ព្រឹក

ការអធិស្ឋានរបស់អ្នកអស់សង្ឃឹម
ដោយTim Gustafson
October 10, 2025
ទំនុកដំកើង ៨៨:១,៦-១៨
ទ្រង់បានធ្វើឲ្យទាំងអ្នកដែលស្រឡាញ់ទូលបង្គំ នឹងពួកភឿនឃ្លាតឆ្ងាយពីទូលបង្គំទៅ ពួកមិត្រភក្តិរបស់ទូលបង្គំក៏បាត់ទៅ ក្នុងសេចក្ដីងងឹតហើយ ។ ទំនុកដំកើង ៨៨:១៨
លោកឆាល(Charles)បានលិចលង់នៅក្នុងជំងឺធ្លាក់ទឹកចិត្ត។ ទោះគាត់មានគ្រួសារដែលមានក្តីស្រឡាញ់ក៏ដោយ ក៏គាត់នៅតែមានអារម្មណ៍ឯកោ។ គាត់បានរៀបរាប់ថា “ខ្ញុំបានទទួលរងសម្ពាធដ៏លើសលប់កាន់តែខ្លាំងឡើងៗ ក្នុងការខិតខំរកប្រាក់ចំណូលចិញ្ចឹមពួកគេ។ ហើយខ្ញុំមានអារម្មណ៍ចង់សម្លាប់ខ្លួន”។ អ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះ លោកឆាល ម៉ូរីស(Charles Morris) ក៏កំពុងតែដឹកនាំការងារបម្រើព្រះមួយផងដែរ។
មិត្តភក្តិប្រកបដោយប្រាជ្ញាម្នាក់បានប្រាប់គាត់ថា ពេលណាយើងប្រឈមមុខដាក់ជំងឺធ្លាក់ទឹកចិត្ត “យើងត្រូវចំណាយពេលអានបទគម្ពីរទំនុកដំកើង ដោយការជញ្ជឹងគិត ឲ្យបានជ្រួតជ្រាបនៅក្នុងចិត្ត”។ លោកឆាល ក៏បានឆ្លងកាត់ទុក្ខលំបាក និងការបាក់ទឹកចិត្តធ្ងន់ធ្ងរនោះ ដោយអានខគម្ពីរដែលទាក់ទងនឹងបញ្ហារបស់គាត់ ដោយទទួលការព្យាបាលជាទៀងទាត់ និងថ្វាយចិត្តរបស់គាត់ដល់ព្រះអង្គ។
បទគម្ពីរទំនុកដំកើង ច្រើនតែនិយាយត្រង់ៗ អំពីបញ្ហារបស់មនុស្ស។ លោក ហេម៉ាន ជាពូកអេសរ៉ាគីត បាននិពន្ធទំនុកដំកើង ដែលឆ្លុះបញ្ចាំងអំពីភាពល្វីងជូរចត់យ៉ាងខ្លាំង។ គាត់អាចរកឃើញក្តីសង្ឃឹម នៅក្នុងដើមដំបូងនៃទំនុកដំកើងនេះ ដែលជាការអធិស្ឋានដល់ព្រះអម្ចាស់ថា “ឱព្រះយេហូវ៉ា ជាព្រះដ៏ជួយសង្គ្រោះទូលបង្គំអើយ”។ លោកហេម៉ាន ហាក់ដូចជាកំពុងតែចោទប្រកាន់ព្រះអម្ចាស់ថា “ទ្រង់បានផ្ដេកទូលបង្គំនៅក្នុងរណ្ដៅជ្រៅបំផុត គឺក្នុងទីងងឹត នៅទីជំរៅ”(ខ.៦)។ “សេចក្ដីក្រោធរបស់ទ្រង់កំពុងតែសង្កត់លើទូលបង្គំជាធ្ងន់”(ខ.៧)។ ហើយគាត់ក៏បានទូលសួរព្រះអង្គថា “ឱព្រះយេហូវ៉ាអើយ ...ម្ដេចក៏ទ្រង់លាក់ព្រះភក្ត្រនឹងទូលបង្គំដូច្នេះ?”(ខ.១៤)។ បទគម្ពីរទំនុកដំកើងភាគច្រើន បញ្ចប់ដោយការនិយាយអំពីសេចក្តីសង្ឃឹម តែបទគម្ពីរទំនុកដំកើងនេះ មិនបានបញ្ចប់ដូចនេះទេ។ លោកហេម៉ាន ក៏បានសន្និដ្ឋានថា “ពួកមិត្រភក្តិរបស់ទូលបង្គំក៏បាត់ទៅ ក្នុងសេចក្ដីងងឹតហើយ”(ខ.១៨)។ នេះជាសេចក្តីអធិស្ឋានរបស់មនុស្សដែលពិតជាអស់សង្ឃឹមយ៉ាងខ្លាំង។ ប៉ុន្តែ លោកហេម៉ាន ក៏បានទូលថ្វាយការឈឺចាប់ទាំងអស់ ដល់ព្រះអង្គ។
