ព្រឹក

ដែករមែងសំលៀងដែក
ដោយLeslie Koh
October 23, 2025
សុភាសិត ២៧:១៧-២៧
ដែករមែងសំលៀងដែក ឯមនុស្ស ក៏ធ្វើឲ្យមិត្រសំឡាញ់ខ្លួនមុតស្រួចយ៉ាងនោះដែរ ។ សុភាសិត ២៧:១៧
លូអ៊ីស(Louise) ជាអ្នកគ្រប់គ្រងគម្រោង មានការស្តាយក្រោយ ដែលបានទទួលយកការងារក្រៅក្របខណ្ឌមួយ។ អតិថិជន និងអ្នករចនាកំពុងតែធ្វើឲ្យគាត់បាត់បង់ការអត់ធ្មត់។ គាត់ឆ្ងល់ថា ហេតុអ្វីការងារនេះមានការពិបាកយ៉ាងនេះ? ហេតុអ្វីពួកគេមិនអាចធ្វើការងារឲ្យបានត្រឹមត្រូវ?
មួយសប្តាហ៍ក្រោយមក គាត់ក៏បានអានបទគម្ពីរ សុភាសិត ជំពូក២៧ ហើយមានការចាប់អារម្មណ៍ជាងគេ ចំពោះ ខ.១៧ ដែលបានចែងថា “ដែករមែងសំលៀងដែក”។ បន្តិចក្រោយមក គាត់ក៏បានចែកចាយដល់ក្រុមតូចរបស់គាត់ថា “អ្នកមិនអាចសំលៀងដែកគគ្រើម ដោយវត្ថុអ្វីដែលទន់ ដូចក្រណាត់សូត្របានទេ។ អ្នកត្រូវការវត្ថុរឹងៗ ដូចដែកឆាប”។
លូអ៊ីសក៏បានដឹងថា បញ្ហាប្រឈមក្នុងគម្រោងនោះ បានសំលៀង និងដុះខាត់ជីវិតគាត់ឲ្យស្មើស្អាត។ គាត់កំពុងរៀនអត់ធ្មត់ និងបន្ទាបខ្លួន ហើយសម្របខ្លួននឹងការងារដែលត្រូវធ្វើតាមរបៀបខុសពីមុន។ គាត់ក៏បានសន្និដ្ឋានថា ព្រះទ្រង់កំពុងប្រើគម្រោងនេះ ដើម្បីបង្ហាញចំណុចខ្វះខាតរបស់គាត់ និងបង្រៀនគាត់នូវមេរៀនថ្មីៗ សម្រាប់ធ្វើការជាមួយអ្នកដទៃ។
ភាគច្រើន កណ្ឌគម្ពីរសុភាសិតលើកតម្កើងប្រាជ្ញាដែលមកពីព្រះ តែប្រាជ្ញានេះមិនមករកយើងដោយងាយៗទេ។ យើងចាំបាច់ត្រូវស្វែងរកប្រាជ្ញានោះ ដោយការស្តាប់បង្គាប់ និងការយល់ដឹង(៣:១៣ ១៣:២០ ១៩:២០) ហើយត្រូវការការសម្រឹតសម្រាំងដូចមាសនៅក្នុងឡ និងអង្ករនៅក្នុងត្បាល់បុក(២៧:២១-២២) ពោលគឺនៅក្នុងស្ថានភាពដែលអាចមានការឈឺចាប់ និងទុក្ខវេទនាបណ្ដោះអាសន្ន។
តែព្រះគម្ពីរប៊ីបបានក្រើនរំឭកយើងថា ការជួបបញ្ហាប្រឈម គឺមិនឥតប្រយោជន៍ទេ ព្រោះពេលណាយើងស្វែងរកប្រាជ្ញាមកពីព្រះ ដោយចិត្តឧស្សាហ៍ និងស្តាប់បង្គាប់តាមផ្លូវរបស់ព្រះអង្គ យើងនឹងរកឃើញទំនុកចិត្ត ការស្កប់ចិត្ត និងព្រះពរពិតប្រាកដ(ខ.២៦-២៧)។—Leslie Koh
តើស្ថានភាពពិបាកៗដែលបានកំពុងជួបប្រទះបានបង្រៀនអ្នកអ្វីខ្លះ?
