
ទុកចិត្តលើការគ្រប់គ្រងរបស់ព្រះ (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)
ដោយAlistair Begg
October 30, 2025
«ណាអូមី ជាម្ដាយក្មេក និយាយទៅនាងថា កូនអើយ គួរឲ្យអញរកទីសំរាកឲ្យឯងដែរ ដើម្បីឲ្យឯងបានស្រួលវិញ។ ឯបូអូស ដែលឯងបាននៅជាមួយនឹងពួកស្រីរបស់លោក នោះជាសាច់ញាតិនឹងយើងហើយ មើល នៅយប់នេះឯង លោកនឹងរោយស្រូវឱកនៅទីលាន ដូច្នេះ ចូរឯងងូតទឹក រួចលាបគ្រឿងក្រអូប ហើយតែងខ្លួនចូលទៅឯទីលាននោះចុះ» (នាងរស់ ៣:១-៣)។
ព្រះទ្រង់មានអំណាចគ្រប់គ្រងទាំងស្រុង ហេតុនេះហើយ យើងអាចធ្វើការសម្រេចចិត្ត ដោយគ្មានការភ័យខ្លាច។ នាង ណាអូមី ចង់ឲ្យកូនប្រសារស្រីដែលជាស្ត្រីមេម៉ាយមានទីលំនៅ និងទទួលបានការថែរក្សាពិតប្រាកដក្នុងជីវិតរបស់នាង គឺមិនខុសពីអាណាព្យាបាលដទៃទៀតទេ។ ដូចនេះ គាត់ក៏បានជំរុញនាងរស់ ឲ្យទៅរកលោក បូអូស ហើយសុំឲ្យគាត់ទទួលយកតួនាទីជាអ្នកផ្គត់ផ្គង់ ដោយរៀបការជាមួយនាង។
ជាការពិតណាស់ យើងត្រូវមានការប្រុងប្រយ័ត្ន ហើយមិនត្រូវយកប្រពៃណីសម័យបច្ចុប្បន្ន មកប្រៀបធៀបនឹងប្រពៃណីក្នុងរឿងនៅសម័យសញ្ញាចាស់ឡើង ព្រោះសម័យនោះមានប្រពៃណីខុសពីសម័យបច្ចុប្បន្ន។ ទោះជាយ៉ាងណាក៏ដោយ យើងត្រូវចាំថា នេះជាជីវិតពិតរបស់មនុស្សពិតក្នុងភូមិនៅតំបន់មជ្ឈិមបូព៌ាដែលមានពិតមែន ដែលបានស្គាល់ព្រះពិត និងប្ដេជ្ញាចិត្តរស់នៅថ្វាយព្រះអង្គទាំងស្រុង។ ហេតុនេះហើយ យើងមានសេចក្តីពិតអស់កល្បសម្រាប់រៀនសូត្រ។ ជាបឋម យើងអាចដឹងថា ផែនការរបស់ព្រះគ្រប់គ្រងជីវិតរបស់យើង តែមិនបានកាត់បន្ថយការសម្រេចចិត្តរបស់យើង ក្នុងការសម្រេចចិត្តទេ។ អំណាចគ្រប់គ្រងទាំងស្រុងរបស់ព្រះ មិនបានរារាំងការគិតមានហេតុផលរបស់នាង ណាអូមី ឬការឆ្លើយតបរបស់នាង រស់ ទេ។ ព្រះអម្ចាស់គ្រប់គ្រងទាំងស្រុង តែមិនបានរារាំងពួកគេមិនឲ្យសម្រេចចិត្តនោះទេ។
រឿងនាង រស់ ក៏បានក្រើនរំឭកយើងផងដែរថា សូម្បីតែនៅពេលដែលកំហុសធ្វើឲ្យជីវិតរបស់យើងប្រែប្រួល ក៏ព្រះនៅតែប្រោសលោះយើងឲ្យរួចពីកំហុសទាំងនោះ ដើម្បីជាប្រយោជន៍យើង និងដើម្បីសិរីល្អរបស់ព្រះអង្គដែរ។ ប្ដីរបស់នាង ណាអូមី មិនគួរផ្លាស់ប្ដូរទីលំនៅរបស់គ្រួសារខ្លួនចេញពីទឹកដីសន្យា ទៅទឹកដីម៉ូអាប់ ជាសត្រូវនៃរាស្ត្ររបស់ព្រះនោះទេ ហើយកូនប្រុសគាត់ក៏មិនត្រូវរៀបការជាមួយសាសន៍ម៉ូអាប់ដែរ ព្រោះក្រឹត្យវិន័យរបស់ព្រះបានហាមពួកគេមិនឲ្យរៀបការជាមួយអ្នកកាន់សាសនាដទៃឡើយ។ ប៉ុន្តែ ព្រះទ្រង់នៅតែអាចកែប្រែការសម្រេចចិត្តខុសនេះ ដើម្បីនាំនាង រស់ ទៅរកនាង ណាអូមី ទៅរកព្រះអង្គ និងចូលទៅក្នុងខ្សែប្រវត្តិសាស្ត្រនៃការប្រោសលោះធ្វើជាបុព្វបុរសរបស់ព្រះយេស៊ូវ (ម៉ាថាយ ១:១-៦)។ ការប្រោសលោះនេះ មិនមែនសម្រាប់ឲ្យយើងប្រើជាលេស ដើម្បីបះបោរដោយចេតនាឡើយ តែវាជាការធានាថា យើងមិនចាំបាច់ត្រូវអស់សង្ឃឹម ដោយសារកំហុសពីអតីតកាលឡើយ។
ព្រះទ្រង់មានអំណាចគ្រប់គ្រងទាំងស្រុងក្នុងការសម្រេចផែនការប្រោសលោះ ដោយចាត់ព្រះរាជបុត្រាព្រះអង្គ ចូលទៅក្នុងលោកីយ៍ ហើយបន្ទាប់មកត្រាស់ហៅរាស្ត្រព្រះអង្គឲ្យជឿទ្រង់។ អំណាចគ្រប់គ្រងទាំងស្រុងនេះ គឺជាការធានាថា នៅពេលដែលយើងប្រឈមមុខដាក់ការសម្រេចចិត្ត ហើយពិចារណាអំពីអ្វីដែលយើងត្រូវធ្វើ។ យើងទុកចិត្តព្រះ តាមរយៈសកម្មភាពដែលយើងធ្វើដោយជំនឿ។ នាង ណាអូមី មិនបានអង្គុយក្នុងផ្ទះរង់ចាំឲ្យព្រះទ្រង់ធ្វើអ្វីមួយ ដោយនិយាយថា សូមព្រះអង្គសម្រេចតាមបំណងព្រះទ័យទ្រង់នោះទេ។ ទេ! នាងបានធ្វើអ្វីម្យ៉ាងដោយលើកទឹកចិត្តនាង រស់ ឲ្យបោះជំហានបន្ទាប់ នៅក្នុងការអ្វីដែលហាក់ដូចជាកំពុងបើកបង្ហាញឲ្យឃើញច្បាស់។
ការទុកចិត្តលើកការផ្គត់ផ្គង់របស់ព្រះមិនមានន័យថា យើងអង្គុយរង់ចាំឲ្យផែនការសម្រេច ដោយគ្រាន់តែច្រៀងថា «សូមបំណងព្រះទ័យព្រះអង្គបានសម្រេច យើងមិនអាចមើលឃើញពេលអនាគតបានទេ»។120 ផ្ទុយទៅវិញ យើងគួរតែដកស្រង់ព្រះបន្ទូលព្រះយេស៊ូវដែលបានមានបន្ទូលថា «កុំតាមចិត្តទូលបង្គំឡើយ សូមតាមតែព្រះហឫទ័យទ្រង់វិញ» (លូកា ២២:៤២)។ បន្ទាប់ពីព្រះយេស៊ូវអធិស្ឋានដូចនេះហើយ ព្រះអង្គក៏បានអនុវត្តតាមការអធិស្ឋាននេះ ដោយការស្តាប់បង្គាប់ទាំងស្រុង ទោះត្រូវលះបង់ព្រះជន្មក៏ដោយ។
វិថីជីវិតអាចមានការបត់ចុះឡើងៗ ប៉ុន្តែព្រះបន្ទូលព្រះសន្យាថា «គ្រប់ការទាំងអស់ផ្សំគ្នា សម្រាប់សេចក្ដីល្អដល់ពួកអ្នកដែលស្រឡាញ់ព្រះ គឺដល់ពួកអ្នកដែលទ្រង់ហៅមក តាមព្រះតំរិះទ្រង់» (រ៉ូម ៨:២៨)។ ចូរទុកចិត្តព្រះបន្ទូលសន្យានេះ។ តើអ្នកកំពុងប្រឈមមុខដាក់ការសម្រេចចិត្តឬ? តើអ្នកឆ្ងល់ថា អ្នកត្រូវជ្រើសរើសផ្លូវមួយណាឬ? ព្រះទ្រង់មានអំណាចគ្រប់គ្រងទាំងស្រុង ហើយជួយសង្គ្រោះយើង។ ទោះអ្នកសម្រេចចិត្តយ៉ាងណាក៏ដោយ ចូររស់នៅដោយចិត្តក្លាហាន និងមានសេរីភាព ដោយទុកចិត្តថា ព្រះអង្គកំពុងគ្រប់គ្រងទាំងស្រុងតាមផែនការរបស់ព្រះអង្គ។
ខគម្ពីរសញ្ជឹងគិត៖ កិច្ចការ ១៦:៦-១៥
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ៖ ២សាំយ៉ូអែល ១៤-១៥ និង១យ៉ូហាន ៤