
ទុក្ខវេទនាដ៏អយុត្តិធម៌ (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)
ដោយAlistair Begg
October 14, 2025
«ពួកស្ងួនភ្ងាអើយ កុំឲ្យមានប្លែកក្នុងចិត្ត ដោយភ្លើងដ៏ក្ដៅក្រហាយ ដែលកំពុងតែល្បងអ្នករាល់គ្នា ទុកដូចជាកើតមានសេចក្ដីចំឡែកនោះឡើយ។ ត្រូវអរសប្បាយវិញ ដោយព្រោះមានចំណែកក្នុងការរងទុក្ខរបស់ព្រះគ្រីស្ទ ដើម្បីឲ្យអ្នករាល់គ្នាបានត្រេកអររីករាយជាខ្លាំង ក្នុងកាលដែលសិរីល្អទ្រង់លេចមក» (១ពេត្រុស ៤:១២-១៣)។
អ្នកជឿព្រះពិតប្រាកដនឹងជួបទុក្ខវេទនាដ៏អយុត្តិធម៌នៅពេលណាមួយមិនខាន។ បើយើងពិតជាដើរតាមព្រះគ្រីស្ទ យើងនឹងឆ្លងកាត់រដូវកាលដែលយើងនឹងទទួលរងការចោទប្រកាន់ ការមួលបង្កាច់ ឬការព្យាបាទ។ វាអាចកើតឡើងក្នុងផ្ទះយើង នៅកន្លែងធ្វើការ ឬនៅសាលារៀន ហើយថែមទាំងអាចកើតឡើងក្នុងព្រះវិហារផងដែរ។
ទុក្ខលំបាកទាំងនេះ គឺជាបញ្ហាប្រឈមពិតប្រាកដមែន។ ពេលណាយើងយកការពិតមកលាតត្រដាង ពីមុខយើង យើងគិតឃើញថា «តើអ្នកដឹងទេ? គាត់គ្មានសិទ្ធិនិយាយអញ្ចឹងទេ! នាងគ្មានសិទ្ធិគិតអញ្ចឹងទេ! ពួកគេគ្មានសិទ្ធិធ្វើអញ្ចឹងទេ! ប៉ុន្តែ ពួកគាត់នៅតែធ្វើមកលើខ្ញុំ។ អយុត្តិធម៌ណាស់!»
ពេលណាយើងប្រឈមមុខដាក់ទុក្ខវេទនា យើងពិតជាចង់ចាត់ទុកវាជាសំណាងអាក្រក់ដ៏ចម្លែកមួយ តែការដើរតាមព្រះយេស៊ូវមិនមានលក្ខណៈដូចនេះទេ។ ក្នុងជម្រៅចិត្តយើង យើងងាយនឹងគិតឃើញថា អ្វីៗគួរតែមានភាពងាយស្រួល នៅពេលដែលយើងដើរតាមព្រះយេស៊ូវ។ ក្នុងផ្នែកខ្លះនៃពិភពលោក (រាប់បញ្ចូលទាំងលោកខាងលិច ក្នុងពេលសព្វថ្ងៃដែរ) យើងងាយនឹងយល់ឃើញដូចនេះដែរ ដោយចិត្តរីករាយ។ ប៉ុន្តែ នៅពេលដែលយើងប្រឈមមុខដាក់ «ទុក្ខលំបាកដែលក្តៅដូចភ្លើង» ហើយភ្លាមៗនោះ បទពិសោធន៍ក្នុងជីវិតយើងក៏បានបង្ហាញ ការរស់នៅជាគ្រីស្ទបរិស័ទមិនងាយស្រួលទេ។
