នំម៉ាណាប្រចាំថ្ងៃ

ព្រឹក

ការបញ្ចប់ដ៏ល្អ

ការបញ្ចប់ដ៏ល្អ

ដោយJennifer Benson Schuldt

August 27, 2025

វិវរណៈ ២១:២-៥,៩-១១
យ៉ូហានខ្ញុំ ក៏ឃើញទីក្រុងដ៏បរិសុទ្ធ គឺជាក្រុងយេរូសាឡិមថ្មី ចុះពីស្ថានសួគ៌មកអំពីព្រះ តាក់តែងដូចជាប្រពន្ធថ្មោងថ្មីតែងខ្លួនទទួលប្ដី។ វិវរណៈ ២១:២
នៅពេលល្ងាច ដែលអាកាសធាតុក្តៅល្មម ខ្ញុំបានជួបជុំមិត្តភក្តិរបស់ខ្ញុំ ក្នុងតំបន់ប្រជុំជន ក្នុងទីក្រុង។ យើងមានចិត្តរំភើបរីករាយ ពេលដែលបានដឹងថា យើងបានញាំអាហារជុំគ្នា ក្នុងភោជនីយដ្ឋាន ដែលមានការប្រគំតន្ត្រីហ្សាស នៅខាងក្រៅ ប៉ុន្តែ នៅពេលដែលយើងទៅដល់ យើងមិនអាចរកបានតុទំនេរ សម្រាប់ចូលអង្គុយញាំអាហារទេ។ យើងក៏បានចាកចេញដោយការខកចិត្ត ហើយត្រូវដើរកាត់ប្លុកអាគារជាច្រើនប្លុក ដើម្បីស្វែងរកកន្លែងញាំអាហារ។ 
នៅលើផែនដីនេះ ការខកចិត្តអាចកើតមានគ្រប់ទំហំ គ្រប់រូបភាព។ ឧទាហរណ៍ សត្វចិញ្ចឹមជាទីស្រឡាញ់បានស្លាប់។ អាជីពរបស់យើងបានបញ្ចប់។ បញ្ហាសុខភាពបានកើតមានឡើង។ ឬយើងបាត់បង់ទំនាក់ទំនងជាមួយមនុស្សជាទីស្រឡាញ់។ នៅក្នុងពេលដ៏លំបាកដូចនេះ យើងអាចរកឃើញការកម្សាន្តចិត្តរបស់ព្រះអង្គ ប៉ុន្តែ រឿងនៃជីវិតរបស់យើងមិនតែងតែមានការបញ្ចប់ដ៏រីករាយ ដូចដែលយើងចង់បាននោះឡើយ។ ទោះជាយ៉ាងណាក៏ដោយ អ្នកជឿព្រះយេស៊ូវមានសង្ឃឹមថា យើងនឹងមានជីវិតអស់កល្បជានិច្ច ដែលមានពេញដោយអំណរ។ 
កណ្ឌគម្ពីរវិវរណៈបានចែងអំពីពេលដែលព្រះទ្រង់ប្រទានការបើកសម្ដែងដ៏អស្ចារ្យ ដល់សាវ័កយ៉ូហាន។ សាវ័កយ៉ូហានបានឃើញ “ក្រុងដ៏បរិសុទ្ធ គឺជាក្រុងយេរូសាឡិមថ្មី”(២១:២)។ ទីក្រុងនេះបានបង្ហាញចេញនូវសិរីល្អរបស់ព្រះ ដោយ “តាក់តែងដូចជាប្រពន្ធថ្មោងថ្មីតែងខ្លួនទទួលប្ដី”(ខ.២)។ ព្រះទ្រង់នឹងគង់នៅក្នុងទីក្រុងនេះ ជាមួយរាស្រ្តរបស់ព្រះអង្គទាំងអស់។ ក្នុងទីក្រុងរបស់ទ្រង់មិនមានឧក្រិដ្ឋកម្ម គ្មានភាពងងឹត និងគ្មានការភ័យខ្លាច(ខ.២៥-២៧)។ គឺមានតែពន្លឺ សុខសន្តិភាព និងសុច្ឆន្ទៈដ៏ពោរពេញ។ 
នៅថ្ងៃដែលខ្ញុំជួបជុំមិត្តភក្តិញាំអាហារពេលល្ងាច ក្រោយមក យើងក៏បានដើរត្រឡប់មកក្រោយវិញ កាត់ពីមុខភោជនីយដ្ឋានដែលយើងបានចូលពីដំបូងនោះ។ ពន្លឺភ្លើងពណ៌សបានបំភ្លឺផ្លូវដើរ ហើយយើងក៏បានឈប់ ដើម្បីស្តាប់តន្ត្រីដ៏ពីរោះ ខណៈពេលដែលយើងញាំការេមយ៉ាងឆ្ងាញ់ពិសារ។ ខ្ញុំបានកំណត់ចាំពេលដ៏រីករាយនេះ នៅក្នុងចិត្ត ប៉ុន្តែ យើងដឹងថា គ្មានក្តីអំណរណាមួយ នៅលើលោកិយនេះ ដែលអាចប្រៀបផ្ទឹមនឹងការបញ្ចប់ចុងក្រោយ ដែលអ្នកជឿទាំងអស់នឹងបានអរសប្បាយ ជារៀងរហូត។—Jennifer Benson Schuldt

