
តើព្រះបានរាប់យើងជាសុចរិតដូចម្តេចខ្លះ? (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)
ដោយAlistair Begg
August 31, 2025
«ប៉ុន្តែ សេចក្តីអ្វីដែលមានប្រយោជន៍ដល់ខ្ញុំពីមុន នោះខ្ញុំបានរាប់ជាខាតវិញ ដោយព្រោះព្រះគ្រីស្ទ... ដោយស្គាល់ព្រះគ្រីស្ទយេស៊ូវ ជាព្រះអម្ចាស់នៃខ្ញុំ ដែលដោយយល់ដល់ទ្រង់ ខ្ញុំបានខាតគ្រប់ទាំងអស់ ហើយបានរាប់ទាំងអស់ទុកដូចជាសំរាម ប្រយោជន៍ឲ្យបានព្រះគ្រីស្ទវិញ ហើយឲ្យគេបានឃើញខ្ញុំនៅក្នុងទ្រង់»(ភីលីព ៣:៧-៩)។
មានពេលច្រើនដងពេកហើយ ដែលជីវិតរបស់យើងខ្វល់ខ្វាយអំពីការអ្វីដែលយើងត្រូវធ្វើ ដើម្បីចូលចំណោមគេចុះ ឬដើម្បីឲ្យគេស្វាគមន៍យើង។ «តើយើងត្រូវធ្វើដូចម្តេច ដើម្បីឲ្យអាចចូលរៀនក្នុងសាលារៀននោះបាន? ដើម្បីឲ្យសង្គមរាប់រកយើង? ដើម្បីឲ្យយើងក្លាយជាមេគេ?» យ៉ាងណាមិញ ធម្មជាតិរបស់មនុស្សពីកំណើតមក ក៏មានចម្ងល់ដូចនេះផងដែរ អំពីការពិតខាងវិញ្ញាណ៖ «តើត្រូវឲ្យខ្ញុំធ្វើដូចម្តេច ឲ្យបានជីវិតរស់អស់កល្បជានិច្ច»(លូកា ១៨:១៨)។
ជាញឹកញាប់ យើងពឹងផ្អែកលើសកម្មភាពដែលយើងធ្វើជាប្រចាំ ដូចជា ការទៅព្រះវិហារ ការអធិស្ឋាន និងការអានព្រះគម្ពីរប៊ីប។ យើងមានទំនុកចិត្ត ពេលយើងបានអនុវត្តជាទៀងទាត់ តែយើងមានអារម្មណ៍ថាមានកំហុស ពេលយើងមិនបានអនុវត្ត។ យើងមើលឃើញក្រឹត្យវិន័យរបស់ព្រះជាកាំជណ្តើរ ដែលយើងអាចឡើងទៅរកការទទួលស្គាល់របស់ព្រះ។
មុនពេលសាវ័ក ប៉ុល រៀបរាប់អំពីការខាតបង់ក្នុងបទគម្ពីរនេះ គាត់បាននិយាយអំពី «អ្វីៗដែលគាត់ទទួលបាន» ក្នុងជីវិតគាត់ ដែលគាត់ទទួលបានជាមរតក ក៏ដូចជារកបានដោយសមត្ថភាពខ្លួនឯង ដោយសារគាត់មានឯកសិទ្ធិពីកំណើត ក៏ដូចជាមានការអប់រំខ្ពង់ខ្ពស់។ គេមិនចាំបាច់ត្រូវសួរគាត់អំពីវង្សត្រកូលដែលគាត់មានពីកំណើតឡើយ។ ត្រង់ចំណុចនេះសាវ័ក ប៉ុល ចង់មានន័យថា បើព្រះទ្រង់ទទួលយកមនុស្សទាំងអស់ ដោយសារកត្តាទាំងអស់នេះ នោះយើងអាចដឹងថា គាត់មានភាពសក្ដិសមគ្រប់យ៉ាងហើយ តើគាត់មិនបានធ្វើតាមក្រឹត្យវិន័យ និងធ្វើកិច្ចការខាងវិញ្ញាណបានយ៉ាងល្អិតល្អន់ហើយទេឬ?
