ព្រឹក

ឈ្នះការអាក្រក់ ដោយសេចក្តីល្អ
ដោយWinn Collier
September 16, 2025
រ៉ូម ១២:១៤-២១
កុំឲ្យសេចក្ដីអាក្រក់ឈ្នះអ្នកឡើយ ត្រូវឲ្យអ្នកឈ្នះសេចក្ដីអាក្រក់ ដោយសារសេចក្ដីល្អវិញ ។ រ៉ូម ១២:២១
វេជ្ជបណ្ឌិត ឌូលីតធល(DOLITTLE) ជាតួអង្គវេជ្ជបណ្ឌិតក្នុងរឿងប្រឌិត ដែលជជែកជាមួយសត្វផ្សេងៗ បានធ្វើឲ្យអ្នកគាំទ្ររបស់គាត់មានការសប្បាយចិត្ត តាមរយៈសៀវភៅ ខ្សែភាពយន្ត និងរឿងល្ខោន។ ទោះជាយ៉ាងណាក៏ដោយ មានមនុស្សតិចណាស់ ដែលបានដឹងថា ពីដំបូងឡើយ លោកយូ ឡូហ្វធីង(HUGH LOFTING) ជាអ្នកនិពន្ធ បាននិពន្ធរឿងនិទាន អំពីវេជ្ជបណ្ឌិតឌូលីតធល នៅក្នុងលានដ្ឋាន នៅសម័យសង្គ្រាមលោកលើកទី១ ផ្ញើទៅកូនៗរបស់គាត់។ ក្រោយមក គាត់ក៏បាននិយាយថា សង្គ្រាមមានរឿងអាក្រក់ច្រើនពេក ដែលគាត់មិនអាចនិយាយក្នុងសំបុត្ររបស់គាត់បាន ដូចនេះ គាត់ក៏បាននិពន្ធរឿងនិទានផ្ញើទៅកូនគាត់វិញ។ រឿងនិទានទាំងនេះ មានសាច់រឿងធ្វើឲ្យជាប់ចិត្តដិតអារម្មណ៍ និងនាំឲ្យអ្នកអានមានចិត្តសប្បាយរីករាយ។ គាត់បានប្រើរឿងនិទានទាំងនេះ ជាមធ្យោបាយដើម្បីទប់ទល់នឹងភាពតក់ស្លុតនៃសង្គ្រាមដែលគាត់បានជួបប្រទះដោយផ្ទាល់។
យើងមានការលើកទឹកចិត្ត នៅពេលដែលយើងបានដឹងថា មនុស្សម្នាក់បានតយុទ្ធនឹងអំណាចដែលគួរឲ្យភ័យខ្លាច គួរឲ្យតក់ស្លុត ដែលហាក់ដូចជាខ្លាំងលើសពីសមត្ថភាពដែលយើងអាចជម្នះវាបាន។ យើងកោតសរសើរសេចក្តីក្លាហានដ៏មុះមុតយ៉ាងដូចនេះ ព្រោះយើងខ្លាចភាពអយុត្តិធម៌ អំពើហិង្សា និងភាពលោភលន់មានជ័យជម្នះ។ ជួនកាល យើងខ្លាច “សេចក្តីអាក្រក់ឈ្នះ” លោកិយទាំងមូល(រ៉ូម ១២:២១)។ ការភ័យខ្លាចកើតមានជាធម្មតា បើយើងពឹងអាងកម្លាំងខ្លួនឯង។ ទោះជាយ៉ាងណាក៏ដោយ ព្រះទ្រង់មិនបានទុកយើងចោល ឲ្យពឹងអាងកម្លាំងខ្លួនឯងនោះទេ។ ព្រះអង្គបំពេញយើងដោយកម្លាំងមកពីស្ថានសួគ៌ ឲ្យយើងដើរតួដ៏សំខាន់ ហើយត្រាស់ហៅយើងឲ្យ “ឈ្នះការអាក្រក់ ដោយការល្អ”(ខ.២១)។
យើងម្នាក់ៗត្រូវឈ្នះការអាក្រក់ ដោយការល្អ តាមមធ្យោបាយណាក៏ដោយ ដែលព្រះទ្រង់បានដាក់ នៅក្នុងចិត្តយើង។ អ្នកខ្លះបាននិពន្ធរឿងដ៏មានន័យ។ អ្នកខ្លះយកអសារអ្នកទាល់ក្រ។ អ្នកខ្លះទៀតទទួលស្វាគមន៍អ្នកដទៃ ដោយមិនរើសអើង។ អ្នកផ្សេងទៀតក៏បានចែកចាយរឿងរបស់ព្រះ តាមរយៈបទចម្រៀង កំណាព្យ ឬការសន្ទនា។ យើងអាចប្រើមធ្យោបាយជាច្រើន ដើម្បីនាំសេចក្តីល្អ និងសន្តិភាពរបស់ព្រះអង្គ ចូលទៅក្នុងលោកិយ(ខ.១៨) ដោយឈ្នះសេចក្តីអាក្រក់ ដោយសេចក្តីល្អ។—WINN COLLIER
តើអ្នកបានឃើញការអាក្រក់កំពុងចាំវាយឆ្មក់ នៅកន្លែងណាខ្លះ?
