
ការតស៊ូក្នុងការរង់ចាំ
ដោយTom Felten
September 4, 2025
អែសរ៉ា ៧:៦-១១,២៧-២៨
ពីព្រោះអែសរ៉ាបានតាំងចិត្តស្វែងរកក្នុងក្រិត្យវិន័យរបស់ព្រះយេហូវ៉ា។ អែសរ៉ា ៧:១០
គេបានក្រោកឈរទះដៃ អបអរអ្នកស្រី គីនី ហ៊ីសឡប(GINNIE HISLOP) នៅពេលដែលគាត់ទទួលសញ្ញាប័ត្រអនុបណ្ឌិត នៅឆ្នាំ២០២៤។ តើហេតុអ្វី? រឿងនេះបានកើតឡើង បន្ទាប់ពីគាត់បានបញ្ចប់មុខវិជ្ជាទាំងអស់ក្នុងការសិក្សា កាលពី៨៤ឆ្នាំមុន។ កាលពីឆ្នាំ១៩៤១ គាត់គ្រាន់តែចាំបាច់ត្រូវសរសេរនិក្ខេបបទយកទៅឲ្យគ្រូប៉ុណ្ណោះ គឺគាត់អាចបញ្ចប់ការសិក្សាហើយ ប៉ុន្តែ នៅសម័យនោះ លោកចច(GEORGE) ដែលជាមិត្តប្រុសរបស់គាត់ ស្រាប់តែត្រូវគេហៅឲ្យទៅធ្វើទាហាន ក្នុងសង្គ្រាមលោកលើកទី២។ អ្នកទាំងពីរក៏បានប្រញាប់រៀបការ និងផ្លាស់ទៅរស់នៅក្នុងបន្ទាយទាហាននៅទ្វីបអឺរ៉ុប ធ្វើឲ្យគាត់ត្រូវទុកចោលការសិក្សាដែលស្ទើរតែបានបញ្ចប់។ ប៉ុន្តែ បន្ទាប់ពីការផ្អាកការសិក្សាអស់រយៈពេលយ៉ាងយូរ ទីបំផុត គាត់ក៏អាចបញ្ចប់ការសិក្សាដែលគាត់បានចាប់ផ្តើមនោះ។
ហោរាអែសរ៉ា គឺជាអ្នករៀនសូត្រព្រះគម្ពីរប៊ីប ដែលមានកំរិតចំណេះដឹងខ្ពង់ខ្ពស់ ខាងឯក្រឹត្យវិន័យរបស់ព្រះ។ គាត់បានរង់ចាំជាច្រើនឆ្នាំ ដើម្បីវិលត្រឡប់ទៅទីក្រុងយេរូសាឡិមវិញ បន្ទាប់ពីការនិរទេសក្នុងចក្រភពបាប៊ីឡូន។ ហោរាអែសរ៉ា “បានតាំងចិត្តស្វែងរកក្នុងក្រិត្យវិន័យរបស់ព្រះយេហូវ៉ា ដើម្បីនឹងប្រព្រឹត្តតាម ហើយបង្ហាត់បង្រៀនតាមបញ្ញត្ត នឹងសេចក្ដីយុត្តិធម៌ក្នុងពួកអ៊ីស្រាអែល”(អែសរ៉ា ៧:១០)។ លោកសេរ៉ូបាប៊ិល និងសាសន៍អ៊ីស្រាអែលមួយក្រុម បានទទួលការអនុញ្ញាតឲ្យវិលត្រឡប់ទៅទីក្រុងយេរូសាឡិមវិញ ដើម្បីសាងសង់ព្រះវិហារឡើងវិញ(២:១-២)។ ហើយពេលនោះ “ព្រះហស្តល្អរបស់ព្រះនៃលោក បានសណ្ឋិតលើ” (៧:៩) ក៏កំពុងដឹកនាំពួកឈ្លើយសឹកជាច្រើននាក់ទៀត ទៅទីក្រុងយេរូសាឡិម។ ព្រះទ្រង់អាចប្រើពួកគេ ដើម្បីធ្វើកំណែទម្រង់ និងស្អាងឲ្យមានការថ្វាយបង្គំត្រឹមត្រូវឡើងវិញ តាមព្រះគម្ពីរ។ គឺដូចមានសេចក្តីចែងថា “អែសរ៉ាក៏បើកគម្ពីរ នៅមុខបណ្ដាជនទាំងឡាយ ដ្បិតលោកនៅខ្ពស់ជាងគេទាំងអស់ ... ពួកបណ្ដាជនក៏ទទួលថា អាម៉ែនៗ ដោយប្រទូលដៃឡើង រួចឱនក្បាល ហើយក្រាបចុះផ្កាប់មុខដល់ដី ថ្វាយបង្គំដល់ព្រះយេហូវ៉ា”(នេហេមា ៨:៥-៦)។
លោកអែសរ៉ាបានរង់ចាំជាច្រើនទសវត្សរ៍ ប៉ុន្តែ គាត់បានធ្វើតាមការត្រាស់ហៅដោយជោគជ័យ ដោយពឹងអាងកម្លាំងមកពីព្រះ។ ចូរយើងមានការតស៊ូក្នុងការសម្រេចកិច្ចការ ដែលព្រះអង្គបានប្រទានឲ្យយើងធ្វើ ដោយពឹងអាងព្រះចេស្តារបស់ព្រះអង្គ។—TOM FELTEN
តើអ្នកអាចធ្វើអ្វីខ្លះ ដើម្បីមមុលទៅមុខ តាមការត្រាស់ហៅរបស់ព្រះ?
តើអ្នកអាចតស៊ូ ដោយពឹងអាងព្រះចេស្តា និងប្រាជ្ញារបស់ព្រះអង្គ ដូចម្តេចខ្លះ?
ឱព្រះអម្ចាស់ សូមព្រះអង្គជួយទូលបង្គំ ឲ្យសម្រេចកិច្ចការដែលព្រះអង្គបានត្រាស់ហៅឲ្យទូលបង្គំធ្វើ។
VISIT ODBU.ORG/SF010 TO LEARN HOW TO FIND AND FOLLOW YOUR CALLING.
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : ទំនុកដំកើង ១៤៣-១៤៥ និង ១កូរិនថូស ១៤:២១-៤០