ព្រឹក

ការពារគំនិតរបស់យើងក្នុងព្រះគ្រីស្ទ
ដោយNancy Gavilanes
September 12, 2025
ភីលីព ៤:៤-៩
មួយទៀត បងប្អូនអើយ ឯសេចក្ដីណាដែលពិត សេចក្ដីណាដែលគួររាប់អាន សេចក្ដីណាដែលសុចរិត សេចក្ដីណាដែលបរិសុទ្ធ ... នោះចូរពិចារណាពីសេចក្ដីទាំងនោះចុះ។ ភីលីព ៤:៨
នៅក្នុងការប្រកួតហែលទឹកចម្ងាយ ១៥០០ម៉ែត្រ ក្នុងកីឡាអូឡាំពិក ឆ្នាំ២០២៤ កញ្ញា ខេធី លេដេស្គី(KATIE LEDECKY) បាននាំមុខគេ ក្នុងការហែលពីមួយត្រឡប់ទៅមួយត្រឡប់ទៀត ។ ក្នុងរយៈពេល១៥នាទី គាត់បាននាំមុខ ដាច់ឆ្ងាយពីកីឡាករហែលទឹកផ្សេងទៀត ហើយមានអារម្មណ៍ថា មិនមាននរណាម្នាក់នៅក្បែរគាត់។ តើកញ្ញា លេដេស្គីកំពុងគិតអ្វី ក្នុងអំឡុងពេលនៃការប្រណាំងចម្ងាយឆ្ងាយនោះ? ក្នុងការសម្ភាសបន្ទាប់ពីគាត់បានឈ្នះបានមេដាយមាស ដោយបង្កើតកំណត់ត្រាថ្មីមួយ ក្នុងការប្រកួតកីឡាអូឡាំពិក គាត់បាននិយាយថា នៅពេលនោះ គាត់កំពុងគិតអំពីដៃគូរដែលគាត់បានហ្វឹកហាត់ជាមួយ និងនឹកឃើញឈ្មោះរបស់ពួកគេ នៅក្នុងគំនិតរបស់គាត់។
មិនមែនមានតែអ្នកហែលទឹកចម្ងាយឆ្ងាយប៉ុណ្ណោះទេ ដែលចាំបាច់ត្រូវផ្ដោតគំនិត ទៅលើអ្វីដែលត្រឹមត្រូវ។ ក្នុងនាមយើងជាអ្នកជឿព្រះយេស៊ូវ យើងក៏ចាំបាច់ត្រូវការពារគំនិតរបស់យើង ឲ្យបានត្រឹមត្រូវ ក្នុងការធ្វើដំណើរខាងវិញ្ញាណរបស់យើង។
សាវ័កប៉ុលបានលើកទឹកចិត្តពួកជំនុំនៅទីក្រុងភីលីព ឲ្យ “អរសប្បាយក្នុងព្រះអម្ចាស់ជានិច្ច” ហើយ “កុំឲ្យខ្វល់ខ្វាយអ្វីឡើយ ចូរទូលដល់ព្រះ ឲ្យជ្រាបពីសេចក្ដីសំណូមរបស់អ្នករាល់គ្នាក្នុងគ្រប់ការទាំងអស់”(ភីលីព ៤:៤,៦)។ “យ៉ាងនោះសេចក្ដីសុខសាន្តរបស់ព្រះ ដែលហួសលើសពីអស់ទាំងគំនិត នឹងជួយការពារចិត្ត ហើយនឹងគំនិតរបស់អ្នករាល់គ្នាក្នុងព្រះគ្រីស្ទយេស៊ូវ”(ខ.៧)។ ព្រះយេស៊ូវជាព្រះអម្ចាស់នៃសន្តិភាព ជួយឲ្យយើងមានការគិតត្រឹមត្រូវ អំពីការព្រួយបារម្ភ និងបញ្ហារបស់យើង។
សាវ័កប៉ុលបានលើកទឹកចិត្តអ្នកជឿទាំងឡាយថា “ឯសេចក្ដីណាដែលពិត សេចក្ដីណាដែលគួររាប់អាន សេចក្ដីណាដែលសុចរិត សេចក្ដីណាដែលបរិសុទ្ធ សេចក្ដីណាដែលគួរស្រឡាញ់ សេចក្ដីណាដែលមានឈ្មោះល្អ បើមានសគុណណា ឬជាសេចក្ដីសរសើរណា នោះចូរពិចារណាពីសេចក្ដីទាំងនោះចុះ”(ខ.៨)។
នៅក្នុងការរស់នៅជារៀងរាល់ថ្ងៃ ចូរយើងរៀបចំការគិតរបស់យើងឲ្យបានត្រឹមត្រូវ។ ពេលណាយើងឃើញព្រះហស្តរបស់ព្រះអង្គធ្វើការក្នុងជីវិតយើង យើងអាចរាប់ព្រះពរ និងថ្វាយបង្គំព្រះអង្គ។—NANCY GAVILANES
តើអ្នកកំពុងគិតអំពីអ្វី កាលពីពេលថ្មីៗនេះ?