តើអ្នកអាចរួមចំណែក នៅក្នុងការឈ្នះសេចក្តីអាក្រក់ ដោយសេចក្តីល្អ ដូចម្តេចខ្លះ?
ឱព្រះអម្ចាស់ សូមព្រះអង្គជួយទូលបង្គំឲ្យរួមចំណែកឈ្នះការអាក្រក់ ដោយការល្អ។
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : សុភាសិត ២៥-២៦ និង ២កូរិនថូស ៩
ល្ងាច

សន្សំទ្រព្យអស់កល្បជានិច្ច (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)
ដោយAlistair Begg
September 16, 2025
«មិនមែនថា ខ្ញុំរកចង់បានទានទេ ខ្ញុំរកតែផលដែលចំរើនប្រយោជន៍ដល់អ្នករាល់គ្នាវិញ។ ខ្ញុំមានគ្រប់គ្រាន់ទាំងអស់ ហើយក៏បរិបូរផង ខ្ញុំបានពោរពេញហើយ ដោយបានទទួលរបស់ទាំងប៉ុន្មានពីអេប៉ាប្រូឌីត ដែលអ្នករាល់គ្នាផ្ញើទៅខ្ញុំនោះ គឺជាក្លិនឈ្ងុយ ជាគ្រឿងបូជាដែលព្រះទ្រង់ទទួល ហើយសព្វព្រះហឫទ័យដែរ» (ភីលីព ៤:១៧-១៨)។
ក្នុងសំបុត្រដែលសាវ័ក ប៉ុល បានសរសេរផ្ញើទៅពួកជំនុំនៅទីក្រុងភីលីព គាត់បានថ្លែងអំណរគុណពួកគេសម្រាប់ការឧបត្ថម្ភ ដោយគាត់បានរៀបរាប់ដូចរឿងប្រលោមលោកក្នុងន័យថា សេចក្តីសប្បុរសរបស់ពួកគេ បានធ្វើឲ្យគាត់មានចិត្តរីករាយ មិនមែនដោយសារអំណោយរបស់ពួកគេមានន័យយ៉ាងណាចំពោះគាត់នោះទេ តែដោយសារអំណោយពួកគេមានន័យយ៉ាងណាចំពោះពួកគេ។ គាត់ថា អំណោយឧបត្ថម្ភរបស់ពួកគេនឹងមានប្រយោជន៍ចំពោះពួកគេ ច្រើនជាងមានប្រយោជន៍ចំពោះគាត់ដែលជាអ្នកទទួលអំណោយ។
ចិត្តរំភើបរីករាយរបស់សាវ័ក ប៉ុល ចំពោះសេចក្តីសប្បុរសរបស់ពួកគេ គឺបានបង្ហូរចេញពីការធានាថា ពួកគេនឹងបានទទួលប្រយោជន៍ពីអំណោយនោះអស់កល្បជានិច្ច។ ទំនុកចិត្តរបស់គាត់ គឺផ្អែកទៅលើការបង្រៀនរបស់ព្រះយេស៊ូវ។ ឧទាហរណ៍៖ ក្នុងកណ្ឌគម្ពីរដំណឹងល្អលូកា សាវ័ក ពេត្រុស បានទូលព្រះយេស៊ូវថា «មើល យើងខ្ញុំបានលះចោលទាំងអស់មកតាមទ្រង់ហើយ» (លូកា១៨:២៨)។ យើងមិនដឹងថា មានកត្តាអ្វីដែលបណ្តាលចិត្តសាវ័ក ពេត្រុស ឲ្យនិយាយដូចនេះទេ ប៉ុន្តែព្រះយេស៊ូវបានមានបន្ទូលថា «ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា គ្មានអ្នកណា ដែលលះចោលផ្ទះសំបែង ឪពុកម្តាយ បងប្អូន ឬប្រពន្ធកូន ដោយយល់ដល់នគរព្រះ ឥតបានចំរើនកាន់តែច្រើនឡើង ក្នុងសម័យនេះនោះឡើយ ហើយលុះដល់បរលោកនាយ ក៏នឹងបានជីវិតរស់អស់កល្បជានិច្ចថែមទៀតផង» (ខ.២៩-៣០)។ ត្រង់ចំណុចនេះ ព្រះយេស៊ូវកំពុងមានបន្ទូលថា សាវ័ក ពេត្រុស និងសាវ័កដទៃទៀត មិនបានខាតបង់អ្វីឡើយ តែកំពុងតែសន្សំទ្រព្យនៅនគរស្ថានសួគ៌វិញ។
