
រស់នៅឲ្យសក្តិសមនឹងការត្រាស់ហៅ
ដោយadamholz
October 8, 2025
អេភេសូរ ៤:១-៦,១១-១៦
ខ្ញុំទូន្មានអ្នករាល់គ្នាថា ចូរឲ្យអ្នករាល់គ្នាដើរបែបគួរនឹងការងារ ដែលទ្រង់បានហៅមកធ្វើចុះ។ អេភេសូរ ៤:១
កាលពីឆ្នាំ១៩៩៧ សកលវិទ្យាល័យរដ្ឋអាយអូវ៉ា បានដាក់ឈ្មោះឲ្យពហុកីឡាដ្ឋានរបស់ខ្លួន ដូចឈ្មោះលោក ជែក ត្រាយ(Jack Trice) ជាកីឡាករស្បែកខ្មៅទីមួយរបស់សាលារៀននេះ។ គួរឲ្យសោកស្តាយណាស់ ដែលលោកត្រាយ មិនបានចូលរួមប្រកួត នៅក្នុងទីក្រុងអាមេស រដ្ឋអាយអូវ៉ា ដោយសារគាត់បានបាត់បង់ជីវិត ដោយសារការរបួសគ្រឿងក្នុង ក្នុងអំឡុងពេលប្រកួតកីឡាបាល់ទាល់មហាវិទ្យាល័យ លើកទីពីរ ក្នុងទីក្រុងមេនាប៉ូលីស រដ្ឋមីនេសូតា កាលពីថ្ងៃទី៦ ខែតុលា ឆ្នាំ១៩២៣។
នៅពេលយប់មុនថ្ងៃប្រកួត លោកត្រាយក៏បានសរសេរពាក្យប្ដេជ្ញាចិត្តសម្រាប់ខ្លួនឯងយ៉ាងដូចនេះថា :
“កិត្តិយសរបស់ពូជសាសន៍ គ្រួសារ និងខ្លួនខ្ញុំនឹងត្រូវបានកំណត់ក្នុងពេលខាងមុខនេះ។ គ្រប់គ្នារំពឹងថា ខ្ញុំនឹងសម្រេចបានជោគជ័យដ៏សំខាន់។ ខ្ញុំនឹងឈ្នះ! ខ្ញុំនឹងលះបង់រូបកាយ និងវិញ្ញាណរបស់ខ្ញុំ នៅក្នុងទីលានប្រកួតនៅថ្ងៃស្អែក។ រៀងរាល់ពេលគេបោះបាល់ឲ្យខ្ញុំ ខ្ញុំនឹងព្យាយាមធ្វើឲ្យបានលើសផ្នែករបស់ខ្ញុំ”។ លោកត្រាយបានយល់ឃើញថា ការអ្វីដែលគាត់បានធ្វើ គឺបានបង្ហូរចេញពីកិត្តិយស និងភាពថ្លៃថ្នូរនៃអត្តសញ្ញាណរបស់គាត់ ដោយគួបផ្សំចារិតលក្ខណៈរបស់គាត់ ជាមួយភាពក្លាហាន។
សាវ័កប៉ុលក៏បាននិយាយស្រដៀងនេះផងដែរ ក្នុងសំបុត្រដែលគាត់សរសើរផ្ញើពួកជំនុំនៅទីក្រុងអេភេសូរ ដោយជំរុញអ្នកជឿទាំងឡាយឲ្យធ្វើការសម្រេចចិត្ត ក្នុងគ្រប់ការទាំងអស់ ផ្អែកទៅលើអត្តសញ្ញាណរបស់ពួកគេ នៅក្នុងព្រះគ្រីស្ទ។ គឺដូចដែលគាត់មានប្រសាសន៍ថា “ខ្ញុំជាអ្នកជាប់គុកក្នុងព្រះអម្ចាស់ ខ្ញុំទូន្មានអ្នករាល់គ្នាថា ចូរឲ្យអ្នករាល់គ្នាដើរបែបគួរនឹងការងារ ដែលទ្រង់បានហៅមកធ្វើចុះ”(អេភេសូរ ៤:១)។ សាវ័កប៉ុលបានជំរុញយើងឲ្យឱបក្រសោបយករបៀបនៃការរស់នៅ ដែលបានផ្លាស់ប្រែដោយសារកិច្ចការដែលព្រះយេស៊ូវបានធ្វើសម្រាប់យើង ក្នុងយើង និងតាមរយៈយើង ដែលនាំឲ្យមានការបន្ទាបខ្លួន ចិត្តសុភាព ការអត់ធ្មត់ ការរួបរួម សេចក្តីស្រឡាញ់ និងសន្តិភាព(ខ.២-៣) ខណៈពេលដែលយើងប្រើអំណោយទានដែលព្រះបានប្រទាន ដើម្បីបម្រើគ្នាទៅវិញទៅមក(ខ.១៥-១៦)។—Adam R. Holz
តើជំនឿ និងការប្រព្រឹត្តរបស់អ្នកមានទំនាក់ទំនងអ្វីនឹងគ្នា?
តើព្រះទ្រង់បានប្រទានអំណោយទានអ្វីខ្លះ សម្រាប់ឲ្យអ្នកបម្រើអ្នកដទៃ?
ឱព្រះវរបិតា ទូលបង្គំសូមអរព្រះគុណព្រះអង្គ សម្រាប់ការអញ្ជើញទូលបង្គំ ចូលទៅក្នុងជីវិតដែលមានន័យ
និងមានតម្លៃ។ សូមព្រះអង្គជួយទូលបង្គំឲ្យស្រឡាញ់ និងបម្រើអ្នកដទៃ ដោយអំណោយទានដែលព្រះអង្គបានប្រទាន។
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : អេសាយ ៣០-៣១ និង ភីលីព ៤