ព្រឹក

ខ្វះលទ្ធភាព តែមិនខ្វះការអធិស្ឋាន
ដោយArthur Jackson
September 10, 2025
២របាក្សត្រ ២០:២-៤,៦-១២,១៥
យើងខ្ញុំក៏មិនដឹងធ្វើដូចម្ដេចដែរ ប៉ុន្តែភ្នែកយើងខ្ញុំទន្ទឹងមើលតែទ្រង់ទេ។ ២របាក្សត្រ ២០:១២
អ្នកស្រីអានីតា បេលី(ANITA BAILEY) ទទួលបានការកម្សាន្តចិត្ត នៅពេលដែលគាត់បានទទួលសារពីបណ្ដាញសង្គម ដែលនិយាយអំពីកូនប្រុសគាត់ឈ្មោះ ចាលែន(JALEN) យ៉ាងដូចនេះថា “ខ្ញុំជាអ្នកទទួលភ្ញៀវនៅព្រះវិហារ នៅថ្ងៃអាទិត្យនេះ ហើយខ្ញុំឃើញយុវជនម្នាក់កំពុងពរកូនតូច ដើរមករកខ្ញុំ ហើយក៏បានឱបខ្ញុំ ... ខ្ញុំក៏បានមើលមុខគាត់មួយភ្លែត ហើយក៏បានដឹងថា គាត់ជានរណា។ ខ្ញុំក៏បានលាន់មាត់ថា ចាលែន! យើងក៏បានឱបគ្នា ហើយជជែកគ្នាលេងមួយសន្ទុះ”។ ជីវិតគាត់បានផ្លាស់ប្រែល្អណាស់!” អ្នកទទួលភ្ញៀវរូបនោះបានដឹង អំពីពេលដែលចាលែន មានការបះបោរយ៉ាងខ្លាំង បានជាអ្នកស្រីអានីតា(ANITA) និងលោកអែឌ(ED) ជាស្វាមី មានអារម្មណ៍ថា គ្មានសមត្ថភាពសង្គ្រោះកូនប្រុសរបស់ខ្លួន ឲ្យរួចផុតពីការសម្រេចចិត្តដ៏ភ្លើតភ្លើន ដែលបានបណ្តាលឲ្យគាត់ចូលគុកអស់១២ឆ្នាំ។
ទោះក្រុមគ្រួសាររបស់អ្នកស្រីអានីតា មានអារម្មណ៍ថា ពួកគេគ្មានសមត្ថភាពកែប្រែកូនប្រុសរបស់ខ្លួន តែពួកគេមិនរស់នៅដោយគ្មានការអធិស្ឋានទេ។ ហើយស្តេចយ៉ូសាផាត ក្នុងបទគម្ពីរ ២របាក្សត្រ ជំពូក២០ ក៏មិនរស់នៅដោយគ្មានការអធិស្ឋានដែរ។ នៅពេលដែលទ្រង់បានទទួលការគំរាមកំហែងពីកងទ័ពរបស់ខ្មាំងសត្រូវដែលបានពួតដៃគ្នា ទ្រង់ក៏បានកោះហៅឲ្យមានការប្រជុំមួយ(ខ.១-៤)។ ទ្រង់ក៏បានអធិស្ឋានថា “ឱ ព្រះនៃយើងខ្ញុំរាល់គ្នាអើយ សូមទ្រង់កាត់ទោសដល់គេ ពីព្រោះយើងខ្ញុំរាល់គ្នាគ្មានកំឡាំង នឹងទប់ទល់ចំពោះពួកយ៉ាងធំ ដែលមកទាស់នឹងយើងរាល់គ្នានេះបានទេ យើងខ្ញុំក៏មិនដឹងធ្វើដូចម្ដេចដែរ ប៉ុន្តែភ្នែកយើងខ្ញុំទន្ទឹងមើលតែទ្រង់ទេ”(ខ.១២)។
តើអ្នកធ្លាប់មានអារម្មណ៍ថា អសមត្ថភាព ឬទាល់គំនិត នៅចំពោះមុខកាលៈទេសៈ ដែលអ្នកមិនអាចគ្រប់គ្រងបានឬទេ? ចូរអធិស្ឋានដល់ព្រះអម្ចាស់ ទោះអធិស្ឋានជាក្រុម ឬចំណាយពេលស្ងាត់ស្ងៀមជាមួយព្រះអង្គក្តី។ គឺដូចដែលព្រះយេស៊ូវបានធ្វើទុកជាគំរូ នៅពេលដែលទ្រង់ជិតដល់ពេលសុគតនៅលើឈើឆ្កាង(លូកា ២២:៣៩-៤៤)។ ការចំណាយពេលអធិស្ឋាន ពិតជាមានសារៈសំខាន់ណាស់ គឺជាពេលដែលមនុស្សគ្មានកម្លាំង ទូលអង្វរដល់ព្រះដ៏មានចេស្តា ក្នុងព្រះនាមព្រះយេស៊ូវ។—ARTHUR JACKSON
តើមានអ្វីរារាំងអ្នក មិនឲ្យទូលថ្វាយទុក្ខលំបាករបស់អ្នកដល់ព្រះ ដោយការអធិស្ឋាន?
