ព្រឹក

មានផ្លូវចូល ដោយសារព្រះគ្រីស្ទ
ដោយNancy Gavilanes
October 11, 2025
ហេព្រើរ ៤:១៤-១៦ ៥:១-៦
ដូច្នេះ ត្រូវឲ្យយើងរាល់គ្នា មកដល់បល្ល័ង្ក នៃព្រះគុណដោយក្លាហាន ដើម្បីនឹងទទួលសេចក្ដីមេត្តា ហើយរកបានព្រះគុណសំរាប់នឹងជួយដល់ពេលត្រូវការចុះ។ ហេព្រើរ ៤:១៦
ក្នុងនាមខ្ញុំជាអ្នកកាសែតវ័យក្មេង ខ្ញុំបានយល់អំពីអំណាចនៃ “បណ្ណអនុញ្ញាតរបស់អ្នកកាសែត” នៅពេលដែលខ្ញុំទើបតែចាប់ផ្តើមអាជីពមួយនេះ។ បណ្ណអនុញ្ញាតនេះមានឈ្មោះ រូបថត និងឈ្មោះក្រុមហ៊ុនរបស់ខ្ញុំ បានផ្តល់ឲ្យខ្ញុំនូវសិទ្ធិចូលទៅជួប និងសម្ភាសកីឡាករ និងជនល្បីឈ្មោះដទៃទៀត នៅមុន ឬនៅក្រោយព្រឹត្តិការណ៍ធំៗណាមួយ។
ទោះជាយ៉ាងណាក៏ដោយ បន្ទាប់ពីខ្ញុំបានទទួលជឿព្រះយេស៊ូវ ជាព្រះអង្គសង្គ្រោះ ខ្ញុំក៏បានដឹងថា កីឡា និងអាជីពរបស់ខ្ញុំបានក្លាយជារូបព្រះរបស់ខ្ញុំ។ ខ្ញុំក៏បានទៅតាមការត្រាស់ហៅរបស់ព្រះអង្គ ឲ្យទៅកន្លែងផ្សេង ហើយក៏បានបាត់បណ្ណអនុញ្ញាតនោះ តែខ្ញុំទទួលបានឯកសិទ្ធិចូលទៅរកបល្ល័ង្ករបស់ព្រះដែលគង់នៅស្ថានសួគ៌ តាមរយៈការអធិស្ឋាន ដោយសារការសុគត និងការមានព្រះជន្មឡើងវិញរបស់ព្រះយេស៊ូវ។
អ្នកនិពន្ធកណ្ឌគម្ពីរហេព្រើរបានចង្អុលបង្ហាញថា មានសម្តេចសង្ឃម្នាក់ ត្រូវបានជ្រើសរើស ក្នុងចំណោមរាស្រ្តអ៊ីស្រាអែល ជាពិសេសពីក្នុងចំណោមកូនចៅជំនាន់ក្រោយរបស់លោកអើរ៉ុន និងបានទទួលការតែងតាំង ធ្វើជាបុគ្គលកណ្តាល ជាតំណាងឲ្យរាស្រ្តរបស់ព្រះ នៅចំពោះព្រះអង្គ។ មានតែគាត់ទេ ដែលអាចចូលទៅក្នុងកន្លែងបរិសុទ្ធបំផុត ក្នុងព្រះវិហារមួយឆ្នាំម្តង ដើម្បីថ្វាយដង្វាយ និងយញ្ញបូជា ឲ្យធួននឹងបានរបស់គាត់ និងប្រជាជនរបស់គាត់(៥:១) ព្រោះគាត់ក៏ជាមនុស្សមានបាបដែរ។
បន្ទាប់មក ព្រះគ្រីស្ទក៏បានយាងមក ក្នុងនាមជាសម្តេចសង្ឃដ៏ធំប្រសើរ និងល្អឥតខ្ចោះ។ នៅពេលទ្រង់សុគត វាំងននក្នុងព្រះវិហារក៏បានរហែក ហើយរនាំងនៅចន្លោះព្រះ និងមនុស្សជាតិ ក៏លែងមានទៀត(ម៉ាថាយ ២៧:៥១)។
ដោយសារព្រះដ៏ប្រោសលោះនៃយើង បានផ្សះផ្សាយើងឲ្យជានឹងព្រះ យើងអាចអធិស្ឋានទៅកាន់ព្រះអង្គ នៅពេលណាក៏បាន។ គឺដូចមានសេចក្តីចែងថា “ត្រូវឲ្យយើងរាល់គ្នា មកដល់បល្ល័ង្ក នៃព្រះគុណដោយក្លាហាន ដើម្បីនឹងទទួលសេចក្ដីមេត្តា ហើយរកបានព្រះគុណសំរាប់នឹងជួយដល់ពេលត្រូវការចុះ”(ហេព្រើរ ៤:១៦)។
យើងពិតជាមានឯកសិទ្ធិពិសេសណាស់ ដែលអាចចូលទៅរកបល្ល័ង្ករបស់ព្រះ ដើម្បីនិយាយទៅកាន់ព្រះអង្គ ដោយការអធិស្ឋាន។—Nancy Gavilanes
តើអ្នកអាចចំណាយពេលអធិស្ឋាន ឲ្យបានញឹកញាប់ដូចម្តេចខ្លះ? តើមានអ្វីរារាំងអ្នក មិនឲ្យអធិស្ឋាន?
