ព្រឹក

ពោលទំនួញទៅកាន់ព្រះអម្ចាស់
ដោយAmy Boucher Pye
September 11, 2025
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : សុភាសិត ១០-១២ និង ២កូរិនថូស ៤
បរិទេវ ១:២០-២២
ឱព្រះយេហូវ៉ាអើយ សូមទតមើល ដ្បិតខ្ញុំម្ចាស់មានសេចក្ដីវេទនា ចិត្តខ្ញុំម្ចាស់ទុរន់ទុរា ចិត្តខ្ញុំម្ចាស់ក្រឡាប់ចុះនៅក្នុងខ្លួន។ បរិទេវ ១:២០
មានពេលមួយ ខ្ញុំបានទៅមើលការតាំងបង្ហាញសំណង់រំឭក និងសារមន្ទីរនៃព្រឹត្តិការណ៍៩វិច្ឆិកា ក្នុងទីក្រុងញូយ៉ក ដោយចិត្តចង់ដឹងចង់យល់បន្ថែមទៀត ប៉ុន្តែ ខ្ញុំក៏បានព្យាយាមទប់អារម្មណ៍ផងដែរ។ អ្នកនាំផ្លូវយើងក៏បានផ្លាស់ប្តូររបៀបដែលគាត់ពិពណ៌នា នៅពេលដែលយើងដើរចូលខាងក្នុងកន្លែងតាំងបង្ហាញ ដែលអ្នកអភិរក្សកន្លែងនោះបានដាក់បំរាម មិនឲ្យក្មេងៗចូលមើល ក៏ដូចជាដាក់បំរាមដល់អ្នកដែលមិនចង់មើលរូបភាពដែលធ្វើឲ្យរន្ធត់ចិត្ត។ នៅពេលដែលខ្ញុំបានស្តាប់រឿងមួយហើយមួយទៀត ដែលបង្កប់ទៅដោយការឈឺចាប់ និងការបាត់បង់ ដួងចិត្តរបស់ខ្ញុំកើតមានសេចក្តីទំនួញឥតឈប់ឈរ។
នៅពេលណាយើងបានឃើញ ឬនឹកចាំ អំពីការបំផ្លិចបំផ្លាញ និងការឈឺចាប់ យើងអាចចូលរួមជាមួយអ្នកដែលកំពុងទូលថ្វាយអំពីទុក្ខលំបាករបស់ខ្លួនដល់ព្រះ។ ការនេះក៏រាប់បញ្ចូលពាក្យទំនួញដ៏ឈឺចាប់ ដែលមានចែងក្នុងបទគម្ពីរបរិទេវ ដែលហោរាយេរេមាបាននិពន្ធ បន្ទាប់ពីទីក្រុងយេរូសាឡិមបានទទួលរងការបំផ្លិចបំផ្លាញ។ នៅក្នុងបទកំណាព្យដ៏សោកសៅនេះ គាត់បានបង្ហាញការសោកសង្រេង និងការឈឺចាប់ ចំពោះទុក្ខវេទនានៃរាស្ត្ររបស់ព្រះយ៉ាងដូចនេះថា “ឱព្រះយេហូវ៉ាអើយ សូមទតមើល ដ្បិតខ្ញុំម្ចាស់មានសេចក្ដីវេទនា ចិត្តខ្ញុំម្ចាស់ទុរន់ទុរា ចិត្តខ្ញុំម្ចាស់ក្រឡាប់ចុះនៅក្នុងខ្លួន”(បរិទេវ ១:២០)។ តែគាត់ទទួលស្គាល់ថាព្រះអង្គគឺជាអ្នកជំនុំជម្រះ ដោយដឹងថា មានតែព្រះអង្គទេ ដែលអាចដោះស្រាយបញ្ហានៃអំពើបាប និងសេចក្តីហិនវិនាសនោះបាន បានជាគាត់ទូលព្រះអង្គថា “សូមឲ្យគ្រប់ទាំងអំពើទុច្ចរិតរបស់គេ បានលេចមក នៅចំពោះទ្រង់”(ខ.២២)។
ការស្រែករកព្រះ ដោយចិត្តស្មោះត្រង់ដូចនេះ អាចជួយយើងឲ្យប្រឈមមុខដាក់សោកនាដកម្មដ៏ឈឺចាប់ គឺដូចរឿងដែលបានកើតឡើងនៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០១ ឬរឿងសោកសៅដទៃទៀត ក្នុងពេលបច្ចុប្បន្ន។ ចូរយើងមើលទៅព្រះអង្គ ដើម្បីទទួលបានជំនួយ ក្តីសង្ឃឹម ការកម្សាន្តចិត្ត និងយុត្តិធម៌។—AMY BOUCHER PYE
នៅពេលដែលអ្នកឃើញការអាក្រក់កំពុងកើតឡើង តើធ្វើដូចម្តេចឲ្យអ្នកនៅតែមានចិត្តអាណិតអ្នកដទៃ
នៅចំពោះព្រះ? តើព្រះអង្គអាចដឹកនាំអ្នក ឲ្យអធិស្ឋានឲ្យអ្នកដែលកំពុងឈឺចាប់នៅថ្ងៃនេះ យ៉ាងណាខ្លះ?