ពេលណាយើងអានបទគម្ពីរទំនុកដំកើង ដែលមានខ្លឹមសារដូចនេះ យើងអាចដឹងថា មិនមែនមានតែយើងទេ ដែលកំពុងបាក់ទឹកចិត្ត។ អ្នកដទៃក៏មានអារម្មណ៍អស់សង្ឃឹម និងហ៊ានរៀបរាប់អំពីទុក្ខលំបាករបស់ខ្លួន ដល់ព្រះអម្ចាស់។ ព្រះអង្គអាចទទួលយកការអធិស្ឋានត្រង់ៗដូចនេះ ពីលោកហេម៉ាន។ ព្រះអង្គក៏អាចទទួលយកការអធិស្ឋានត្រង់ៗដូចនេះ ពីអ្នកផងដែរ។ ព្រះអង្គគង់នៅក្បែរអ្នកស្រាប់ ហើយក៏កំពុងផ្ទៀងព្រះកាណ៌ចាំស្តាប់អ្នក។—Tim Gustafson
តើបទគម្ពីរទំនុកដំកើង ជំពូក៨៨ មានចំណុចណា ដែលជាប់ទាក់ទងនឹងបញ្ហារបស់អ្នក?
តើអ្នកនឹងទូលសូមអ្វីពីព្រះអង្គ នៅថ្ងៃនេះ?
ឱព្រះវរបិតា ជួនកាល ទូលបង្គំមានការឈឺចាប់ខ្លាំងពេក បានជាទូលបង្គំមិនអាចអធិស្ឋាន។
ទូលបង្គំសូមអរព្រះគុណព្រះអង្គ ដ្បិតព្រះអង្គធំជាងបញ្ហារបស់ទូលបង្គំ និងអាចទទួលយកការឈឺចាប់ និងការទូលថ្វាយត្រង់ៗពីទូលបង្គំ។
Visit ODBU.org/OT020 to learn how to gain wisdom from the book of Psalms.
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : អេសាយ ៣៤-៣៦ និង កូល៉ុស ២
ប្រភេទ
ល្ងាច

លើកទឹកចិត្ត ដោយការអធិស្ឋាន (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)
ដោយAlistair Begg
October 10, 2025
«ដ្បិតពួកកូនចៅអ៊ីស្រាអែល គេបានបោះបង់ចោលសេចក្ដីសញ្ញាទ្រង់ គេបានរំលំអស់ទាំងអាសនាទ្រង់ ហើយបានសំឡាប់ពួកហោរាទ្រង់ ដោយដាវផង នៅសល់តែទូលបង្គំម្នាក់ឯងប៉ុណ្ណោះ ហើយគេស្វែងរកជីវិតទូលបង្គំថែមទៀត» (១ពង្សាវតាក្សត្រ ១៩:១៤)។
សន្និបាតគ្រូគង្វាលមួយ មានវគ្គសិក្សាមួយដែលបង្រៀនអំពីវិធីសាស្ត្រប្រឈមមុខដោះស្រាយបញ្ហានៃភាពអស់សង្ឃឹម និងការធ្លាក់ទឹកចិត្ត នៅក្នុងការងារបម្រើព្រះ។ សិក្ខាសាលានេះពិតជាបានលើកទឹកចិត្តអ្នកចូលរួមណាស់ ប៉ុន្តែខ្ញុំក៏មានការសោកស្តាយយ៉ាងខ្លាំង ពេលដែលបានដឹងថា គ្រូគង្វាលជាច្រើនកំពុងមានការធ្លាក់ទឹកចិត្ត និងអស់សង្ឃឹម។ សិក្ខាសាលានេះជាវគ្គសិក្សាល្អបំផុតនៅក្នុងសន្និបាតទាំងមូល ដែលមានមនុស្សចូលរួមពេញបន្ទប់រហូតដល់ថ្នាក់អ្នកខ្លះត្រូវឈរ ដោយសារគ្មានកន្លែងអង្គុយ។ គ្រូគង្វាលខ្លះបានមកចូលរួមជាមួយភរិយារបស់ខ្លួន ក្នុងសិក្ខាសាលានេះ ដើម្បីស្វែងរកក្តីសង្ឃឹម និងដំណោះស្រាយ សម្រាប់ការបាក់ទឹកចិត្តធ្ងន់ធ្ងរក្នុងការងារបម្រើព្រះ។
