ព្រឹក

ការថ្នាក់ថ្នមរបស់ព្រះអម្ចាស់
ដោយLisa Samra
September 14, 2025
អេសាយ ៤០:១០-១១,២៩-៣១
ទ្រង់នឹងប្រមូលអស់ទាំងកូនចៀមមកបីនៅព្រះពាហុ ហើយលើកផ្ទាប់នៅព្រះឱរា។ អេសាយ ៤០:១១
កាលខ្ញុំកំពុងអង្គុយក្នុងបន្ទប់ថែទាំទារកដែលទើបចាប់កំណើត នៅមន្ទីរពេទ្យ ខ្ញុំបានសួរសុខទុក្ខស្រ្តីជាម្តាយម្នាក់ ខណៈពេលដែលគាត់កំពុងបីកូនតូច ផ្ទាប់នឹងទ្រូងរបស់គាត់។ ក្នុងកន្លែងដែលមានភាពជឿនលឿនផ្នែកបច្ចេកវិទ្យាពេទ្យ វេជ្ជបណ្ឌិតបានចេញវេជ្ជបញ្ជាដែលមានបច្ចេកវិទ្យាកំរិតទាបយ៉ាងខ្លាំង ដើម្បីជួយទារកឲ្យមានសុខភាពរឹងមាំ គឺដោយគ្រាន់តែតម្រូវឲ្យស្រ្តីជាម្តាយបីកូនស្រីរបស់ខ្លួនជាប់ ឲ្យបានរយៈពេលយូរ។
ឪពុកម្តាយជាទូទៅមានសេចក្តីស្រឡាញ់ដ៏លើសលប់ និងការអាណិតដោយការថ្នាក់ថ្នម ដល់កូនតូចរបស់ខ្លួន ជាការកម្សាន្តចិត្តដែលផ្តល់ឲ្យនូវការប្រោសឲ្យជាដល់ពួកគេ ដែលស្ទើរតែគ្មានអ្វីអាចប្រៀបផ្ទឹមបាន។ ក្នុងកណ្ឌគម្ពីរអេសាយ យើងសង្កេតឃើញការពិពណ៌នាអំពីទំនាក់ទំនងរវាងព្រះ និងរាស្រ្តរបស់ព្រះអង្គដែលបានបីពួកគេផ្ទាប់នឹងព្រះឱរា។
បន្ទាប់ពីហោរាអេសាយបានថ្លែងទំនាយ អំពីការនិរទេសរបស់ប្រជាជាតិអ៊ីស្រាអែល ដែលហៀបនឹងកើតឡើង ដោយសារពួកគេបានបដិសេធន៍ព្រះអង្គ(អេសាយ ៣៩:៥-៧) ហោរាអេសាយ ក៏បាននិយាយសង្កត់ធ្ងន់ទៅកាន់រាស្រ្តរបស់ព្រះ ដែលនៅតែស្រលាញ់ពួកគេ និងតែងតែផ្គត់ផ្គង់ពួកគេ។ សេចក្តីអាណិត និងការថែរក្សារបស់ព្រះ គឺបានបង្ហាញឲ្យឃើញច្បាស់ នៅក្នុងពាក្យប្រៀបប្រដូច ដែលបានពិពណ៌នាថា ព្រះអង្គគឺជាអ្នកគង្វាល ដែលប្រមូលផ្តុំចៀមរបស់ទ្រង់ “មកបីនៅព្រះពាហុ ហើយលើកផ្ទាប់នៅព្រះឱរា”(៤០:១១)។
ព្រះវត្តមានរបស់ព្រះអង្គផ្តល់ឲ្យយើងនូវសន្តិភាព និងការការពារ ហើយក្រើនរំឭកយើងថា ព្រះអង្គលើកយើងបីផ្ទាប់នៅព្រះឱរា ដូចម្តាយបីកូនតូចដែលទើបកើត។ ខណៈពេលដែលព្រះអង្គ “ចំរើនកំឡាំង ដល់អ្នកដែលល្វើយ ហើយចំណែកអ្នកដែលគ្មានកំឡាំងសោះ នោះទ្រង់ក៏ប្រទានឲ្យ”(ខ.២៩) ព្រះវិញ្ញាណក៏បានប្រទានការកម្សាន្តចិត្តដែលប្រោសយើងឲ្យជា ដើម្បីឲ្យយើងអាចប្រឈមមុខដាក់បញ្ហាប្រឈមជារៀងរាល់ថ្ងៃ។—LISA M. SAMRA
តើអ្នកនឹកឃើញអ្វី នៅពេលដែលអ្នកគិតអំពីម្តាយបីកូនតូចដែលទើបកើត?
តើការថែរក្សារបស់ព្រះដែលការពារ និងមានក្តីស្រឡាញ់បានចម្រើនកម្លាំងអ្នក ដូចម្តេចខ្លះ?
