
បន្លានៅក្នុងសាច់ (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)
ដោយAlistair Begg
October 25, 2025
«ហើយក្រែងខ្ញុំកើតមានចិត្តធំ ដោយព្រោះការបើកសំដែងដ៏ហួសល្បត់នោះ បានជាមានបន្លា១ចាត់មកក្នុងសាច់ឈាមខ្ញុំ គឺជាទេវតារបស់អារក្សសាតាំង ដែលមកធ្វើទុក្ខខ្ញុំ ដើម្បីកុំឲ្យខ្ញុំមានចិត្តធំឡើយ» (២កូរិនថូស ១២:៧)។
បើអ្នកប្រមូលផ្តុំតន្ត្រីករជាច្រើនដែលមានទេពកោសល្យ ប៉ុន្តែពួកគេចាប់អារម្មណ៍មកលើផ្នែករបស់ខ្លួនឯងតែប៉ុណ្ណោះ នោះអ្នកមិនអាចឲ្យពួកគេធ្វើការប្រគំតន្ត្រីបានទេ។ អ្នកនឹងគ្រាន់តែអាចបង្កើតឲ្យមានសម្លេងភ្លេងមិនស៊ីសង្វាក់គ្នា នាំឲ្យមានការរំខានដល់ត្រចៀកអ្នកស្តាប់។ ទោះជាយ៉ាងណាក៏ដោយ នៅពេលដែលពួកគេប្រើអំណោយទានរៀងខ្លួន ដោយមិនគិតប្រយោជន៍ផ្ទាល់ខ្លួន និងមានការបន្ទាបខ្លួន នោះនៅក្រោមការដឹកនាំរបស់មេភ្លេង និងអក្សរភ្លេង អ្នកនឹងទទួលបានតន្ត្រីដ៏ពីរោះ ហើយមានភាពស៊ីសង្វាក់គ្នា។
ដើម្បីឲ្យការប្រគំតន្ត្រីប្រព្រឹត្តទៅបានល្អ តន្ត្រីករត្រូវលះបង់ចិត្តដែលចង់ឲ្យខ្លួនឯងលេចធ្លោជាយ៉ាងណា នោះក្នុងជំនឿរបស់គ្រីស្ទាន យើងក៏ត្រូវធ្វើដូចនេះផងដែរ។ អំណោយទានខាងវិញ្ញាណ មិនគួរធ្វើជាប្រភពនៃអំនួតឡើយ ព្រោះសរុបមកវាគ្រាន់តែជាអំណោយប៉ុណ្ណោះ។ ប៉ុន្តែ យើងច្រើនតែជួបកាលល្បួងឲ្យប្រើអំណោយទានដែលព្រះប្រទាន ដើម្បីលើកតម្កើងខ្លួនឯង ធ្វើមើលតែយើងបានបង្កើតអំណោយទានទាំងនោះ ឬសក្តិសមនឹងមានពួកវា ឬប្រើពួកវាដើម្បីប្រយោជន៍ផ្ទាល់ខ្លួនធ្វើមើលតែពួកវាជាកម្មសិទ្ធិរបស់យើងអញ្ចឹង។ ការនេះធ្វើឲ្យយើងប្រឈមនឹងគ្រោះថ្នាក់ធ្ងន់ធ្ងរ ដែលកើតឡើងពីការលើកតម្កើងខ្លួនឯងជ្រុលពេក ហើយអ្នកដែលមានអំណោយទានសំខាន់ជាងគេ ក៏ជួបការល្បួងនេះខ្លាំងជាងគេផងដែរ។ សាវ័ក ប៉ុល បានជួបការល្បួងនេះដោយផ្ទាល់។ គាត់ជាមនុស្សមានការអប់រំ និងប្រវត្តិរូបដ៏ខ្ពង់ខ្ពស់ក្នុងសង្គម ហើយមានឥទ្ធិពលមកលើជីវិតមនុស្សជាច្រើន (ភីលីព ៣:៤-៦)។
