
ភាពក្លាហានដោយព្រះវិញ្ញាណដឹកនាំ (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)
ដោយAlistair Begg
October 5, 2025
«តែបើឯងខ្លាចនឹងទៅ នោះឲ្យនាំពូរ៉ា ជាអ្នកបំរើរបស់ឯង ចុះទៅជាមួយផងចុះ។ ឯងនឹងបានឮសេចក្ដីដែលគេថា ហើយលំដាប់នោះឯងនឹងមានកម្លាំងដៃខ្លាំងឡើង អាចចុះទៅទាស់នឹងគេបាន» (ពួកចៅហ្វាយ ៧:១០-១១)។
ការរាថយដោយការភ័យខ្លាច តែងតែងាយស្រួលជាងការបោះជំហានទៅមុខដោយជំនឿ។ វាងាយស្រួលជាង តែមិនដែលល្អជាងទេ។ លោក គេឌាន មានការភ័យខ្លាចច្រើន ដែលបណ្ដាលឲ្យមានការស្ទាក់ស្ទើរ។ គាត់ស្ទាក់ស្ទើរ នៅពេលដែលទេវតារបស់ព្រះយេហូវ៉ាបានត្រាស់ហៅគាត់ឲ្យដឹកនាំប្រជាជនអ៊ីស្រាអែល (ពួកចៅហ្វាយ ៦:១៣, ១៥)។ គាត់ស្ទាក់ស្ទើរ នៅពេលដែលសត្រូវរបស់ពួកអ៊ីស្រាអែលប្រមូលផ្តុំគ្នា ដើម្បីតតាំងនឹងគាត់ (ខ៣-៤០)។ ហើយគាត់ហាក់ដូចជាស្ទាក់ស្ទើរម្តងទៀត នៅពេលយប់ មុនពេលសង្គ្រាម ដែលក្នុងនោះព្រះទ្រង់បានសន្យាថា នឹងប្រទានជ័យជម្នះ (៧:៩-១០)។ ហើយព្រះអង្គក៏បានមានបន្ទូល ចូលទៅក្នុងការភ័យខ្លាច និងការស្ទាក់ស្ទើរនេះ។ ចូរយើងកត់សម្គាល់អំពីព្រះគុណ និងភាពអត់ធ្មត់ដែលទ្រង់មាន ចំពោះលោក គេឌាន នៅពេលដែលទ្រង់មានបន្ទូលថា «បើឯងខ្លាចនឹងទៅ…» ហើយព្រះអង្គក៏បានលើកទឹកចិត្តគាត់ ឲ្យនាំអ្នកបម្រើគាត់ទៅកន្លែងបោះជំរុំជាមួយគាត់។ នេះជារបៀបឆ្លើយតបចំពោះការភ័យខ្លាចរបស់លោក គេឌាន ដោយយល់ចិត្តគាត់។ គឺបានទទួលស្គាល់ថា ក្នុងសាច់ឈាមរបស់គាត់ជាមនុស្ស គាត់មានហេតុផលធំមួយដែលត្រូវភ័យខ្លាច។ គាត់ហៀបនឹងចូលទៅច្បាំងនឹងសត្រូវដែលមានកងទ័ពច្រើនជាងគាត់១០ដង។ ព្រះអម្ចាស់មិនបានស្តីបន្ទោសគាត់ ដោយសារការភ័យខ្លាចនេះទេ តែព្រះអង្គបានផ្តល់ឲ្យគាត់នូវហេតុផលដែលត្រូវទុកចិត្តព្រះអង្គ។
យើងក៏ត្រូវការព្រះបន្ទូលលើកទឹកចិត្តដូចនេះពីព្រះអម្ចាស់ផងដែរ។ យើងច្រើនតែមិនងាយនឹកឃើញថា យើងអាចថ្វាយការព្រួយបារម្ភរបស់យើងដល់ព្រះអង្គទេ (១ពេត្រុស ៥:៧)។ យើងអាចដាក់បន្ទុក និងការភ័យខ្លាចរបស់យើងចុះ នៅទាបព្រះបាទរបស់ព្រះអង្គ។ ព្រះអង្គអនុញ្ញាតឲ្យយើងចូលមករកព្រះអង្គ ពេលយើងមិនដឹងថា ត្រូវធ្វើដូចម្ដេច។ ហើយព្រះអង្គតែងតែឆ្លើយតបដោយព្រះគុណ និងការយល់ចិត្តយើង។
