
អ្នកគង្វាលដែលមានសេចក្តីអាណិត (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)
ដោយAlistair Begg
September 29, 2025
«កាលព្រះអម្ចាស់បានឃើញ នោះទ្រង់មានព្រះហឫទ័យក្ដួលអាណិតអាសូរដល់គាត់ណាស់ ក៏មានព្រះបន្ទូលថា កុំយំអី រួចទ្រង់យាងចូលទៅពាល់ក្តារមឈូស ឯពួកអ្នកសែងក៏ឈប់ ហើយទ្រង់មានព្រះបន្ទូលថា អ្នកកំឡោះអើយ ខ្ញុំបង្គាប់អ្នកថា ចូរក្រោកឡើង» (លូកា ៧:១៣-១៤)។
ការប្រកាសអំពីការមកដល់នៃនគរព្រះ មិនបានផ្ដោតទៅលើជ័យជម្នះគួរឲ្យស្ញប់ស្ញែងមកលើអំណាច និងការគ្រប់គ្រងរបស់លោកីយ៍នោះទេ តែបានផ្ដោតជាចម្បងទៅលើការផ្លាស់ប្តូរលើសនេះទៀត ដែលកើតឡើងពីព្រះទ័យក្ដួលអាណិតរបស់ព្រះដែលជាមហាក្សត្រ។ ក្នុងការពិពណ៌នាអំពីព្រះយេស៊ូវក្នុងកណ្ឌគម្ពីរដំណឹងល្អ អ្នកនិពន្ធបាននិយាយអំពីជំនួបជាច្រើន ដែលក្នុងនោះព្រះយេស៊ូវបានបង្ហាញសេចក្តីអាណិតដល់មនុស្សដែលព្រះអង្គជួប គ្មានអ្វីអាចប្រៀបផ្ទឹមបានទេ។ នៅជំនួបទាំងនោះ ព្រះអង្គបានបង្ហាញព្រះចេស្ដា ជាមួយនឹងក្តីអាណិត។ ឧទាហរណ៍៖ ក្នុងជំពូក៧ នៃដំណឹងល្អលូកា ព្រះយេស៊ូវបានបង្ហាញព្រះទ័យអាណិតដល់ស្ត្រីមេម៉ាយដែលកំពុងសោកសង្រេងជាការឆ្លើយតប ដែលបង្ហាញភាពធំឧត្តមរបស់ព្រះអង្គយ៉ាងច្បាស់។ ស្ត្រីនោះកំពុងមានភាពទីទាល់តែយ៉ាងខ្លាំង ដោយស្វាមីគាត់បានស្លាប់ ហើយកូនប្រុសរបស់គាត់ក៏ទើបតែបាត់បង់ជីវិតទៀត។ ក្នុងសង្គមរបស់តំបន់មជ្ឈិមបូព៌ា បញ្ហានេះបានបង្ហាញថា គាត់កំពុងខ្វះទីពឹងដែលផ្តល់ឲ្យនូវការការពារ និងការផ្គត់ផ្គង់។ ជីវិតគាត់មានការសោកសៅ ឯកោ និងបាត់បង់ម្ចាស់ការ ហើយមិនមានអ្នកតវង្សត្រកូលទៀតទេ។
ប៉ុន្តែ កាលព្រះយេស៊ូវជួបគាត់ ក្នុងពេលដែលជីវិតគាត់ឈានដល់ចំណុចដែលពិបាកជាពន់ពេក «ទ្រង់មានព្រះហឫទ័យក្ដួលអាណិតអាសូរដល់គាត់ណាស់ ក៏មានព្រះបន្ទូលថា កុំយំអី» ។