តើព្រះទ្រង់អាចបន្សុទ្ធ និងកែប្រែអ្នកដូចម្តេចខ្លះ ដើម្បីឲ្យអ្នកកាន់តែដូចព្រះយេស៊ូវ ជាព្រះរាជបុត្រារបស់ព្រះអង្គ?
ឱព្រះវរបិតាដែលមានក្តីស្រឡាញ់ សូមព្រះអង្គប្រទានកម្លាំងឲ្យទូលបង្គំអាចស៊ូទ្រាំនឹងទុក្ខលំបាក ហើយបន្ទាបចិត្ត
រៀនសូត្រពីបញ្ហាប្រឈមក្នុងជីវិត។ ទូលបង្គំសូមអរព្រះគុណព្រះអង្គ សម្រាប់ការកែប្រែទូលបង្គំជារៀងរាល់ថ្ងៃ។
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : យេរេមា ១-២ និង ១ធីម៉ូថេ ៣
ប្រភេទ
ល្ងាច

លោក អ័ដាម ថ្មីដែលល្អជាង (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)
ដោយAlistair Begg
October 23, 2025
«ដ្បិតដូចជាមនុស្សជាច្រើន បានត្រឡប់ជាមានបាប ដោយសារមនុស្សតែម្នាក់ មិនបានស្ដាប់បង្គាប់ជាយ៉ាងណា នោះមនុស្សជាច្រើន ក៏បានត្រឡប់ជាសុចរិតដោយសារម្នាក់បានស្ដាប់បង្គាប់វិញយ៉ាងនោះដែរ» (រ៉ូម ៥:១៩)។
លោកអ័ដាម គឺជាមនុស្សដំបូងដែលព្រះបានបង្កើតឲ្យត្រូវនឹងរូបអង្គរបស់ព្រះអង្គ។ ព្រះអម្ចាស់បានប្រទានគាត់ឲ្យមានតួនាទីពិសេសខុសពីស្នាព្រះហស្តទាំងអស់ ប៉ុន្តែគាត់បានបរាជ័យ ក្នុងការបំពេញតួនាទីនោះ ហើយត្រូវព្រះអង្គបណ្ដេញចេញពីសួនច្បារអេដែន។ បន្ទាប់មក ព្រះអង្គក៏បានចាប់ផ្តើមជាថ្មីជាមួយប្រជាជាតិអ៊ីស្រាអែល ដែលព្រះអង្គបានត្រាស់ហៅឲ្យធ្វើជារាស្ត្ររបស់ព្រះអង្គ។ ពួកគេបានបង្ហាញចេញចរិតលក្ខណៈរបស់ព្រះអង្គ នៅពេលណាពួកគេស្តាប់បង្គាប់តាមក្រឹត្យវិន័យរបស់ព្រះអង្គ។ ទោះជាយ៉ាងណាក៏ដោយ ពួកគេក៏បានបរាជ័យក្នុងការបំពេញតួនាទីរបស់ខ្លួនដូចលោក អ័ដាម ផងដែរ ហើយត្រូវគេនិរទេសចេញពីទឹកដីកំណើត។
អរព្រះគុណព្រះអង្គ នៅពេលដែលយើងមើលក្នុងកណ្ឌគម្ពីរសញ្ញាថ្មី យើងរកឃើញថា ព្រះយេស៊ូវទទួលបានជ័យជម្នះ នៅកន្លែងដែលលោកអ័ដាម និងប្រជាជាតិអ៊ីស្រាអែលបានបរាជ័យ។ រាស្ត្ររបស់ព្រះត្រូវមានលក្ខណៈដូចព្រះគ្រីស្ទ ដែលជាលោកអ័ដាមទី២ ដែលល្អជាជាងអ៊ីស្រាអែលពិតប្រាកដ។ ទ្រង់ជាកូនចៅជំនាន់ក្រោយរបស់លោកអ័ដាម ហើយទ្រង់មានលក្ខណសម្បត្តិជាមនុស្ស ដូចពូជពង្សរបស់លោក អ័ដាម ដែរ។ ព្រះអង្គមានលក្ខណសម្បត្តិជាមនុស្សដូចយើងទាំងស្រុង ប៉ុន្តែព្រះអង្គមិនបានប្រព្រឹត្តអំពើបាបឡើយ នៅពេលដែលទ្រង់ត្រូវល្បួង គឺខុសពីលោកអ័ដាម (ហេព្រើរ ៤:១៥)។