ឱព្រះវរបិតាដែលគង់នៅស្ថានសួគ៌ ទូលបង្គំសូមអរព្រះគុណព្រះអង្គ ដែលបានបីទូលបង្គំផ្ទាប់នៅព្រះឱរា។
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : សុភាសិត ១៩-២១ និង ២កូរិនថូស ៧
ល្ងាច

រួមគ្នាធ្វើការ (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)
ដោយAlistair Begg
September 14, 2025
«ឯអ័ប៉ូឡូស ជាបងប្អូន ខ្ញុំបានទូន្មានគាត់ជាច្រើន ឲ្យបានមកឯអ្នករាល់គ្នា ជាមួយនឹងពួកបងប្អូននោះដែរ» (១កូរិនថូស ១៦:១២)។
រូបកាយព្រះគ្រីស្ទមិនមែនជាកន្លែងសម្រាប់ឲ្យមនុស្សតែម្នាក់ធ្វើការងារចម្រុះតែម្នាក់ឯងទេ យ៉ាងហោចណាស់ ក្នុងការងារបម្រើព្រះ។ ជីវិតជាគ្រីស្ទបរិស័ទត្រូវមានការរួបរួមគ្នាជាក្រុម មិនមែនប្រកួតប្រជែងគ្នានោះទេ។ សាវ័ក ប៉ុល បានរំឭកយើងអំពីរឿងនេះម្តងហើយម្តងទៀតក្នុងសំបុត្រដែលគាត់បានសរសេរផ្ញើពួកជំនុំដំបូង។
សូម្បីតែ ក្នុងពួកជំនុំដ៏ក្មេងខ្ចីនៅទីក្រុងកូរិនថូស ក៏សាវ័ក ប៉ុល ដឹងថា ការប្រជែងគ្នាបានគម្រាមកំហែងមកលើការរួបរួម ហើយអ្នកខ្លះពេញចិត្តនឹងការបង្រៀនរបស់លោក អ័ប៉ូឡូស ជាជាងកាបង្រៀនរបស់គាត់ (១កូរិនថូស ៣:៣-៧)។ បើសាវ័ក ប៉ុល ស្វែងរកប្រយោជន៍ផ្ទាល់ខ្លួន និងលើកតម្កើងខ្លួនឯងឲ្យកាន់តែល្បីឈ្មោះ ហើយពួកជំនុំមួយនេះពឹងផ្អែកលើគាត់ នោះគាត់មុខជាប្រើគ្រប់វិធី ដើម្បីរារាំងលោក អ័ប៉ូឡូសមិនឲ្យវិលត្រឡប់មកទីក្រុងកូរិនថូសវិញ។ ប៉ុន្តែ យើងឃើញថា គាត់មិនបានធ្វើដូចនេះទេ។ តាមពិត ផ្ទុយទៅវិញ គាត់ចង់ឲ្យមានអ្នកជួយបង្រៀន និងដឹកនាំរាស្ត្ររបស់ព្រះ។ គាត់ដឹងថា ព្រះទ្រង់សព្វព្រះទ័យឲ្យអ្នកបម្រើព្រះអង្គខិតខំធ្វើការរួមគ្នា។ ព្រះអង្គបានសម្រេចព្រះទ័យឲ្យដាក់អ្នកដឹកនាំពួកជំនុំដំបូងឲ្យធ្វើការជាក្រុមតាមរបៀបដ៏អស្ចារ្យ។ សូមយើងមើលគំរូរបស់លោក ធីម៉ូថេ។ សាវ័ក ប៉ុល បានប្រាប់ពួកជំនុំទីក្រុងកូរិនថូសថា «បើធីម៉ូថេមកឯអ្នករាល់គ្នា នោះចូរខំទំនុកបំរុងឲ្យគាត់នៅជាមួយផង កុំឲ្យគាត់ភ័យខ្លាចអ្វីឡើយ ដ្បិតគាត់ក៏ធ្វើការរបស់ព្រះអម្ចាស់ ដូចជាខ្ញុំដែរ។ កុំឲ្យអ្នកណាមើលងាយគាត់ ត្រូវជូនដំណើរគាត់ទៅមុខ ដោយសុខសាន្ត ឲ្យគាត់បានទៅដល់ខ្ញុំផង ដ្បិតខ្ញុំនឹងចាំគាត់ជាមួយនឹងបងប្អូនឯទៀត» (១កូរិនថូស ១៦:១០-១១)។ សម្រាប់មនុស្សជាច្រើន លោក ធីម៉ូថេ ហាក់ដូចជាមិនមានលក្ខណសម្បត្តិគ្រប់គ្រាន់ សម្រាប់ធ្វើការបម្រើព្រះ ដោយគាត់មានការអៀនខ្មាសច្រើនពីកំណើត (សាវ័ក ប៉ុល