ព្រឹក

ភាពស្រស់ស្អាតកើតចេញពីសោកនាដកម្ម
ដោយBill Crowder
September 26, 2025
លោកុប្បត្តិ ២:៨-៩ ៣:១-៦
នោះមនុស្សជាច្រើន ក៏បានត្រឡប់ជាសុចរិតដោយសារម្នាក់បានស្ដាប់បង្គាប់វិញយ៉ាងនោះដែរ។ រ៉ូម ៥:១៩
បឹងខូនីស្តុន វ៉តធ័រ មានទីតាំងក្នុងស្រុកដែលមានបឹងស្រស់ស្អាត ក្នុងប្រទេសអង់គ្លេស ជាកន្លែងសម្រាកលំហែ សម្រាប់ក្រុមគ្រួសារទាំងឡាយ ក្នុងចក្រភពអង់គ្លេស។ ទឹកបឹងនោះមានអំណោយផលយ៉ាងខ្លាំងសម្រាប់ការជិះទូក ហែលទឹក និងការលេងកីឡាលើទឹកផ្សេងៗទៀត។ ទោះជាយ៉ាងណាក៏ដោយ ទីកន្លែងដ៏ស្រស់ស្អាតនេះ ក៏ជាទីកន្លែងសោកនាដកម្មផងដែរ។ កាលពីឆ្នាំ១៩៦៧ លោកដូណាល់ ខែមប៊ែល(DONALD CAMPBELL) កំពុងបើកបរអ៊ូប័រល្បឿនលឿន BLUEBIRD K7 ដោយព្យាយាមបំបែកកំណត់ត្រាពិភពលោក សម្រាប់ល្បឿននៅលើទឹក។ គាត់បានឈានទៅដល់ល្បឿនលឿនបំផុត គឺ៥២៨គីឡូម៉ែត្រ ក្នុងមួយម៉ោង តែមិនបានមានជីវិតរស់ ដើម្បីអបអរជ័យជម្នះនេះឡើយ ដោយសារអ៊ូប័ររបស់គាត់បានជួបគ្រោះថ្នាក់ បណ្តាលឲ្យគាត់បាត់បង់ជីវិត។
ពេលដ៏សោកសៅនោះអាចកើតឡើង ក្នុងទីកន្លែងដ៏ស្រស់ស្អាត។ ក្នុងបទគម្ពីរលោកុប្បត្តិជំពូក២ ព្រះអាទិករ “យកអ័ដាមទៅដាក់នៅក្នុងសួនច្បារអេដែន ឲ្យគាត់ធ្វើការហើយថែរក្សា”(ខ.១៥)។ សួនច្បារនោះជាស្នាព្រះហស្តដ៏ល្អឯក ប៉ុន្តែ នៅពេលដែលព្រះអង្គបានដាក់បុរស និងស្ត្រីដំបូងឲ្យរស់នៅទីនោះ ពួកគេមិនស្តាប់បង្គាប់ព្រះអង្គ ដោយនាំអំពើបាប និងសេចក្តីស្លាប់ចូលទៅក្នុងស្នាព្រះហស្តរបស់ព្រះអង្គ(៣:៦-៧)។ សព្វថ្ងៃនេះ យើងបន្តមើលឃើញផលវិបាកដ៏ហិនហោច នៃការសម្រេចចិត្តដ៏សោកសៅរបស់ពួកគេ។
ប៉ុន្តែ ព្រះយេស៊ូវបានយាងមក ដើម្បីប្រទានជីវិតដល់យើង ជាមនុស្សដែលស្លាប់ក្នុងបាបរបស់យើង។ សាវ័កប៉ុលបាននិយាយសំដៅទៅលើសេចក្តីពិតនេះ នៅពេលដែលគាត់សរសេរថា “ដ្បិតដូចជាមនុស្សជាច្រើន បានត្រឡប់ជាមានបាប ដោយសារមនុស្សតែម្នាក់ មិនបានស្ដាប់បង្គាប់ជាយ៉ាងណា នោះមនុស្សជាច្រើន ក៏បានត្រឡប់ជាសុចរិតដោយសារម្នាក់បានស្ដាប់បង្គាប់វិញយ៉ាងនោះដែរ”(រ៉ូម ៥:១៩)។ ដោយសារព្រះយេស៊ូវ យើងមានផ្ទះដែលស្រស់ស្អាតបំផុត កំពុងរង់ចាំយើងទាំងអស់គ្នា។
ព្រះអង្គបានធ្វើឲ្យភាពស្រស់ស្អាតកើតចេញពីសោកនាដកម្ម។ ហើយដោយសារព្រះគុណព្រះ ភាពស្រស់ស្អាតអស់កល្ប បានកើតចេញពីសោកនាដកម្ម។—BILL CROWDER
តើអ្នកបានឃើញព្រះទ្រង់នាំភាពស្រស់ស្អាតចេញពីសោកនាដកម្ម នៅពេលណា?
