ព្រឹក

ហ៊ានបង្កើតសិស្សថ្វាយព្រះគ្រីស្ទ
ដោយPatricia Raybon
September 15, 2025
ម៉ាថាយ ២៨:១៦-២០
ចូរទៅបញ្ចុះបញ្ចូលឲ្យមានសិស្សនៅគ្រប់ទាំងសាសន៍។ ម៉ាថាយ ២៨:១៩
នៅដើមដំបូងនៃរដូវកាលរបស់ការប្រកួតកីឡាបាល់បោះ គ្រូបង្វឹកប្រចាំសាលាអនុវិទ្យាល័យ នៅក្នុងតំបន់ដែលខ្ញុំរស់នៅ ហាក់ដូចជាខិតខំយ៉ាងខ្លាំង ក្នុងការបញ្ចុះបញ្ចូលកីឡាកររបស់គាត់ ឲ្យប្រថុយបោះបាល់បញ្ចូលកន្ត្រក ដោយមិនបង្អង់យូរ។ គាត់ឧស្សាហ៍ស្រែកប្រាប់ពួកគេពីចំហៀងតារាងបាល់បោះ ឲ្យបោះបាល់បញ្ចូលកន្ត្រក។ កីឡាកររបស់គាត់មានចិត្តអន្ទះសាក្នុងការបោះបាល់ឲ្យគ្នាទៅវិញទៅមកជាង។ ហើយពួកគេក៏ចូលចិត្តត្រេះបាល់ដែរ។ ទាល់តែរដូវកាលនៃការប្រកួតបានកន្លងផុតទៅពាក់កណ្តាលហើយ ទើបពួកគេជម្រុះចោលការសង្ស័យ ហើយក៏បានព្យាយាមបោះបាល់ចូលកន្ត្រកឲ្យបានពិន្ទុ។ ប៉ុន្តែ ការបោះបាល់ ដោយគ្មានការស្ទាក់ស្ទើរ បាននាំមកនូវការផ្លាស់ប្តូរ។ ពួកគេបានរៀនប្រកួតយកជ័យជម្នះ ដោយស្តាប់បង្គាប់គ្រូបង្វឹករបស់ខ្លួន ជម្រុះចោលការសង្ស័យ ហើយព្យាយាមបោះបាល់បញ្ចូលកន្ត្រក ទោះពួកគេបោះមិនចូលជាញឹកញាប់ក៏ដោយ។
ព្រះយេស៊ូវក៏បានបង្រៀនយើងឲ្យលះបង់ចោលការសង្ស័យ ក្នុងការស្តាប់បង្គាប់តាមការត្រាស់ហៅរបស់ព្រះអង្គ ឲ្យបង្កើតសិស្សផងដែរ។ ព្រះអង្គបានបញ្ជាក់ថា “គ្រប់ទាំងអំណាចបានប្រគល់មកខ្ញុំនៅលើស្ថានសួគ៌ ហើយលើផែនដីផង ដូច្នេះ ចូរទៅបញ្ចុះបញ្ចូលឲ្យមានសិស្សនៅគ្រប់ទាំងសាសន៍ ព្រមទាំងធ្វើបុណ្យជ្រមុជទឹកឲ្យ ដោយនូវព្រះនាមព្រះវរបិតា ព្រះរាជបុត្រា នឹងព្រះវិញ្ញាណបរិសុទ្ធចុះ ហើយបង្រៀន ឲ្យគេកាន់តាមគ្រប់ទាំងសេចក្ដី ដែលខ្ញុំបានបង្គាប់មកអ្នករាល់គ្នាផង”(ម៉ាថាយ ២៨:១៨-២០)។
តាមទិដ្ឋភាពជាក់ស្តែង ព្រះរាជបញ្ជារបស់ព្រះអង្គ ក្នុងបទគម្ពីរនេះ អាចមានន័យថា យើងត្រូវបោះជំហានចេញពីភាពសុខស្រួលរបស់យើង ដើម្បីទៅចែកចាយដំណឹងល្អនៃសេចក្តីសង្គ្រោះ ដល់អ្នកដទៃ។ ហើយការនេះក៏អាចរាប់បញ្ចូលការចែកចាយដំណឹងល្អតាមរយៈការរស់នៅរបស់យើងផងដែរ ដែលមានដូចជាការយកអសារអ្នកជិតខាង ដែលកំពុងជួបការលំបាក ដោយបង្ហាញក្តីស្រឡាញ់របស់ព្រះយេស៊ូវ។ យើងអាចធ្វើដូចនេះបាន ទាល់តែយើងហ៊ានបោះជំហាន ចេញពីភាពសុខស្រួលរបស់យើង។
និយាយរួម យើងចេញទៅដោយអំណាចរបស់ព្រះយេស៊ូវ ដើម្បីព្យាយាមបង្កើតសិស្ស ជាកិច្ចការដែលហាក់ដូចជាពិបាក។ ប៉ុន្តែ យើងមិនចាំបាច់ត្រូវមានការភ័យខ្លាចទេ។ ព្រះយេស៊ូវបានសន្យាថា “មើល ខ្ញុំក៏នៅជាមួយនឹងអ្នករាល់គ្នាជារាល់ថ្ងៃដែរ ដរាបដល់បំផុតកល្ប”(ខ.២០)។—PATRICIA RAYBON
តើមានការភ័យខ្លាច និងការសង្ស័យអ្វីដែលអ្នកមាន ក្នុងការបង្កើតសិស្ស? តើហេតុអ្វី?
