
គ្មាននរណាទៀតឡើយ (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)
ដោយAlistair Begg
September 17, 2025
«ចូរមើលមកអញ ហើយទទួលសេចក្តីសង្គ្រោះចុះ ដ្បិតអញនេះជាព្រះ ឥតមានណាទៀតឡើយ» (អេសាយ ៤៥:២២)។
ជារៀងរាល់ថ្ងៃ នៅពេលដែលថ្ងៃជិតរះមនុស្សទាំងហ្វូងៗ បាននាំគ្នាទៅមាត់ទន្លេគង្គានៅប្រទេសឥណ្ឌា ដើម្បីថ្វាយបង្គំទន្លេនោះ និងព្រះអាទិត្យដែលកំពុងរះ។ មនុស្សជាច្រើនក៏បានបាចធាតុរបស់មនុស្សជាទីស្រឡាញ់ដែលបានលាចាកលោកដោយសង្ឃឹមថា ពួកគេនឹងបានទៅដល់ស្ថានសុខជារៀងរហូត។ តំណាងរបស់អ្នកកាន់សាសនាហិណ្ឌូនៅប្រទេសឥណ្ឌា ទាំងប្រុសស្រីបានជឿថា «ព្រះ» មាននៅក្នុងអ្វីៗទាំងអស់។ មនុស្សជាច្រើនប្រហែលជាហួសចិត្ត នៅពេលដែលបានឮគេនិយាយអំពីរឿងនេះ ឬបានឃើញផ្ទាល់ភ្នែក ប៉ុន្តែពួកគេប្រហែលជាមិនដឹងខ្លួនទេថា ពួកគេមិនខុសពីអ្នកកាន់សាសនាទាំងនោះប៉ុន្មានទេ។ ចូរមើលទៅវប្បធម៌នៅជុំវិញខ្លួនអ្នក អ្នកនឹងកត់សម្គាល់ឃើញ ការថ្វាយបង្គំរូបព្រះបានកើតមានយ៉ាងទូលំទូលាយ មិនខុសពីប្រទេសឥណ្ឌាទេ គ្រាន់តែយើងមិនបានចាប់អារម្មណ៍។ យើងអាចរកឃើញការថ្វាយបង្គំរូបព្រះ នៅក្នុងផ្នត់គំនិតដែលយល់ឃើញថា អ្វីដែលយើងជឿមិនសំខាន់ទេ ព្រោះសាសនាធំៗនៅលើពិភពលោក សុទ្ធតែបង្រៀនឲ្យធ្វើល្អ ដើម្បីឲ្យបានឡើងស្ថានសួគ៌។ ជំនឿគ្រីស្ទបរិស័ទក៏មាននិកាយខុសឆ្គងជាច្រើន ព្រោះមនុស្សពូកែថ្វាយបង្គំ «ព្រះ» មួយអង្គដែលពួកគេបានបង្កើត ឲ្យត្រូវនឹងបំណងចិត្ត និងចំណង់ចំណូលចិត្តរបស់ខ្លួនឯង។ ចំពោះជំនឿដែលជឿថា ព្រះមាននៅក្នុងអ្វីៗទាំងអស់ យើងអាចរកឃើញចំហាយរបស់វា នៅក្នុងការថ្នាក់រៀនធ្វើវិបស្សនា និងយ៉ូហ្កាកម្រិតខ្ពស់ជាដើម ព្រោះយើងស្រឡាញ់ខ្លួនឯង និងរូបកាយរបស់យើង ធ្វើមើលតែពួកវាជាព្រះរបស់យើងអញ្ចឹង។
