
ចូរអរសប្បាយជានិច្ច (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)
ដោយAlistair Begg
September 8, 2025
«ចូរអរសប្បាយ ក្នុងព្រះអម្ចាស់ជានិច្ច ខ្ញុំប្រាប់ម្តងទៀតថា ចូរអរសប្បាយឡើង» (ភីលីព ៤:៤)។
តើយើងគួរតែអរសប្បាយជានិច្ចយ៉ាងដូចម្តេចខ្លះ? តើធ្វើដូចម្តេចឲ្យយើងអាចអរសប្បាយជានិច្ចបាន? ឬយើងគួរតែយល់ឃើញថា ការលើកទឹកចិត្តរបស់សាវ័ក ប៉ុល ឲ្យយើង «អរសប្បាយក្នុងព្រះអម្ចាស់ជានិច្ច» គ្រាន់តែជាការនិយាយកំឡាចិត្តបែបបំផ្លើស ដោយគាត់មិនពិតជាបានគិតថា យើងអាចដកពិសោធន៍នឹងអំណរដូចនេះក្នុងជីវិតយើងជាគ្រីស្ទបរិស័ទឬ?
ទេ! យើងមិនត្រូវគិតដូចនេះទេ។ អ្វីដែលសាវ័ក ប៉ុល បាននិយាយគឺជាការពិតមែន។ ក្នុងនាមយើងជាអ្នកជឿ យើងត្រូវតែមានអំណរជានិច្ច។ មូលហេតុមួយ ដែលយើងពិបាកធ្វើតាមការបង្រៀននេះ គឺដោយសារយើងច្រើនតែគិតអំពីក្តីអំណរតាមរបៀបមិនត្រឹមត្រូវ ដូចយើងគិតអំពីសេចក្តីស្រឡាញ់ក្នុងន័យថា ក្តីអំណរគឺជាលទ្ធផលនៃអារម្មណ៍របស់យើងជាជាងគិតថា អំណរគឺជាអ្នកបម្រើឆន្ទៈរបស់យើង។ ពេលណាយើងគិតដូចនេះ យើងអាចអរសប្បាយ តែនៅពេលដែលយើងមានអារម្មណ៍ល្អ នៅពេលដែលមានថ្ងៃរះល្អ ឬនៅពេលដែលអ្វីៗហាក់ដូចជាមានដំណើរការល្អសម្រាប់យើងប៉ុណ្ណោះ។ ប៉ុន្តែ នៅពេលដែលព្រះគម្ពីរប្រាប់យើងឲ្យអរសប្បាយជានិច្ច គឺរាប់បញ្ចូលទាំងពេលដែលជីវិតយើងខុសពីការរំពឹងចង់បាន មានពពកខ្មៅងងឹតព័ទ្ធជុំវិញ ហើយយើងមានការបាក់ទឹកចិត្តជាដើម។ ដូចនេះ យើងត្រូវតែព្យាយាមស្វែងយល់អំពីក្តីអំណរឲ្យបានច្បាស់។
ក្នុងបទគម្ពីរហាបាគុកជំពូក៣ យើងឃើញថា ហោរាហាបាគុកមានអារម្មណ៍ញាប់ញ័រ ចំពោះថ្ងៃវេទនាដែលត្រូវមកដល់ (៣:១៦)។ អ្វីៗទាំងអស់ក្នុងពិភពនៃផ្លូវអារម្មណ៍ បាននាំគាត់ងាកទៅរកភាពតក់ស្លុត។ ប៉ុន្តែ ការថប់បារម្ភមិនបានគ្រប់គ្រងចិត្តគាត់ទេ ផ្ទុយទៅវិញ គាត់បានធ្វើឲ្យអារម្មណ៍របស់គាត់ ចុះចូលនឹងអ្វីដែលគាត់បានដឹងអំពីព្រះដែលជាអ្នកផ្គត់ផ្គង់គាត់។ ដោយកម្លាំងនៃការគិតដ៏ត្រឹមត្រូវ លោក ហាបាគុកក៏បានសន្និដ្ឋានថា «ទោះបើដើមល្វាមិនមានផ្កា ក៏ឥតមានផ្លែទំពាំងបាយជូរ ហើយផលនៃដើមអូលីវក៏ខានមាន ស្រែចំការឥតបង្កើតបានអាហារ ហ្វូងចៀមត្រូវបាត់ចេញពីក្រោល ហើយគ្មានគោនៅក្នុងឃ្នងក៏ដោយ គង់តែខ្ញុំនឹងរីករាយ ដោយសារព្រះយេហូវ៉ា ខ្ញុំនឹងអរសប្បាយក្នុងព្រះដ៏ជួយសង្គ្រោះខ្ញុំដែរ» (ខ.១៧-១៨)។ គាត់បានបង្ហាញថា យើងអាចមានអំណរជានិច្ច សូម្បីនៅក្នុងទុក្ខលំបាក និងការឈឺចាប់ក្នុងជម្រៅចិត្ត គឺនៅពេលដែលក្តីអំណររបស់យើងមិនពឹងផ្អែកទៅលើកត្តាខាងក្រៅ តែពឹងផ្អែកលើព្រះអង្គតែប៉ុណ្ណោះ។
គោលបំណងរបស់ព្រះអង្គ គឺដើម្បីឲ្យការគិតរបស់យើង មានការយល់ដឹង និងការកែប្រែដោយការបើកសម្ដែងរបស់ព្រះអង្គ ដែលព្រះអង្គប្រទានមក ដើម្បីឲ្យយើងស្គាល់ព្រះអង្គ តាមរយៈព្រះបន្ទូល និងស្នាព្រះហស្តរបស់ព្រះអង្គ។ គឺដូចដែលលោក យ៉ូហានេស ខេពល័រ (Johannes Kepler) ជាអ្នកវិទ្យាសាស្ត្រនៅសតវត្សរ៍ទី១៦ បានមានប្រសាសន៍ថា «យើងត្រូវតែគិតតាមគំនិតរបស់ព្រះ»។ ពេលណាយើងរៀនគិតឲ្យបានត្រឹមត្រូវ យើងនឹងអាចធ្វើឲ្យអារម្មណ៍របស់យើង មានភាពសមស្របនឹងការគិតដ៏ត្រឹមត្រូវរបស់យើង។
ពេលណាក្តីអំណររបស់អ្នកបានចាក់ឫសចូលទៅក្នុងចារិកលក្ខណៈរបស់ព្រះដែលមិនចេះប្រែប្រួល នោះក្តីអំណររបស់អ្នក នឹងរួចផុតពីចំណងដែលអ្នក និងកាលៈទេសៈរបស់អ្នកបានចាប់ចង។ អំណររបស់អ្នកនឹងមានបញ្ហាប្រឈមដោយសារការលំបាក និងការខកចិត្ត ប៉ុន្តែ វានឹងមិនរលាយបាត់ទៅណាឡើយ។ នៅថ្ងៃនេះ ពេលណាអំណររបស់អ្នកមានបញ្ហាប្រឈម សូមបន្លឺសម្លេងចេញពីបបូរមាត់ថា៖
«ឱព្រះអម្ចាស់ និងព្រះនៃទូលបង្គំអើយ អ្វីដែលទូលបង្គំបានដឹងអំពីព្រះអង្គ
បានបំពេញវិញ្ញាណទូលបង្គំដោយសន្តិភាព បំពេញបបូរមាត់ទូលបង្គំដោយបទចម្រៀង។
ព្រះអង្គគឺជាសុខភាព ក្តីអំណរ ដំបង និងព្រនង់របស់ទូលបង្គំ។
ពេលណាទូលបង្គំពឹងផ្អែកលើព្រះអង្គ ទូលបង្គំខ្លាំងនៅក្នុងភាពកម្សោយ»។1
ខគម្ពីរសញ្ជឹងគិត៖ ទំនុកតម្កើង ២០
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ៖ ពួកចៅហ្វាយ ៤-៦ និងយ៉ូហាន ៣:១-១៥