តើអ្នកទន្ទឹងរង់ចាំអ្វីជាងគេ នៅក្នុងផ្ទៃមេឃ និងផែនដីថ្មី? 
តើការសន្យាអំពីពេលអនាគត ដ៏រីករាយ បានលើកទឹកចិត្តអ្នកយ៉ាងណាខ្លះ? 
ឱព្រះអម្ចាស់ សូមព្រះអង្គជួយទូលបង្គំ ឲ្យមើលឃើញការឈឺចាប់របស់ទូលបង្គំ 
ដោយគិតដល់ក្តីអំណរដ៏អស់កល្បជានិច្ច ដោយដឹងថា ព្រះអង្គបានរៀបចំពេលអនាគតដែលប្រសើរជាង សម្រាប់ទូលបង្គំ។ 
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : ទំនុកដំកើង ១២០-១២២ និង ១កូរិនថូស ៩
 

ល្ងាច

ការ​ស្វែងរក​ព្រះគុណ  (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

ការ​ស្វែងរក​ព្រះគុណ (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

ដោយAlistair Begg

August 27, 2025

«ប៉ុន្តែ ណូអេ​បាន​ប្រកបដោយ​ព្រះគុណ​នៅ​ចំពោះ​ព្រះយេហូវ៉ា​វិញ»(លោកុប្បត្ដិ ៦:៨)។

អ្នក​ជឿ​ព្រះ​ជា​ទូទៅ​បាន​ចាត់​ទុក​លោក​ណូអេ ជា​មនុស្ស​មាន​កម្លាំង​ខាង​វិញ្ញាណ​ដ៏​អស្ចារ្យ និង​ជា​វីរបុរស​នៃ​សេចក្តី​ជំនឿ។ តាម​ពិត គាត់​គ្រាន់តែ​ជា​មនុស្ស​សាមញ្ញ​ប៉ុណ្ណោះ។ គាត់​ធ្វើ​ការងារ​ប្រចាំ​ថ្ងៃ​មាន​មុខ​របរ​ចិញ្ចឹម​ជីវិត និង​គ្រួសារ គឺ​គាត់​មិន​ខុសពី​អ្នក​ដទៃ​ទេ។

មុន​ពេល​ព្រះ​គម្ពីរប៊ីប​ពិពណ៌នា​អំពី​រឿង​របស់​លោក ណូអេ មាន​សេចក្តី​ចែងថា «ព្រះយេហូវ៉ា​ទ្រង់​ឃើញថា ការ​អាក្រក់​របស់​មនុស្ស​បាន​ចម្រើន​ជា​ច្រើន​ឡើង​នៅ​ផែនដី ហើយ​អស់​ទាំង​គំនិត​ក្នុង​ចិត្ត​គេ​ក៏​សុទ្ធតែ​អាក្រក់​ជានិច្ច​ដូច្នោះ នោះ​ព្រះយេហូវ៉ា​ទ្រង់​ស្តាយ ដោយ​បាន​បង្កើត​មនុស្ស​មក​នៅ​លើ​ផែនដី ហើយ​ទ្រង់​មាន​ព្រះហឫទ័យ​ព្រួយ»(លោកុប្បត្ដិ ៦:៥-៦)។ ត្រង់​ចំណុច​នេះ ព្រះ​អង្គ​បាន​មាន​បន្ទូល​អំពី​មនុស្ស​ទាំង​អស់​នៅ​ផែនដី ដែល​មាន​ការ​អាក្រក់​កើន​ឡើង ដោយ​រាប់​បញ្ចូល​ទាំង​លោក​ណូអេ​ផង​ដែរ។

