ព្រឹក

ព្រះទ្រង់ជ្រាប
ដោយMonica Larose
October 22, 2025
ហេព្រើរ ២:៧-១៥
នោះទ្រង់ក៏ទទួលចំណែកជាសាច់ឈាមដូច្នោះដែរ ដើម្បីឲ្យទ្រង់បានបំផ្លាញអានោះ ដែលមានអំណាចលើសេចក្ដីស្លាប់ គឺជាអារក្ស ដោយទ្រង់សុគត។ ហេព្រើរ ២:១៤
ក្នុងវចនានុក្រមនៃការសោកសង្រេងដែលគេមិនសូវស្គាល់ លោកចូ ខូនីក(Joe Koenig) បានប្រមូលផ្តុំពាក្យថ្មីៗ ដែលពាក្យនីមួយៗត្រូវបានគេច្នៃបង្កើតមក ដើម្បីដាក់ឈ្មោះឲ្យអារម្មណ៍ដ៏រញ៉េរញ៉ៃ ដែលយើងខ្វះពាក្យដាក់។ សៀវភៅរបស់គាត់រាប់បញ្ចូលពាក្យដូចជាពាក្យ dés vu មានន័យថា “ការដឹងថា ពេលនេះនឹងនៅជាប់ក្នុងការចងចាំ” និងពាក្យ onism មានន័យថា “អារម្មណ៍នឿយណាយ ដោយសារខ្លួនឯងជាប់នៅក្នុងរូបកាយតែមួយ ដែលអាចនៅកន្លែងតែមួយ ក្នុងពេលតែមួយ”។ លោកខូនីក បានលើកឡើងថា បេសកកម្មរបស់គាត់ គឺដើម្បីពន្យល់អំពីបទពិសោធន៍ពិសេស និងចម្លែកៗ ក្នុងការរស់នៅជាមនុស្ស ដើម្បីឲ្យពួកគេអាចមានអារម្មណ៍ថា មិនមែនមានតែពួកគេទេ ដែលមានបញ្ហានោះ។
យើងមិនតែងតែអាចរកឃើញពាក្យ ដើម្បីពិពណ៌នាអំពីបញ្ហាដែលយើងកំពុងឆ្លងកាត់ទេ តែអ្នកជឿព្រះយេស៊ូវ អាចមានការកម្សាន្តចិត្ត ដោយដឹងថា ព្រះទ្រង់ឲ្យតម្លៃ និងជ្រាបថា ការរស់នៅជាមនុស្សមានលក្ខណៈដូចម្តេច។ ព្រះអង្គឲ្យតម្លៃមកលើមនុស្សខ្លាំងណាស់ បានជាព្រះអង្គផ្ទុកផ្ដាក់មនុស្សជាតិ ឲ្យថែរក្សាស្នាព្រះហស្តរបស់ព្រះអង្គ(ហេព្រើរ ២:៧-៨)។ ហើយតាមរយៈព្រះយេស៊ូវ យើងអាចដឹងថា ព្រះទ្រង់ជ្រាបច្បាស់ថា ការរស់នៅជាមនុស្សមានលក្ខណៈដូចម្តេច។ ព្រះគ្រីស្ទទ្រង់ជាព្រះ ដែលបានយកកំណើតជាមនុស្សទាំងស្រុង ដែលមានន័យថា អ្នកជឿព្រះអង្គបានក្លាយជា “ពួកបងប្អូន” របស់ព្រះយេស៊ូវ(ខ.១២)។
ព្រះគ្រីស្ទមិនគ្រាន់តែជ្រាប អំពីទុក្ខលំបាក និងការល្បួងរបស់យើងប៉ុណ្ណោះទេ(៤:១៥) តែទ្រង់ក៏បានវាយបំបាក់ “អំណាចដែលសេចក្តីស្លាប់” មានមកលើជីវិតយើង(២:១៤)។ ដោយសារព្រះអង្គ យើងមិនចាំបាច់ត្រូវមានការភ័យខ្លាច ឬឯកោ ដោយសារបញ្ហាដែលយើងជួបប្រទះនោះទេ។ ផ្ទុយទៅវិញ ចូរយើងអបអរអំណោយនៃការរស់នៅជាមនុស្ស។—Monica La Rose
តើអ្នកមានទុក្ខលំបាកអ្វី ដែលពេលខ្លះ អ្នកពិបាកស្វែងរកពាក្យពិពណ៌នា?
តើវាបានលើកទឹកចិត្តអ្នកឲ្យស្គាល់ព្រះ និងជួយឲ្យអ្នកយល់អំពីអត្ថប្រយោជន៍នៃទុក្ខលំបាករបស់អ្នកដូចម្តេចខ្លះ?
