នំម៉ាណាប្រចាំថ្ងៃ

ព្រឹក

នាំទៅរកវាលស្មៅល្អៗ

នាំទៅរកវាលស្មៅល្អៗ

ដោយKirsten Holmberg

August 26, 2025

អេសេគាល ៣៤:១១-១៦
ខ្លួនអញនឹងធ្វើជាអ្នកគង្វាលដល់ហ្វូងចៀមរបស់អញ ហើយអញនឹងឲ្យវាដេកនៅ នេះជាព្រះបន្ទូលនៃព្រះអម្ចាស់យេហូវ៉ា។ អេសេគាល ៣៤:១៥
ចរាចរណ៍មានការជាប់គាំងទៅមុខមិនរួច ខ្ញុំមិនដឹងថា មានរឿងអ្វីកើតឡើងទេ។ នៅតាមផ្លូវ ខ្ញុំមិនឃើញមានឡានច្រើនទេ ហើយខ្ញុំមិនដឹងច្បាស់ថា ហេតុអ្វីបានជាពួកគេឈប់មិនទៅមុខទៀត។ បន្ទាប់មក ភ្លាមៗនោះ ខ្ញុំមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក៏ដូចជាមានចិត្តរីករាយ នៅពេលដែលបានឃើញសត្វចៀមរាប់ពាន់ក្បាល លេចចេញមក ដើរឆ្លងផ្លូវទាំងហ្វូង។ ក្នុងនាមខ្ញុំជាអ្នកចំណូលថ្មី ក្នុងរដ្ឋអាយដាហូ ខ្ញុំមិនទាន់បានដឹងអំពីការផ្លាស់ទីប្រចាំឆ្នាំរបស់សត្វចៀម ចូលទៅក្នុងតំបន់ជើងភ្នំប៊យស៊ី រៀងរាល់រដូវផ្ការីកមកដល់ទេ។ កសិករក្នុងតំបន់បាននាំសត្វចៀមរបស់ពួកគេទាំងហ្វូងៗ ចូលក្នុងតំបន់ជើងភ្នំនោះ ជាកន្លែងដែលពួកគេស៊ីស្មៅរហូតដល់រដូវក្តៅ។ 
ដោយសារខ្ញុំរស់នៅតែក្នុងតំបន់ប្រជុំជន និងជាយក្រុង ពេញមួយជីវិតខ្ញុំ ការផ្លាស់ទីរបស់ពួកវា បានបង្កើតជាទិដ្ឋភាពដ៏កម្រ គួរឲ្យពេចពិលរមិលមើលចំពោះខ្ញុំណាស់។ ប៉ុន្តែ សត្វចៀមគឺជាផ្នែកមួយនៃជីវភាពដ៏សាមញ្ញរបស់មនុស្ស ក្នុងសម័យហោរាអេសេគាល(និងក្នុងភាគច្រើននៃប្រវត្តិសាស្រ្ត ដែលបានកត់ទុកក្នុងព្រះគម្ពីរប៊ីប)។ ដើម្បីនាំព្រះបន្ទូលនៃការកម្សាន្តចិត្ត និងក្តីសង្ឃឹម ទៅកាន់ពួកបណ្តាជន លោកហោរាបានលើកឡើង អំពីរឿងដែលមនុស្ស នៅសម័យរបស់គាត់ស្គាល់ច្បាស់ គឺសត្វចៀម និងការចិញ្ចឹមសត្វចៀម។ 
ហោរាអេសេគាលបាននាំមកនូវពាក្យដែលមានការកម្សាន្តចិត្ត និងក្តីសង្ឃឹម ទៅកាន់រាស្រ្តអ៊ីស្រាអែល ដោយប្រាប់ពួកគេថា ទោះពួកគេបានឆ្លងកាត់ទុក្ខលំបាកជាច្រើនឆ្នាំក្នុងចក្រភពបាប៊ីឡូន ដែលជាផលវិបាកនៃការបះបោរទាស់នឹងព្រះក៏ដោយ ក៏ព្រះអង្គនឹងស្អាងពួកគេឡើងវិញ ឲ្យវិលត្រឡប់ទៅទឹកដីរបស់ពួកគេ(អេសេគាល ៣៤:១៣)។ នៅទីនោះ ព្រះអង្គដែលជាអ្នកគង្វាលល្អ ទ្រង់នឹងថែរក្សាពួកគេក្នុងទីវាលល្អៗ ហើយពួកគេនឹងដេកចុះនៅលើដីដែលមានស្មៅដុះល្អ(ខ.១៤)។ 
ត្រង់ចំណុចនេះ ព្រះអង្គកំពុងបង្ហាញការយកព្រះទ័យទុកដាក់ចំពោះរាស្រ្តរបស់ព្រះអង្គ ស្រដៀងនឹងការឃ្វាលចៀមផងដែរ។ យើងអាចទុកចិត្តថា ព្រះអង្គដែលជាអ្នកគង្វាលយើង ទ្រង់នឹងដឹកនាំយើង ទៅមុខ ឆ្លងកាត់ការរស់នៅក្នុងលោកិយនេះ ទៅរកវាលស្មៅល្អៗ(ខ.១៣-១៤) ទោះយើងប្រហែលជាមានអារម្មណ៍ថា “ខ្ចាត់ខ្ចាយ” ដូចចៀមនៅក្នុងគ្រាដ៏លំបាកក៏ដោយ(ខ.១២)។—Kirsten Holmberg

