
ការរៀបចំរបស់ព្រះសម្រាប់ទំនាក់ទំនងក្នុងជីវិតអាពាហ៍ពិពាហ៍ (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)
ដោយAlistair Begg
September 4, 2025
«ដោយហេតុនោះ បានជាមនុស្សប្រុសនឹងលាចេញពីឪពុកម្តាយខ្លួន ទៅនៅជាប់នឹងប្រពន្ធវិញ ហើយអ្នកទាំង២នោះនឹងត្រឡប់ជាសាច់តែ១សុទ្ធ រីឯអ័ដាម នឹងប្រពន្ធគាត់ក៏នៅជាអាក្រាតទទេ ឥតមានសេចក្តីអៀនខ្មាសឡើយ» (លោកុប្បត្ដិ ២:២៤-២៥)។
ទំនាក់ទំនងក្នុងជីវិតអាពាហ៍ពិពាហ៍គឺជាអំណោយដែលព្រះបានប្រទាន ដែលយើងបានធ្វើឲ្យប្រឡាក់ដោយអំពើបាបរបស់យើង។ បទគម្ពីរខាងលើនេះបានពិពណ៌នាអំពីភាពជាដៃគូនៃសេចក្តីស្រឡាញ់ ដែលមានការទុកចិត្តគ្នា គ្មានក្តីអាម៉ាស់ និងមានការរួបរួមដ៏ឥតខ្ចោះ។ គួរឲ្យស្តាយណាស់ ក្នុងការរស់នៅក្នុងលោកីយ៍ដែលមានបាប យើងសង្កេតឃើញថា ទំនាក់ទំនងប្តីប្រពន្ធដែលល្អដូចនេះ ឃើញមានតែនៅក្នុងខ្សែភាពយន្តប៉ុណ្ណោះ។ យើងមាននិស្ស័យសាច់ឈាមពីកំណើត ដែលធ្វើឲ្យខូចអ្វីៗដែលព្រះបានបង្កើត ដើម្បីប្រយោជន៍យើង និងដើម្បីសិរីល្អរបស់ព្រះអង្គបណ្តាលឲ្យសម្រស់ និងការអរសប្បាយក្នុងទំនាក់ទំនងប្តីប្រពន្ធបាត់បង់។ នេះជាសោកនាដកម្មនៃអំពើបាបរបស់មនុស្ស។ ប៉ុន្តែ យើងមានសង្ឃឹម! សម្រាប់អ្នកជឿ ព្រះវិញ្ញាណរបស់ព្រះជួយយើងឲ្យពិចារណាអំពីទំនាក់ទំនងប្តីប្រពន្ធ ស្របតាមការរៀបចំរបស់ព្រះអង្គ។
ជាដំបូង យើងត្រូវទទួលស្គាល់ថា នៅក្រៅព្រះគ្រីស្ទ បុរសនិងស្ត្រីសុទ្ធតែបះបោរប្រឆាំងគោលបំណងរបស់ព្រះអង្គ មិនមែនដោយសារយើងគ្រាន់តែមានការភាន់ច្រឡំអំពីលក្ខណៈនៃទំនាក់ទំនងប្តីប្រពន្ធនោះទេ ប៉ុន្តែសេចក្តីប៉ងប្រាថ្នាខាងឯបាបរបស់យើងទាស់ប្រឆាំងទាំងស្រុងចំពោះសេចក្តីពិតដែលយើងពិតជាបានយល់។ មនុស្សជាច្រើនតែយល់ឃើញថា ទំនាក់ទំនងប្តីប្រពន្ធដែលព្រះគម្ពីរបានផ្តល់ឲ្យ គឺជាទ្រុង ជាការរឹតត្បិត ឬជាការប្រឌិតរបស់មនុស្សតាំងពីយូរមកហើយ ជាសំណល់ដែលគ្មានប្រយោជន៍ ពីមនុស្សជំនាន់មុន។ បើយើងមើលឃើញការរៀបចំរបស់ព្រះ ដោយទស្សនៈដូចនេះ គឺដោយសារយើងមានផ្នត់គំនិតដែលចង់និយាយថា «ខ្ញុំមិនចូលចិត្តផែនការរបស់ព្រះ។ ខ្ញុំនឹងធ្វើកិច្ចការនេះតាមផ្លូវរបស់ខ្ញុំ»។
ទោះជាយ៉ាងណាក៏ដោយ ពេលណាយើងរួបរួមជាមួយព្រះគ្រីស្ទ ព្រះទ្រង់ជួយឲ្យយើងអាចមានការយល់ដឹងត្រឹមត្រូវអំពីទំនាក់ទំនងប្តីប្រពន្ធ តាមការរៀបចំរបស់ព្រះអង្គ។ ទោះរដ្ឋាភិបាលបានបង្កើតច្បាប់ដូចម្តេចក៏ដោយ ក៏ព្រះគម្ពីរបានចែងច្បាស់ថា ទំនាក់ទំនងប្តីប្រពន្ធណាដែលមិនមែនជាប្តីមួយប្រពន្ធមួយរវាងបុរស និងស្ត្រីមិនអាច និងមិនមែនជាទំនាក់ទំនងប្តីប្រពន្ធនៅចំពោះព្រះទេ ព្រោះព្រះអង្គបានរៀបចំឲ្យទំនាក់ទំនងប្តីប្រពន្ធមានលក្ខណៈប្តីមួយប្រពន្ធមួយតាំងពីដំបូងមក។