ព្រះ​អង្គ​មាន​បន្ទូល​ច្បាស់​ថា មនុស្ស​ទាំង​អស់​បាន​ប្រព្រឹត្ត​អំពើបាប។ យើង​សុទ្ធតែ​បាន​ដាច់​ចេញពី​ព្រះ ហើយ​ត្រូវ​ប្រឈម​មុខ​ដាក់​ការ​ជំនុំជម្រះ។ ព្រះ​គម្ពីរ​ក៏បាន​ប្រើ​ពាក្យ​ថា «ប៉ុន្តែ លោក​ណូអេ...»។ បាន​សេចក្តី​ថា ដោយសារ​ព្រះគុណ​ព្រះ ធាតុ​ពិត​នៃ​អំពើបាប និង​ការ​ជំនុំជម្រះ តែងតែ​មាន​ដំណោះ​ស្រាយ ដោយ​ព្រះ​អង្គ​ប្រើ​ពាក្យ «ប៉ុន្តែ»។ ព្រះ​អង្គ​បាន​ប្រទាន​ព្រះគុណ​ដល់​លោក ណូអេ ដោយ​មិន​បាន​ពន្យល់ ហើយ​គាត់​ក៏​មិន​សមនឹង​ទទួល​ដែរ។ ការ​នេះ​បាន​ញែក​គាត់​ឲ្យ​ដាច់​ពី​មនុស្ស​ជាតិ​ទាំងមូល។ ព្រះ​អង្គ​បាន​ជ្រើសរើស​លោក ណូអេ និង​ក្រុម​គ្រួសារ​របស់​គាត់​ឲ្យ​ធ្វើ​ជា​អ្នក​ទទួល​ព្រះគុណ​ព្រះ​អង្គ ដោយ​បង្កើត​ទំនាក់​ទំនងជា​មួយ​គាត់ ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក។ ដោយសារ​ព្រះគុណ​ព្រះ​អង្គ លោក ណូអេ ក៏បាន​ក្លាយ​ជា «មនុស្ស​សុចរិត» ដែល​បាន «ដើរ​ជាមួយ​ព្រះ»(លោកុប្បត្ដិ ៦:៩)។

លោក ណូអេ មិន​អាច​ទាមទារ​អ្វី​ពី​ព្រះ​បាន​ទេ។ ព្រះ​អង្គ​បាន​ធ្វើ​អន្តរាគមន៍​ក្នុង​ជីវិត​លោក ណូអេ តែ​ម្តង ដោយ​មិន​បាន​បញ្ជាក់​អំពី​គុណ​ធម៌​របស់​គាត់ ទោះ​កាលៈទេសៈ​មិន​សម​ទំនង​ក៏ដោយ។ មនុស្ស​ជា​ច្រើន​យល់​ឃើញថា ព្រះ​គម្ពីរ​សញ្ញា​ចាស់​មិន​បាន​និយាយ​អំពី​ព្រះគុណ​ព្រះ​ទេ ពួក​គេ​ថា នៅ​សម័យ​នោះ គេ​និយាយ​តែ​អំពី​ភ្លើង​ឆេះ​ជា​មួយ​ស្ពាន់ធ័រ ក្រឹត្យ​វិន័យ និង​ការ​ជំនុំជម្រះ ហើយ​ទាល់តែ​ដល់​សម័យ​ព្រះយេស៊ូវ ទើប​ព្រះ​អង្គ​ចាប់​ផ្តើម​បង្ហាញ​ព្រះគុណ។ ទោះជា​យ៉ាងណា​ក៏ដោយ តាម​ពិត​ព្រះ​អង្គ​មិន​គ្រាន់តែ​បាន​បង្ហាញ​ព្រះគុណ មុន​ពេល​ព្រះ​អង្គ​បង្កើត​របស់​សព្វ​សារពើ តែ​ក៏បាន​បង្ហាញ​ព្រះគុណ​នៅ​ក្នុង​ការ​ជំនុំជម្រះ ក្នុង​ប្រវត្តិសាស្ត្រ និង​គ្រប់​ទំព័រ​ទាំង​អស់​ក្នុង​ព្រះ​គម្ពីរប៊ីប។