តើព្រះទ្រង់ដឹកនាំអ្នក ឆ្លងកាត់រដូវកាលដ៏ពិបាក នៅពេលណា? 
តើអ្នកអាចទុកចិត្តថា ព្រះអង្គនឹងធ្វើជាអ្នកគង្វាលល្អរបស់អ្នក នៅថ្ងៃនេះ ដូចម្តេចខ្លះ? 
ឱព្រះអម្ចាស់ ទូលបង្គំសូមអរព្រះគុណព្រះអង្គ ដែលបានធ្វើជាអ្នកគង្វាលល្អ ដែលសុភាព និងអាចទុកចិត្តបាន។ 
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : ទំនុកដំកើង ១១៩:៨៩-១៧៦ និង ១កូរិនថូស ៨
 

ល្ងាច

ព្រះ​អង្គ​សង្គ្រោះ​មាន​ព្រះទ័យ​អត់​ធ្មត់  (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

ព្រះ​អង្គ​សង្គ្រោះ​មាន​ព្រះទ័យ​អត់​ធ្មត់ (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

ដោយAlistair Begg

August 26, 2025

«ពួក​សិស្ស​ដាស់​ទ្រង់​ឡើង​ទូល​ថា លោក​គ្រូ​អើយ យើង​វិនាស ហើយ​លោក​មិន​រវល់​ទេ​ឬអី។ កាល​តើន​ឡើង ទ្រង់​កំហែង​ខ្យល់ ក៏​បង្គាប់​ទៅ​សមុទ្រ​ថា ចូរ​ស្ងៀម​ទៅ ហើយ​ឈប់​ចុះ នោះ​ខ្យល់​ក៏​ស្ងប់ ហើយ​ស្ងាត់ឈឹង​សូន្យ​ទាំង​អស់​ទៅ។ រួច​ទ្រង់​មាន​ព្រះ​បន្ទូល​ថា ហេតុ​អ្វី​បានជា​អ្នក​រាល់​គ្នា​ភ័យ​ដល់​ម៉្លេះ ម្តេច​ក៏​គ្មាន​សេចក្តី​ជំនឿ»(ម៉ាកុស ៤:៣៨-៤០)។

នៅពេល​ដែល​ខ្យល់​ព្យុះ​កំពុង​បញ្ចេញ​កំហឹង ធ្វើ​ឲ្យ​ពួក​សិស្ស​មាន​ការ​ភ័យ​ខ្លាច ព្រះយេស៊ូវ​មិន​គ្រាន់តែ​បាន​បង្ហាញ​ចេញ​នូវ​សន្តិភាព តែ​ក៏បាន​បង្ហាញ​ព្រះ​ទ័យ​អត់​ធ្មត់​ក្នុង​ការ​ឆ្លើយតប​ចំពោះ​ពួកគេ​ផង​ដែរ។ 
ពួក​គេ​បាន​ចោទ​ព្រះ​អង្គ​ថា ព្រះ​អង្គ​មិន​បាន​ខ្វល់​ថា ពួក​គេ​កំពុងតែ​វិនាស​នោះ​ទេ។ ព្រះ​អង្គ​មិន​បាន​កំហែង​ពួកគេ​ទេ តែ​បាន​កំហែង​ខ្យល់​ព្យុះ និង​ទឹករលក​វិញ។ រឿង​នេះ​ពិតជា​គួរ​ឲ្យ​កត់​សំគាល់​ណាស់! គ្មាន​គ្រូ​ណា​ដែល​មាន​សិស្ស​ដែល​រៀន​យឺត​យ៉ាង​នេះ ហើយក៏​គ្មាន​សិស្ស​ណា​ដែល​មាន​គ្រូ​ដែល​អត់​ធ្មត់ និង​មាន​ការ​អត់​ទោស​ដូច​ព្រះយេស៊ូវ​ដែរ។

