
លះបង់ចោលការសងសឹក (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)
ដោយAlistair Begg
August 25, 2025
«ឱពួកស្ងួនភ្ងាអើយ កុំឲ្យសងសឹកឡើយ ចូរថយចេញពីសេចក្តីកំហឹងទៅ»(រ៉ូម ១២:១៩)។
ការស្វែងរកឱកាសសងសឹក ស្ថិតក្នុងចំណោមការឆ្លើយតបអាក្រក់បំផុត តាមនិស្ស័យសាច់ឈាមរបស់យើង។ លោកីយ៍មានដំណើរការយ៉ាងដូចនេះឯង ជាផ្នត់គំនិតដែលជំរុញឲ្យមនុស្សប្រព្រឹត្តចំពោះគ្នាទៅវិញទៅមក ដោយគ្មានក្តីមេត្តា ក្នុងន័យថា បើមាននរណាម្នាក់ធ្វើជាឆ្អឹងទទឹងកយើង យើងនឹងស្វែងរកគ្រប់វិធី ដើម្បីកំចាត់គេចោល។ នេះជាការឆ្លើយតបតាមនិស្ស័យសាច់ឈាម នៅពេលដែលគេធ្វើខុសមកលើយើង តែគ្រីស្ទបរិស័ទមិនតបតទៅគេវិញនោះទេ។ ដូចនេះ យើងត្រូវតែការពារចិត្តយើងជានិច្ច កុំឲ្យធ្លាក់ចូលក្នុងការសងសឹកឡើយ។ ទោះយើងបានជៀសវាងការសងសឹងកាលពីថ្ងៃម្សិលមិញ ក៏មិនប្រាកដថា យើងនឹងជៀសវាងការសងសឹកនៅថ្ងៃនេះឡើយ។
កន្លែងប្រកួតកីឡាប្រហែលជាកន្លែង ដែលយើងអាចសង្កេតឃើញ ការសងសឹងបានក្លាយជាកត្តាជំរុញចិត្តយ៉ាងងាយស្រួលក្នុងការធ្វើផែនការ និងការធ្វើសកម្មភាព។ បើគូប្រកួតធ្វើខុសមកលើអ្នក ហើយមិនត្រូវបានអាជ្ញាកណ្តាលពិន័យ តើអ្នកនឹងធ្វើដូចម្តេច? សភាវគតិរបស់យើងមុខជាជំរុញយើងឲ្យសងទៅគេវិញមិនខាន។ ដូចនេះ យើងក៏បានរៀបផែនការ ហើយស្វែងរកឱកាស ដើម្បីសងទៅគេវិញ ដើម្បីឲ្យរួចគ្នា។ ដែលការសងសឹកកើតមាននៅក្នុងកន្លែងប្រកួតកីឡា ក៏ដូចជាក្នុងជីវិតពិត ហើយយ៉ាងហោចណាស់ក្នុងការស្រមៃរបស់យើង នោះវាក៏ស្តែងចេញមកក្នុងអាកប្បកិរិយារបស់យើងដែរ។ ប៉ុន្តែ ព្រះគម្ពីរប៊ីបបានរារាំងសភាវគតិនេះដោយពាក្យថា «ចូរកុំសងសឹកឡើយ»។
សាវ័ក ប៉ុល មិនបានបង្កើតគោលការណ៍នេះ តែបានបង្ហាញឲ្យយើងស្គាល់។ កាលនោះ គាត់កំពុងធ្វើការបម្រើព្រះនៅក្នុងបរិយាកាសមួយ ដែលផ្តល់ឲ្យគាត់នូវហេតុផលគ្រប់យ៉ាង ដើម្បីសងសឹក។ បន្ទាប់ពីគាត់ត្រូវគេបង្ខូចឈ្មោះ វាយដំ ចំអកឲ្យ និងត្រូវគេចាប់ដាក់គុក ហើយគាត់ក៏ទំនងជានៅមានជីវិត កាលអធិរាជនេរ៉ូ និងរដ្ឋាភិបាលរបស់ទ្រង់ កំពុងចាប់គ្រីស្ទានយកទៅដុតទាំងរស់ ដើម្បីបំភ្លឺទីធ្លាខាងក្រោយរបស់រាជវាំង។ គេបានចាប់ចងអ្នកដើរតាមព្រះយេស៊ូវនៅលើបង្គោល ដែលគេបានដាំនៅលើដី ដោយយកប្រេងមកលាប ហើយក៏បានដុតពួកគេទាំងរស់ ហើយព្រះបន្ទូលព្រះនៅតែបង្គាប់ថា «ចូរកុំសងសឹកឡើយ»។
យើងច្រើនតែមិនបានញែកឲ្យដាច់ រវាងការអនុវត្តតាមច្បាប់របស់ព្រះ ដែលជាតួនាទីរបស់ព្រះអង្គ និងការអនុវត្តតាមច្បាប់ព្រហ្មទណ្ឌ ដែលជាការទទួលខុសត្រូវរបស់រដ្ឋអំណាចដែលព្រះបានចាត់តាំង (រ៉ូម ១៣:១-៤) ហើយនិងការអនុវត្តនូវការសងសឹកផ្ទាល់ខ្លួន ដែលព្រះគម្ពីរប៊ីបបានហាម។ ព្រះអង្គបានអនុញ្ញាតឲ្យយើងស្វែងរកយុត្តិធម៌ តាមផ្លូវច្បាប់របស់ប្រទេសដោយចងចាំជានិច្ចថា ការកាត់ក្តីរបស់គេមិនល្អឥតខ្ចោះ ហើយក៏មិនផ្តល់ឲ្យយុត្តិធម៌ដែលខ្ពង់ខ្ពស់បំផុតដែរ តែដែលសំខាន់បំផុតនោះ យើងត្រូវយកគំរូតាមព្រះរាជបុត្រា ដោយទុកចិត្តថា ព្រះអង្គនឹងប្រទានយុត្តិធម៌ (១ពេត្រុស ២:២៣)។ យើងត្រូវរស់នៅដោយចងចាំថា ថ្ងៃនេះប្រហែលមិនមែនជាថ្ងៃជំនុំជម្រះចុងក្រោយទេ ហើយយើងមិនមែនជាចៅក្រមទេ។
ព្រះអង្គបានហៅយើងថា រាស្រ្តរបស់នគរស្ថានសួគ៌ មិនមែនជារាស្រ្តរបស់នគរនៅផែនដីទេ។ អ្នកមិនជឿនឹងមិនចង់ទទួលជឿព្រះគ្រីស្ទឡើយ បើសិនជាពួកគេឃើញអ្នកដើរតាមព្រះអង្គប្រកាសថា ព្រះអង្គជាចៅក្រមដ៏សុចរិត តែទន្ទឹមនឹងនោះពួកគេរស់នៅ ធ្វើមើលតែពួកគេមានសិទ្ធិជំនុំជម្រះទោសអ្នកដទៃ។ សកម្មភាពរបស់យើងនឹងមានផលប៉ះពាល់មកលើមនុស្សមានបាបនៅជុំវិញយើង។ ចូរនាំពួកគេទទួលជឿព្រះគ្រីស្ទ ដោយសេចក្តីស្រឡាញ់របស់យើង ហើយមិនត្រូវធ្វើឲ្យគេរវាតចិត្តមិនចង់ទទួលជឿព្រះគ្រីស្ទ ដោយសារការសងសឹករបស់យើងឡើយ។
ព្រះគម្ពីរសញ្ជឹងគិត៖ រ៉ូម ១២:៩-២១
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ៖ ទំនុកតម្កើង ១១៩:១-៨៩ និង២កូរិនថូស ៤