នៅពេលដែលគាត់ប្រឈមមុខដាក់ពួកសាវ័កក្លែងក្លាយ នៅសម័យនោះ ដែលកំពុងអួតអំពីចំណេះដឹងអំពីព្រះ សាវ័ក ប៉ុល ក៏បានរៀបរាប់អំពីការបើកសម្ដែងដ៏អស្ចារ្យមួយ (២កូរិនថូស ១២:២-៤)។ ការនេះធ្វើឲ្យគាត់ងាយនឹងលើកតម្កើងខ្លួនឯង។ តើមានអ្វីរារាំងគាត់មិនឲ្យអួត? គឺបន្លានៅក្នុងសាច់។ គាត់មិនបាននិយាយលម្អិតថា បន្លានោះគឺជាអ្វីទេ ដូចនេះ យើងក៏មិនគួរគិតស្មានដែរ។ ការដឹងថាបន្លានោះជាអ្វី មិនសំខាន់ដូចការដឹងថា បន្លានោះមានប្រយោជន៍ប៉ុណ្ណោះចំពោះគាត់ ព្រោះសាវ័ក ប៉ុល ទទួលស្គាល់ថា បន្លាក្នុងសាច់នេះ បានក្រើនរំឭកមកពីព្រះឲ្យគាត់បន្ទាបខ្លួន និងនឹកចាំអំពីភាពកម្សោយដែលគាត់មានស្រាប់ ដើម្បីកុំឲ្យគាត់អួតថា គាត់សំខាន់ប៉ុណ្ណានោះឡើយ ហើយដើម្បីឲ្យគាត់បន្តពឹងផ្អែកលើព្រះ។
យើងមិនខុសពីពួកគ្រូក្លែងក្លាយដែលសាវ័កបានលើកមកនិយាយ នៅត្រង់ចំណុចដែលថា យើងច្រើនតែជួបការល្បួងឲ្យលើកតម្កើងតម្លៃខ្លួនឯងផ្អែកទៅលើឥទ្ធិពល និងភាពជោគជ័យរបស់យើង ទោះតូចឬធំក្តី។ ទោះជាយ៉ាងណាក៏ដោយ ទីបំផុត គេដឹងច្បាស់ថា អ្វីដែលយើងអួតនោះមិនស្ថិតស្ថេរ ហើយនឹងរលាយទៅវិញ។ ក្នុងផែនការ និងសេចក្តីល្អរបស់ព្រះ «បន្លាក្នុងសាច់» របស់សាវ័ក ប៉ុល បានជួយយើងឲ្យយល់អំពីទុក្ខលំបាករបស់យើង ដែលមានដូចជា ជំងឺ បញ្ហាហិរញ្ញវត្ថុ បញ្ហាទំនាក់ទំនង ការពិបាកក្នុងការចិញ្ចឹមកូន និងថែមទាំងការតយុទ្ធនឹងអំពើបាប។ ព្រះទ្រង់មានហេតុផលដែលត្រូវឲ្យយើងជួបបង្ហាញដែលចាំបាច់ ដែលពិបាក មិនឈប់ឈរក្នុងជីវិតយើង។ យកល្អ យើងគួរតែរស់នៅជាអ្នកជឿដែលបន្ទាបខ្លួន ដោយមានបន្លា ជាជាងរស់នៅជាអ្នកជឿដែលមានអំនួត ពឹងផ្អែកខ្លួនឯង និងមិនមានទុក្ខលំបាកអ្វីសោះ។ យើងចាំបាច់ត្រូវស្គាល់ភាពកម្សោយរបស់យើង ដើម្បីឲ្យយើងបន្តពឹងផ្អែកលើព្រះគុណព្រះ ដើម្បីឲ្យបានសង្គ្រោះ និងបានព្រះចេស្ដារបស់ព្រះ សម្រាប់ការរស់នៅរៀងរាល់ថ្ងៃ។ ដូចនេះ យើងមិនត្រូវសួរថា បន្លានោះនឹងកើតមានចំពោះយើងនោះទេ តែត្រូវសួរថា តើអ្នកនឹងអនុញ្ញាតឲ្យព្រះទ្រង់ប្រើ «បន្លា» របស់អ្នក ដើម្បីក្រើនរំឭកអ្នកថា មានតែព្រះអង្គទេ ដែលជាប្រភពនៃអំណោយរបស់អ្នក និងធ្វើឲ្យអ្នកមានប្រយោជន៍ខាងវិញ្ញាណ។
ខគម្ពីរសញ្ជឹងគិត៖ ២កូរិនថូស ១១:៣០-១២:១០
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ៖ ២សាំយ៉ូអែល ១-២ និង១ធីម៉ូថេ ៥