តើអ្នកអាចថ្វាយព្រះកិត្តិនាមដល់ព្រះ នៅក្នុងគំនិតរបស់អ្នកដូចម្តេចខ្លះ?
ឱព្រះអម្ចាស់ សូមគំនិតរបស់ទូលបង្គំ បានជាទីគាប់ព្រះទ័យដល់ព្រះអង្គ។
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : សុភាសិត ១៣-១៥ និង ២កូរិនថូស ៥
ល្ងាច

ព្រះអង្គធ្វើឲ្យយើងកើតជាថ្មី (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)
ដោយAlistair Begg
September 12, 2025
«ទ្រង់បានបង្កើតយើងរាល់គ្នាមកតាមព្រះហឫទ័យទ្រង់ ដោយសារព្រះបន្ទូលដ៏ពិត» (យ៉ាកុប ១:១៨)។
លោក ចននី ខាសិន (Johnny Carson) ជាពិធីករដ៏ល្បីល្បាញ ក្នុងកម្មវិធីទូរទស្សន៍។ គាត់ធ្លាប់ពិពណ៌នាអំពីក្មេងជំទង់ម្នាក់ដែលមិនស្តាប់បង្គាប់ និងអំពីឪពុករបស់ក្មេងនោះ ដែលមានការខកចិត្ត ខណៈពេលដែលអ្នកទាំងពីរកំពុងឈ្លោះប្រកែកគ្នា។ ក្មេងនោះបិទទ្វារមួយទំហឹងដៃ ហើយរត់ចេញទៅក្រៅហើយស្រែកថា «ខ្ញុំមិនបានសុំឲ្យប៉ាបង្កើតខ្ញុំមកទេ!»។ ប៉ារបស់គាត់ក៏បានឆ្លើយថា បើសិនជាឯងសុំកើតមកជាកូនប៉ា នោះប៉ានឹងឆ្លើយថា ទេ! ប៉ាមិនចង់ឲ្យឯងកើតជាកូនប៉ាទេ!
មុននឹងចាប់កំណើតជាមនុស្ស គ្មាននរណាម្នាក់ស្នើសុំឲ្យខ្លួនកើតជាមនុស្សនោះទេ។ តាមពិត ក៏គ្មាននរណាម្នាក់សុំឲ្យខ្លួនបានកើតជាថ្មីដែរ។ កណ្ឌគម្ពីរយ៉ាកុបបានចង្អុលបង្ហាញសេចក្តីពិត ដែលធ្វើឲ្យយើងបន្ទាបខ្លួនទទួលស្គាល់ថា កំណើតខាងវិញ្ញាណរបស់យើង មិនមែនជាអ្វីដែលយើងជំរុញព្រះឲ្យធ្វើសម្រាប់យើងនោះទេ។ ក្នុងសេចក្តីល្អរបស់ព្រះ ការកើតជាថ្មីរបស់គ្រីស្ទាន គឺជាជម្រើសរបស់ព្រះអង្គ ដោយមិនបានទទួលសំពាធពីភាពអស់សង្ឃឹម ហើយក៏មិនបានទទួលការជំរុញពីសេចក្តីល្អដែលយើងគិតថា យើងមាននោះដែរ។ ព្រះអង្គសម្រេចព្រះទ័យដោយអង្គឯង ដោយបំណងព្រះទ័យដែលសេរី និងមានអធិបតេយ្យភាព។ គឺដូចដែលព្រះយេស៊ូវបានបន្ទូលថា «ឯខ្យល់ ចង់បក់ទៅឯណា ក៏ចេះតែបាន ហើយអ្នកឮសូរសព្ទ តែមិនដឹងជាមកពីណា ឬទៅឯណាទេ អស់អ្នកណាដែលកើតមកពីព្រះវិញ្ញាណ នោះក៏ដូច្នោះដែរ» (យ៉ូហាន ៣:៨)។
