
ការឈឺចាប់ ដោយការអាណិត
ដោយElisa Morgan
October 5, 2025
១កូរិនថូស ១២:២១-២៦
ចូរយកអាសាគ្នាទៅវិញទៅមក យ៉ាងនោះ ទើបបានសំរេចតាមក្រិត្យវិន័យនៃព្រះគ្រីស្ទ។ កាឡាទី ៦:២
នៅពេលដែលដៃរបស់ខ្ញុំមានរបួស នៅត្រង់ម្រាមនាង ខ្ញុំរំពឹងថា ខ្ញុំនឹងមានការឈឺចាប់អស់ជាច្រើនខែ ទំរាំតែវាអាចមានមុខងារពេញលេញឡើងវិញ។ នៅពេលដែលខ្ញុំបានធ្វើចលនា តាមការណែនាំរបស់ពេទ្យ ម្រាមដែលនៅជាប់ម្រាមនាង ក៏បានចាប់ផ្តើមឈឺខ្ទោកៗ ដូចនេះ ខ្ញុំក៏បានទៅប្រឹក្សាយោបល់ជាមួយវេជ្ជបណ្ឌិតរបស់ខ្ញុំ។ គាត់ក៏បានប្រាប់ខ្ញុំថា “វាជាការឈឺចាប់ ដោយការអាណិត”។ ប្រព័ន្ធប្រសាទមានមែកធាងរបស់វា ដែលជាប់ទាក់ទងគ្នារវាងម្រាមនាង និងម្រាមកូន ធ្វើឲ្យពួកវាមានការពឹងផ្អែកទៅលើគ្នាទៅវិញទៅមក។ បើម្រាមមួយឈឺ នោះម្រាមផ្សេងទៀតក៏ចូលរួមឈឺជាមួយដែរ ពោលគឺពួកវាហាក់ដូចជាអាណិតគ្នាទៅវិញទៅមក។
សាវ័កប៉ុលក៏បាននិយាយអំពីរូបកាយរបស់មនុស្ស ក្នុងន័យធៀប ដើម្បីបកស្រាយអំពីលក្ខណៈពិសេស និងការរួបរួមរបស់រាស្រ្តរបស់ព្រះ។ ក្នុងបទគម្ពីរ ១កូរិនថូស ១២:២១-២៦ គាត់បាននិយាយសង្កត់ធ្ងន់ អំពីតម្លៃនៃអវយវៈនីមួយៗ ដើម្បីឲ្យរួបកាយទាំងមូលបំពេញមុខងារ និងមានសុខភាពល្អ។ បន្ទាប់មក គាត់ក៏បាននិយាយ អំពីការរួបរួមដែលយើងសម្រេចបាន នៅពេលណាយើងមានចំណងទាក់ទងជាមួយគ្នា។ “បើអវយវៈ១ឈឺ នោះទាំងអស់នឹងឈឺជាមួយគ្នា”(ខ.២៦)។ គាត់ក៏បានពិពណ៌នា អំពីចំណងទាក់ទងក្នុងពួកជំនុំ ក្នុងកណ្ឌគម្ពីរសំបុត្រផ្សេងទៀតផងដែរ គឺដូចដែលគាត់បានបង្រៀនយើងឲ្យ “យំ ជាមួយនឹងអ្នកណាដែលយំផង” ហើយ “យកអាសាគ្នាទៅវិញទៅមក”(រ៉ូម ១២:១៥ កាឡាទី ៦:២)។
នៅថ្ងៃនេះ ខណៈពេលដែលខ្ញុំចាប់ដៃនរណាម្នាក់ ដើម្បីស្វាគមន៍គាត់ ឬចាប់កាន់ស្រាបព្រា រៀបចំម្ហូបអាហារដើម្បីទទួលភ្ញៀវ ខ្ញុំបានកត់សំគាល់ឃើញថា ម្រាមនាង និងម្រាមកូនរបស់ខ្ញុំមានការឈឺចាប់។ ផ្នែកផ្សេងៗនៃរូបកាយរបស់យើង ធ្វើការជាមួយគ្នា ដើម្បីបង្ហាញការឈឺចាប់ និងជួយទ្រទ្រង់គ្នាទៅវិញទៅមក ឆ្ពោះទៅរកសុខភាពល្អ។ ខ្ញុំសូមអរព្រះគុណព្រះអង្គ ដែលបានបើកបង្ហាញឲ្យយើងដឹងថា យើងត្រូវការចំណងទាក់ទងជាមួយគ្នា ក្នុងរូបកាយខាងវិញ្ញាណ ដែលជាពួកជំនុំ តាមរយៈការអាណិតគ្នាទៅវិញមក ក្នុងពេលដែលនរណាម្នាក់មានការឈឺចាប់។—Elisa Morgan
តើព្រះទ្រង់បានហៅអ្នកឲ្យរងទុក្ខជាមួយអ្នកដទៃដូចម្តេចខ្លះ ដើម្បីជួយអ្នក
និងគាត់ឲ្យមានភាពរឹងមាំ? តើអ្នកដទៃបានរងទុក្ខជាមួយអ្នកដូចម្តេចខ្លះ?
ឱព្រះអម្ចាស់ សូមព្រះអង្គជួយទូលបង្គំឲ្យបើកចំហចិត្តទទួលការត្រាស់ហៅ
ឲ្យរងទុក្ខជាមួយបងប្អូនក្នុងព្រះគ្រីស្ទ ដើម្បីជួយឲ្យយើងខ្ញុំមានភាពរឹងមាំឡើង។
Visit ODBU.org/CC205 to discover how to best help people through their pain.
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : អេសាយ ២៣-២៥ និង ភីលីព ១