ព្រឹក

ហេតុផលដែលមិនត្រូវភ័យខ្លាច
ដោយKirsten Holmberg
September 25, 2025
ទំនុកដំកើង ១១៨:៥-១៤
ព្រះយេហូវ៉ាទ្រង់កាន់ខាងខ្ញុំៗនឹងមិនខ្លាចអ្វីឡើយ តើមនុស្សអាចនឹងធ្វើអ្វីដល់ខ្ញុំបាន។ ទំនុកដំកើង ១១៨:៦
កូនស្រីរបស់ខ្ញុំមានអនុស្សាវរីយ៍វ័យកុមារមួយ ដែលគាត់ចាំច្បាស់ជាងគេ។ គាត់ចាំថា ថ្ងៃមួយប៉ារបស់នាងបានបង្រៀននាងជិះកង់ ដោយមិនប្រើកង់សងខាងសម្រាប់ជួយទប់លំនឹង។ នៅពេលមួយនោះ ស្វាមីរបស់ខ្ញុំបានដាក់ជើងនៅលើដុំ កង់ខាងក្រោយ (ខណៈពេលដែលកូនស្រីខ្ញុំធាក់ឈ្នាន់ ហើយប៉ារបស់នាងក៏បានជួយទប់ចង្កូត) ដូចនេះ ពួកគេអាចជិះកង់ជាមួយគ្នាតាមផ្លូវជម្រាល ដ៏ចង្អៀតមួយ តាមសម្រួល។ នាងនៅចាំថា កាលនោះ ប៉ារបស់នាងបានអស់សំណើច ដោយអំណរ គឺផ្ទុយនឹងខ្លួននាងដែលកំពុងមានការភ័យខ្លាច។ ការជិះកង់ចុះតាមផ្លូវចោទនោះ មានរយៈពេលខ្លីពេក បានជាគាត់មិនបានចាប់អារម្មណ៍ថា គាត់គួរបង្ហាញការអាណិតដល់នាង។ នៅពេលដែលពួកគេជជែកគ្នាអំពីរឿងនេះ នៅថ្ងៃនេះ ស្វាមីខ្ញុំក៏បានឆ្លើយតបយ៉ាងសុភាព ចំពោះការរំឭករបស់នាង ដោយបញ្ជាក់ឲ្យនាងយល់ថា កាលនោះ គាត់ដឹងថា អ្វីៗនឹងមានដំណើរការល្អ បានជាគាត់មិនមានការភ័យខ្លាច។
រឿងរបស់ពួកគេបានធ្វើឲ្យខ្ញុំនឹកចាំថា ក្នុងជីវិតយើង មានពេលខ្លះយើងក៏ជួបការភ័យខ្លាចផងដែរ។ តាមការមើលឃើញរបស់យើង ឧបសគ្គនៅចំពោះមុខយើង ហាក់ដូចជាភ្នំដែលធំ ហើយចោទគួរឲ្យខ្លាច បានជាយើងខ្លាចគ្រោះថ្នាក់ កើតឡើងយ៉ាងពិតប្រាកដ។ តែព្រះគម្ពីរបានធានាយើងថា “ព្រះយេហូវ៉ាទ្រង់កាន់ខាងខ្ញុំៗនឹងមិនខ្លាចអ្វីឡើយ តើមនុស្សអាចនឹងធ្វើអ្វីដល់ខ្ញុំបាន”(ទំនុកដំកើង ១១៨:៦)។ ជំនួយរបស់មនុស្សអាចធ្វើឲ្យយើងខកចិត្ត តែព្រះអង្គគឺជាកន្លែងជ្រកកោនដែលយើងអាចពឹងជ្រកបាន ពេលណាយើងមានអារម្មណ៍ថាមិនអាចស៊ូទ្រាំនឹងទុក្ខលំបាកបាន(ខ.៨-៩)។
ព្រះអង្គគឺជា “អ្នកជួយ” យើង(ខ.៧) ដែលមានន័យថា យើងអាចទុកចិត្តថា ព្រះអង្គនឹងថែរក្សាយើង ក្នុងអំឡុងពេលនៃជីវិតដែលពិបាកបំផុត និងគួរឲ្យខ្លាចបំផុត។ ទោះយើងបានដួល មានស្នាមសម្លាក និងការឈឺចាប់ដែលយើងអាចស៊ូទ្រាំក៏ដោយ ក៏ព្រះវត្តមានដែលជួយសង្គ្រោះរបស់ទ្រង់ គឺជា “កម្លាំង” និង “សេចក្តីសង្គ្រោះ” របស់យើង (ខ.១៤)។—KIRSTEN HOLMBERG
តើយើងអ្នកបានដឹងអំពីព្រះវត្តមានព្រះ ក្នុងទុក្ខលំបាក នៅពេលណា? តើព្រះអង្គបានជួយអ្នកដូចម្តេចខ្លះ?