តាមពិត យើងមានព្រះក្លែងក្លាយរាប់រយដែលជំនួសឲ្យព្រះពិត គឺរូបព្រះដែលសន្យាថា នឹងផ្តល់ឲ្យយើងនូវសេរីភាព ប៉ុន្តែតាមពិត ពួកវាបន្ទាបបន្ថោក និងចាប់ចងយើងធ្វើជាទាសករ។ ឧទាហរណ៍៖ ការថ្វាយបង្គំផ្លូវភេទធ្វើជាព្រះ ធ្វើឲ្យអ្នកបាត់បង់សមត្ថភាពក្នុងការស្រឡាញ់ និងទទួលសេចក្តីស្រឡាញ់។ ការថ្វាយបង្គំស្រាធ្វើជាព្រះ ធ្វើឲ្យអ្នកជាប់អន្ទាក់របស់វា។ ការថ្វាយបង្គំលុយ នឹងធ្វើឲ្យជីវិតអ្នកស្ថិតក្រោមការដឹកនាំរបស់លុយ។ ការថ្វាយបង្គំគ្រួសារ នឹងធ្វើឲ្យអ្នកដួលដោយសារទម្ងន់នៃការរំពឹងចង់បានដែលអ្នកមិនអាចបំពេញឲ្យបាន។ ការថ្វាយបង្គំអ្វីក៏ដោយជំនួសព្រះពិត នឹងធ្វើឲ្យអ្នកមិនអាចរកឃើញភាពស្កប់ស្កល់បានឡើយ។
បើយើងជាប់ជំពាក់នឹងការថ្វាយបង្គំរូបព្រះ យើងច្រើនតែបាត់បង់ទំនុកចិត្តលើព្រះគម្ពីរ ដែលផ្ទុកទៅដោយព្រះបន្ទូលដែលមិនចេះខុស។ នៅពេលដែលរឿងនេះកើតឡើងហើយ យើងក៏លែងឲ្យតម្លៃមកលើការអះអាងត្រង់ៗថា ព្រះយេស៊ូវមកពីស្រុកណាសារ៉ែតគឺជាអង្គទីពីរនៅព្រះត្រៃឯក ជាអ្នកបង្កើតចក្រវាល ជាព្រះអម្ចាស់ដែលមានព្រះជន្មរស់ឡើងវិញ ហើយយាងឡើងស្ថានសួគ៌វិញធ្វើជាក្សត្រ ហើយថ្ងៃមួយ ព្រះអង្គនឹងយាងមកវិញ។ ដូចនេះ គឺដោយសារព្រះគុណរបស់ព្រះ ដែលព្រះបន្ទូលព្រះអង្គបានបង្គាប់យើង និងមនុស្សគ្រប់ទិសទីឲ្យប្រែចិត្ត ងាកបែរចេញពីការថ្វាយបង្គំរូបព្រះ ហើយឲ្យថ្វាយបង្គំព្រះអង្គវិញ ដែលជាព្រះអាទិករ អ្នកទ្រទ្រង់ អ្នកគ្រប់គ្រង ព្រះវរបិតា និងជាចៅក្រម (មើលកិច្ចការ ១៧:៣០)។
តើមានថ្នាំបន្សាបអ្វី សម្រាប់ព្យាបាលចិត្តរបស់អ្នកដែលនៅតែចង់ថ្វាយបង្គំរូបព្រះ ដែលទាស់ប្រឆាំងនឹងព្រះអម្ចាស់ ហើយមិនអាចឲ្យអ្នកបានសង្គ្រោះ? ថ្នាំបន្សាបដ៏សាមញ្ញនោះគឺ «ចូរមើលមកអញ ហើយទទួលសេចក្តីសង្គ្រោះចុះ ដ្បិតអញនេះជាព្រះ ឥតមានណាទៀតឡើយ»។ ចូរយើងពិនិត្យមើលរូបព្រះដែលយើងងាយនឹងថ្វាយបង្គំ ហើយបានដាក់ពួកវាឲ្យនៅទន្ទឹមនឹងព្រះអាទិករ ជាព្រះដែលទ្រទ្រង់អ្វីៗទាំងអស់។ ព្រះអង្គជាព្រះ ហើយពួកវាមិនមែនជាព្រះទេ។ ព្រះអង្គអាចសង្គ្រោះ តែពួកវាមិនអាចសង្គ្រោះបានទេ។ ចូរងាកចេញពីពួកវា ហើយបែរមករកព្រះអង្គវិញ។
ខគម្ពីរសញ្ជឹងគិត៖ អេសាយ ៤៥:១៨-២៥
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ៖ អេម៉ុស ១-៣ និងយ៉ូហាន ៧:១-២៧