មានតែព្រះអម្ចាស់យេស៊ូវទេ ដែលមានលក្ខណៈជាមនុស្សដែលបានស្តាប់បង្គាប់ព្រះយ៉ាងល្អឥតខ្ចោះ ហើយព្រះទ្រង់ក៏សព្វព្រះទ័យនឹងព្រះអង្គជានិច្ច។ ព្រះអង្គបានកាន់តាមក្រឹត្យវិន័យដោយគ្មានខ្វះចន្លោះ។ ដូចនេះ ព្រះយេស៊ូវ គឺជាមនុស្សតែម្នាក់គង់ដែលបានរស់នៅ ដោយមិនសមនឹងដាច់ចេញពីព្រះវត្តមានព្រះទេ។ ប៉ុន្តែ ក្នុងការសុគតនៅលើឈើឆ្កាង ព្រះអង្គបានដាច់ចេញពីព្រះវរបិតា ដោយស្ម័គ្រព្រះទ័យទទួលទោសដែលមនុស្សមានបាបសមនឹងទទួល គឺមនុស្សមានបាបដែលស្នងបាបរបស់លោក អ័ដាម។
មនុស្សជាតិទាំងអស់បានទទួលមរតកពីលោក អ័ដាម តាមនិស្ស័យសាច់ឈាម និងតាមខ្សែលោកីយ៍។ យើងបានកើតក្នុងអំពើបាប ហើយរួមជាមួយលោក អ័ដាម ក្នុងការបះបោរទាស់នឹងព្រះ។ ចម្លើយតែមួយគត់ ចំពោះភាពទាល់ច្រកនៃមនុស្សជាតិ គឺត្រូវឲ្យពួកគេស្គាល់អង្គបុគ្គលម្នាក់ដែលកាន់តាមក្រឹត្យវិន័យយ៉ាងឥតខ្ចោះ ហើយមិនសមនឹងដាច់ចេញពីព្រះ ប៉ុន្តែស្តាប់បង្គាប់រហូតដល់សុគតនៅលើឈើឆ្កាង ដើម្បីឲ្យមនុស្សមានបាប ទទួលបានអ្វីៗដែលព្រះអង្គសមនឹងទទួលតាមព្រះគុណ តាមរយៈសេចក្តីជំនឿ ជាជាងទទួលរងអ្វីដែលលោក អ័ដាម សមនឹងទទួល។ សេចក្តីពិតនេះស្ថិតនៅចំណុចកណ្ដាលនៃអ្វីៗទាំងអស់។ សម្រាប់អ្នកជឿ ស្ថានភាពខាងវិញ្ញាណគ្រប់យ៉ាងដែលយើងធ្លាប់មានពីមុន មានឫសគល់ នៅក្នុងទង្វើតែមួយរបស់លោក អ័ដាម ប៉ុន្តែ ស្ថានភាពខាងវិញ្ញាណគ្រប់យ៉ាងដែលយើងមានក្នុងពេលបច្ចុប្បន្ន គឺកើតចេញពីការស្តាប់បង្គាប់ព្រះគ្រីស្ទ។
បើអ្នកខ្វះទំនុកចិត្ត ប្រហែលដោយសារអ្នកមានកំហុស នៅក្នុងការព្យាយាមពិនិត្យមើលជីវិតខាងវិញ្ញាណរបស់អ្នក ដើម្បីឲ្យដឹងថា អ្នកធ្វើបានល្អគ្រប់គ្រាន់ឬទេ។ ប៉ុន្តែ អ្នកបានសង្គ្រោះមិនមែនដោយសារអ្វីដែលអ្នកបានធ្វើទេ។ គឺដូចដែលទំនុកសកលមួយបានរំឭកយើងថា យើងបានសង្គ្រោះដោយសារកិច្ចការមួយដែលព្រះទ្រង់បានធ្វើ ដើម្បីយើងរាល់គ្នា៖
ដោយសារព្រះអង្គសង្គ្រោះដែលគ្មានបាបបានសុគត
វិញ្ញាណដែលមានបាបរបស់ខ្ញុំមានសេរីភាព
ដ្បិតព្រះទ្រង់បានសម្រេចយុត្តិធម៌
ដោយទទួលយកការលះបង់របស់ព្រះយេស៊ូវ ហើយអត់ទោសបាបខ្ញុំ។1
ខគម្ពីរសញ្ជឹងគិត៖ រ៉ូម ៥:៦-២១
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ៖ ១សាំយ៉ូអែល ២៧-២៩ និង១ធីម៉ូថេ ៣