ព្រះគម្ពីរបានចែងយ៉ាងច្បាស់អំពីពេលបច្ចុប្បន្ន និងពេលអស់កល្បជានិច្ចដែលនៅជិតបង្កើយ។ យើងងាយនឹងរស់នៅតាមរបៀបធ្វើមើលតែពេលអស់កល្បជានិច្ចមិនមានឥទ្ធិពលមកលើរបៀបដែលយើងដាក់ដង្វាយ គិត និងរស់នៅក្នុងពេលបច្ចុប្បន្នឡើយ ប៉ុន្តែយើងត្រូវដឹងការពិតដែលថា ភាពអស់កល្បជានិច្ចនៅជិតបង្កើយសម្រាប់មនុស្សម្នាក់ៗ ហើយបើធៀបនឹងជីវិតដែលរួញខ្លី ជីវិតអស់កល្បមានរយៈពេលវែងជាងឆ្ងាយណាស់។ ដូចនេះ យើងចាំបាច់ត្រូវថ្វាយដង្វាយ ហើយទុកចិត្តថា យើងនឹងទទួលរង្វាន់ជាបរិបូរក្នុងជីវិតអស់កល្ប។
សមត្ថភាពរបស់យើង ក្នុងការថ្វាយដង្វាយស្ម័គ្រពីចិត្ត និងដោយគិតដល់ភាពអស់កល្បជានិច្ច គឺបានចាក់ឫស នៅក្នុងសេចក្តីសប្បុរសរបស់ព្រះដែលជាម្ចាស់អំណោយខ្ពង់ខ្ពស់បំផុត។ កំហុសធំបំផុតនៅក្នុងការថ្វាយ ប្រហែលជាការមិនថ្វាយទាល់តែសោះ។ យើងប្រហែលជាចង់គិតថា យើងមិនមានលទ្ធភាពថ្វាយ ប៉ុន្តែតាមពិត យើងមិនអាចមិនថ្វាយបានទេ។ គឺដូចដែលព្រះយេស៊ូវបានសន្យាដល់យើងថា «ចូរឲ្យទៅគេ នោះនឹងបានមកអ្នកដែរ គេនឹងវាល់ឲ្យអ្នកយ៉ាងល្អ ទាំងញាត់ ទាំងរលាក់ ហើយដាក់ឲ្យហៀរ នឹងយកមកដាក់បំពេញចិត្តអ្នកផង ដ្បិតគេនឹងវាល់ឲ្យអ្នកតាមរង្វាល់ណាដែលអ្នកវាល់ឲ្យគេ» (លូកា ៦:៣៨)។
ដូចនេះ ចូរពិចារណាអំពីការបណ្ដាក់ទុនរបស់អ្នក មិនមែននៅក្នុងគម្រោងចូលនិវត្តន៍ ឬក្នុងទីផ្សារហ៊ុននោះទេ តែនៅក្នុងការថ្វាយ ដែលបង្កើនទ្រព្យរបស់អ្នកក្នុងនគរព្រះអស់កល្បជានិច្ច។ ការដាក់ដង្វាយសម្រាប់ការងារផ្សាយដំណឹងល្អ នឹងនាំមកនូវរង្វាន់អស់កល្បជានិច្ច។ ចូរឲ្យការយល់ដឹងអំពីជីវិតអស់កល្ប បានធ្វើជាកត្តាកំណត់របៀបដែលអ្នកចាត់ចែងទ្រព្យសម្បត្តិរបស់អ្នក ក្នុងពេលសព្វថ្ងៃ ហើយអ្នកនឹងអាចថ្វាយដង្វាយដោយចិត្តសប្បុរស និងដោយអំណរ។
ខគម្ពីរសញ្ជឹងគិត៖ ២កូរិនថូស ៨:១-១៥
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ៖ បរិទេវ ៣-៥ និងយ៉ូហាន ៦:៥២-៧១