តើអ្នកបានឆ្លើយតប ដូចម្តេចចំពោះព្រឹត្តិការណ៍នោះ?
ឱព្រះវរបិតាដែលគង់នៅស្ថានសួគ៌ ទូលបង្គំសូមអរព្រះគុណព្រះអង្គ
ដ្បិតមានតែព្រះអង្គទេដែលបានប្រទានភាពស្រស់ស្អាតអស់កល្បជានិច្ច។
FOR FURTHER STUDY, READ A SEASON OF SUFFERING: MEETING JESUS IN OUR PAIN AT DISCOVERODB.ORG.
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : អេសាយ ១-២ និង កាឡាទី ៥
ល្ងាច

ធូលីដី និងធ្នឹមក្នុងភ្នែក (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)
ដោយAlistair Begg
September 26, 2025
«ធ្វើដូចម្តេចឲ្យអ្នក ដែលមើលធ្នឹមក្នុងភ្នែកខ្លួនមិនឃើញ អាចនិយាយទៅប្អូនបានថា ប្អូនអើយ ឲ្យអញយកកំទេច ពីភ្នែកឯងចេញដូច្នេះ ឱអ្នកមានពុតអើយ ចូរយកធ្នឹមពីភ្នែកអ្នកចេញជាមុនសិន នោះទើបនឹងបានឃើញច្បាស់ អាចនឹងយកកំទេចចេញពីភ្នែកប្អូនអ្នកបានដែរ» (លូកា ៦:៤២)។
ខ្ញុំនៅចាំពេលដែលខ្ញុំអង្គុយប្រឡង។ ខ្ញុំយកក្រដាសវិញ្ញាសាមកមើល ហើយភ្លាមៗនោះ ខ្ញុំក្រឡេកមើលជុំវិញខ្លួន ដើម្បីឲ្យបានដឹងថា អ្នកដទៃមានអារម្មណ៍ពិបាក នៅក្នុងការឆ្លើយសំណួរដូចខ្ញុំដែរឬទេ។ បន្ទាប់មក ខ្ញុំក៏បានភ្ញាក់ខ្លួនព្រើត ពេលដែលបានឮលោកគ្រូណែនាំខ្ញុំ កុំឲ្យរវល់មើលទៅអ្នកដទៃ តែឲ្យផ្ដោតទៅលើខ្លួនឯងបានហើយ។
ព្រះយេស៊ូវបានមានបន្ទូលក្នុងន័យស្រដៀងនេះផងដែរ នៅក្នុងបទគម្ពីរ លូកា ៦:៤២ ដោយព្រះអង្គប្រើពាក្យប្រៀបប្រដូច ដើម្បីបង្រៀនគេឲ្យដោះស្រាយបញ្ហានៃអំពើបាបរបស់ខ្លួនឯងជាមុនសិន មុននឹងព្យាយាមបើកបង្ហាញអំពើបាបរបស់អ្នកដទៃ។ ព្រះអង្គបានប្រើពាក្យ «កំទេច» ច្រើនតែសំដៅទៅលើកំទេចឈើ ឬធូលីដី។ ប៉ុន្តែ ពាក្យ «ធ្នឹម» គឺសំដៅទៅលើឈើធំវែងសម្រាប់ទ្រទម្ងន់ ក្នុងសំណង់ផ្ទះ ឬសំណង់អ្វីមួយ។ បើខ្ញុំមានធ្នឹមក្នុងភ្នែកខ្ញុំ នោះខ្ញុំប្រាកដជាត្រូវផ្ដោតចិត្តមកលើវា ជាជាងខ្វល់អំពីកំទេចឈើក្នុងភ្នែកអ្នកដទៃ។ ក្នុងនាមយើងជាមនុស្សមានបាប យើងងាយនឹងគិតថា យើងមានការទទួលខុសត្រូវ នៅក្នុងការដោះស្រាយបញ្ហាខាងវិញ្ញាណរបស់មនុស្សម្នាក់ៗ មុនពេលយើងដោះស្រាយបញ្ហានៃអំពើបាបរបស់យើង។ តែព្រះគ្រីស្ទមិនបានត្រាស់ហៅយើង ឲ្យផ្ដោតចិត្តជាចម្បង និងជាដំបូង ទៅលើកំទេចនៅក្នុងភ្នែករបស់អ្នកដទៃនោះទេ។ ទេ! ព្រះអង្គមានបន្ទូលថា យើងត្រូវតែឧស្សាហ៍ពិនិត្យមើលខ្លួនឯង ផ្អែកទៅលើការបង្រៀនក្នុងព្រះគម្ពីរ និងតាមស្តង់ដារដែលព្រះអង្គបានកំណត់។ យើងពិបាកធ្វើតាមការបង្រៀនរបស់ព្រះយេស៊ូវ ក្នុងបទគម្ពីរនេះណាស់។ ជួនកាល យើងប្រហែលជាបង្ហាញកំហុសរបស់អ្នកដទៃ ដោយក្លែងបន្លំធ្វើជាយកចិត្តទុកដាក់ចំពោះស្ថានភាពខាងវិញ្ញាណរបស់ពួកគេ។ ប៉ុន្តែ បើយើងទទួលស្គាល់បាបរបស់ខ្លួនឯងយ៉ាងតឹងរ៉ឹង ដោយចិត្តស្មោះត្រង់ទេ នោះយើងជាមនុស្សមានពុតហើយ! យើងច្រើនតែយល់ច្រឡំថា បើខ្ញុំអាចរកឃើញកំហុសរបស់អ្នក ហើយប្រឈមមុខដោះស្រាយបញ្ហានៃអំពើបាបរបស់អ្នក នោះខ្ញុំមិនចាំបាច់ត្រូវប្រឈមមុខដោះស្រាយបញ្ហានៃអំពើបាបរបស់ខ្ញុំទេ។ ការនិយាយប្រាប់អ្នកដទៃអំពីស្ថានភាពគួរឲ្យភ័យខ្លាច មានភាពងាយស្រួលជាងការប្រឈមមុខដាក់បញ្ហារបស់ខ្លួនឯង។
បើយើងពិតជាចង់ជួយអ្នកដទៃមែន យើងត្រូវតែត្រៀមខ្លួនប្រឈមមុខដាក់ភាពគួរឲ្យភ័យខ្លាចនៅក្នុងចិត្តរបស់យើង ដើម្បីទទួលស្គាល់ថា «គ្រាប់ពូជទាំងអស់នៃអំពើបាបរបស់ខ្ញុំ គឺបានដុះចេញពីក្នុងចិត្តខ្ញុំមក»។1 ពេលយើងយល់ និងជឿដូចនេះហើយ យើងអាចចូលទៅរកអ្នកដទៃ ដោយឈរនៅកន្លែងទាប ដែលជាសេចក្តីស្រឡាញ់ និងការបន្ទាបខ្លួនពិតប្រាកដ ជាជាងឈរនៅលើកន្លែងខ្ពស់ ដែលជាការតាំងខ្លួនជាអ្នកត្រឹមត្រូវ។ ផ្នត់គំនិតទាំងពីរនេះ គឺពិតជាខុសគ្នាខ្លាំងណាស់។
ខគម្ពីរសញ្ជឹងគិត៖ ពួកចៅហ្វាយ ២០-២៥
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ៖ អេសេគាល ១៦-១៧ និងយ៉ូហាន ១១:២៨-៥៧