ព្រះទ័យ​អត់​ធ្មត់​របស់​ព្រះ​អង្គ​មិន​គ្រាន់តែ​បាន​បង្ហាញ​ចេញ​មក​ក្នុង​រឿង​នេះ​ប៉ុណ្ណោះ​ទេ តែ​បាន​បង្ហាញ​ចេញ​មក​ក្នុង​ព្រះ​រាជ​កិច្ច​របស់​ព្រះ​អង្គ​ទាំងមូល ដោយ​ព្រះ​អង្គ​បាន​បង្ហាញ​ព្រះទ័យ​អត់​ធ្មត់​ក្នុង​ការ​ឆ្លើយតប ចំពោះ​អារម្មណ៍ និង​កំហុស​របស់​ពួក​សាវ័ក។ ក្នុង​បទ​គម្ពីរ​ម៉ាកុស​ជំពូក៦ បន្ទាប់​ពី​ព្រះយេស៊ូវ​បាន​ប្រទាន​អាហារ​ដល់​មនុស្ស៥ពាន់​នាក់ ដោយ​ប្រើ​នំ​ប៉័ងតែ៥ដុំ និង​ត្រីតែ២កន្ទុយ។ ពួក​សិស្ស​មាន​ការ​សង្ស័យ​ចំពោះ​ព្រះ​អង្គ នៅពេល​ដែល​ពួកគេ​ឃើញ​ព្រះ​អង្គ​ដើរ​នៅ​លើទឹក តែ​ព្រះ​អង្គ​បាន​ឆ្លើយតប ដោយ​សេចក្តី​ស្រឡាញ់​ថា «កុំ​ភ័យ​អី»(៦:៥០)។ ក្រោយមក ព្រះ​យេស៊ូវ​ក៏បាន​បង្រៀន​ពួកគេ​ម្តង​ហើយ​ម្តង​ទៀត​អំពី​ភាព​ចាំបាច់ និង​គោលបំណង​នៃ​ការ​សុគត​របស់​ព្រះ​អង្គ ទោះ​ពួកគេ​ខ្វះ​ការ​បន្ទាប​ខ្លួន និង​ការ​យល់​ដឹង​យ៉ាងណា​ក៏ដោយ (៨:៣១-៣៣ ៩:៣០-៣២ ១០:៣២-៣៤)។ កាល​ព្រះ​អង្គ​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ ព្រះ​អង្គ​មិន​បាន​ស្តី​បន្ទោស​ពួក​សាវ័ក ដោយសារ​ពួកគេ​មាន​ការ​ភ្ញាក់​ផ្អើល​ចំពោះ​ការ​មាន​ព្រះ​ជន្ម​ឡើង​វិញ​របស់​ព្រះ​អង្គ តាម​បទ​ទំនាយ​នោះ​ទេ។ ផ្ទុយ​ទៅវិញ ព្រះ​អង្គ​បាន​សួរ​ពួកគេ​ដោយ​អំណរ និង​ដោយ​សុភាព​នូវ​សំណួរ​ដែល​ជំរុញ​ចិត្ត ហើយ​បង្ហាញ​អត្ត​សញ្ញាណ​របស់​ព្រះ​អង្គ​ដល់​ពួកគេ។

យើង​ឃើញ​ថា ជំនឿ​របស់​យើង​ដែល​មាន​ការ​សង្ស័យ គឺ​បាន​ឆ្លុះ​បញ្ចាំង​អំពី​ជំនឿ​របស់​ពួក​សាវ័ក។ បើ​យើង​បាន​នៅ​ជាមួយ​ពួកគេ​នៅពេល​នោះ។ យើង​ក៏​ទំនងជា​មាន​ការ​ភ័យ​ខ្លាច និង​បង្ហាញ​ការ​សង្ស័យ និង​ការ​ចោទ​ប្រកាន់​ចំពោះ​ព្រះយេស៊ូវ​ផង​ដែរ។ ប៉ុន្តែ រហូត​មកដល់​ពេល​សព្វថ្ងៃ ព្រះ​គ្រីស្ទ​នៅតែ​បង្ហាញ​ព្រះទ័យ​អត់​ធ្មត់ ពេល​យើង​មាន​ការ​ភ័យ​ខ្លាច និង​ការ​សង្ស័យ។ ព្រះ​អង្គ​មិន​បាន​បដិសេធ​យើង នៅពេល​យើង​ខ្វះ​ជំនឿ​នោះ​ទេ។ ព្រះ​អង្គ​មិន​បាន​បណ្តេញ​យើង ដោយសារ​យើង​មាន​ចិត្ត​កំសាក​ឡើយ។ គ្មាន​គ្រូ​ណា​ដែល​ល្អ​ដូច​ព្រះ​អង្គ​ទេ។ ដូច​នេះ ក្នុង​នាម​យើង​ជា​អ្នក​ទទួល​សេចក្តី​អត់​ធ្មត់​ដ៏​យូរ​អង្វែង​របស់​ព្រះ​គ្រីស្ទ ចូរ​យើង​មាន​ចិត្ត​អត់​ធ្មត់​ចំពោះ​អ្នក​ដទៃ​ផង​ដែរ។ ចូរ​ចងចាំ​គំរូ​របស់​ព្រះ​យេស៊ូវ ទោះ​អ្នក​ជា​ឪពុក​ម្តាយ ជា​គ្រូ​បង្វឹក អ្នក​គ្រប់​គ្រង អ្នក​ដឹកនាំ​គ្រីស្ទ​បរិស័ទ គ្រូ​បង្រៀន ឬ​គ្រាន់តែ​ជា​មិត្ត​ភក្តិ​ក៏ដោយ។ បើ​យើង​ចង់​ឲ្យ​ព្រះ​អង្គ​ទ្រាំទ្រ​ជំនឿ​ដែល​រេរា​របស់​យើង នោះ​យើង​ក៏​គួរតែ​មាន​ចិត្ត​ដែល​ចង់​បង្ហាញ​ចិត្ត​អត់​ធ្មត់ ចំពោះ​អ្នក​ដទៃ និង​ខ្លួនឯង​ផង​ដែរ។ ទោះជា​យ៉ាងណា​ក៏ដោយ ដែល​សំខាន់​បំផុត​នោះ ព្រះ​អង្គ​មិន​គ្រាន់តែ​បាន​ត្រាស់ហៅ​យើង​ឲ្យ​យក​តម្រាប់​តាម​ព្រះ​យេស៊ូវ​ប៉ុណ្ណោះ​ទេ តែ​ក៏​ឲ្យ​អរ​សប្បាយ​នឹង​ភាព​ឥត​ខ្ចោះ​របស់​ព្រះ​អង្គ​ផង​ដែរ។ ព្រះ​អង្គ​តែង​តែ​អត់​ធ្មត់​ជានិច្ច។ ព្រះ​អង្គ​មិន​ដែល​ធ្វើ​ព្រងើយ ឬ​រត់ចោល​មនុស្ស​ដែល​ព្រះ​អង្គ​ថែរក្សា​នោះ​ទេ។ បាប និង​ទុក្ខ​លំបាក​របស់​អ្នក​មិន​អាច​រុញ​ច្រាន​ព្រះ​អង្គ​ឲ្យ​អស់​ការ​អត់​ធ្មត់​នោះ​ទេ។ ព្រះ​អង្គ​នៅ​តែ​អត់​ធ្មត់​ចំពោះ​អ្នក​នៅ​ថ្ងៃ​នេះ។ ព្រះ​អង្គ​ជា​ព្រះ​អង្គ​សង្គ្រោះ ព្រះ​ដ៏​ប្រោស​លោះ និង​ជា​គ្រូ​ដែល​តែងតែ​គង់នៅ​ជាមួយ​អ្នក និយាយ​ឲ្យ​ខ្លី​ព្រះ​អង្គ​ជា​ព្រះយេស៊ូវ​របស់​អ្នក។ 


ព្រះ​គម្ពីរ​សញ្ជឹង​គិត៖ និក្ខមនំ ៣៣:១៨-៣៤:៨
គម្រោង​អាន​ព្រះ​គម្ពីរ​រយៈ​ពេល​១ឆ្នាំ៖ ទំនុក​តម្កើង ១១៩:៨៩-១៧៦ និង​២កូរិនថូស ៥

ប្រភេទ