បើហោរា អេលីយ៉ា បានចូលរួមក្នុងសិក្ខាសាលានោះ គាត់ប្រាកដជាយល់អំពីអារម្មណ៍របស់អ្នកបម្រើព្រះ ក្នុងបន្ទប់នោះ ដែលមានការបាក់ទឹកចិត្តខ្លាំងបំផុត។ គាត់ធ្លាប់ឆ្លងកាត់ភាពអស់សង្ឃឹមដោយផ្ទាល់ ក្នុងការងារដែលគាត់ធ្វើថ្វាយព្រះ។ គាត់ធ្លាប់ឈរម្នាក់ឯង នៅចំពោះមុខមនុស្ស៤៥០នាក់ ដែលសុទ្ធតែមានអាវុធនៅក្នុងដៃ គឺពួកហោរារបស់ព្រះបាល ជាព្រះក្លែងក្លាយ។ ពួកគេទាស់ប្រឆាំងនឹងគាត់ទាំងស្រុង តែនៅពេលនោះ គាត់ក៏បានដកពិសោធន៍នឹងព្រះចេស្ដារបស់ព្រះ ដែលបានបំផ្លាញខ្មាំងសត្រូវរបស់ទ្រង់ឲ្យវិនាស។ ប៉ុន្តែ បន្ទាប់ពីហេតុការណ៍នោះបានកើតឡើងហើយ មិនទាន់បានយូរប៉ុន្មានផង ម្ចាស់ក្សត្រីយេសិបិល ក៏បានផ្ញើសារគម្រាមកំហែងជីវិតគាត់ ធ្វើឲ្យគាត់រត់គេចខ្លួននៅក្នុងវាលរហោស្ថាន។ គាត់ក៏បានពួននៅក្នុងរូងភ្នំមួយយប់ ដោយការធ្លាក់ទឹកចិត្ត ដោយយល់ឃើញថា មានតែគាត់ម្នាក់ប៉ុណ្ណោះ ដែលនៅមានការប្ដូរផ្តាច់ចំពោះព្រះ។ ក្នុងស្ថានភាពដែលអស់សង្ឃឹមបំផុតនោះ ព្រះទ្រង់ក៏បានលើកទឹកចិត្តគាត់ ដោយព្រះបន្ទូលសន្យាថា «អញនឹងទុកឲ្យមានមនុស្ស៧ពាន់នាក់សល់នៅ ក្នុងពួកអ៊ីស្រាអែល ជាពួកអ្នកដែលមិនបានលុតជង្គង់ក្រាប នៅចំពោះព្រះបាល ឬថើបវាឡើយ» (១ពង្សាវតាក្សត្រ ១៩:១៨)។
សេចក្តីជំនឿ និងការលូតលាស់របស់អ្នក កាន់តែមានលក្ខណៈដូចព្រះគ្រីស្ទ គឺបានលើកទឹកចិត្តគ្រូគង្វាលរបស់អ្នកយ៉ាងខ្លាំង។ នៅពេលដែលសាវ័ក ប៉ុល បានដឹងថា ពួកជំនុំក្មេងខ្ចីនៅទីក្រុងថែស្សាឡូនីច នៅតែឈរមាំក្នុងជំនឿ គាត់ក៏បានសរសេរសំបុត្រផ្ញើទៅពួកគេថា «ដ្បិតឥឡូវនេះ បើអ្នករាល់គ្នាឈរនៅមាំមួនក្នុងព្រះអម្ចាស់ នោះទើបយើងខ្ញុំនឹងរស់នៅ។ តើយើងខ្ញុំអាចនឹងអរព្រះគុណដល់ព្រះ ពីដំណើរអ្នករាល់គ្នាដោយប្រការដូចម្ដេច ឲ្យបានល្មមធួននឹងអស់ទាំងសេចក្ដីអំណរ ដែលយើងខ្ញុំមាននៅចំពោះព្រះនៃយើង ដោយព្រោះអ្នករាល់គ្នាបាន» (១ថែស្សាឡូនីច ៣:៨-៩)។
