
ប្ដូរផ្តាច់ចំពោះព្រះបន្ទូលព្រះ (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)
ដោយAlistair Begg
October 3, 2025
«ឯយើងខ្ញុំ នឹងខំព្យាយាមក្នុងសេចក្តីអធិស្ឋាន និងការផ្សាយព្រះបន្ទូលវិញ។ សេចក្តីនោះក៏ពេញចិត្តដល់ពួកជំនុំទាំងអស់គ្នា...» (កិច្ចការ ៦:៤-៥)។
ព្រឹត្តិការណ៍នៃការពេញដោយព្រះវិញ្ញាណបរិសុទ្ធ នៅថ្ងៃបុណ្យទី៥០ និងការងារបម្រើព្រះដែលកើតចេញពីព្រឹត្តិការណ៍នេះ សុទ្ធតែមានភាពអស្ចារ្យ ប៉ុន្តែបន្ទាប់មក ពួកសាវ័ក និងសិស្សរបស់ពួកគេមិនបាននិយាយថា ឥឡូវនេះ ព្រះវិញ្ញាណនៃព្រះបានបង្រៀនខ្ញុំហើយ ខ្ញុំមិនចាំបាច់ត្រូវស្តាប់អ្នកផ្សេងនោះទេ។ ផ្ទុយទៅវិញ នៅពេលដែលពួកគេបានពេញដោយព្រះវិញ្ញាណហើយ ពួកគេបានបើកចំហត្រចៀក ទទួលយកការអធិប្បាយដែលមានអំណាច និងការបង្រៀនព្រះបន្ទូលព្រះ។ រឿងនេះបានបង្រៀនយើង នូវមេរៀនដ៏សំខាន់មួយគឺ ព្រះវិញ្ញាណរបស់ព្រះតែងតែដឹកនាំរាស្ត្ររបស់ព្រះឲ្យមានការប្ដេជ្ញាចិត្តចំពោះព្រះបន្ទូលព្រះ។
ហេតុនេះហើយ កណ្ឌគម្ពីរកិច្ចការមានពេញទៅដោយការនិយាយផ្ដោតទៅលើការអធិប្បាយព្រះបន្ទូល។ ពួកសាវ័ក បានទទួលស្គាល់ព្រះបន្ទូលព្រះជាឧបករណ៍ដ៏ខ្ពង់ខ្ពស់របស់ព្រះ សម្រាប់ការកែប្រែរាស្ត្រព្រះអង្គជាថ្មីឡើង ឲ្យត្រូវនឹងរូបអង្គរបស់ព្រះរាជបុត្រា ដោយព្រះវិញ្ញាណធ្វើការតាមរយៈព្រះបន្ទូល។ ក្នុងកណ្ឌគម្ពីរកិច្ចការជំពូក៦ យើងឃើញគំរូរបស់ពួកសាវ័ក ដែលបានដាក់អាទិភាព និងការការពារ ដល់អ្នកដែលព្រះបានត្រាស់ហៅ និងប្រទានសមត្ថភាពឲ្យបង្រៀន។ ពួកសាវ័ក បានទទួលស្គាល់សារៈសំខាន់នៃភារកិច្ចជាអ្នកបម្រើព្រះ ដែលត្រូវចែកចាយព្រះបន្ទូលដល់រាស្ត្រព្រះអង្គ។
កណ្ឌគម្ពីរសញ្ញាចាស់មួយចំនួនបានប្រើពាក្យ «សេចក្តីទំនាយយ៉ាងធ្ងន់» របស់ពួកហោរា ដែលពាក្យនេះក៏អាចប្រែថា «បន្ទុកធ្ងន់» (មើលអេសាយ ១៣:១)។ បានសេចក្តីថា នៅក្នុងចិត្ត និងគំនិតរបស់ពួកគេមានការទទួលខុសត្រូវធ្ងន់ណាស់ នៅក្នុងការចែកចាយសេចក្តីពិតរបស់ព្រះដល់រាស្ត្ររបស់ព្រះអង្គ។ នៅសតវត្សរ៍ទី១៩ លោកស៊ី អេច ស្ពើជិន (C.H. Spurgeon) បានទទួលស្គាល់បន្ទុកនេះ ដោយប្រកាសថា តុអាសនារបស់គាត់ មានឥទ្ធិពលជាងបល្ល័ង្ករបស់ស្ដេចនៃចក្រភពអង់គ្លេសទៅទៀត ព្រោះគាត់បាននាំព្រះរាជសារពីបល្ល័ង្ករបស់ព្រះ មកតុអាសនា ហើយចែកចាយសេចក្តីពិតនៃគោលលទ្ធិរបស់គ្រីស្ទបរិស័ទដល់រាស្ត្ររបស់ព្រះអង្គ។
យើងត្រូវតែអធិស្ឋាន និងការពារអ្នកដែលព្រះបានត្រាស់ហៅឲ្យបង្រៀនសេចក្តីពិតនៃព្រះគម្ពីរ ទោះពួកគេបង្រៀនពួកជំនុំ បង្រៀនក្មេងតូចៗ ឬបង្រៀនក្នុងបរិបទណាក៏ដោយ។ ការឈរនៅចន្លោះព្រះដ៏បរិសុទ្ធ និងរាស្ត្ររបស់ព្រះអង្គ ជាទៀងទាត់មិនមែនជារឿងតូចតាចទេ។ នេះជាបន្ទុកដ៏ធ្ងន់ ក៏ដូចជាឯកសិទ្ធិដ៏អស្ចារ្យ។
ក្រៅពីអធិស្ឋានឲ្យគ្រូ និងគ្រូអធិប្បាយរបស់យើង យើងក៏ត្រូវបន្ទាបខ្លួន ហើយមានចិត្តឆេះឆួល ចង់អង្គុយស្តាប់ការបង្រៀនព្រះបន្ទូលព្រះដែលមានអំណាចផងដែរ។ ពួកជំនុំដំបូងបានធ្វើជាគំរូនៃការប្ដេជ្ញាចិត្តដូចនេះ ដោយពួកគេមានចិត្តប្ដូរផ្តាច់ចំពោះការបង្រៀនរបស់ពួកសាវ័ក (កិច្ចការ ២:៤២)។ យើងក៏ត្រូវមានការប្ដេជ្ញាចិត្តដូចពួកគេ ក្នុងពេលសព្វថ្ងៃផងដែរ ដោយយើងត្រូវប្ដូរផ្តាច់ចំពោះការបង្រៀនផ្អែកទៅលើសេចក្តីពិតក្នុងព្រះគម្ពីរសញ្ញាថ្មី ដែលបានបើកសម្ដែងដល់ពួកសាវ័ក និងសង់នៅលើគ្រឹះនៃគោលលទ្ធិរបស់ព្រះគម្ពីរសញ្ញាចាស់។ សូមព្រះបន្ទូលព្រះអង្គបានធ្វើជាអាហារខាងវិញ្ញាណ ហើយបំពេញយើងជារៀងរាល់ថ្ងៃ ដោយព្រះវិញ្ញាណរបស់ព្រះ ដែលនាំយើងចូលកាន់តែជ្រៅទៅក្នុងសេចក្តីពិត និងក្តីអំណរនៅក្នុងសេចក្តីពិត។
ខគម្ពីរសញ្ជឹងគិត៖ ទំនុកតម្កើង ១១៩:៨១-៩៦
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ៖ អេសេគាល ៣៣-៣៤ និងយ៉ូហាន ១៦