តើអ្នកអាចធ្វើជាដៃគូអធិស្ឋានជាមួយអ្នកដទៃដោយរបៀបណា ដើម្បីអធិស្ឋានឲ្យគ្នាទៅវិញទៅមក?
ឱព្រះដ៏មានចេស្តា ដែលមានអំណាចប្រោសទូលបង្គំឲ្យរស់ឡើងវិញ សូមព្រះអង្គជួយទូលបង្គំ
ក្នុងភាពទន់ខ្សោយរបស់ទូលបង្គំ ខណៈពេលដែលទូលបង្គំមើលទៅព្រះយេស៊ូវ។
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : សុភាសិត ៨-៩ និង ២កូរិនថូស ៣
ល្ងាច

សម្តេចសង្ឃដែលយើងត្រូវការ (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)
ដោយAlistair Begg
September 10, 2025
«ដូច្នេះ ដែលមានសំដេចសង្ឃយ៉ាងធំ១អង្គ ដែលទ្រង់បានយាងកាត់អស់ទាំងជាន់ស្ថានសួគ៌ គឺព្រះយេស៊ូវជាព្រះរាជបុត្រានៃព្រះ នោះត្រូវតែឲ្យយើងមានចិត្តដាច់ស្រឡះនឹងជឿតាមចុះ...ត្រូវឲ្យយើងរាល់គ្នា មកដល់បល្ល័ង្កនៃព្រះគុណដោយក្លាហាន ដើម្បីនឹងទទួលសេចក្តីមេត្តា ហើយរកបានព្រះគុណសំរាប់នឹងជួយដល់ពេលត្រូវការចុះ» (ហេព្រើរ ៤:១៤-១៦)។
ព្រះគម្ពីរសញ្ញាចាស់បាននិយាយសង្កត់ធ្ងន់ម្តងហើយម្តងទៀត អំពីទម្ងន់នៃការទទួលខុសត្រូវរបស់សម្តេចសង្ឃរបស់ប្រជាជនអ៊ីស្រាអែល (ឧទាហរណ៍ និក្ខមនំ២៩ និង លេវីវិន័យ១៦)។ ការងារជាសម្តេចសង្ឃមានការទទួលខុសត្រូវធំណាស់។ មានតែគាត់ទេដែលអាចចូលទៅក្នុងទីបរិសុទ្ធបំផុតបាន ជាបន្ទប់ខាងក្នុងព្រះវិហាររបស់សាសន៍យូដា។ មានតែគាត់ទេ ដែលអាចថ្វាយយញ្ញបូជា ដើម្បីលោះបាប «ដែលពួកបណ្តាជនបានប្រព្រឹត្តដោយគ្មានចេតនា» (ហេព្រើរ ៩:៧)។ ទោះគាត់ជាមនុស្សមានបាប គាត់បានបម្រើការជាអ្នកទូលអង្វរ ឲ្យសហគមន៍របស់គាត់នៅចំពោះព្រះ។
ប៉ុន្តែ គឺដូចដែលអ្នកនិពន្ធកណ្ឌគម្ពីរហេព្រើរបានបង្ហាញយើងថា មានសម្តេចសង្ឃដ៏ធំឧត្តមគឺព្រះយេស៊ូវ ដែលព្រះអង្គបានធ្វើអ្វីដែលសង្ឃដទៃទៀតមិនអាចធ្វើបាន ហើយក៏បានទទួលបន្ទុកធ្ងន់បំផុតនៃការទទួលខុសត្រូវ ដែលគ្មានមនុស្សណាអាចទទួលបាន។ ព្រះយេស៊ូវមិនបានយាងកាត់តាមវាំងននចូលកន្លែងបរិសុទ្ធបំផុត ក្នុងព្រះវិហារទីក្រុងយេរូសាឡឹមនោះទេ។ ផ្ទុយទៅវិញ ក្នុងនាមព្រះអង្គជាព្រះរាជបុត្រានៃព្រះ ព្រះអង្គបានយាងកាត់នគរស្ថានសួគ៌ ដើម្បីឲ្យទ្រង់ឈរនៅពីមុខបល្ល័ង្ករបស់ព្រះវរបិតាជំនួសយើង។ ព្រះអង្គមិនចាំបាច់ត្រូវពោលទំនួញអំពីអវត្តមាននៃព្រះកាយរបស់ព្រះអង្គនៅលើផែនដីនោះ មិនគ្រាន់តែដោយសារព្រះអង្គគង់នៅជាមួយយើង តាមរយៈព្រះវិញ្ញាណបរិសុទ្ធនោះទេ តែក៏ដោយសារអវត្តមាននៃព្រះកាយរបស់ព្រះអង្គ គឺមានន័យថាសព្វថ្ងៃនេះ ព្រះអង្គកំពុងមានបន្ទូលទៅកាន់ព្រះវរបិតាដោយផ្ទាល់ជំនួសយើង (ហេព្រើរ ៧:២៥)។