ឱព្រះយេស៊ូវ ទូលបង្គំសូមអរព្រះគុណព្រះអង្គ ដែលបានបើកផ្លូវឲ្យទូលបង្គំចូលទៅរកព្រះវរបិតា។
Visit ODBU.org/SF120 to discover why we pray and why it is important.
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : អេសាយ ៣៧-៣៨ និង កូល៉ុស ៣
ប្រភេទ
ល្ងាច

ក្តីអំណរ នៅក្នុងសេចក្ដីល្បួង (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)
ដោយAlistair Begg
October 11, 2025
«បងប្អូនអើយ កាលណាអ្នករាល់គ្នាមានសេចក្ដីល្បួងផ្សេង នោះត្រូវរាប់ជាសេចក្ដីអំណរសព្វគ្រប់វិញ ដោយដឹងថា ការល្បងលមើលសេចក្ដីជំនឿនៃអ្នករាល់គ្នា នោះនាំបង្កើតឲ្យមានសេចក្ដីខ្ជាប់ខ្ជួន ចូរទុកឲ្យសេចក្ដីខ្ជាប់ខ្ជួននោះ បានធ្វើការឲ្យសំរេចពេញលេញចុះ ដើម្បីឲ្យអ្នករាល់គ្នាបានគ្រប់លក្ខណ៍ ហើយពេញខ្នាតឥតខ្វះអ្វីឡើយ» (យ៉ាកុប ១:២-៤)។
តាំងពីយូរមកហើយ ខ្ញុំធ្លាប់ស្រមៃថា មនុស្សម្នាក់ៗសុទ្ធតែរុញរទេះដឹកដីម្នាក់មួយ។ ខ្ញុំក៏មានមួយដែរ។ យើងរុញរទេះនោះចុះឡើង ហើយខាងក្នុងរទេះនោះមានទុក្ខលំបាក ការល្បួង ការភ័យខ្លាច បរាជ័យ ការខកចិត្ត ការឈឺចិត្ត និងការស្រេកឃ្លាន។ បញ្ហាទាំងអស់នេះ សុទ្ធតែដាស់ឲ្យយើងភ្ញាក់ពីដំណេកនៅម៉ោង៣ រំលងអធ្រាត្រ ហើយធ្វើឲ្យយើងមិនអាចដេកលក់វិញ។
ការរស់នៅក្នុងលោកីយ៍នេះ មានការតម្រូវជាច្រើនមកលើយើង ធ្វើឲ្យយើងជួបបញ្ហាប្រឈមជាច្រើន ហើយក៏ចាប់បញ្ច្រកយើង តាមរបៀបដ៏ឈឺចាប់ និងសោកសង្រេង។ ពេលណាយើងជួបទុក្ខលំបាកទាំងអស់នេះ គេច្រើនតែប្រាប់យើងឲ្យបដិសេធ លាក់បាំង ឬបណ្ដេញបញ្ហាទាំងអស់នេះ ឬមួយរស់នៅជាធម្មតា ដោយមិនអើពើចំពោះពួកវា។ តែទន្ទឹមនឹងនោះ យើងក៏បានជួបការល្បួងឲ្យមានចិត្តជូរល្វីងចំពោះទុក្ខលំបាក ហើយក៏ចិត្តយើងក៏ប្រែជាជូរល្វីងកាន់តែខ្លាំង។
ការបង្រៀនក្នុងព្រះគម្ពីរអំពីទុក្ខលំបាក មានការខុសប្លែកយ៉ាងខ្លាំងពីជម្រើសទាំងអស់នេះ។ សាវ័ក យ៉ាកុប មានប្រសាសន៍ថា យើងអាចស្គាល់ក្តីអំណរពិតប្រាកដ និងពេញលេញក្នុងទុក្ខលំបាករបស់យើង។ តើយើងអាចមានដោយរបៀបណា? ការទទួលបានក្តីអំណរក្នុងទុក្ខលំបាក ហាក់ដូចជាមានភាពផ្ទុយគ្នាទាំងស្រុង។ ក្នុងរបៀបដែលមនុស្សរស់នៅក្នុងបច្ឆិមប្រទេសនៅសតវត្សរ៍ទី២១ ភាគច្រើនគេហាក់ដូចជាកំពុងរស់នៅ ដោយព្យាយាមជៀសវាងទុក្ខលំបាក។ ជាក់ស្ដែង ពួកគេហាក់ដូចជាយល់ឃើញថា ដើម្បីស្វែងរកអំណរ ពួកគេត្រូវចៀសវាងទុក្ខលំបាក។