ឱព្រះនៃសេចក្តីពិត និងសេចក្តីស្រឡាញ់ ទូលបង្គំដឹងថា ព្រះទ័យរបស់ព្រះអង្គឈឺចាប់ ចំពោះទុក្ខវេទនាក្នុងលោកិយ។
សូមព្រះអង្គបានគ្របបាំងទូលបង្គំ ដោយព្រះគុណ និងសេចក្តីមេត្តា ហើយប្រោសរបួសទូលបង្គំឲ្យជា។
ល្ងាច

រឿងអំពីការផ្គត់ផ្គង់របស់ព្រះ (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)
ដោយAlistair Begg
September 11, 2025
«អ្នករាល់គ្នាបានគិតធ្វើអាក្រក់ដល់ខ្ញុំ តែព្រះទ្រង់សំរេចជាការល្អវិញ ដើម្បីនឹងសង្គ្រោះដល់ជីវិតនៃមនុស្សជាច្រើន ដូចជាបានកើតមានសព្វថ្ងៃនេះ» (លោកុប្បត្ដិ ៥០:២០)។
ក្មេងៗដែលស្រឡាញ់ជីតារបស់ខ្លួន ច្រើនតែចូលចិត្តស្តាប់រឿង ដែលជីតារបស់ពួកគេនិយាយប្រាប់។ ក្នុងនាមលោក អ៊ីសាក ជាជីតារបស់លោក យ៉ូសែប លោក អ៊ីសាកប្រាកដជាមានឱកាសអង្គុយជាមួយគាត់ ហើយចែកចាយអំពីរឿងជាច្រើន ដែលនិយាយអំពីការផ្គត់ផ្គង់របស់ព្រះ ដើម្បីចែកចាយសេចក្តីពិតចូលទៅក្នុងជីវិតរបស់ចៅ។ យើងគ្រាន់តែអាចស្រមៃថា លោក យ៉ូសែប ប្រាកដជាចូលចិត្តស្តាប់រឿង និងការបង្រៀនរបស់លោក អ៊ីសាក។ ប៉ុន្តែ សេចក្តីល្អរបស់ព្រះចំពោះគ្រួសារគាត់ក្នុងជំនាន់ក្រោយ ហាក់ដូចជាបានជួយទ្រទ្រង់លោក យ៉ូសែប សូម្បីនៅក្នុងពេលដែលឈឺចាប់បំផុត ព្រោះលោក យ៉ូសែប តែងតែដឹងថា ព្រះទ្រង់គ្រប់គ្រងមកលើអ្វីៗទាំងអស់។ នេះជាការពិតដែលគួរឲ្យកត់សំគាល់ណាស់។ ជាការពិតណាស់ លោក យ៉ូសែប កំពុងរៀននិយាយ ដូចអ្នកនិពន្ធបទគម្ពីរទំនុកតម្កើងនៅសម័យក្រោយ បានពោលថា «បើសិនជាទូលបង្គំមិនបានជឿថា នឹងឃើញសេចក្តីសប្បុរសនៃព្រះយេហូវ៉ា នៅស្ថានរបស់មនុស្សរស់នេះ នោះតើយ៉ាងណាទៅ» (ទំនុកតម្កើង ២៧:១៣)។
ជាការពិតណាស់ លោក យ៉ូសែប មានឱកាសម្តងហើយម្តងទៀត ដើម្បីធ្វើបន្ទាល់អំពីការថែរក្សារបស់ព្រះ។ កាលគាត់មានអាយុ១៧ឆ្នាំ គាត់បានឃើញព្រះអង្គធ្វើការ សូម្បីនៅពេលដែលពួកបងប្រុសរបស់គាត់បានស្អប់គាត់យ៉ាងខ្លាំង។ រ៉ូបេនបានសុំពួកគេឲ្យដាក់គាត់នៅក្នុងរណ្តៅដែលបានទុកជីវិតឲ្យគាត់ ប៉ុន្តែកាលនោះគឺព្រះអម្ចាស់ទេដែលបានប្រទានគំនិតនេះដល់រ៉ូបេន ហើយជួយឲ្យពួកបងៗរបស់យ៉ូសែប ធ្វើតាមផែនការគាត់។