តើអ្នកអាចស្តាប់បង្គាប់តាមការត្រាស់ហៅរបស់ព្រះគ្រីស្ទ ដូចម្តេចខ្លះ?
ឱព្រះវរបិតា ទូលបង្គំចាំបាច់ត្រូវរៀនបង្កើតសិស្ស។ សូមព្រះអង្គលើកទឹកចិត្តទូលបង្គំ
ឲ្យលះបង់ចោលការសង្ស័យ និងការស្ទាក់ស្ទើរ ហើយហ៊ានចេញទៅបង្កើតសិស្ស។
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : សុភាសិត ២២-២៤ និង ២កូរិនថូស ៨
ល្ងាច

អត្ថប្រយោជន៍នៃភាពកម្សោយ (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)
ដោយAlistair Begg
September 15, 2025
«ខ្ញុំរាល់គ្នាគ្មានកំឡាំង នឹងទប់ទល់ចំពោះពួកយ៉ាងធំ ដែលមកទាស់នឹងយើងរាល់គ្នានេះបានទេ យើងខ្ញុំក៏មិនដឹងធ្វើដូចម្តេចដែរ ប៉ុន្តែភ្នែកយើងខ្ញុំទន្ទឹងមើលតែទ្រង់ទេ» (២របាក្សត្រ ២០:១២)។
យើងម្នាក់ៗសុទ្ធតែមានចំណុចខ្វះខាតក្នុងការរស់នៅក៏ដូចជាក្នុងការបម្រើព្រះ។ រឿងនេះគឺមិនពិបាកយល់ទេ។ ពេលណាកាលៈទេសៈនៃជីវិតសង្កត់មកលើយើង យើងក៏មើលឃើញបញ្ហាប្រឈមនៅចំពោះមុខ ហើយអាចដឹងយ៉ាងងាយថា យើងកំពុងដកថយចេញពីវា។ យើងមានអារម្មណ៍នឿយណាយចំពោះមនុស្សដែលប្រាប់យើងអំពីការអ្វីដែលយើងអាចធ្វើពេលណាយើងដឹងថា យើងមិនអាចធ្វើ តែទន្ទឹមនឹងនោះ យើងក៏មិនចង់ប្រឈមមុខដាក់ភាពកម្សោយរបស់យើង ក្នុងលោកីយ៍ដែលជំរុញយើងឲ្យរស់នៅដោយភាពរឹងមាំ និងទំនុកចិត្តលើខ្លួនឯង។ បើអ្នកដឹងថា ខ្លួនឯងកំពុងជួបរឿងនេះ ចូរមានចិត្តក្លាហានឡើង។ មិនមែនមានតែអ្នកទេដែលជួបរឿងនេះ។
ស្តេច យ៉ូសាផាត គឺជាអ្នកដឹកនាំដ៏អស្ចារ្យរបស់នគរយូដា ដែលបានអនុវត្តនូវការកំណែទម្រង់ ដែលនាំឲ្យរាស្ត្ររបស់ព្រះរកឃើញក្រាំងក្រឹត្យវិន័យរបស់ព្រះ (២របាក្សត្រ ១៩)។ ទ្រង់បានក្រើនរំឭកពួកគេអំពីសារៈសំខាន់នៃការយល់ដឹង និងការស្តាប់បង្គាប់តាមព្រះបន្ទូលព្រះ ដើម្បីឲ្យពួកគេអាចបម្រើព្រះអង្គដោយចិត្តស្មោះត្រង់ អស់ពីចិត្ត និងដោយចិត្តក្លាហាន។
ទោះយ៉ាងណាក៏ដោយ ស្តេច យ៉ូសាផាត មិនមានភាពស៊ាំនឹងការភ័យខ្លាចទេ។ នៅពេលដែលខ្មាំងសត្រូវ បានគម្រាមកំហែងមកលើនគរយូដា ទ្រង់បានជ្រាបច្បាស់ថា គេមានកម្លាំងទ័ពខ្លាំងជាង ហើយរាស្ត្ររបស់ទ្រង់មានចំណុចខ្វះខាតជាច្រើន។ តែទ្រង់ក៏ជ្រាបផងដែរថា ការពឹងផ្អែកលើព្រះអម្ចាស់ទាំងស្រុង គឺជាការឆ្លើយតបដ៏ត្រឹមត្រូវចំពោះចំណុចខ្វះខាតទាំងនោះ។ នៅពេលដែលទ្រង់ប្រឈមមុខដាក់ចំណុចខ្សោយ និងភាពមិនច្បាស់លាស់របស់ទ្រង់ ទ្រង់បានមើលទៅព្រះអម្ចាស់ឥតងាករេដោយអធិស្ឋានថា «យើងខ្ញុំក៏មិនដឹងធ្វើដូចម្តេចដែរ ប៉ុន្តែភ្នែកយើងខ្ញុំទន្ទឹងមើលតែទ្រង់ទេ»។