ហើយ​ព្រះគុណ​របស់​ព្រះ​បាន​ធ្វើ​ការ​ក្នុង​ព្រះ​គម្ពីរប៊ីប​ទាំងមូល។ លោក ណូអេ បាន​ធ្វើ​ទូក ដោយ​ការ​ស្តាប់​បង្គាប់​តាម​ព្រះបន្ទូល​ព្រះ នៅពេល​ដែល​គាត់​មិន​អាច​ទុកចិត្ត​អ្វី​ផ្សេង​ក្រៅ​ពី​ព្រះបន្ទូល​ព្រះ។ ពេលណា​យើង​ដក​ពិសោធន៍​ជាមួយ​ព្រះគុណ​យ៉ាង​ពេញលេញ ព្រះគុណ​បន្ទាប​ខ្លួន​យើង​ចុះ ហើយ​លើក​តម្កើង​ព្រះ។ ព្រះគុណ​ធ្វើ​ឲ្យ​យើង​ដឹង​ថា ជីវិត​យើង​រស់នៅ គឺ​សម្រាប់​ព្រះ​អង្គ និង​សេចក្តី​សប្បុរស​របស់​ព្រះ​អង្គ ចំពោះ​យើង។ ព្រះ​គុណ​បណ្តាល​ចិត្ត​យើង​ឲ្យ​ទុកចិត្ត​ព្រះបន្ទូល​ព្រះ​អង្គ ហើយ​ស្តាប់​បង្គាប់​ព្រះ​រាជ​បញ្ជា​របស់​ព្រះ​អង្គ។

សេចក្តី​សប្បុរស និង​សេចក្តី​ស្រឡាញ់ ដែល​ព្រះ​អង្គ​បាន​ប្រទាន​មក មិន​ផ្អែក​ទៅលើ​ការ​ប្រព្រឹត្ត​របស់​យើង​ឡើយ ហើយ​បាន​ធ្វើ​ឲ្យ​យើង​មាន​ភាព​ខុស​ប្លែក​ពី​វប្បធម៌​ក្នុង​លោកីយ៍ ក៏​ដូចជា​ធ្វើ​ឲ្យ​លោក ណូអេ មាន​លក្ខណៈ​ពិសេស​ខុសពី​មនុស្ស​ក្នុង​សម័យ​របស់​គាត់។ ហេតុ​នេះ​ហើយ ចូរ​យើង​ប្រុង​ប្រយ័ត្ន ដើម្បី​កុំ​ឲ្យ​មាន​អំនួត​ខាង​វិញ្ញាណ ក៏​ដូចជា​កុំ​ឲ្យ​មាន​ការ​បន្ថែម​បន្ថយ​សេចក្តី​ពិត​តាម​លោកីយ៍​នោះ​ឡើយ។ គ្មាន​មនុស្ស​ណា​ម្នាក់​ដែល​មាន​ប្រាជ្ញា​ល្មម​នឹង​អាច​យល់​អំពី​សេចក្តី​សង្គ្រោះ ឬ​មាន​លក្ខណសម្បត្តិ​ល្អ​គ្រប់​គ្រាន់​ល្មម​នឹង​អាច​ស្គាល់​ក្តី​អំណរ​នៃ​សេចក្តី​សង្គ្រោះ​បានទេ។ យើង​សុទ្ធតែ​មិន​សមនឹង​ទទួល​សេចក្តី​សង្គ្រោះ ប៉ុន្តែ​ព្រះ​អង្គ​បាន​ប្រទាន​ដំណោះ​ស្រាយ។ ទាល់តែ​ព្រះគុណ​របស់​ព្រះ​បាន​គ្រប់​គ្រង​ចិត្ត​របស់​យើង ទើប​យើង​អាច​ដើរ ដូច​លោក ណូអេ តាម​ផ្លូវ​របស់​ព្រះអាទិករ ជាជាង​តាម​ផ្លូវ​របស់​លោកីយ៍ ហើយ​រស់នៅ​ដោយ​ការ​បន្ទាប​ខ្លួន​ស្តាប់​បង្គាប់ និង​មាន​ក្តី​សង្ឃឹម​ដែល​មាន​ទំនុក​ចិត្ត។ មានតែ​ព្រះគុណ​ទេ ដែល​អាច​ធ្វើ​ដូច​នេះ​បាន។ 


ព្រះ​គម្ពីរ​សញ្ជឹង​គិត៖ លោកុប្បត្ដិ ៦
គម្រោង​អាន​ព្រះ​គម្ពីរ​រយៈ​ពេល​១ឆ្នាំ៖ ទំនុក​តម្កើង ១២០-១២២ និង​២កូរិនថូស ៦
 

ប្រភេទ