បន្តិចក្រោយមក ពួកសាសន៍អ៊ីសម៉ាអែលដែលជាឈ្មួញក៏បានមកដល់ចំពេលល្អ គឺហាក់ដូចជាព្រះបានរៀបចំ (គឺព្រះអង្គបានរៀបចំមែន)។ ពួកគេកំពុងធ្វើដំណើរទៅជួញដូរដូចសព្វមួយដង ដូចនេះពួកគេអាចមើលទៅលោក យ៉ូសែប ដោយមិនចាប់អារម្មណ៍ ហើយនិយាយថា ពួកគេមិនត្រូវការទិញគាត់ធ្វើជាទាសករទេ។ ប៉ុន្តែ ផែនការរបស់ព្រះបានកំណត់ថា ពួកគេនឹងទិញលោក យ៉ូសែប។
ក្នុងករណីទាំងពីរនេះ ព្រះអម្ចាស់បានប្រើភាពអាត្មានិយម និងបំណងចិត្តរបស់មនុស្សជាឧបករណ៍ ដើម្បីជួយសង្គ្រោះជីវិតរបស់លោក យ៉ូសែប ហើយទីបំផុតក៏បានជួយសង្គ្រោះមនុស្សជាច្រើនតាមរយៈគាត់។
សេចក្តីពិតក្នុងបទគម្ពីរ លោកុប្បត្ដិ ៥០:២០ គឺជាមូលដ្ឋានគ្រឹះនៃជីវិតរបស់លោក យ៉ូសែប នៅត្រង់ចំណុចដែលថា ទោះពួកបងប្រុសរបស់គាត់ ចង់ធ្វើអាក្រក់មកលើគាត់ក៏ដោយ ក៏ព្រះទ្រង់ចង់ធ្វើការល្អដល់គាត់ ហើយបំណងព្រះទ័យរបស់ព្រះតែងតែឈ្នះ។ ឪពុកខាងសាច់ឈាមរបស់លោក យ៉ូសែប ប្រហែលជាបានវិលត្រឡប់ទៅស្រុកកាណានវិញ ប៉ុន្តែ ព្រះវរបិតារបស់គាត់នៅស្ថានសួគ៌បានយាងទៅជាមួយគាត់ ចូលទឹកដីអេស៊ីព្ទ។
ផ្លូវរបស់គាត់អាចមានការផ្លាស់ប្តូរទិសដៅ ដោយសារការច្រណែនរបស់បងប្អូនគាត់ ការត្រកត្រអាលរបស់ប្រពន្ធរបស់លោក ប៉ូទីផារ កំហឹងរបស់លោក ប៉ូទីផារ និងភាពអាត្មានិយមរបស់អ្នកថ្វាយពែង តែព្រះរបស់គាត់បានរៀបចំផ្លូវឲ្យគាត់ ដើម្បីជាប្រយោជន៍ដល់រាស្ត្ររបស់ព្រះអង្គ។
តើយើងឲ្យតម្លៃមកលើសេចក្តីពិតនេះដែលបានចែងអំពីព្រះដូចលោក យ៉ូសែប ទេ? ព្រះអម្ចាស់នឹងសម្រេចគោលបំណងរបស់ព្រះអង្គ សូម្បីនៅពេលដែលយើងមិនដឹងថា យើងកំពុងធ្វើដំណើរទៅណា ឬមិនដឹងថា ព្រះអង្គកំពុងធ្វើអ្វី។ នេះជាក្តីសង្ឃឹមដែលយើងត្រូវមាន ក្នុងកាលៈទេសៈនីមួយៗ។ ពេលណាទុក្ខលំបាកមកដល់ យើងមិនត្រូវរត់គេចពីវាទេ ព្រោះយើងដឹងថា វាមកពីព្រះហស្តនៃព្រះវរបិតាដ៏សប្បុរស ហើយវាមានប្រយោជន៍សម្រាប់ផែនការរបស់ព្រះអង្គ ដើម្បីជួយទ្រទ្រង់រាស្ត្ររបស់ព្រះអង្គ។ យើងឃើញសេចក្តីល្អរបស់ព្រះ នៅក្នុងជីវិតរបស់គ្រួសារខាងវិញ្ញាណរបស់យើង ក្នុងជំនាន់មុន ក្នុងព្រះគម្ពីរ និងក្នុងប្រវត្តិសាស្ត្រពួកជំនុំ។ អ្នកអាចដឹងច្បាស់ថា អ្នកនៅតែស្ថិតក្រោមការថែរក្សារបស់ព្រះវរបិតារបស់អ្នក ទោះអ្នកមានការសង្ស័យ ការភ័យខ្លាច បរាជ័យ មានទំនាក់ទំនងដែលបែកបាក់ និងក្តីស្រមៃដែលបានរលាយក៏ដោយ។
ខគម្ពីរសញ្ជឹងគិត៖ លោកុប្បត្ដិ ៤៩:២៨-៥០:២១
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ៖ ពួកចៅហ្វាយ ១១-១២ និងយ៉ូហាន ៤:៣១-៥៤