ព្រះនៃយើងជាអ្នកគង្វាលដ៏សុភាព មានព្រះទ័យក្ដួលអាណិត ដោយសារព្រះអង្គទតឃើញគាត់សោកសង្រេង។ តាមន័យត្រង់ ក្នុងព្រះគម្ពីរភាសាក្រិក ពាក្យ «ក្ដួលអាណិត» គឺមានន័យថា «ក្ដុកក្ដួលក្នុងឱរា»។ កាលព្រះយេស៊ូវបានទតឃើញការសោកសង្រេងក្នុងលោកីយ៍ដែលប្រេះបែក ព្រះអង្គមានអារម្មណ៍ក្តុកក្តួលក្នុងឱរា។ ព្រះអង្គជាក្សត្រដែលយកព្រះទ័យទុកដាក់យ៉ាងជ្រាលជ្រៅ។
ជាងនេះទៅទៀត ព្រះយេស៊ូវមានព្រះចេស្ដា ដែលអាចបំពេញតម្រូវការរបស់ស្ត្រីមេម៉ាយនោះ ហើយព្រះអង្គបានសម្រេចព្រះទ័យធ្វើអ្វី ដែលមានតែព្រះអង្គអាចធ្វើបាន គឺប្រោសមនុស្សស្លាប់ឲ្យរស់ឡើងវិញ។ ព្រះអង្គមិនគ្រាន់តែប្រោសជីវិតរបស់កូនប្រុសរបស់ស្ត្រីមេម៉ាយដែលកំពុងសោកសង្រេង ហើយបំពេញតម្រូវការ និងដកការសោកសង្រេងរបស់គាត់ចេញប៉ុណ្ណោះទេ។ ដែលសំខាងជាងនេះទៀតនោះ គឺព្រះអង្គបានបង្ហាញអង្គទ្រង់ដល់ហ្វូងមនុស្ស (និងយើងផងដែរ!) ដោយព្រះចេស្ដា សេចក្តីសប្បុរស និងអំណាចរបស់ព្រះអង្គ គឺរាប់បញ្ចូលទាំងអំណាចលើសេចក្តីស្លាប់ផងដែរ។
ទិដ្ឋភាពដូចនេះ បានបង្ហាញយើងថា ព្រះយេស៊ូវមិនគ្រាន់តែមានបន្ទូលអំពីជំងឺ និងសេចក្តីស្លាប់ ជាខ្មាំងសត្រូវធំបំផុតនៃមនុស្សជាតិ ហើយព្រះអង្គបានឬព្រះកន្សែងប៉ុណ្ណោះទេ។ តែព្រះអង្គបានឈ្នះពួកវាផងដែរ។ ព្រះអង្គបានឮសម្លេងយំនៃការសោកសង្រេង ហើយបានកម្សាន្តចិត្តពួកគេ ដែលមិនគ្រាន់តែមានន័យ នៅលើផែនដី ជាបណ្ដោះអាសន្ន តែក៏មានន័យដល់គ្រាចុងក្រោយ យ៉ាងឥតខ្ចោះ និងអស់កល្បជានិច្ច ដោយលះបង់ព្រះជន្មទ្រង់ ដើម្បីសង្គ្រោះមនុស្សទាំងអស់ដែលជឿ។
ក្សត្ររបស់អ្នកមិនគ្រាន់តែមានព្រះចេស្ដាគ្មានដែនកំណត់ប៉ុណ្ណោះទេ តែក៏មានព្រះទ័យអាណិតគ្មានដែនកំណត់។ ហើយលក្ខណសម្បត្តិទាំងពីរនេះរួមផ្សំគ្នា ល្មមនឹងនាំអ្នកឆ្លងកាត់ទុកព្រួយ និងការសោកសង្រេងនីមួយៗក្នុងលោកីយ៍នេះ ទាល់តែអ្នកបានឈរនៅក្នុងព្រះវត្តមានរបស់ព្រះអង្គ ហើយព្រះអង្គជូតទឹកភ្នែកទាំងអស់ចេញពីភ្នែកអ្នក។
ខគម្ពីរសញ្ជឹងគិត៖ លូកា ៧:១-១៧
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ៖ អេសេគាល ២២-២៣ និងយ៉ូហាន ១៣:១-២០