ហេតុនេះហើយ ក្នុងគ្រាសញ្ញាថ្មី ការងារបម្រើព្រះមិនមែនសម្រាប់ពួកសង្ឃដែលជាអ្នកថ្វាយដង្វាយលោះបាបទៀតទេ។ អ្នកដែលព្រះបានត្រាស់ហៅ ហើយប្រទានឯកសិទ្ធិ និងការទទួលខុសត្រូវ ក្នុងការដឹកនាំ និងបង្រៀនរាស្ត្ររបស់ព្រះ មិនចាំបាច់ត្រូវទូលអង្វរជំនួសរាស្ត្ររបស់ព្រះ ដូចពួកសង្ឃនៅគ្រាសញ្ញាចាស់នោះឡើយ។ ព្រោះសម្តេចសង្ឃដ៏ធំឧត្តមនៃយើង បានថ្វាយដង្វាយលោះបាបមួយដងជាសម្រេច ដូចនេះយើងមិនត្រូវការថ្វាយដង្វាយលោះបាបផ្សេងទៀតទេ។ ជាការពិតណាស់ ដោយសារព្រះអង្គបានបំពេញនាទីជាសម្តេចសង្ឃហើយ នោះយើងមិនត្រូវការអ្នកថ្វាយដង្វាយលោះបាបម្នាក់ទៀតឡើយ ទោះនៅស្ថានសួគ៌ ឬនៅផែនដីក្តី។ មានតែព្រះអង្គទេដែលអាចសុគតជំនួសយើង និងទូលអង្វរជំនួសយើងបាន ហើយមានតែព្រះអង្គទេ ដែលបានសម្រេចកិច្ចការលោះបាប។
ភាពប្រសើរឧត្តមនៃការងារជាសម្តេចសង្ឃរបស់ព្រះគ្រីស្ទ គឺផ្អែកទៅលើការពិតដែលថា ព្រះអង្គបានថ្វាយអង្គទ្រង់ ដើម្បីលោះបាបយើងមួយដងជាសម្រេច។ យើងមិនត្រូវការអ្វីក្រៅពីទទួលស្គាល់ថា «ទ្រង់មានការងារជាសង្ឃឥតផ្ទេរឡើយ ពីព្រោះទ្រង់នៅជាប់អស់កល្បជានិច្ចវិញ» (ហេព្រើរ ៧:២៤)។ មានតែព្រះយេស៊ូវទេ ដែលអាចសង្គ្រោះអស់អ្នក ដែលចូលមករកព្រះ ផ្អែកទៅលើការអ្វីដែលព្រះអង្គបានធ្វើ។ ព្រះអង្គតែងតែគង់នៅ ដើម្បីទូលអង្វរឲ្យរាស្ត្រព្រះអង្គ។ ព្រះអង្គកំពុងទូលអង្វរឲ្យអ្នកនៅពេលនេះ។ ដូចនេះ ពេលណាអ្នកអធិស្ឋាន អ្នកអាចទុកចិត្តថា ពាក្យអធិស្ឋានរបស់អ្នកបានឮដល់បល្ល័ង្កព្រះ ហើយវិញ្ញាណរបស់អ្នកនឹងបានទៅដល់កន្លែងនោះ នៅពេលអ្នកលាចាកលោក។ ថ្ងៃនេះ អ្វីដែលអ្នកត្រូវធ្វើ គឺត្រូវប្រកាន់ខ្ជាប់នូវសេចក្តីជំនឿលើសម្តេចសង្ឃដ៏ធំប្រសើរ ដែលបានធ្វើអ្វីៗដែលយើងត្រូវការ។
ខគម្ពីរសញ្ជឹងគិត៖ ហេព្រើរ ៧:២៣-២៨
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ៖ ពួកចៅហ្វាយ ៩-១០ និងយ៉ូហាន ៤:១-៣០