ព្រះយេស៊ូវបានមានបន្ទូលបញ្ជាក់អំពីការពិពណ៌នារបស់បទគម្ពីរលោកុប្បត្ដិជំពូក២ អំពីទំនាក់ទំនងប្តីប្រពន្ធបានបង្ហាញថា ចាប់តាំងពីដើមមករហូតមកដល់ពេលសព្វថ្ងៃ គ្មានអ្វីផ្លាស់ប្តូរការរៀបចំរបស់ព្រះអង្គឡើយ (ម៉ាថាយ ១៩:៤-៦)។ យើងមិនត្រូវបន្ថែមបន្ថយ ឬកែសម្រួលព្រះគម្ពីរឲ្យត្រូវនឹងចរន្តសង្គម ដែលបានឲ្យនិយមន័យខុសឆ្គងអំពីទំនាក់ទំនងអាពាហ៍ពិពាហ៍ឡើយ។
ទោះគំរូដែលព្រះទ្រង់បានប្រទានសម្រាប់ទំនាក់ទំនងប្តីប្រពន្ធស្របតាមព្រះគម្ពីរ អាចទទួលរងការមើលងាយពីលោកីយ៍ដែលមានបាបក៏ដោយ បើយើងជឿថា ព្រះគម្ពីរជាសៀវភៅដែលផ្ទុកដោយព្រះបន្ទូលព្រះ នោះយើងក៏នឹងប្រកាន់ខ្ជាប់តាមការបង្រៀនក្នុងព្រះគម្ពីរ ក្នុងរបៀបដែលយើងសម្រេចចិត្តរៀបចំជីវិតយើងឲ្យមានរបៀប និងក្នុងរបៀបដែលយើងនិយាយ និងអធិស្ឋានឲ្យទំនាក់ទំនងរបស់អ្នកដទៃ។ ក្នុងនាមយើងជាអ្នកជឿ យើងត្រូវទទួលស្គាល់ថា ព្រះទ្រង់យកព្រះទ័យទុកដាក់ចំពោះទំនាក់ទំនងប្តីប្រពន្ធ ក្នុងវប្បធម៌ទាំងអស់ និងគ្រប់សម័យកាល ដើម្បីឲ្យពួកគេបានឆ្លុះបញ្ចាំងអំពីសេចក្តីស្រឡាញ់ និងការប្ដេជ្ញាព្រះទ័យដែលព្រះគ្រីស្ទមានចំពោះរាស្ត្រព្រះអង្គ (អេភេសូរ ៥:២២-២៥)។ ហើយយើងត្រូវតែចាំថា ព្រះយេស៊ូវបានយាងមក ដើម្បីធ្វើឲ្យអ្វីៗថ្មីឡើង និងជួសជុលអ្វីៗទាំងអស់ដែលបានប្រេះបែក និងខូចទ្រង់ទ្រាយដើមដោយសារការធ្លាក់ចូលអំពើបាប។ មានតែនៅក្នុង និងតាមរយៈព្រះគ្រីស្ទទេ ដែលយើងអាចមានទស្សនៈត្រឹមត្រូវ អំពីទំនាក់ទំនងប្តីប្រពន្ធស្របតាមគំរូ និងផែនការរបស់ព្រះ។ ព្រះអង្គបានអញ្ជើញយើងឲ្យបន្ទាបចិត្តរបស់យើង នៅក្រោមការរចនារបស់ព្រះអង្គដែលល្អលើសអ្វីទាំងអស់ជាជាងរស់នៅតាមផ្លូវរបស់យើង។ សម្រាប់អ្នកខ្លះ ព្រះអង្គបានត្រាស់ហៅពួកគេឲ្យធ្វើការលះបង់ផ្ទាល់ខ្លួន ដើម្បីស្តាប់បង្គាប់ព្រះរាជបញ្ជារបស់ព្រះនៅក្នុងទំនាក់ទំនងប្តីប្រពន្ធ។ សម្រាប់មនុស្សទាំងអស់កំពុងរស់នៅក្នុងសតវត្សរ៍ទី២១ ព្រះអង្គបានត្រាស់ហៅឲ្យយើងប្រកាន់គោលជំហរតាមផ្លូវរបស់ព្រះ នៅចំពោះមុខរបស់មនុស្សក្នុងលោកីយ៍។ ក្នុងបរិបទ ឬកាលៈទេសៈរបស់អ្នក តើអ្នកអាចគិត និយាយ និងប្រព្រឹត្តយ៉ាងដូចម្តេចខ្លះ ដើម្បីឆ្លុះបញ្ចាំងអំពីការរៀបចំរបស់ព្រះសម្រាប់ទំនាក់ទំនងប្តីប្រពន្ធ?
ខគម្ពីរសញ្ជឹងគិត៖ លោកុប្បត្ដិ ២
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ៖ ទំនុកតម្កើង ១៤៣-១៤៥ និង២កូរិនថូស ១៣