ទំនងជាបានក្រើនរំឭកពួកជំនុំឲ្យប្រព្រឹត្តចំពោះគាត់ដោយចិត្តសប្បុរស ដោយសារមូលហេតុនេះហើយ) គាត់ក៏មានសុខភាពមិនល្អ (សាវ័ក ប៉ុល បានប្រាប់គាត់ឲ្យផឹកស្រាទំពាំងបាយជូរបន្តិចបន្តួច ដើម្បីព្យាបាលជំងឺក្រពះរបស់គាត់) ហើយគាត់មានវ័យក្មេងជាងគេ (១ធីម៉ូថេ ៤:១២ ៥:២៣)។ ប៉ុន្តែ សាវ័ក ប៉ុល ដឹងថា ព្រះអម្ចាស់បានប្រទានកិច្ចការឲ្យលោក ធីម៉ូថេ ធ្វើហើយគាត់ត្រូវជួយលោក ធីម៉ូថេ សម្រេចកិច្ចការនោះ។
មានមនុស្សជាច្រើនបានធ្វើការបម្រើព្រះជាមួយសាវ័ក ប៉ុល ផងដែរ ដូចជានាង ភីបេ នាង ព្រីស៊ីល លោក អ័គីឡា លោក ភ័រទូន៉ាតុស និងលោក អ័ខៃកុស ជាដើម។ ពួកគេមិនមានកាយសម្បទា ឬចារិតលក្ខណៈដូចគ្នាទេ។ ពួកគេក៏មានអំណោយទានផ្សេងគ្នាដែរ។ ប៉ុន្តែ ពួកគេសុទ្ធតែសំខាន់ក្នុងការងារបម្រើព្រះ។ ពួកជំនុំសព្វថ្ងៃ ក៏ដូចនេះដែរ ដោយព្រះអម្ចាស់បានផ្ទុកផ្ដាក់កិច្ចការផ្សេងគ្នា ឲ្យយើងធ្វើ។ ដូចនេះ យើងចំបាច់ត្រូវជម្នះចិត្តដែលចង់បម្រើព្រះតែជាមួយអ្នកដែលមានលក្ខណសម្បត្តិដូចយើងជាងគេ ឬមានចំណុចដែលគួរឲ្យស្ញប់ស្ញែងជាងគេ។ យើងមិនគួរនិយាយថា «ខ្ញុំគ្រាន់តែចូលចិត្តរបៀបដែលគាត់អធិប្បាយព្រះបន្ទូល» ឬ «ខ្ញុំអាចស្តាប់តែការបង្រៀនរបស់គាត់ប៉ុណ្ណោះ» ឬមួយ «ខ្ញុំមិនពេញចិត្តរបៀបដែលគាត់ធ្វើការទេ»។ ផ្ទុយទៅវិញ យើងគួរតែអរព្រះគុណព្រះអង្គ ដែលបានឲ្យអ្នកបម្រើព្រះអង្គទាំងអស់ធ្វើការជាមួយគ្នា។
មនុស្សភាគច្រើនរស់នៅ ដោយមិនមានអ្នកផ្សេងដឹងអំពីពួកគេ ច្រើនជាងមនុស្សដែលស្ថិតក្នុងរង្វង់នៃឥទ្ធិពលរបស់ពួកគេទេ។ នៅពេលដែលយើងលាចាកលោកទៅ បើគេឆ្លាក់ពីលើផ្លាកឈ្មោះផ្នូររបស់យើងថា យើងចេះជួយយកអសារដល់មនុស្សដែលយើងស្គាល់ នោះគឺគ្រប់គ្រាន់ហើយ។ តើអ្នកជឿទេថា មានការងារមួយ ដែលអ្នកអាចធ្វើថ្វាយព្រះយេស៊ូវតែម្នាក់ឯងបាន?1 ពេលណាព្រះអង្គដាក់ព្រះហស្តពីលើអ្នក ហើយប្រទានកិច្ចការមួយឲ្យអ្នកធ្វើ តើអ្នកនឹងធ្វើអស់ពីចិត្ត ទោះកិច្ចការនោះហាក់ដូចជាតូចតាចឬ? ព្រះអង្គតម្រូវឲ្យយើងធ្វើការជាមួយគ្នា ក្នុងសហគមន៍ ធ្វើជាក្រុមមួយដែលរួបរួមគ្នា ដើម្បីនគរព្រះអង្គ។ ក្តីអំណរ និងការស្កប់ចិត្តនឹងកើតមាននៅក្នុងការរួមចំណែករបស់អ្នក និងនៅក្នុងការលើកទឹកចិត្តអ្នកដទៃនៅថ្ងៃនេះ ខណៈពេលដែលពួកគេកំពុងរួមចំណែកជាមួយអ្នក។
ខគម្ពីរសញ្ជឹងគិត៖ ១កូរិនថូស ៣:១-២៣
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ៖ ពួកចៅហ្វាយ ១៩-២១ និង យ៉ូហាន ៦:១-២១