ឱព្រះវរបិតា ទូលបង្គំសូមអរព្រះគុណព្រះអង្គ ដែលមានព្រះវត្តមានក្នុងជីវិតទូលបង្គំ។
សូមព្រះអង្គជួយទូលបង្គំឲ្យទទួលស្គាល់ថា ព្រះអង្គគង់នៅក្បែរទូលបង្គំជានិច្ច។
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : បទចម្រៀងសាឡូម៉ូន ៦-៨ និង កាឡាទី ៤
ល្ងាច

ទំហំនៃការអត់ទោសរបស់ព្រះអង្គ (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)
ដោយAlistair Begg
September 25, 2025
«ចូរលើកលែងឲ្យគេ នោះគេនឹងលើកលែងឲ្យអ្នកវិញ ចូរឲ្យទៅគេ នោះនឹងបានមកអ្នកដែរ» (លូកា ៦:៣៧-៣៨)។
គ្មានអ្វីធ្វើឲ្យចិត្ត និងគំនិតយើងមានភាពពុករលួយ បានឆាប់រហ័សជាងចិត្តដែលមិនអត់ទោសឲ្យគេនោះទេ។ ហើយផ្ទុយមកវិញ គ្មានអ្វីផ្តល់ឲ្យយើងនូវសេរីភាព ក្តីអំណរ និងសន្តិភាពក្នុងចិត្ត និងគំនិត បានឆាប់រហ័សជាងចិត្តដែលអត់ទោសឲ្យគេពិតប្រាកដនោះឡើយ។ ជាការពិតណាស់ ចិត្តដែលត្រៀមជាស្រេចដើម្បីអត់ទោសឲ្យគេ គឺជាសញ្ញាបង្ហាញថា វិញ្ញាណរបស់យើងមានលក្ខណៈដូចម្តេច។ បានសេចក្តីថា ពេលណាយើងអត់ទោសអស់ពីចិត្ត គឺយើងបង្ហាញភស្តុតាងបញ្ជាក់ថា យើងពិតជាកូនរបស់ព្រះដ៏ខ្ពស់ (លូកា ៦:៣៥)។
ព្រះយេស៊ូវច្រើនតែមានបន្ទូលអំពីការអត់ទោសឲ្យគេ និងការទទួលការអត់ទោស ក្នុងពេលតែមួយ (លូកា ១១:៤)។ ដូចនេះ ពេលណាយើងគិតអំពីការអត់ទោសឲ្យគេ ជាដំបូង យើងត្រូវតែសួរថា តើយើងអាចស្វែងរកការអត់ទោសនៅកន្លែងណា។ ចម្លើយនោះគឺ ប្រភពនៃការអត់ទោសពិតប្រាកដទាំងអស់ គឺអាចរកបាននៅក្នុងព្រះតែប៉ុណ្ណោះ។ ជាការពិតណាស់ ការអត់ទោសបាបមានប្រភពចេញពីសេចក្តីមេត្តាករុណាដ៏បរិបូររបស់ព្រះ។ ជីវិត និងសុខភាពនៃវិញ្ញាណរបស់យើងមិនអាចខ្វះការអត់ទោសបានទេ គឺដូចដែលអាហារមានភាពចាំបាច់មិនអាចខ្វះបាន សម្រាប់រូបកាយខាងវិញ្ញាណរបស់យើងដែរ។ ព្រះគម្ពីរមានពេញទៅដោយការក្រើនរំឭក ដែលចង្អុលបង្ហាញថា ព្រះអង្គជាព្រះដែលអត់ទោសបាប។ អ្នកនិពន្ធបទគម្ពីរទំនុកតម្កើងបានពោលថា «ឱព្រះយេហូវ៉ាអើយ បើសិនជាទ្រង់កត់ចំណាំអស់ ទាំងអំពើទុច្ចរិតនោះ ឱព្រះអម្ចាស់អើយ តើអ្នកណានឹងធន់នៅបាន ប៉ុន្តែទ្រង់មានព្រះហឫទ័យអត់ទោសវិញ ដើម្បីឲ្យគេបានកោតខ្លាចដល់ទ្រង់» (ទំនុកតម្កើង ១៣០:៣-៤)។ ហោរា ដានីយ៉ែល ក៏បានថ្លែងស្រដៀងនេះផងដែរថា «ឯសេចក្តីមេត្តាករុណា និងសេចក្តីអត់ទោស នោះជារបស់ផងព្រះដ៏ជាព្រះអម្ចាស់នៃយើងខ្ញុំវិញ» (ដានីយ៉ែល ៩:៩)។ នៅពេលដែលគេស្តោះទឹកមាត់ដាក់ព្រះរាជបុត្រានៃព្រះ ដែលយាងចុះពីស្ថានសួគ៌ ហើយគេចំអកឲ្យហែកព្រះពស្ត្រ វាយដុំ ហើយឆ្កាងព្រះអង្គ នៅចន្លោះឧក្រិដ្ឋជនពីរនាក់នៅសង្ខាង ហើយព្រះវរបិតាបានបោះបង់ចោលទ្រង់ទៀត តែព្រះអង្គបានអធិស្ឋានឲ្យគេថា «ឱព្រះវរបិតាអើយ សូមអត់ទោសដល់អ្នកទាំងនេះផង» (លូកា ២៣:៣៤)។ ការអត់ទោសរបស់ព្រះ គឺគ្មាននរណាអាចប្រៀបផ្ទឹមបានទេ។
ក្នុងនាមយើងជាកូនរបស់ព្រះ ដោយសារជំនឿលើព្រះគ្រីស្ទ យើងត្រូវត្រាប់តាមព្រះវរបិតា និងព្រះអម្ចាស់នៃយើង ដោយអនុវត្តនូវការអត់ទោស។ ការអត់ទោសពិតជាសំខាន់ចំពោះជីវិតរបស់គ្រីស្ទបរិស័ទណាស់ បានជាព្រះយេស៊ូវមានបន្ទូលថា បើយើងមិនព្រមអត់ទោសឲ្យគេទេ នោះយើងគួរតែសួរខ្លួនឯងថា តើយើងពិតជាបានទទួលការអត់ទោសហើយឬនៅ និយាយឲ្យចំ តើយើងពិតជាបានជឿដំណឹងល្អអស់ពីចិត្តហើយឬនៅ (ម៉ាថាយ ៦:១៤-១៥)។ បើចិត្តរបស់អ្នកគ្មានការអត់ទោសឲ្យគេទេ ចូរកុំដោះសារ ឬគិតថាវាជារឿងតូចតាចនោះឡើយ។ ផ្ទុយទៅវិញ ចូរប្រកាន់ខ្ជាប់តាមដំណឹងល្អនៅក្នុងចិត្ត។ ចូរសញ្ជឹងគិតអំពីទំហំនៃការអត់ទោសបាប ដែលអ្នកបានទទួលព្រះគ្រីស្ទចុះ។ ចូរពិចារណាអំពីលក្ខណៈនៃការអត់ទោសរបស់ព្រះវរបិតា ដែលបានត្រាស់ហៅអ្នកឲ្យយកគំរូតាមព្រះអង្គ។ ចូរទទួលស្គាល់បន្ទុកនៃការមិនអត់ទោស ដែលធ្វើឲ្យពុករលួយ និងបំផ្លាញជីវិត។
ចូរដឹងច្បាស់ថា អ្នកត្រូវអត់ទោសឲ្យគេ ហើយអត់ទោសដើម្បីនរណា។ នេះជាផ្លូវឆ្ពោះទៅរកការអរសប្បាយនឹងសន្តិភាព និងសេរីភាព នៃការអត់ទោស ដូចដែលព្រះអង្គបានអត់ទោសឲ្យអ្នក។
ខគម្ពីរសញ្ជឹងគិត៖ លូកា ៧:៣៦-៥០
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ៖ អេសាយ ១៤-១៥ និងយ៉ូហាន ១១:១-២៧