បើព្រះវិញ្ញាណមិនបានធ្វើការនៅក្នុងយើង ដោយបង្ហាញឲ្យយើងស្គាល់ព្រះគ្រីស្ទទេ នោះចិត្តដ៏ល្ងីល្ងើរបស់យើងនឹងនៅតែងងឹត ហើយបាបធ្វើឲ្យយើងមិនអាចរស់នៅតាមក្រមសីលធម៌របស់ព្រះ។ យើងបានវង្វេងនៅក្នុងចំណងរបស់បាប តាមនិស្ស័យសាច់ឈាមរបស់យើង ដោយយើងស្រេកឃ្លានចង់ដឹងអំពីដំណោះស្រាយ សម្រាប់ភាពទាល់ច្រករបស់យើង តែយើងមិនទាំងដឹងច្បាស់ថា ភាពទាល់ច្រករបស់យើងមានសណ្ឋានបែបណាទេ។ ប៉ុន្តែ ទោះយើងបានក្លាយជាសមាជិកគ្រួសាររបស់ព្រះដោយសារព្រះគុណ តាមរយៈសេចក្តីជំនឿហើយក្តី ក៏ជួនកាល យើងនៅតែមានទំនោរទៅរកការជឿថា សេចក្តីសង្គ្រោះរបស់យើង គឺជាលទ្ធផលនៃការប្រព្រឹត្តរបស់យើង ដែលយើងបានជ្រើសរើស ហើយត្រូវតែបន្តសម្រេចចិត្តងាកចេញពីបាប ហើយបែរទៅរកព្រះដោយជំនឿដូចកូនក្មេង។ តាមពិត គឺបំណងព្រះទ័យរបស់ព្រះអង្គទេ ដែលបាននាំឲ្យយើងបានឮ និងអាចឆ្លើយតបចំពោះ «ព្រះបន្ទូលនៃសេចក្តីពិត»។ ពេលណាយើងយកផ្នែកនីមួយៗមកផ្គុំចូលគ្នា ទើបយើងដឹងថា ការដែលយើងជ្រើសរើសព្រះអង្គអាចកើតឡើងបាន ដោយសារព្រះអង្គបានជ្រើសរើសយើងជាមុន។
គឺដូចដែលលោក អាឡិច ម៉ូតយ័រ (Alec Motyer) បានបកស្រាយថា «យើងគ្មានលទ្ធភាពផ្តួចផ្តើម ឬរួមចំណែក នៅក្នុងការចាប់កំណើតខាងសាច់ឈាមរបស់យើងទេ ហើយយើងកាន់តែគ្មានលទ្ធភាពផ្តួចផ្តើម និងរួមចំណែកក្នុងការកើតជាថ្មីរបស់យើង។ ដំណើរការទាំងមូល ចាប់តាំងពីពេលដែលយើងធ្វើការសម្រេចចិត្តលើកដំបូង រហូតដល់លទ្ធផលចុងក្រោយ គឺជាកិច្ចការរបស់ព្រះទាំងស្រុង។ ដរាបណាបំណងព្រះទ័យព្រះ នៅតែមិនប្រែប្រួល ព្រះបន្ទូលព្រះអង្គនៅតែពិត ហើយព្រះបន្ទូលសន្យានៅតែជាប់នៅ នោះសេចក្តីសង្គ្រោះរបស់ខ្ញុំក៏នៅតែស្ថិតស្ថេរ មិនអាចបាត់បង់ទៅណាឡើយ។1
អ្នករកឃើញទំនុកចិត្ត សន្តិភាព និងការកម្សាន្តចិត្ត ពេលដែលបានដឹងថា សេចក្តីល្អរបស់ព្រះតាមរយៈព្រះយេស៊ូវគ្រីស្ទ មិនគ្រាន់តែនាំអ្នកទៅរកការប្រែចិត្ត និងជំនឿប៉ុណ្ណោះទេ តែក៏ធ្វើឲ្យអ្នកជាប់នៅក្នុងជំនឿផងដែរ។ បើសេចក្តីជំនឿ និងសេចក្តីសង្គ្រោះផ្តេកផ្តួលទៅលើអ្នក នោះវាមិនជាប់នៅទេ ហើយអ្នកនឹងតែងតែមានការថប់បារម្ភជានិច្ច។ តែសេចក្តីជំនឿពឹងផ្អែកទៅលើព្រះអង្គ ដែលក្នុងព្រះអង្គ សូម្បីតែស្រមោលនៃការប្រែប្រួលក៏គ្មានដែរ (យ៉ាកុប ១:១៧)។ អ្នកមិនបានសុំឲ្យព្រះអង្គបង្កើតអ្នកទេ តែព្រះអង្គសព្វព្រះទ័យឲ្យអ្នកកើតមក។ ដូចនេះ អ្នកអាចប្រាកដថា អ្នកជាកូនរបស់ព្រះអង្គ ក្នុងពេលសព្វថ្ងៃ ថ្ងៃស្អែក ជារៀងរាល់ថ្ងៃ និងជារៀងរហូត។
ខគម្ពីរសញ្ជឹងគិត៖ អេសេគាល ៣៦
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ៖ ពួកចៅហ្វាយ ១៣-១៥ និងយ៉ូហាន ៥:១-២៤