលអាធ្រាត្រ ដោយប្រាប់គាត់ថា កូនចៅគាត់ជាច្រើន នឹងបានធ្វើជាព្រះពរ ដល់មនុស្សទាំងអស់ នៅលើផែនដី(ខ.១៥)។ នៅពេលលោកយ៉ាកុបក្រោកឡើង គាត់ក៏បាននិយាយថា ព្រះអម្ចាស់ពិតជាបានគង់នៅទីនោះជាមួយគាត់ តែគាត់មិនបានដឹងថា ជាទ្រង់ទេ (ខ.១៦)។
ព្រះអម្ចាស់គង់នៅគ្រប់ទីកន្លែង គឺនៅ “ពេញស្ថានសួគ៌ និងផែនដីផង”(យេរេមា ២៣:២៤)។ ព្រះអង្គគង់នៅក្នុងកន្លែងដែលសាមញ្ញបំផុត។ ចូរយើងបើកភ្នែក និងត្រចៀកចំហ ដើម្បីមើល និងស្តាប់តាមការដឹកនាំរបស់ព្រះអង្គ។—Winn Collier
តើអ្នកមានការភ្ញាក់ផ្អើលដោយសារព្រះវត្តមានរបស់ព្រះ នៅកន្លែងណា?
តើអ្នកអាចរស់នៅ ដោយដឹងកាន់តែច្បាស់ អំពីព្រះវត្តមានរបស់ព្រះអង្គយ៉ាងណាខ្លះ?
ឱព្រះអម្ចាស់ ទូលបង្គំពិតជាងាយនឹងខកខានមិនបានស្តាប់ព្រះអង្គ។
សូមព្រះអង្គក្រើនរំឭកទូលបង្គំ ឲ្យប្រុងចិត្តស្តាប់ព្រះអង្គមានបន្ទូលជារៀងរាល់ថ្ងៃ។
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : ទំនុកដំកើង ១១៦-១១៨ និង ១កូរិនថូស ៧:១-១៩