អ្នកបម្រើព្រះ ក្នុងគ្រប់ផ្នែកទាំងអស់នៃការងារបម្រើព្រះ មិនមានភាពស៊ាំនឹងការបាក់ទឹកចិត្តឡើយ។ ផ្លូវនៃការងារបម្រើព្រះ មានដំណើរឡើងចុះ មានថ្ងៃដែលរីករាយ ហើយក៏មានថ្ងៃគ្រោះមហន្តរាយផងដែរ។ នៅពេលណាយើងបាក់ទឹកចិត្ត យើងហាក់ដូចជាពិបាកបន្តដំណើរទៅមុខទៀត តែព្រះទ្រង់ប្រើរាស្ត្ររបស់ព្រះអង្គ ដើម្បីលើកទឹកចិត្តគ្រូគង្វាល និងអ្នកដឹកនាំពួកជំនុំ ដោយជំនឿ និងការលូតលាស់ ព្រមទាំងការអធិស្ឋានរបស់ពួកគេផងដែរ។ នៅពេលដែលលោកគ្រូ ឆាល ស្ព័រជិន (C.H Spurgeoun) នាំគេធ្វើទស្សនកិច្ច ក្នុងព្រះវិហារមេត្រូផូលីធិន នៅទីក្រុងឡុងដ៍ (Metropolitan Tabernacle in London) គាត់បាននាំពួកគេទៅមើលបន្ទប់ក្រោមដី ដើម្បីបង្ហាញ «បន្ទប់កម្តៅ»។ ប៉ុន្តែ គេមិនឃើញមានឧបករណ៍កម្តៅទេ ផ្ទុយទៅវិញ គេឃើញតែកន្លែងអង្គុយប៉ុណ្ណោះ។ នៅទីនោះ មនុស្សរាប់រយនាក់តែងតែជួបជុំគ្នារៀងរាល់ពេលព្រឹកថ្ងៃអាទិត្យ ដើម្បីអធិស្ឋានឲ្យលោកគ្រូ ស្ព័រជិន ខណៈពេលដែលគាត់អធិប្បាយព្រះបន្ទូល។ គាត់ដឹងថា ប្រសិទ្ធភាពនៃការងារដែលគាត់ធ្វើថ្វាយព្រះ ពឹងផ្អែកទៅលើអ្នកដែលអធិស្ឋានឲ្យគាត់ និងពឹងផ្អែកទៅលើព្រះ ដែលឆ្លើយតបការអធិស្ឋានរបស់ពួកគេ។
បើអ្នកកំពុងធ្វើការបម្រើព្រះ (ទោះបានប្រាក់ខែឬអត់) ហើយមានអារម្មណ៍បាក់ទឹកចិត្ត សូមចាំថា អ្នកបានជះឥទ្ធិពលអស់កល្បជានិច្ច ក្នុងជីវិតមនុស្សជាច្រើន។ ពេលដែលអ្នកក្រឡេកមកក្រោយ មើលទៅពេលប៉ុន្មានឆ្នាំកន្លងមក និងមើលទៅទុក្ខលំបាកដែលអ្នកបានឆ្លងកាត់ អ្នកនឹងអាចដឹងច្បាស់ថា ព្រះទ្រង់ពិតជាបានធ្វើការតាមរយៈអ្នកពិតមែន។ សូមឲ្យការនេះបានលើកទឹកចិត្តអ្នក! ហើយទោះអ្នកជានរណាក៏ដោយ តើអ្នកបានសរសេរសារលើកទឹកចិត្តទៅនរណាម្នាក់ ឬអធិស្ឋានឲ្យអ្នកបម្រើព្រះដទៃទៀតតាំងពីពេលណា? កិច្ចការទាំងអស់នេះពិតជាសំខាន់ណាស់។ ទោះអ្នកដឹកនាំទាំងនេះ បន្តអធិប្បាយព្រះបន្ទូល និងបង្រៀនតាមរបៀបដដែលក៏ដោយ ក៏ការអធិស្ឋានឲ្យពួកគេដោយជំនឿ ពិតជាបានជួយការងាររបស់ពួកគេឲ្យកាន់តែមានប្រសិទ្ធភាព។ ជាការពិតណាស់ យើងម្នាក់ៗសុទ្ធតែមានកាតព្វកិច្ចអធិស្ឋានឲ្យពួកគេ។
ខគម្ពីរសញ្ជឹងគិត៖ ១ថែស្សាឡូនីច ២:១៧-៣:១៣
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ៖ បទចម្រៀងសាឡូម៉ូន ១-៣ និងយ៉ូហាន ២១