សាវ័ក ប៉ុល ធ្លាប់គិតថា គាត់គឺជាអ្នកមហាសេដ្ឋីខាងវិញ្ញាណ។ គាត់ធ្លាប់គិតថា គាត់មានភាពបរិសុទ្ធក្នុងកម្រិតខ្ពស់។ ប៉ុន្តែ ថ្ងៃមួយការយល់ឃើញនេះបានផ្លាស់ប្តូរទាំងស្រុង។ ក្នុងការធ្វើដំណើរពីទីក្រុងយេរូសាឡិមទៅទីក្រុងដាម៉ាស គាត់ក៏បានដឹងថា គាត់មានការក្ស័យធនខាងវិញ្ញាណ ពោលគឺមិនទាំងបានធ្វើដំណើរឆ្ពោះទៅរកសេចក្តីបរិសុទ្ធផងដែរ។ តើសាវ័ក ប៉ុល សង្ឃឹមអ្វី? នៅតាមផ្លូវ គាត់ក៏បានជួបព្រះយេស៊ូវ ដែលបានសុគតនៅលើឈើឆ្កាង និងមានព្រះជន្មរស់ឡើងវិញ (កិច្ចការ ៩:១-១៩) ហើយគាត់ក៏បានយល់គោលលទ្ធិនៃការរាប់ជាសុចរិត ដែលក្នុងនោះព្រះទ្រង់ប្រកាសថា មនុស្សមានបាបបានក្លាយជាសុចរិត ផ្អែកទៅលើព្រះរាជកិច្ចដែលព្រះរាជបុត្រារបស់ព្រះអង្គសម្រេចបាន។
ក្រឹត្យវិន័យរបស់ព្រះមានភាពខុសប្លែកពីកាំជណ្តើរឆ្ងាយណាស់ តែមានលក្ខណៈដូចកញ្ចក់ជាងត្រង់ចំណុចដែលថា ក្រឹត្យវិន័យបង្ហាញឲ្យយើងដឹងថា យើងបានធ្វើខុស ហើយមិនអាចលុបលាងកំហុសខ្លួនឯងបានទេ។ អ្វីៗដែលយើងសម្រេចបានកាលពីមុន ឥឡូវនេះបានក្លាយជាការខាតបង់ គឺជាការបរាជ័យ។
តើធ្វើដូចម្តេចឲ្យអ្នកដឹងថា ព្រះគ្រីស្ទទទួលយកអ្នក? ព្រះអង្គទទួលយក មិនមែនដោយសារអ្នកចូលមករកព្រះអង្គដោយសេចក្តីសុចរិតដែលអ្នកសម្រេចបាននោះទេ តែផ្ទុយទៅវិញ គឺដោយសារបាបរបស់អ្នកត្រូវបានផ្ទេរទៅព្រះអង្គដែលមិនមានបាបសោះ បានត្រឡប់ជាតួបាបជំនួសយើងរាល់គ្នាវិញ ដើម្បីឲ្យយើងរាល់គ្នាបានទទួលសេចក្តីសុចរិតដ៏ឥតខ្ចោះរបស់ព្រះ (២កូរិនថូស ៥:២១)។ អ្នកមិនអាចបន្ថែម ឬបន្ថយការរាប់សេចក្តីសុចរិតដែលព្រះអង្គបានប្រទានឡើយ។ ការរាប់ជាសុចរិតមានភាពពេញលេញ ព្រោះព្រះទ្រង់ប្រទានសេចក្តីសុចរិតរបស់ព្រះគ្រីស្ទដល់អ្នកជឿ ហើយក៏បានចប់សព្វគ្រប់ ដោយសារការរាប់ជាសុចរិតបានពឹងផ្អែកទាំងស្រុងទៅលើអំណោយរបស់ព្រះ ដែលជាព្រះរាជបុត្រា។ ពេលណាអ្នកដឹងថា អ្នកមិនអាចបាត់បង់ផ្លូវចូលទៅរកជីវិតអស់កល្ប នោះអ្នកក៏ត្រៀមខ្លួនជាស្រេច ដើម្បីលះបង់អ្វីៗផ្សេងទៀត ថ្វាយព្រះដែលបានប្រទានផ្លូវនោះមក។ ពោលគឺអ្នកអាចលះបង់កេរ្តិ៍ឈ្មោះ ឋានៈ បុណ្យសក្តិ និងទ្រព្យសម្បត្តិ។ អ្វីក៏ដោយដែលអ្នកធ្លាប់គិតថា អ្នកសម្រេចបាន នោះអ្នកអាចចាត់ទុកពួកវាជាខាតវិញ ដោយអំណរ។ អ្នកបានស្ម័គ្រចិត្តលះបង់ជីវិតថ្វាយព្រះគ្រីស្ទ ព្រោះអ្នកដឹងថា តាមរយៈព្រះគ្រីស្ទអ្នករកបានជីវិតពិត។ តើមានអ្វីដែលអ្នកពិបាកលះបង់ដើម្បីព្រះគ្រីស្ទ? ចូរឲ្យការរាប់ជាសុចរិត បានបណ្តាលចិត្តឲ្យអ្នកស្តាប់បង្គាប់ព្រះអង្គអស់ពីចិត្ត។
ព្រះគម្ពីរសញ្ជឹងគិត៖ កិច្ចការ ២៦:១-២៩
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ៖ ទំនុកតម្កើង ១៣៣-១៣៤, និង២កូរិនថូស ១០