ទោះជាយ៉ាងណាក៏ដោយ សាវ័ក យ៉ាកុប បានប្រាប់យើងថា វិធីមួយដែលយើងអាច «រាប់ទុក្ខលំបាកជាក្តីអំណរគ្រប់យ៉ាង» គឺមិនមែនដោយចូលទៅជ្រកកោនក្នុងកំផែងដែលគ្មានបញ្ហាទេ ប៉ុន្តែតាមរយៈការផ្លាស់ប្ដូរអាកប្បកិរិយាដែលយើងមានចំពោះបញ្ហាទាំងនោះ។ ពេលដែលគាត់បានប្រើពាក្យ «ដោយដឹងថា» គឺគាត់កំពុងក្រើនរំឭកយើងថា យើងត្រូវឲ្យអារម្មណ៍របស់យើងស្ថិតក្រោមការគ្រប់គ្រងនៃការពិត។ តើការពិតអ្វីខ្លះ? គឺការពិតដែលថា ជំនឿមិនធ្វើឲ្យយើងស៊ាំថ្នឹកដោយខ្លួនឯងបានទេ។ ជំនឿពិតបង្ហាញចេញមក និងមានភាពរឹងមាំ នៅពេលដែលមានការល្បងល។ ទុក្ខលំបាកដែលយើងព្យាយាមជៀសវាង គឺជាអ្វីដែលធ្វើឲ្យយើងមានភាពរឹងមាំ។
យើងមិនត្រូវកុហកខ្លួនឯងអំពីទុក្ខលំបាកដែលយើងជួបឡើយ។ យើងមិនទាន់ចូលនគរស្ថានសួគ៌នៅឡើយទេ ដូចនេះ ជំនឿរបស់យើងនៅតែជួបការល្បងល។ ជំនឿរបស់យើងមិនបង្ហាញចេញមកនៅក្នុងភាពសប្បាយរីករាយតែសម្បកក្រៅនោះទេ ប៉ុន្តែនៅក្នុងភាពរលាក់ និងការដួលក្នុងជីវិតប្រចាំថ្ងៃ។ ហើយការល្បងលជំនឿ តែងតែជួយឲ្យយើងមានភាពខ្ជាប់ខ្ជួនក្នុងជំនឿ។ វាធ្វើឲ្យយើងកាន់តែដូចព្រះយេស៊ូវ និងអាចកម្សាន្តចិត្តអ្នកដទៃ។
ដូចនេះ យើងអាចទុកចិត្តថា តាមរយៈទុក្ខលំបាករបស់យើង ព្រះទ្រង់នឹងបន្តជួយជំនឿយើង ឲ្យល្អឥតខ្ចោះ និងពេញលេញ។ ទាល់តែយើងប្រកាន់ខ្ជាប់តាមព្រះបន្ទូលសន្យានេះ ទើបយើងអាច «រាប់ទុក្ខលំបាកជាក្តីអំណរសព្វគ្រប់» ខណៈពេលដែលទុក្ខលំបាកកំពុងរង់ចាំយើងនៅផ្លូវខាងមុខ ឬយើងដឹងថា យើងកំពុងជាប់នៅក្នុងទុក្ខលំបាកយ៉ាងជ្រៅរួចហើយ។ យើងអាចគិតថា «ខ្ញុំមិនចង់ជ្រើសរើសយកផ្លូវនេះទេ តែព្រះអម្ចាស់បាន ហើយនឹងប្រើវា ដើម្បីឲ្យខ្ញុំស្គាល់ព្រះអង្គកាន់តែច្បាស់ ហើយធ្វើឲ្យខ្ញុំកាន់តែដូចព្រះអង្គ។
តើអ្នកកំពុងមានទុក្ខលំបាកអ្វីខ្លះ នៅក្នុងរទេះរុញរបស់អ្នក? មានរឿងជាច្រើនដែលអ្នកមិនចង់ជ្រើសរើស។ ប៉ុន្តែ តើជីវិតអ្នកនឹងមានអ្វីខ្លះផ្លាស់ប្ដូរ បើសិនជាអ្នកបានមើលឃើញវាជាឱកាស ដើម្បីល្បងលជំនឿ និងពង្រឹងជំនឿរបស់យើង រហូតដល់ល្អឥតខ្ចោះ? នេះជាផ្លូវឆ្ពោះទៅរកក្តីអំណរកាន់តែស៊ីជម្រៅ និងស្ថិតស្ថេរ។
ខគម្ពីរសញ្ជឹងគិត៖ រ៉ូម ៥:១-១១
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ៖ បទចម្រៀងសាឡូម៉ូន ៤-៥ និងអេភេសូរ ១