
ព្រះនាមខុសពីព្រះដទៃ (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)
ដោយAlistair Begg
August 29, 2025
«ត្រូវឲ្យទាំងអស់សរសើរដល់ព្រះនាមព្រះយេហូវ៉ាចុះ ដ្បិតមានតែព្រះនាមទ្រង់១ ដែលខ្ពស់ប្រសើរ សិរីល្អនៃទ្រង់ខ្ពស់ជាងផែនដី និងផ្ទៃមេឃទៅទៀត»(ទំនុកតម្កើង ១៤៨:១៣)។
ព្រះទ្រង់បានឲ្យយើងស្គាល់ព្រះអង្គ ដោយឲ្យយើងស្គាល់ព្រះនាមព្រះអង្គ។ ពេលណាយើងគិតអំពីព្រះនាមរបស់ព្រះ យើងគួរតែគិតអំពីលក្ខណៈរបស់ព្រះអង្គ ដែលជាចរិតលក្ខណៈ និងលក្ខណសម្បត្តិរបស់ព្រះអង្គ។ ព្រះនាមព្រះអង្គបង្ហាញឲ្យយើងដឹងថា ព្រះអង្គពិសេសខុសពីមនុស្សម្នាក់ៗ និងអ្វីៗគ្រប់យ៉ាង និងជាតំណាងឲ្យអត្តសញ្ញាណរបស់ព្រះអង្គទាំងស្រុង។
កាលព្រះអង្គជួបជាមួយលោក ម៉ូសេ នៅកន្លែងដែលមានគុម្ពបន្លាឆេះ ដូចដែលមានចែងក្នុងបទគម្ពីរនិក្ខមនំ ជំពូក៣ គឺបានឆ្លុះបញ្ចាំងអំពីទំនាក់ទំនងរវាងព្រះនាមព្រះ និងចរិតលក្ខណៈរបស់ព្រះអង្គ។ នៅពេលដែលលោក ម៉ូសេ ចូលទៅជិតគុម្ពបន្លា ព្រះអង្គបានបង្គាប់គាត់ឲ្យដោះស្បែកជើង ព្រោះគាត់កំពុងឈរនៅក្នុងកន្លែងបរិសុទ្ធ។ នៅក្នុងការសន្ទនានៅពេលនោះ បន្ទាប់ពីព្រះអង្គបង្គាប់គាត់ឲ្យទៅគាល់ស្តេច ផារ៉ោន ដើម្បីទាមទារឲ្យទ្រង់ដោះលែងប្រជាជនអ៊ីស្រាអែល លោក ម៉ូសេ ក៏បានទូលសួរព្រះអង្គថា «មើល កាលណាទូលបង្គំទៅប្រាប់ពួកកូនចៅអ៊ីស្រាអែលថា ព្រះនៃឰយុកោអ្នករាល់គ្នាទ្រង់បានចាត់ខ្ញុំឲ្យមកឯអ្នករាល់គ្នា ហើយគេសួរទូលបង្គំថា តើព្រះទ្រង់ព្រះនាមជាអ្វី នោះតើត្រូវឲ្យទូលបង្គំប្រាប់គេថាដូចម្តេច? ព្រះទ្រង់មានព្រះបន្ទូលទៅលោក ម៉ូសេ ថា «អញជាព្រះដ៏ជាព្រះ រួចទ្រង់មានព្រះបន្ទូលទៀតថា ឯងត្រូវឆ្លើយប្រាប់ដល់ពួកកូនចៅអ៊ីស្រាអែលដូច្នេះថា ព្រះដ៏ជាព្រះទ្រង់បានចាត់ឲ្យខ្ញុំមកឯអ្នករាល់គ្នា»(និក្ខមនំ ៣:១៣-១៤)។
ព្រះមានបន្ទូលថា «អញគឺជា» ដើម្បីប្រាប់ព្រះនាមព្រះអង្គ។ នៅក្នុងការប្រើពាក្យនេះ ព្រះអង្គបានបង្ហាញភាពខុសគ្នារវាងព្រះអង្គនឹងព្រះក្លែងក្លាយ ដែលពួកគេត្រូវប្រើពាក្យថា «អញមិនមែនជា»។ រូបព្រះទាំងនោះជាវត្ថុដែលដៃមនុស្សបានបង្កើត ឬក្នុងពេលសព្វថ្ងៃ រូបព្រះច្រើនតែមានក្នុងចិត្តយើង។ ជាងបានឆ្លាក់ពួកវាទាំងនោះពីឈើ ថ្ម ឬភ្លក់ដំរី ហើយដាក់នៅលើអាសនៈ។ ទោះជាយ៉ាងណាក៏ដោយ ពួកវាដួលរំលំ ដោយជៀសមិនរួច ហើយត្រូវការឲ្យគេកសាងជាថ្មី។ រូបពួកវាទាមទារការបម្រើរបស់យើង តែមិនអាចជួយសង្គ្រោះយើងបានទេ។ ពួកវាមិនដែលធ្វើតាមការសន្យារបស់ពួកវាបានទេ។
ប៉ុន្តែ សម្រាប់ព្រះអាទិករនៃចុងបំផុតរបស់ផែនដី គេមានហេតុផលគ្រប់គ្រាន់ដែលត្រូវដឹងថា ព្រះអង្គជាព្រះដ៏ជាព្រះ ដ្បិតព្រះអង្គមិនដូចព្រះដទៃទេ។ គ្មាននរណាបង្កើតព្រះអង្គទេ។ ព្រះអង្គមានស្រាប់ ដោយខ្លួនឯង។ ព្រះអង្គក៏បំពេញឲ្យខ្លួនឯង យ៉ាងពេញលេញ។ ព្រះអង្គមិនត្រូវការនរណាម្នាក់ ឬអ្វីមួយទេ។ អ្វីដែលព្រះអង្គតែងតែមានពីដើមមក ព្រះអង្គក៏នៅតែមាន។ ព្រះអង្គមិនមានការចាប់ផ្តើម ហើយក៏គ្មានទីបញ្ចប់។ ព្រះអង្គធ្វើតាមព្រះបន្ទូលសន្យាទាំងអស់។ ព្រះអង្គជាព្រះដែលមានព្រះជន្ម និងអំណាចទ្រង់គ្មានដែនកំណត់។
យើងត្រូវលើកតម្កើងព្រះនាមព្រះអង្គ គឺព្រះនាមព្រះអង្គតែមួយ ដ្បិតព្រះអង្គបានបង្កើតយើងមក ដើម្បីមូលហេតុនេះឯង។ យើងរាល់គ្នាមានបញ្ហាប្រឈម ក្នុងជម្នះការល្បួងឲ្យថ្វាយបង្គំរូបព្រះ ដែលយើងបង្កើត ដោយគោរពបូជា ព្រោះយើងគិតស្មានថា ពួកវាអាចនាំមកនូវជីវិត។ ប៉ុន្តែ បើយើងថ្វាយបង្គំព្រះពិត តាមដែលសមគួរ នោះរូបព្រះរបស់យើងត្រូវតែដួលផ្កាប់មុខនៅពីមុខព្រះអង្គ។ ព្រះអង្គជាព្រះអាទិករតែមួយ ជាព្រះពិតតែមួយ ដែលគ្រប់គ្រងស្ថានសួគ៌ និងផែនដី។
ព្រះគម្ពីរសញ្ជឹងគិត៖ អេសាយ ៤៦:៣-១១
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ៖ ទំនុកតម្កើង ១២៦-១២៨ និង២កូរិនថូស ៨