ពេលណាខ្មាំងសត្រូវខ្សឹបដាក់យើងថា យើងជាមនុស្សចង្រៃ ឬគ្មានប្រយោជន៍ទាល់តែសោះ យើងអាចជម្នះការកុហករបស់វា ដោយសេចក្តីពិតរបស់ព្រះ ហើយនិយាយថា «ខ្ញុំជឿសេចក្តីនេះជាយ៉ាងជាក់ថា ព្រះអង្គដែលទ្រង់បានចាប់តាំងធ្វើការល្អក្នុងអ្នករាល់គ្នា ទ្រង់នឹងធ្វើឲ្យកាន់តែពេញខ្នាតឡើង ទាល់តែដល់ថ្ងៃនៃព្រះយេស៊ូវគ្រីស្ទ» (ភីលីព ១:៦)។ ពេលណាយើងមានអារម្មណ៍ទន់ខ្សោយ ក្នុងការតយុទ្ធនឹងការល្បួង យើងអាចទុកចិត្តលើសេចក្តីពិតនៃព្រះបន្ទូលព្រះ ហើយនិយាយប្រាប់ខ្លួនឯងថា «ព្រះទ្រង់ក៏ស្មោះត្រង់ដែរ ទ្រង់មិនឲ្យកើតមានសេចក្តីល្បួងហួសកំឡាំងអ្នករាល់គ្នាឡើយ គឺនៅវេលាណាដែលត្រូវល្បួង នោះទ្រង់ក៏រៀបផ្លូវឲ្យចៀសរួច ដើម្បីឲ្យអ្នករាល់គ្នាអាចនឹងទ្រាំបាន» (១កូរិនថូស ១០:១៣)។ ពេលណាយើងឆ្ងល់ថា តើព្រះអង្គបានទុកឲ្យយើងនៅឯកោហើយមែនទេ នោះយើងអាចទុកចិត្តលើការធានាដែលព្រះអង្គមានបន្ទូលសន្យាថា ព្រះអង្គនឹងមិនចាកចេញពីយើង ឬបោះបង់យើងចោលឡើយ (ហេព្រើរ ១៣:៥)។
ពេលណាយើងទទួលស្គាល់ភាពកម្សោយរបស់យើង ព្រះអង្គសង្គ្រោះដ៏មានចេស្ដានៃយើង នឹងប្រើភាពកម្សោយរបស់យើងជាប្រយោជន៍ដល់យើង និងដើម្បីថ្វាយសិរីល្អដល់ព្រះអង្គ។ ពេលណាយើងមិនដឹងថា ត្រូវធ្វើដូចម្តេច យើងអាចមើលទៅព្រះអង្គ ហើយសូមព្រះអង្គដឹកនាំយើង និងរំដោះយើង ដូចដែលព្រះអង្គបានរំដោះស្តេចយ៉ូសាផាត និងនគរយូដាទាំងមូល (២របាក្សត្រ ២០:១៤-១៧,២២-២៥)។
ព្រះអង្គនៅតែសម្រេចព្រះទ័យប្រើប្រាស់យើង ជាមនុស្សដែលមិនទំនង មានការអៀនខ្មាសច្រើន និងមានការស្ទាក់ស្ទើរ គឺដូចដែលព្រះអង្គបានប្រើបុរស និងស្ត្រីជាច្រើនក្នុងព្រះគម្ពីរ។ ពួកគេមានលក្ខណៈខុសគេ មិនមែនដោយសារពួកគេមានកម្លាំងខ្លាំង មានសមត្ថភាព ឬមានទំនុកចិត្តលើសមត្ថភាពខ្លួនឯងនោះទេ តែដោយសារពួកគេមិនបានចុះចាញ់ភាពកម្សោយរបស់ខ្លួនឯង ហើយផ្ទុយទៅវិញ ពួកគេបានឱបក្រសោបយកភាពកម្សោយ ហើយពឹងផ្អែកលើព្រះចេស្ដាព្រះ ដើម្បីជម្នះភាពកម្សោយទាំងនោះ។ តើអ្នកនឹងយកគំរូតាមពួកគេដែរឬទេ?
ខគម្ពីរសញ្ជឹងគិត៖ ២របាក្សត្រ ២០
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ៖ បរិទេវ ១-២ និងយ៉ូហាន ៦:២២-៥១