អ្វីដែលធ្វើឲ្យរឿងនេះកាន់តែមានន័យទៀតនោះ គឺការឆ្លើយតបរបស់លោក គេឌាន ចំពោះព្រះបន្ទូលដ៏សុភាពរបស់ព្រះ។ ក្នុងអំឡុងពេលគាត់ទៅឈ្លបមើលទីបោះជំរុំរបស់កងទ័ពសត្រូវ គាត់បានឮមនុស្សពីរនាក់ជជែកគ្នា អំពីការយល់សប្តិដែលក្នុងចំណោមពួកគេមានម្នាក់កាត់ស្រាយថា ពួកគេនឹងដួលនៅពីក្រោមដាវរបស់លោក គេឌាន ព្រោះព្រះបានប្រគល់ពួកម៉ាឌាន ព្រមទាំងកងទ័ពរបស់ពួកគេទាំងអស់ទៅក្នុងកណ្ដាប់ដៃគាត់ហើយ (ពួកចៅហ្វាយ ៧:១៤)។ នៅពេលដែលលោក គេឌាន បានឮដូចនេះ គាត់ក៏បានដឹងថា ព្រះទ្រង់ពិតជាបានយាងទៅមុខគាត់ ដើម្បីធ្វើអ្វីដែលគាត់មិនអាចធ្វើដោយខ្លួនឯងបាន តើគាត់ធ្វើដូចម្ដេច? គឺ «គាត់ក្រាបថ្វាយបង្គំ» (ខ.១៥)។ ការឆ្លើយតបដូចនេះ គឺពិតជាមានន័យណាស់។ នៅចំពោះមុខឧបសគ្គដែលមិនអាចឆ្លងកាត់ដោយខ្លួនឯងបាន តែបានទទួលការធានាពីព្រះបន្ទូលសន្យា អ្នកដឹកនាំដែលមានការភ័យខ្លាច មានភាពផុយស្រួយ និងមិនទំនង បានបង្ហូរចេញការសរសើរតម្កើង ហើយក៏បានប្រើសេចក្តីក្លាហានមកពីព្រះ ដើម្បីដឹកនាំទ័ពរបស់គាត់។ ភាពក្លាហានរបស់គាត់កើតចេញពីពេលស្ងាត់ស្ងៀមជាមួយព្រះអម្ចាស់។
ភាពក្លាហានតាមបែបមនុស្ស ដែលប្រើប្រាស់អ្នកដទៃដើម្បីប្រយោជន៍ខ្លួនឯង មានភាពខុសគ្នាស្រឡះពីភាពក្លាហានដែលដឹកនាំដោយព្រះវិញ្ញាណបរិសុទ្ធ។ ភាពក្លាហានទីមួយពឹងផ្អែកទៅលើការប្រឹងប្រែងរបស់មនុស្ស ហើយមានភាពផុយស្រួយ តែភាពក្លាហានទីពីរកើតចេញពីការបន្ទាបខ្លួននោះចំពោះព្រះ ដោយទទួលស្គាល់ភាពកម្សោយរបស់យើង ហើយទុកចិត្តលើព្រះចេស្ដារបស់ព្រះ ដែលនេះជាគ្រឹះដ៏រឹងមាំដែលយើងអាចឈរពីលើបាន។
ថ្នាំបន្សាបសម្រាប់ការភ័យខ្លាច មិនមែនជាការគិតបែបសរសើរខ្លួនឯងកាន់តែខ្លាំង ដូចដែលមនុស្សជាច្រើនបានអះអាងនោះទេ។ តែជាការគិត បែបសរសើរតម្កើងព្រះកាន់តែខ្លាំងឡើង។ គឺត្រូវទុកចិត្តលើជំនួយរបស់ព្រះអង្គ ដែលអាចប្រទានឲ្យអ្នកមានភាពក្លាហានដែលបរិសុទ្ធ និងមានការបន្ទាបខ្លួន គ្មានអ្វីអាចប្រៀបផ្ទឹមបាន។
តើអ្នកកំពុងខ្លាចអ្វី នៅពេលឥឡូវនេះ? តើអ្នកបានជួបការល្បួងឲ្យចង់រាថយដូចម្ដេចខ្លះ ទោះព្រះកំពុងត្រាស់ហៅអ្នកឲ្យដើរទៅមុខដោយការស្តាប់បង្គាប់ក៏ដោយ? ចូរនាំការភ័យខ្លាចរបស់អ្នកមកថ្វាយដល់ព្រះ។ ចូរទូលសូមព្រះអង្គបង្ហាញអ្នក នូវសមត្ថភាពធ្វើអ្វីដែលអ្នកមិនអាចធ្វើបាន។ ចូរទុកចិត្ត ថ្វាយបង្គំ ហើយស្តាប់បង្គាប់ព្រះអង្គ។
ខគម្ពីរសញ្ជឹងគិត៖ យ៉ូស្វេ ១:១-១១
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ៖ អេសេគាល ៣៧-៣៩ និងយ៉ូហាន ១៨:១-១៨