ក្នុងការឃ្វាលពួកជំនុំ ក្នុងសម័យពួកជំនុំដំបូង សាវ័ក ពេត្រុស បានលើកទឹកចិត្តពួកគេ មិនឲ្យមានការភ្ញាក់ផ្អើលចំពោះទុក្ខលំបាក។ សាវ័ក ពេត្រុស បានជំរុញអ្នកជឿព្រះទាំងឡាយឲ្យត្រៀមខ្លួនសម្រាប់ទុក្ខលំបាក គឺប្រៀបដូចជាឪពុកម្តាយដែលអង្គុយប្រាប់កូនមុននឹងកូននោះប្រលូកក្នុងសង្គម។ មិនមែនក្នុងន័យថា ពួកគេនឹងប្រព្រឹត្តខុស នៅណាមួយ ហើយនឹងជួបផលវិបាកដោយយុត្តិធម៌នោះទេ។ ប៉ុន្តែ ពួកគេនឹងរងទុក្ខ ដោយសារពួកគេបានប្ដេជ្ញាចិត្តចំពោះព្រះយេស៊ូវគ្រីស្ទ។ សាវ័ក ពេត្រុស ប្រាប់ពួកគេថា នេះជាផ្នែកមួយនៃជីវិតជាគ្រីស្ទបរិស័ទ។ ពួកគេមិនគួរមានការភ្ញាក់ផ្អើលទេ តែត្រូវមានការរំពឹងទុកជាមុន។
ហេតុនេះហើយ នៅពេលយប់មុនពេលភាពសម្អប់របស់មនុស្សបានឆ្កាងព្រះយេស៊ូវ ព្រះអង្គបានប្រាប់ពួកសាវ័កថា «បាវមិនមែនធំជាងចៅហ្វាយទេ បើគេបានបៀតបៀនដល់ខ្ញុំ នោះគេនឹងបៀតបៀនដល់អ្នករាល់គ្នា» (យ៉ូហាន ១៥:២០)។ ចូរយើងពិចារណាអំពីរបៀបដែលគេបានប្រព្រឹត្តមកលើព្រះអង្គ នៅក្នុងទីលានរបស់លោក ពីឡាត់ ចុះ។ ក្នុងអំឡុងពេលសួរចម្លើយ លោក ពីឡាត់ បានប្រកាសអំពីព្រះយេស៊ូវបីដងថា «ខ្ញុំមិនឃើញជាអ្នកនោះមានទោសខុសអ្វីសោះ» (១៨:៣៨ ១៩:៤, ៦)។ គាត់ជឿថា សត្រូវរបស់ព្រះយេស៊ូវកំពុងព្យាយាមគ្រប់គ្រងកាលៈទេសៈ ដើម្បីសម្រេចគោលបំណងអាក្រក់របស់ពួកគេ។ ហើយគាត់ទុកចិត្តថា ព្រះយេស៊ូវមិនមានទោសដូចគេចោទប្រកាន់ទេ។ ប៉ុន្តែ គាត់មិនបានដោះលែងព្រះអង្គទេ ផ្ទុយទៅវិញ គាត់ឲ្យគេវាយដំព្រះអង្គមុននឹងឲ្យគេឆ្កាងព្រះអង្គ។
គ្រប់ទាំងទុក្ខសោក និងការឈឺចាប់ដែលព្រះយេស៊ូវបានទទួលរង សុទ្ធតែអយុត្តិធម៌។ ដូចនេះ ពេលយើងសម្រេចចិត្តដើរតាមព្រះគ្រីស្ទ ព្រះអង្គត្រាស់ហៅយើងឲ្យរងទុក្ខដូចព្រះអង្គដែរ។
តើអ្នកកំពុងជួបទុក្ខលំបាកដែលឆួលក្តៅ នៅថ្ងៃនេះ ឬនៅមានការឈឺចាប់ បន្ទាប់ពីបានឆ្លងកាត់វាហើយដែរឬទេ? ចូរមានសង្ឃឹមឡើង។ ពេលណាដំណើរជីវិតគ្រីស្ទបរិស័ទមានការឈឺចាប់ យើងកំពុងរងទុក្ខ តាមគំរូរបស់ព្រះដែលបានរងទុក្ខលើសយើងជាច្រើនដង។ យើងកំពុងលះបង់ខ្លួនយើង ថ្វាយដល់ព្រះដែលបានថ្វាយអង្គទ្រង់ដល់យើង។ ហើយយើងអាចមើលឆ្ពោះទៅថ្ងៃ ដែលទុក្ខលំបាកលែងមានទៀត ព្រះអង្គបានសម្រេចយុត្តិធម៌ ហើយយើងនឹងរស់នៅក្នុងសិរីល្អរបស់ព្រះអង្គសង្គ្រោះជារៀងរហូត។
ខគម្ពីរសញ្ជឹងគិត៖ យ៉ូហាន ១៥:១៨-១៦:៤
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ៖ ១សាំយ៉ូអែល ៤-៦ និងអេភេសូរ ៤