ឱព្រះអង្គអើយ ទូលបង្គំសូមអរព្រះគុណព្រះអង្គ ដែលបានឲ្យតម្លៃមកលើការរស់នៅជាមនុស្ស និងជ្រាបអំពីទុក្ខលំបាករបស់ទូលបង្គំ។
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : អេសាយ ៦៥-៦៦ និង ១ធីម៉ូថេ ២
ប្រភេទ
ល្ងាច

ចម្លើយនីមួយៗដែលយើងត្រូវការ (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)
ដោយAlistair Begg
October 22, 2025
«កំពុងដែលប៉ុលចាំគេនៅក្រុងអាថែន នោះគាត់មានសេចក្ដីរំជួលក្នុងចិត្តជាខ្លាំង ដោយឃើញមានរូបព្រះនៅពេញក្នុងទីក្រុងនោះ ដូច្នេះ គាត់ក៏ជជែកពន្យល់ដល់សាសន៍យូដា នឹងពួកអ្នកដែលថ្វាយបង្គំក្នុងសាលាប្រជុំគេ ហើយនៅទីផ្សារ ជាមួយនឹងអស់អ្នកដែលមកជួបនឹងគាត់រាល់តែថ្ងៃដែរ» (កិច្ចការ ១៧:១៦-១៨)។
នៅពេលដែលសាវ័ក ប៉ុល និយាយអំពីបញ្ញាវន្តនៅសម័យគាត់ក្នុងទីក្រុងអាថែន គាត់បានរកឃើញថា អ្នកស្តាប់ការបង្រៀនរបស់គាត់ បានទទួលរងឥទ្ធិពលពីទស្សនវិជ្ជាជាមូលដ្ឋានពីរគឺ លទ្ធិស្ទយអ៊ីក (Stoicism) និងលទ្ធិអេពីឃើរាន (Epicureanism)។ លទ្ធិស្ទយអ៊ីកជឿថា ហេតុការណ៍ក្នុងលោកីយ៍ត្រូវបានកំណត់ដោយជោគវាសនាដែលគ្មានក្តីមេត្តា គ្មានមនោសញ្ចេតនា និងអមនុស្សធម៌ តែចំណែកឯលទ្ធិអេពីឃើរីនវិញ បានបង្រៀនថា អ្វីដែលល្អគឺត្រូវបានកំណត់ដោយវានាំឲ្យសប្បាយចិត្តបំផុត។ ទស្សនវិជ្ជាទាំងពីរនេះសុទ្ធតែមិនអាចឲ្យកូនរបស់ព្រះដ៏មានចេស្ដាពឹងផ្អែកបានទេ។ លក្ខណៈពិសេសបំផុតរបស់ជំនឿរបស់គ្រីស្ទបរិស័ទ គឺនៅត្រង់ថា យើងអាចបកស្រាយទស្សនៈដែលយើងមានចំពោះលោកបានយ៉ាងច្បាស់។ យើងដឹងថា ពេលវេលារបស់យើងស្ថិតក្នុងព្រះហស្តព្រះ (ទំនុកតម្កើង ៣១:១៥) គឺខុសពីវប្បធម៌ជាច្រើននៅជុំវិញយើង ដែលជឿថា យើងកំពុងជាប់ខ្លួន ក្នុងចំណងនៃអំណាចដែលយថាកម្មដែលគ្មានសណ្ដាប់ធ្នាប់ ឬត្រូវបក់បោកចុះឡើងៗ ក្នុងមហាសមុទ្រនៃភាពចៃដន្យនោះឡើយ។ ទោះមនុស្សបានទទួលការអូសទាញ ពីលទ្ធិម៉ាកនិយម សាសនាហិណ្ឌូ លទ្ធិបដិវត្ត ឬទស្សនវិជ្ជា និងសាសនាជាច្រើនរាប់មិនអស់ក៏ដោយ ក៏ពួកគេរាល់គ្នានៅតែប្រឈមមុខដាក់សំណួរដែលគ្មានចម្លើយ និងភាពខ្វះចន្លោះនៃជំនឿរបស់ពួកគេ។ តើពួកគេបានជាប់ខ្លួននៅក្នុងការតស៊ូ ដើម្បីបង្កើតសង្គមដែលគ្មានវណ្ណៈ ឬក្នុងវាលវដ្ដសង្សារនៃការស្លាប់ និងការកើត និងការស្លាប់ឬ? ប្រហែលជាពួកគេគិតថា ជីវិតគ្មានន័យទាល់តែសោះ។ ទោះនរណាម្នាក់មានសំណួរ ឬជំនឿដូចម្ដេចក៏ដោយ ព្រះទ្រង់បានប្រទានចម្លើយទាំងអស់ដែលពួកគេត្រូវការ។ យើងមិនរស់នៅក្នុងទ្រុងនៃជោគវាសនាដែលគ្មានន័យ គ្មានមេត្តា ឬនៅក្នុងភាពមិនច្បាស់លាស់ដែលគ្មានទីបញ្ចប់នោះទេ ផ្ទុយទៅវិញ យើងដែលជាអ្នកជឿព្រះ រស់នៅដោយក្តីសង្ឃឹមដ៏ស្ថិតស្ថេរ។ ព្រះទ្រង់បានផ្ទុកផ្ដាក់ចម្លើយទាំងអស់ដល់យើង តាមរយៈព្រះបន្ទូលព្រះអង្គ ដូចសាវ័ក ប៉ុល ផងដែរ គឺចម្លើយដែលយើងត្រូវចែកចាយដល់លោកីយ៍ទាំងមូល។ ព្រះអង្គបានប្រទានយើង នូវទំនុកចិត្តខ្លាំងបំផុត ហើយព្រះនាមព្រះអង្គគឺព្រះយេស៊ូវ។
ដូចនេះ យើងមិនត្រូវសួរថា តើយើងមានព្រះបន្ទូលព្រះដែលអាចឆ្លើយតបចំពោះតម្រូវការជ្រាលជ្រៅបំផុតរបស់មនុស្ស និងការបដិសេធន៍ផ្សេងរបស់ទស្សនវិជ្ជា និងសាសនាដទៃនោះទេ ព្រោះយើងមានហើយ។ សំណួរដែលត្រូវសួរនោះគឺ តើយើងនឹងចែកចាយព្រះបន្ទូលនោះដែរឬទេ? កាលសាវ័ក ប៉ុល នៅទីក្រុងអាថែន គាត់បានមើលឃើញអ្វីដែលអ្នកដទៃមើលមិនឃើញ។ គាត់មិនបានអរសប្បាយនឹងវិមានដែលមនុស្សស្ញប់ស្ញែង ហើយគាត់ក៏មិនស្ងើចសរសើរទីក្រុងដែលមានកេរ្តិ៍ឈ្មោះខាងបញ្ជាវន្តនោះទេ។ ប៉ុន្តែ គាត់បានឃើញទីក្រុងមួយ ដែលកំពុងវង្វេងនៅក្នុងការថ្វាយបង្គំរូបព្រះ ដែលបានលួចសិរីល្អ ដែលមានតែព្រះអង្គទេសក្តិសមនឹងទទួល។ ហេតុនេះហើយ គាត់មិនបានខ្វល់អំពីមុខមាត់របស់គាត់ទេ តែគាត់បានចែកចាយ និងប្រកាសដោយមានហេតុផលអំពីដំណឹងល្អនៃក្តីសង្ឃឹមនៃការរស់ពីស្លាប់ឡើងវិញ ទៅកាន់ប្រជាជននៅទីក្រុងនោះ (កិច្ចការ ១៧:១៨)។
ទោះអ្នករស់នៅកន្លែងណាក៏ដោយ អ្នកប្រហែលជាមានអារម្មណ៍ថា អ្នកហាក់ដូចជាកំពុងរស់នៅក្នុងទីក្រុងអាថែនសម័យទំនើបតាមរបៀបណាមួយ។ តើមានរូបព្រះអ្វីខ្លះដែលមនុស្សនៅជុំវិញអ្នកកំពុងថ្វាយបង្គំ? តើវិញ្ញាណរបស់អ្នកមានការឈឺចាប់ដោយសាររឿងនេះទេ? អ្នកមានចម្លើយមួយ ដែលអាចចម្អែតការស្រេកឃ្លានរបស់មនុស្សតាមរបៀបដែលរូបព្រះមិនអាចធ្វើបាន។ អ្នកមានឱកាសថ្វាយសិរីល្អដល់ព្រះ។ តើអ្នកអាចនិយាយលើកហេតុផលជាមួយនរណាដោយសួរគេថា «តើអ្នកដឹងទេថា អ្វីដែលអ្នកកំពុងតែថ្វាយបង្គំនឹងមិនធ្វើឲ្យអ្នកស្កប់ចិត្តទេ? តើខ្ញុំអាចដាស់តឿនអ្នកបានទេថា អ្នកកំពុងតែព្រងើយកន្តើយចំពោះព្រះពិត ដែលជួយឲ្យជីវិតអ្នកមានន័យ និងមានក្តីសង្ឃឹម តែគេមិនអាចចំអកឲ្យព្រះអង្គបានទេ? តើខ្ញុំអាចប្រាប់អ្នកអំពីចម្លើយដែលខ្ញុំបានរកឃើញ ក្នុងការស្គាល់ព្រះយេស៊ូវគ្រីស្ទបានទេ?»
ខគម្ពីរសញ្ជឹងគិត៖ ១ថែស្សាឡូនីច ១:១-១០
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ៖ ១សាំយ៉ូអែល ២៥-២៦ និង១ធីម៉ូថេ ២